បរទេស៖ រូបភាពថ្មីដែលបានចេញផ្សាយ កាលពីថ្ងៃពុធ ពីតេឡេទស្សន៍អវកាស James Webb របស់ទីភ្នាក់ងារអវកាសអាមេរិក NASA កំពុងបង្ហាញភពណិបទូន និងកងរង្វង់ដែលពិបាកនឹងមើលឃើញ។ បន្ថែមពីកងរង្វង់ទាំងនេះ រូបភាពពី Webb បង្ហាញពីក្រុមធូលីតូចៗរបស់ភពណិបទូន។ កងរង្វង់មួយចំនួនមិនត្រូវបានគេសង្កេតទេ ចាប់តាំងពីយាន Voyager 2 របស់ NASA ថតបាននូវភស្ដុតាងដំបូង អំពីវត្តមាននៃកងរង្វង់របស់ភពណិបទូន ក្នុងអំឡុងពេលហោះកាត់របស់វា ក្នុងឆ្នាំ១៩៨៩។

នៅក្នុងរូបភាពថ្មី ភពណិបទូនមើលទៅមានពណ៌ស ខុសពីរូបរាងពណ៌ខៀវធម្មតា ដែលកាលពីមុន គេធ្លាប់តែថតវា នៅក្នុងជំហានរលកនៃពន្លឺដែលអាចមើលឃើញ។ នេះគឺដោយសារតែឧស្ម័នមេតាន ដែលជាផ្នែកគីមីផ្សំរបស់ភពនេះ ទើបមិនមើលឃើញពណ៌ខៀវ នៅក្នុងកាមេរ៉ាក្រហមអាំងប្រា Near-Infrared Camera (NIRCam) របស់តេឡេទស្សន៍ Webb។ បន្ថែមពីនេះ ក្នុងរូបភាពថ្មីនេះគេអាចមើលឃើញពពកទឹកកកមេតាន ដែលជាស្នាមឆ្នូតភ្លឺនិងចំណុចចាំងពន្លឺព្រះអាទិត្យ មុនពេលវាត្រូវបានស្រូបយកដោយឧស្ម័នមេតាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

Webb ក៏ថតចាប់បានព្រះចន្ទចំនួន៧ ក្នុងចំណោម១៤របស់ភពណិបទូន រួមទាំងព្រះចន្ទដែលធំជាងគេ គឺ Triton។ ដោយស្ថិតនៅចម្ងាយ៣០ដងពីព្រះអាទិត្យ ជាងផែនដី ភពណិបទូនធ្វើដំណើរតាមគន្លងព្រះអាទិត្យ នៅក្នុងតំបន់ឆ្ងាយនិងងងឹត។ ការចេញផ្សាយព័ត៌មានបាននិយាយថា ព្រះអាទិត្យមានទំហំតូចនិងពន្លឺខ្សោយទៅកាន់ណិបទូន ដែលពេលថ្ងៃត្រង់នៅលើភពនេះ គឺស្រដៀងនឹងពន្លឺពេលអស្ដង្គត នៅលើផែនដី៕

ប្រភព: CNN

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]