បរទេស៖ ជាមួយនឹងទូរសព្ទ iPhone 15 ដែលយើងរំពឹងថា នឹងប្រកាសនៅក្នុងខែកញ្ញា ក្រុមហ៊ុន Apple ហាក់ដូចជាកំពុងរកមើល ចំណុចដាក់ជារួម រវាងម៉ូឌែលធម្មតានៃស៊េរី iPhone និងម៉ូឌែលកំពូល នេះបើយោងតាមពាក្យចចាមអារ៉ាមថ្មីៗនេះ។ ពាក្យចចាមអារ៉ាមថា លក្ខណៈពិសេសមួយចំនួនបច្ចុប្បន្ន ដែលមានផ្ដាច់មុខសម្រាប់តែ iPhone Pro កំពូល នឹងនាំទៅកាន់គ្រប់ម៉ូឌែលទាំងអស់ ហើយមុខងារថ្មីៗមួយចំនួនទៀតក៏នឹងមានវត្តមាន នៅគ្រប់ម៉ូឌែលនៃត្រកូល iPhone ផងដែរ។ ខាងក្រោមនេះ គេបានលើកយកលក្ខណៈពិសេសទាំង5 ដែលយើងនឹងឃើញមានទាំងនៅលើម៉ូឌែលធម្មតានិងកំពូល នៃស៊េរី iPhone 15 នាពេលខាងមុខ។

Dynamic Island

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

Dynamic Island គឺជាមុខងារមួយដែលមានបច្ចុប្បន្ននៅលើ iPhone 14 Pro និង iPhone 14 Pro Max ដែលជារន្ធទម្លុះអេក្រង់ រួមបញ្ចូលជាមួយ iOS ដើម្បីបង្ហាញការជូនដំណឹងប្រព័ន្ធផ្សេងៗ។ Dynamic Island‌ គឺជាការរួមបញ្ចូលទាំងផ្នែក hardware និង software ហើយវាត្រូវបានគេរំពឹងថា នឹងមកដល់គ្រប់ម៉ូឌែលនៃស៊េរី iPhone 15 នៅចុងឆ្នាំនេះ។

សេនស័ររូបភាព 'State-of-the-Art' ថ្មី

របាយការណ៍មួយនៅក្នុងខែវិច្ឆិកាបាននិយាយថា Apple នឹងប្រើប្រាស់សេនស័ររូបភាព "state-of-the-art" នាពេលខាងមុខរបស់ក្រុមហ៊ុន Sony ដែលផលិតរូបភាពកាន់តែល្អ ភ្លឺ និងច្បាស់ជាងមុន។ សេនស័រថ្មីនេះប្រើប្រាស់ស្ថាបត្យកម្មសឺមីកុងឌុចទ័រ ដែលដាក់ photodiodes និង transistors ក្នុងស្រទាប់ដាច់ពីគ្នា។ ជាឧទាហរណ៍ សេនស័រថ្មីនេះអាចនឹងជួយទៅលើការថតរូបបែប portrait ទោះបីជាមានពន្លឺខាងក្រោយខ្លាំងក៏ដោយ។ ខណៈពេលដែលយើងរំពឹងថា ការកែលម្អពីសេនស័រនេះនឹងត្រូវបានប្រើនៅទូទាំងត្រកូល ចុងក្រោយបំផុត Apple ក៏អាចសម្រេចចិត្ត រក្សាវាជាមុខងារសម្រាប់តែម៉ូឌែល “Pro” ក៏ថាបាន។

រន្ធ USB-C

ជាមួយនឹង iPhone 15 នោះនឹងមានការផ្លាស់ប្ដូរ ខណៈពេលដែលច្បាប់ទើបតែអនុម័តនៅក្នុងសហភាពអឺរ៉ុប នឹងបង្ខំឲ្យ Apple ផ្លាស់ប្ដូរ iPhone ក៏ដូចជាឧបករណ៍ផ្សេងទៀតរបស់ខ្លួន ទៅប្រើប្រាស់រន្ធ USB-C។ ច្បាប់ថ្មីនេះនឹងមានឥទ្ធិពលលើគ្រប់ម៉ូឌែលនៃស៊េរី iPhone រួមទាំង iPhone 15 និង iPhone 15 Pro ប៉ុន្តែវានៅមានចំណុចមួយផ្សេងទៀតដែលត្រូវនិយាយ។ ខណៈពេលដែលម៉ូឌែលទាំងអស់នៃសែស្រឡាយ ត្រូវបានគេរំពឹងថា នឹងបំពាក់រន្ធ USB-C នោះមានតែ iPhone 15 Pro និង iPhone 15 Pro Max (អាចនឹងត្រូវបានគេហៅថា iPhone 15 Ultra) ប៉ុណ្ណោះដែលនឹងទទួលបានអត្ថប្រយោជន៍ពីល្បឿនបញ្ជូន កាន់តែលឿន។ ខណៈពេលដែលម៉ូឌែល Pro នៃសែស្រឡាយយ៉ាងហោចណាស់មានរន្ធ USB-C ជាមួយនឹង USB 3.2 និង Thunderbolt 3 ម៉ូឌែលធម្មតានៃត្រកូលនឹងមានត្រឹមតែ USB 2.0 ល្បឿនដូចរន្ធ Lightning។

កាមេរ៉ា 48MP

iPhone 14 Pro និង iPhone 14 Pro Max មានឡេនកាមេរ៉ាគោល ដែលអាចថតរូបក្នុងកម្រិត 48MP។ ជាមួយនឹងសេនស័រ 48MP ស៊េរី iPhone 14 Pro ថតរូបភាពបានលម្អិតជាងរូបថត ដែលថតជាមួយនឹងគុណភាពបង្ហាញ 12MP ធម្មតា។ បើយោងតាមរបាយការណ៍ ទូរសព្ទ iPhone 15 និង iPhone 15 Plus នឹងទទួលបានមុខងារកាមេរ៉ាកម្រិតខ្ពស់ដូចគ្នានេះ។ លក្ខណៈពិសេសនៃកាមេរ៉ានិងសមត្ថភាពនៃ hardware គឺជាភាពខុសគ្នាដ៏ធំ រវាងម៉ូឌែលស៊េរីខ្ពស់និងធម្មតានៃត្រកូល iPhone។ ដើម្បីបន្តភាពខុសគ្នានៃម៉ូឌែល យើងរំពឹងថា iPhone 15 Pro នឹងមានបំពាក់ឡេន periscope ដែលជាអ្វីដែលយើងមិនគិតថា នឹងនាំទៅកាន់សែស្រឡាយទាំងមូលបានទេ។

ម៉ូឌឹម 5G កាន់តែលឿននិងមានប្រសិទ្ធភាពជាងមុន

គ្រប់ម៉ូឌែលទាំងអស់នៃស៊េរី iPhone 15 នាពេលខាងមុខ ត្រូវបានគេរំពឹងថា នឹងបំពាក់ឈីបម៉ូឌឺម X70 របស់ក្រុមហ៊ុន Qualcomm ដែលនឹងផ្ដល់នូវការកែលម្អជាច្រើន ចំពោះបទពិសោធន៍ 5G នៅលើ iPhone។ បើប្រៀបធៀបទៅនឹងឈីប X65 ក្នុងស៊េរី iPhone 14 ឈីប X70 ប្រើប្រាស់សមត្ថភាពបញ្ញាសិប្បនិម្មិត សម្រាប់ល្បឿនជាមធ្យមកាន់តែលឿន ចាប់សេវាគ្របដណ្ដប់កាន់តែប្រសើរ គុណភាពសញ្ញាល្អជាងមុន ភាពយឺតយ៉ាវកាន់តែទាប និងថាមពលដែលធ្វើឲ្យប្រសើរឡើងរហូតដល់60%៕

ប្រភព: MacRumors

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]