សុខភាព៖ ជំងឺទឹកនោមផ្អែម ជាជំងឺពេញនិយមមួយដែលកើតឡើងលើមនុស្សរាប់លាននាក់លើពិភពលោក ដោយវាជាជំងឺមិនទាន់អាចរកថ្នាំមកព្យាបាលឲ្យជាដាច់បាននៅឡើយទេ។​ ជំងឺនេះបែងចែកចេញពីជាពីរគឺ ទឹកនោមផ្អែមប្រភេទ១ និង ទឹកនោមផ្អែមប្រភេទ២ ។

រូបភាពតំណាង
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជំងឺទឹកនោមផ្អែមប្រភេទទី១ ជាជំងឺរ៉ាំរ៉ៃ ដែលធ្វើឲ្យមុខងារកោសិកាបេតា របស់លំពែងខូចទាំងស្រុង ធ្វើឲ្យអត្រាជាតិស្ករក្នុងឈាមកើនឡើងខ្ពស់ដែលគេហៅថា Insulin-dependent diabetes។ ជំងឺនេះជាលក្ខខណ្ឌមួយដែលមុខងារកោសិកាបេតា(Beta cells) របស់លំពែងមិនអាចផលិតអាំងស៊ុយលីន។ ជំងឺនេះកើតមានច្រើនចំពោះកុមារ និងក្មេងជំទង់ តែគេក៏សង្កេតឃើញមានកើតលើមនុស្សវ័យផ្សេងទៀតដែរ។

រីឯទឹក​នោម​ផ្អែម​ប្រភេទ​ទី ២ ជា​ជំងឺ​រ៉ាំរ៉ៃ​ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​បម្លែង​ជាតិ​ស្ករ​​ កើត​ឡើង​ដោយ​សារ​កោសិកា​ក្នុង​ខ្លួន ​មិន​ទទួល​ស្គាល់ ឬ​ស៊ាំជាមួយ​អាំងស៊ុយលីន​ (អ័រម៉ូន​ជួយ​សម្រួល​ជាតិស្ករ​នៅក្នុង​ខ្លួន)​ ឬ​កោសិកា​ផលិត អាំងស៊ុយលីន​ បញ្ចេញ​មិនគ្រប់​គ្រាន់​ ដើម្បី​ជួយ​គ្រប់​គ្រង​ជាតិ​ស្ករ​ក្នុង​ខ្លួន​ឲ្យ​ស្ថិត​នៅ​កម្រិត​ប្រក្រតី។

យោងតាម The Phnom Penh Post បានបញ្ជាក់ថា កម្ពុជា ក៏មានអ្នកជំងឺកើតទឹកនោមផ្អែមរស់នៅចំនួន ៤៣០,០០០ នាក់ផងដែរ។​

ដូច្នេះ ដើម្បីការពារខ្លួនឯងពីជំងឺទឹកនោមផ្អែមប្រភេទទី២ គឺត្រូវអនុវត្តរឿងទាំង១០ចំណុចដូចខាងក្រោម៖

១. កាត់បន្ថយការញ៉ាំអាហារបែបកាបូអ៊ីដ្រាត (អាហារថាមពល)

ជាទូទៅ រាងកាយយើងបានបំបែកអាហារបែបកាបូអ៊ីដ្រាត ចេញជាដុំម៉ូលេគុលស្ករតូចៗ ដែលត្រូវស្រូបចូលទៅក្នុងសរសៃឈាម ដែលធ្វើឲ្យជាតិស្ករក្នុងខ្លួនឡើងខ្ពស់ ពិបាកដល់ការផលិតអាំងស៊ុយលីន ដែលជាអ័រមូនជួយបញ្ចេញជាតិស្ករចេញពីឈាម ទៅកាន់កោសិកា។​ ដូច្នេះដើម្បីទប់ស្កាត់ជំងឺទឹកនោមផ្អែមប្រភេទ២ គឺអ្នកត្រូវចៀសវាងអាហារប្រភេទកាបូអ៊ីដ្រាតខ្ពស់ដូចជា សូដា, ស្ករគ្រាប់, បង្អែម, ផាស្តា ជាដើម។​

២. ហាត់ប្រាណជារៀងរាល់ថ្ងៃ

ការផ្លាស់ទីរាងកាយរបស់អ្នកអាចជួយឲ្យអ្នករួចផុតពីហានិភ័យនៃការកើតជំងឺទឹកនោមផ្អែមប្រភេទទី២។ វិធីនៃការហាត់ប្រាណដ៏មានប្រសិទ្ធភាពគឺពពួក អេរូបិក (Aerobic) ដូចជារត់ ដើរ ហែលទឹក និង ជិះកង់ ជាដើម។

រូបភាពតំណាង

​៣. ជ្រើសរើសផឹកទឹកជាជាងពពួកភេសជ្ជៈកំប៉ុង

ការផឹកទឹកពិតជាផ្ដល់អត្ថប្រយោជន៍ច្រើនណាស់ ក្នុងនោះក៏អាចជួយកាត់បន្ថយការកើតជំងឺទឹកនោមផ្អែមប្រភេទទី២ដែរ ដែលយោងតាមការស្ទង់មតិគឺវាអាចធ្វើឲ្យរាងកាយគ្រប់គ្រងជាតិស្ករក្នុងខ្លួនបានល្អ។

រូបភាពតំណាង

​៤. ព្យាយាមយ៉ាងណាសម្រកគីឡូឲ្យបានច្រើនជាងធម្មតា

ការសម្រកគីឡូប្រហែលពី៥ទៅ៧ភាគរយនៃទម្ងន់រាងកាយរបស់អ្នក អាចជួយកាត់បន្ថយហានិភ័យនៃការកើតជំងឺទឹកនោមផ្អែមប្រភេទ២ ជាពិសេសគឺទៅលើអ្នកដែលមានសាច់ខ្លាំង។​

រូបភាពតំណាង

៥. ឈប់ជក់បារី

មិនត្រឹមតែប៉ះពាល់សួតទេ ការជក់បារីច្រើនធ្វើឲ្យបង្កើនហានិភ័យនៃការកើតជំងឺនេះផងដែរ ដូច្នេះដើម្បីបង្ការ គឺអ្នកត្រូវផ្ដាច់បារីទាំងស្រុង ឬកាត់បន្ថយការជក់។​

៦. ញ៉ាំអាហារចានតូចៗ

ការញ៉ាំអាហារច្រើនក្នុងពេលតែមួយ អាចបង្កឲ្យកើតជំងឺនេះ ព្រោះជាតិស្ករក្នុងឈាមឡើងខ្ពស់ អ៊ីចឹងហើយការទទួលទានអាហារចានតូចៗ និងមើលរបបអាហាររបស់ខ្លួនឯងពិតជាអាចជួយបានច្រើន។

រូបភាពតំណាង

៧. កាត់បន្ថយសកម្មភាពណាដែលតម្រូវឲ្យអ្នកអង្គុយយូរ ឬទម្រេតខ្លួនយូរ

ការអង្គុយលេងហ្គេមយូរពេក មើលទូរទស្សន៍យូរពេក អង្គុយធ្វើការក្នុងការិយាល័យយូរពេក អាចធ្វើឲ្យមានការកើនឡើងខ្ពស់នៃហានិភ័យនៃជំងឺនេះ។ ដំណោះស្រាយល្អគឺ ត្រូវព្យាយាមរកពេលផ្លាស់ទីរាងកាយឲ្យបានច្រើន ឬដើរទៅខាងនេះខាងនោះ ធ្វើយ៉ាងណាកុំអង្គុយយូរពេក។ អ្នកអាចដាក់គោលដៅខ្លួនឯងថាមួយថ្ងៃ ត្រូវដើរឲ្យបាន២៥០ជំហាន។​

៨. ញ៉ាំអាហារដែលមានជាតិសរសៃ(Fiber) ខ្ពស់

អាហារមានជាតិសរសៃខ្ពស់ ធ្វើឲ្យសុខភាពពោះវៀនល្អ និងព្រមទាំងជួយដល់ការស្រកទម្ងន់ផងដែរ។ ការបញ្ចូលអាហារមានជាតិហ្វាយប៊ឺរៀងរាល់ពេលញ៉ាំអាហារ គឺជួយការពារមិនឲ្យជាតិស្ករក្នុងឈាមឡើងខ្ពស់។​

៩​. ធ្វើយ៉ាងណាញ៉ាំឬស្រូបវីតាមីន D ឲ្យបានច្រើន

វីតាមីន D ពិតជាសំខាន់ចំពោះការគ្រប់គ្រងជាតិស្ករក្នុងឈាម ដោយការសិក្សាខ្លះបានបង្ហាញថា ការផឹកសារធាតុបំប៉នវីតាមីន D អាចជួយគ្រប់គ្រងជាតិស្ករក្នុងឈាមសម្រាប់ក្រុមមនុស្សមាហានិភ័យនៃការកើតទឹកនោមផ្អែម។ បើសិនអ្នកមិនចង់ប្រើប្រាស់សារធាតុបំប៉នទេ គឺអាចព្យាយាមឈរក្រោមកម្តៃថ្ងៃ ពី១០ទៅ១៥នាទី ដើម្បីស្រូបយកវីតាមីន D ។

​១០. ផឹកកាហ្វេឬតែ

បើទោះបីជាមានការស្រាវជ្រាវថាទឹកជាភេសជ្ជៈសំខាន់សម្រាប់បង្ការហានិភ័យនៃការកើតជំងឺទឹកនោមផ្អែមក៏ដោយក៏ ក្នុងនោះការស្រាវជ្រាវមួយចំនួនបង្ហាញថា ការផឹកកាហ្វេខ្មៅ(មិនដាក់ស្ករ ឬសារធាតុផ្អែម) និងតែ(មិនដាក់ស្ករឬសារធាតុផ្អែម) អាចជួយកាត់បន្ថយហានិភ័យនៃការកើតជំងឺទឹកនោមផ្អែមប្រភេទទី២។ ការស្រាវជ្រាវនោះបានបញ្ជាក់ថា បើអ្នកផឹកកាហ្វេខ្មៅជារៀងរាល់ថ្ងៃ នោះអ្នកអាចកាត់បន្ថយហានិភ័យដល់ទៅ៥៤ភាគរយឯណោះ៕  

រូបភាពតំណាង

ប្រភព៖: healthline

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]