យល់ដឹង៖ ម្ដាយឪពុកណាក៏ប្រាថ្នាចង់ឲ្យកូនខ្លួន ក្លាយទៅជាក្មេងរហ័សរហួន មានភាពឆ្លាតវៃ និងពូកែគិតដែរ។ កូនឆ្លាត ចេះវែកញែក វិភាគ ចេះគិតគូថ្លឹងថ្លែងរកខុសនិងត្រូវ ហើយក្មេងៗទាំងអស់មិនមែនកើតមកសុទ្ធតែយកភាពឆ្លាតមកពីកំណើតនោះទេ។
វិធីខាងក្រោមនេះ គឺជាយុទ្ធសាស្ត្រដែលអ្នកជាឪពុកម្ដាយអាចយកទៅអនុវត្តបើសិនជាចង់ឲ្យកូនមានភាពឈ្លាវឆ្លាត៖
១. ទម្លាប់អានសៀវភៅជាមួយពួកគេតាំងពីតូច
មានការសិក្សាស្រាវជ្រាវមួយបានបញ្ជាក់ថា ការអានសៀវភៅជាមួយកូនៗ តាំងពីពួកគេនៅក្មេង គឺធ្វើឲ្យកូនៗពង្រឹងការស្ដាប់ និងការអាន ព្រមទាំងបណ្ដុះខាងភាសា និងការគិតផងដែរ។ NIH ក៏រកឃើញថាក្មេងដែលចូលចិត្តអានគឺជាក្មេងឆ្លាត ដូច្នេះអ្វីដែលអ្នកត្រូវធ្វើគឺ កុំភ្លេចអានសៀវភៅជាមួយកូនៗរបស់អ្នក ដោយឲ្យពួកគេរៀនអានឲ្យអ្នកស្ដាប់ ហើយសួរសំណួរដល់ពួកគេបន្ទាប់ពីអានរួច។
២. ឲ្យរបស់លេងបែបផ្គុំម៉ូដែលមិនទាន់រួចរាល់
បច្ចុប្បន្នមានរបស់របរក្មេងលេងច្រើនណាស់ដាក់លក់នៅលើទីផ្សារ ប៉ុន្តែបើសិនអ្នកចង់ឲ្យកូនអ្នកឆ្លាត សូមទម្លាប់ឲ្យពួកគេលេងរបស់របរបែបសាងសង់អ្វីមួយ មិនថាអគារ ឬអ្វីផ្សេងៗ និងពពួករូបផ្គុំដើម្បីបណ្ដុះភាពច្នៃប្រតិដ្ឋ និងរហ័សរហួនដល់ពួកគេ។
៣. ឲ្យពួកគេបង្កកំហុសចុះ
កូនៗនៅក្មេងគឺតែងតែមិនសូវយល់ដឹងពីរឿងជុំវិញខ្លួន ដូច្នេះការបង្កកំហុសក៏ច្រើនតាមនោះតែអ្នកជាឪពុកម្ដាយវិញ គួរតែបណ្ដោយឲ្យពួកគេប្រព្រឹត្តិកំហុសទៅ ហើយអ្នកត្រូវទុកឲ្យពួកគេដោះស្រាយកំហុសឬបញ្ហានោះដោយខ្លួនឯង។ ការសិក្សាស្រាវជ្រាវបានបង្ហាញថា បរាជ័យគឺជាស្ពានឈានទៅរកភាពជោគជ័យ និងធ្វើឲ្យកូនៗអាចរៀនសូត្រពីកំហុសដើម្បីកែប្រែ។
៤. ហាត់ប្រាណ
កំហុសដ៏ធំបំផុតរបស់ឪពុកម្ដាយគឺមិនឲ្យកូនហាត់ប្រាណ ឬបញ្ចេញសកម្មភាពរាងកាយនៅខាងក្រៅឲ្យបានញឹកញាប់។ ការហាត់ប្រាណ ដូចជាដើរ រត់ ហែលទឹះ ជិះកង់ជាដើម គឺជួយឲ្យខួរក្បាលរបស់កូនៗចងចាំល្អ និងរហ័សរហួនជាងមុន។ ជារៀងរាល់ថ្ងៃ អ្នកគួរតែចំណាយពេលហាត់ប្រាណជាមួយកូនៗរបស់អ្នកចំនួន១០ទៅ២០នាទី។
៥. ទទួលទានអាហារពេលល្ងាចជាមួយគ្នា
ទោះបីអ្នកជាឪពុកម្ដាយរវល់ប៉ុណ្ណា ក៏ត្រូវតែរកពេលវេលាដើម្បីទទួលទានអាហារពេលល្ងាចជុំគ្នាជាមួយកូនៗ ព្រោះយោងតាមការស្រាវជ្រាវគឺ កុមារដែលមានពេលចួបជុំជាមួយគ្រួសារច្រើន គឺមានការប្រាស្រ័យទាក់ទងល្អជាមួយមនុស្សជុំវិញ និងមានជំនឿជាក់លើខ្លួនឯង ហើយក៏កាត់បន្ថយហានិភ័យក្លាយជាក្មេងច្រឡើសបើសពេលធំឡើងដែរ។ ពួកគេក៏បានទទួលអាហាររូបត្ថម្ភគ្រប់គ្រាន់សម្រាប់ការលូតលាស់។
៦. ចូលគេងឲ្យទៀងទាត់និងពីព្រលប់
មានការស្រាវជ្រាវបញ្ជាក់ថា ការចូលគេងបានគ្រប់គ្រាន់និងទៀងទាត់ធ្វើឲ្យកូនៗមានភាពឆ្លាតវៃ ដូច្នេះអ្នកជាឪពុកម្ដាយត្រូវកំណត់ម៉ោងចូលគេងរបស់កូនៗ និងធ្វើយ៉ាងឲ្យពួកគេគេងឲ្យបាន១០ទៅ១៣ម៉ោងក្នុងមួយយប់ សម្រាប់ក្មេងដែលមិនទាន់ចូលរៀន ៩ ទៅ១២ម៉ោងមួយយប់សម្រាប់ក្មេងរៀនថ្នាក់បឋមសិក្សា និង ៨ទៅ១០ម៉ោងសម្រាប់ក្មេងរៀនអនុវិទ្យាល័យឬវិទ្យាល័យ។
៧. ឲ្យពួកគេជួយការងារផ្ទះ
កុំគិតថាអ្នកស្រលាញ់កូនខ្លាំង ក៏ទម្រើសកូនមិនឲ្យប៉ះការងារផ្ទះនោះ ព្រោះធ្វើបែបនេះគឺដូចជាបង្អាក់ដល់ការលូតលាស់ផ្នែកការគិតនិងបំនិនជីវិតរបស់កូនអ៊ីចឹង។ មានការស្រាវជ្រាវមួយបញ្ជាក់ថា ក្មេងៗដែលជួយការងារផ្ទះឪពុកម្ដាយគឺភាគច្រើនឆ្លាតជាងក្មេងដែលមិនធ្វើអីសោះ។ ការធ្វើការងារផ្ទះ ដូចជាលាងចាន ជូតតុទូ រៀបបន្លែចូលទូទឹកកក ឬផ្សេងៗទៀត បណ្ដុះឲ្យពួកគេមានទំនួលខុសត្រូវក្នុងខ្លួន និងចេះដោះស្រាយបញ្ហាថែមទៀតផង។
៨. ធ្វើលំហាត់ប្រាណខួរក្បាល
លំហាត់ប្រាណរាងកាយនៅមិនទាន់គ្រប់គ្រាន់ទេ អ្នកក៏ត្រូវធ្វើលំហាត់ប្រាណខួរក្បាលដល់ពួកគេផងដែរ ដោយឲ្យពួកគេលេងល្បែងនៅលើក្ដារដូចជា អុក ជាដើម ដើម្បីឲ្យពួកគេចេះគិតឈ្វេងយល់ ចេះដោះស្រាយបញ្ហា។
៩. ឲ្យពួកគេរៀនតន្ត្រី
អ្នកខ្លះគិតថាការរៀនតន្ត្រីគឺគ្មានប្រយោជន៍នោះឡើយ តែការពិតគឺវាមានសារៈប្រយោជន៍ខ្លាំងណាស់ ដោយជួយឲ្យកូនៗយល់ដឹងបានច្រើន ហើយអាចជួយដល់ការដោះស្រាយលំហាត់គណិតទៀតផង នេះបើយោងតាមការស្រាវជ្រាវ។
១០. ចំណាយពេលរុករក
ក្មេងៗចូលចិត្តការដើរលេងខាងក្រៅណាស់ ដូច្នេះវិធីល្អមួយទៀតដើម្បីបណ្ដុះខួរក្បាលពួកគេឲ្យពូកែគិតគឺ ជូនពួកគេដើរកម្សាន្ត អាចជាលក្ខណៈ Adventure ឬការផ្សងព្រេង និងលក្ខណៈការកម្សាន្ត។ ទីតាំងដែលអ្នកគួរនាំពួកគេទៅគឺ សារៈមន្ទីរ សួនសត្វ ការងារស្ម័គ្រចិត្ត ឬដំណើរកម្សាន្តបែបឡើងភ្នំជាដើម៕
ប្រភព៖: connectionsacademy
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]