យល់ដឹង៖ មនុស្សម្នាក់ៗកើតមកមានសម្ពាយនិងទំនួលខុសត្រូវផ្សេងៗគ្នា។ អ្នកខ្លះក៏ពូកែអត់ធ្មត់នឹងសម្ពាធជីវិត និងក្រោកឈរដើរទៅមុខបន្តទៀត តែអ្នកខ្លះវិញមានអារម្មណ៍ហត់នឿយ និងអស់សង្ឃឹមក្នុងជីវិតខ្លាំង រហូតដល់ថ្នាក់មិនចង់ធ្វើអីទាំងអស់ សូម្បីសកម្មភាពធ្វើជាប្រចាំថ្ងៃដូចជាងញ៉ាំអាហារ ហាត់ប្រាណ ងូតទឹក ចេញទៅខាងក្រៅក៏ធ្វើមិនកើត។​

រូបភាពតំណាង
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មនុស្សដែលមានវិបត្តិផ្លូវចិត្ត ដូចជាជំងឺបាក់ទឹកចិត្ត តែងគិតថាខ្លួនឯងមិនអាចរើខ្លួនរួចពីចំណងដ៏ស្មុគស្មាញមួយនេះ។ អ្នកខ្លះដល់ថ្នាក់ចង់គិតខ្លីព្រោះរកផ្លូវចេញមិនឃើញ តែអ្នកត្រូវចាំថា ជំងឺនេះអាចព្យាបាលបាន បើសិនជាអ្នកទៅពិគ្រោះជាមួយពេទ្យផ្នែកផ្លូវចិត្ត ប៉ុន្តែក្នុងនោះដែរ ក៏មានវិធីសាស្ត្រខ្លះអាចទាញឲ្យអ្នករួចផុតពីជំងឺផ្លូវចិត្តមួយនេះផងដែរ៖

១. កុំកាត់ផ្ដាច់ខ្លួនឯងពីសង្គមខាងក្រៅ

មនុស្សបាក់ទឹកចិត្តតែងចូលចិត្តសំងំនៅម្នាក់ឯង និងកាត់ផ្ដាច់ខ្លួនឯងពីពិភពខាងក្រៅ ព្រោះរវល់តែគិតពីសម្ពាយជីវិតជាច្រើនដែលខ្លួនពន់រែក។ ចំណុចសំខាន់ត្រង់នេះគឺចង់ឲ្យអ្នកមានវិបត្តិផ្លូវចិត្តទាំងអស់ កុំកាត់ផ្ដាច់ខ្លួនពីមិត្តភក្តិ គ្រួសារ ការងារ ឬមនុស្សជុំវិញខ្លួន ព្រោះការរស់នៅប្រាស្រ័យទាក់ទងជាមួយអ្នកទាំងអស់នេះអាចជួយឲ្យអ្នកសប្បាយរីករាយនាពេលខ្លះ និងធ្វើឲ្យខ្លួនរវល់។ អ្នកក៏អាចស្វែងរកមិត្តដែលទុកចិត្តបានដើម្បីនិយាយរឿងក្នុងចិត្តពេលណាដែលអារម្មណ៍របស់អ្នកតប់ប្រមល់ខ្លាំង។​

រូបភាពតំណាង

២. កម្រើករាងកាយជានិច្ច

ជាធម្មតា មនុស្សបាក់ទឹកចិត្តគ្មានអារម្មណ៍សូម្បីតែងើបចេញពីគ្រែផង ដែលភាពអសកម្មនេះធ្វើឲ្យអ្នកកាន់តែដុនដាបផ្នែករាងកាយដូច្នេះ ដើម្បីជួយឲ្យខ្លួនឯងមានអារម្មណ៍ល្អ សូមកែប្រែខ្លួនឯងដោយចាប់ផ្ដើមហាត់ប្រាណជារៀងរាល់ថ្ងៃ មិនថាជាប្រភេទលំហាត់ប្រាណអ្វីទេ ឲ្យតែបានកម្រើកខ្លួនឲ្យយឺតយោងសរសៃគឺល្អហើយ។ អ្នកអាចចាប់ផ្ដើមរៀបកាលវិភាគហាត់ប្រាណ ចាប់ផ្ដើមពី១០ទៅ២០នាទី មួយសប្តាហ៍ ហើយបន្ថែមម៉ោងហាត់ប្រាណ ២០ ទៅ ៣០ នៅមួយសប្តាហ៍ទៀត។ អ្នកអាចដើរធម្មតា អាចរត់ត្រឹកៗ ឬជិះកង់ ឬទៅហែលទឹកជាដើម។​ ៣. ប្រឈមមុខនឹងភាពភ័យខ្លាចរបស់អ្នក

បើជ្រុលជាអ្នកមានជំងឺបាក់ទឹកចិត្តស្រាប់ហើយ តើខ្លាចអីបើគ្រាន់តែហ៊ានប្រឈមមុខនឹងភាពភ័យខ្លាចរបស់អ្នក? កុំព្យាយាមរត់គេចពីភាពភ័យខ្លាច ហើយកុំព្យាយាមគេចមិនធ្វើការងារដែលពិបាកៗ។ បើសិនជាកាលពីមុន អ្នកមិនចូលចិត្តការដើរកម្សាន្តទេ តែលើកនេះអ្នកត្រូវហ៊ានផ្លាស់ប្ដូរខ្លួនឯងទៅដើរកម្សាន្តនៅទីឆ្ងាយជិតដើម្បីប្រាប់ខ្លួនឯងថាជីវិតអ្នកមិនមែនសម្រាប់នៅត្រាំត្រែងនឹងទុក្ខសោកទេ។​នៅពេលអ្នកក្រៀមក្រំ អ្នកតែងតែមិនចង់និយាយជាមួយអ្នកណាទេ តែចំណុចនេះសាកល្បងបើកចិត្តនិយាយ ហើយក្លាហានហ៊ានធ្វើអីដែលខ្លួនមិនធ្លាប់ធ្វើពីមុនដើម្បីប្រកួតប្រជែងនឹងខ្លួនឯង។​

រូបភាពតំណាង

៤. កុំផឹកស្រាច្រើនពេក

មនុស្សបាក់ទឹកចិត្តខ្លះមិនដឹងដោះស្រាយផ្លូវចិត្តតាមវិធីណា ក៏ងាកទៅរកស្រា និងភេសជ្ជៈគ្រឿងស្រវឹងដទៃទៀតដោយគិតថា ឲ្យតែបានស្រវឹង ខួរក្បាលអ្នកនឹងភ្លេចអស់នូវទុក្ខសោកទាំងឡាយហើយ តែអ្នកត្រូវដឹងថា គ្រឿងស្រវឹងមិនមែនជាដំណោះស្រាយល្អសម្រាប់ព្យាបាលជំងឺផ្លូវចិត្តទេ គឺមានតែធ្វើឲ្យអ្នកលំបាកចិត្តថែមនៅពេលដែលអ្នកស្វាងស្រវឹង។​

រូបភាពតំណាង

៥. ព្យាយាមញ៉ាំអាហារដែលមានជីវជាតិគ្រប់គ្រាន់

និយាយដល់រឿងញ៉ាំ មនុស្សបាក់ទឹកចិត្តខ្លះគ្រញែងខ្លួនតែម្ដង ព្រោះគ្មានអារម្មណ៍សូម្បីញ៉ាំអាហារ ធ្វើឲ្យរាងកាយស្គមស្គាំងបាត់បង់ថាមពល ទៅជានឿយហត់ខ្លាំងរហូតធ្វើសកម្មភាពងាយៗមិនកើត។ អ្នកខ្លះទៀតបែរជាញ៉ាំច្រើនលើសកម្រិតរហូតក្លាយជាឡើងគីឡូ ព្រោះគិតថាមានតែរឿងញ៉ាំទេដែលគេអាចពឹងពាក់បាននៅពេលក្រៀមក្រំខ្លាំង។​ការញ៉ាំអាហារត្រូវមានកម្រិតរបស់វា មិនអាចតិចពេក ក៏មិនអាចច្រើនពេកដែរ។ សូមញ៉ាំអាហារមួយថ្ងៃបីពេល ក្នុងបរិមាណសមល្មមជួយឲ្យបំបាត់ឃ្លាន ដោយងាកមករកអាហារមានបន្លែខៀវ ត្រី សាច់ ពងមាន់ ផ្លែឈើនិងអាហារបំប៉នផ្សេងៗ។ បើសិនជាអ្នកមិនចូលចិត្តញ៉ាំផ្លែឈើទេ សាកល្បងក្រឡុកវាលាយជាមួយទឹកដោះគោដើម្បីធ្វើជាទឹកក្រឡុក។​

៦. គេងឲ្យបានគ្រប់គ្រាន់ និងទៀងម៉ោង

នៅពេលអ្នកក្រៀមក្រំខ្លាំង វាជារឿងធម្មតាទេដែលអ្នកចូលគេងយប់ជ្រៅព្រោះរវល់នៅគិតនេះគិតនោះ។ ថ្ងៃខ្លះចូលគេងយឺត ថ្ងៃខ្លះចូលគេងលឿន ខ្លះក៏មិនបានគេងដូច្នេះ សូមលុបបំបាត់ទម្លាប់នេះចោលឲ្យអស់ ហើយចាប់ផ្ដើមរៀបកាលវិភាគនៃការគេងវិញ។ អ្នកត្រូវគេងមួយថ្ងៃឲ្យបាន៨ម៉ោង និងចូលគេងឲ្យទៀងម៉ោង គឺចូលគេងម៉ោងណាគឺគេងម៉ោងនោះ ហើយត្រូវងើបម៉ោងដដែលៗរាល់ថ្ងៃ ដើម្បីឲ្យរាងកាយស៊ាំ។​

រូបភាពតំណាង

៧. កុំភ្លេចស្វែងរកវិធីព្យាបាលជាមួយគ្រូពេទ្យជំនាញ

ជំងឺបាក់ទឹកចិត្តគឺជាជំងឺកាចសាហាវដែលឆក់យកជីវិតមនុស្សត្រឹមមួយប៉ប្រិចភ្នែក។ បើអ្នកដឹងថាខ្លួនឯងកំពុងហែលទុក្ខសោកហើយ ក្រៅពីព្យាយាមជួយខ្លួនឯង គឺអ្នកត្រូវហុចដៃឲ្យអ្នកដទៃជួយផងដែរ ដែលអ្នកដទៃនោះគ្មានអ្នកណាក្រៅពីគ្រូពេទ្យផ្លូវចិត្តដ៏ជំនាញទេ។ សូមស្វែងរកការពិភាក្សានិងលេបថ្នាំតាមវេជ្ជបញ្ជា៕  

ប្រភព៖: nhs

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]