យល់ដឹង៖ នាសត្សវត្សរ៍ទី២១នេះ យើងអាចនិយាយបានថាវាជាយុគសម័យឌីជីថល ព្រោះមានការរីកចម្រើនលើផ្នែកបច្ចេកវិទ្យាខ្លាំងសម្បើមណាស់។ កាលពីមុន ទូរស័ព្ទមានតែមនុស្សធំទេជាអ្នកប្រើប្រាស់ដើម្បីទំនាក់ទំនងការងារ ប៉ុន្តែឥឡូវនេះ យើងឃើញថាមានក្មេងៗតូចៗជាច្រើន ដែលមានទូរស័ព្ទប្រើប្រាស់ផ្ទាល់ខ្លួន ឬឪពុកម្ដាយបើកសិទ្ធិសេរីឲ្យកូនៗតូចរបស់ខ្លួនប្រើប្រាស់ផងដែរ។
យ៉ាងណាមិញ ការចំណាយពេលលេងទូរស័ព្ទច្រើនហួសហេតុពេកធ្វើឲ្យក្មេងៗទៅជាញៀន អត់ទូរស័ព្ទមិនបាន ដល់ថ្នាក់ក្មេងខ្លះសុខចិត្តអត់បាយអត់ទឹកឲ្យតែបានទូរស័ព្ទលេង ដែលចំណុចត្រង់នេះពិតជាគ្រោះថ្នាក់ណាស់ ព្រោះក្មេងៗតូចៗស្ថិតក្នុងវ័យកំពុងលូតលាស់គឺត្រូវការឲ្យមានការចិញ្ចឹមបីបាច់យ៉ាងត្រឹមត្រូវ។
ដូច្នេះ បើឪពុកម្ដាយយល់ថាកូនៗរបស់ខ្លួនញៀនលេងទូរស័ព្ទហួសហេតុពេក នេះគឺជាវិធីសាស្ត្រមួយចំនួនដើម្បីបញ្ឈប់ពួកគេ៖
១. ត្រូវចេះយកកូនចេញទៅលេងនៅខាងក្រៅ
កុមារខ្លះដែលឪពុកម្ដាយរវល់ការងារខ្លាំង មិនសូវមានពេលលេងជាមួយ តែងតែចំណាយពេលស្នាក់នៅក្នុងផ្ទះជារឿយៗ និងមិនសូវបានចេញទៅលេងនៅខាងក្រៅដែលយូរៗទៅ ពួកគេក៏ចាប់ផ្ដើមស្វែងរកការកម្សាន្តតាមទូរស័ព្ទវិញ។ ដូច្នេះដើម្បីទប់ស្កាត់កុំឲ្យពួកគេញៀននឹងទូរស័ព្ទនោះ អ្នកជាឪពុកម្ដាយត្រូវនាំកូនទៅដើរលេងខាងក្រៅឲ្យបានច្រើន មិនថាតាមសួនច្បារ សួនកុមារ ឬកន្លែងធម្មជាតិ កន្លែងលំហែជាច្រើនទៀតផងដែរ ដើម្បីបើកឱកាសឲ្យពួកគេបានស្វែងយល់ពីមជ្ឍដ្ឋានជុំវិញខ្លួន។
២. ត្រូវកំណត់ថេរវេលានៃការប្រើប្រាស់
បើសិនជាអ្នកទម្លាប់ឲ្យកូនៗរបស់អ្នកកាន់ទូរស័ព្ទហើយនោះ គឺត្រូវព្យាយាមកំណត់ពេលវេលានៃការប្រើប្រាស់ប្រចាំថ្ងៃរបស់ពួកគេវិញ ដូចជាចង់ឲ្យពួកគេប្រើប្រាស់ពេលណា? មុនចូលគេង? ពេលធ្វើលំហាត់រួច? ឬក្រោយបាយរួច? ហើយតើការប្រើប្រាស់ម្ដងៗមានរយៈពេលប៉ុន្មាន? ១៥នាទី? ៣០នាទី? ឬ១ម៉ោង? បន្ទាប់ពីគ្រប់ថេរវេលានោះហើយគឺ អ្នកត្រូវដកទូរស័ព្ទពីដៃពួកគេទុកតែម្ដង។
៣. ដាក់លេខសម្ងាត់ក្នុងទូរស័ព្ទ
នេះក៏ជាវិធីងាយៗដើម្បីការពារកូនអ្នកកុំឲ្យលេងទូរស័ព្ទច្រើនពេក។ អ្នកគ្រាន់តែដាក់លេខកូដសម្ងាត់ក្នុងទូរស័ព្ទអ្នក នៅពេលណាដែលអ្នកមិននៅផ្ទះ ឬរវល់នឹងកិច្ចការអ្វីមួយ។
៤. ធ្វើជាគម្រូល្អដល់កូនៗ
កុមារស្ថិតក្នុងវ័យចង់ដឹងចង់ឮ និងតែងតែធ្វើត្រាប់តាមមនុស្សជុំវិញខ្លួន។ ដើម្បីធ្វើជាគម្រូល្អដល់កូន អ្នកមិនគួរចំណាយពេលឆែកទូរស័ព្ទយូរពេកទេ ឬឆែកវាតែពេលនៅខាងក្រោយខ្នងកូនៗដើម្បីកុំឲ្យពួកគេយកគម្រូតាម។
៥. រៀនស្និទ្ធស្នាលជាមួយកូនឲ្យបានច្រើន
ទោះជាឪពុកម្ដាយមានពេលរវល់ខ្លាំងយ៉ាងណាក៏ដោយ ក៏គួររំលែកពេលវេលាមកបង្កើតភាពស្និទ្ធស្នាលជាមួយកូនៗ។ អ្នកគួរនាំកូនលេងឲ្យបានច្រើន ឬធ្វើកិច្ចការក្នុងផ្ទះដូចជាស្រោចដំណាំឬចំអិនអាហារជាដើម នោះកូនៗរបស់អ្នកនឹងមិនឯកា។ អ្នកក៏ត្រូវលើកទឹកចិត្តឲ្យកូនចេះមានចំណង់ចំណូលចិត្តក្រៅពីការលេងទូរស័ព្ទ មិនថាការផាត់ពណ៌ ជិះកង់ លេងបាល់ជាដើម៕
ប្រភព៖: parentcircle
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]