ស្នេហា៖ ក្នុងសង្គមបច្ចុប្បន្ន ពេលដែលកូនប្រុសកូនស្រីចូលដល់វ័យ២០ឆ្នាំ ម្ដាយឪពុកខ្លះតែងតែចង់ទុកដាក់ឲ្យកូនៗមានគូស្រករ ឬជម្រុញឲ្យរៀបការ ដោយលើកហេតុផលថាខ្លាចលើសអាយុ ខ្លាចមានកូនមិនទាន់ប្រើ ខ្លាចអាយុច្រើនជាងនេះទៅសម្រស់បាក់ មិនស្រស់ស្អាតដូចមុន ធ្វើឲ្យចាស់ទៅក្លាយជាសៅកែ គ្មានកូនចិញ្ចឹមគ្មានកូនចាំមើលថែ ធ្វើឲ្យកូនៗខ្លះត្រូវព្រមតាមឪពុកម្ដាយ ក្រាបក្បាលដល់កន្ទេលទាំងនៅក្មេងវ័យ ទាំងគំនិតមិនទាន់ចាស់ទុំ ធ្វើឲ្យកើតជាបញ្ហាក្នុងគ្រួសារនាពេលក្រោយ ឬក៏ឈានដល់ការលែងលះ ពិបាកនឹងបែងចែកទ្រព្យ បែងចែកកូនជាដើម។

រូបភាពតំណាង
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែបើងាកមកគិតតាមអ្នកជំនាញវិញ គឺការរៀបការក្នុងវ័យក្មេងពេក អាចផ្ដល់ផលអវិជ្ជមានច្រើនជាងវិជ្ជមាន ហើយអាត្រាលែងលះគ្នារបស់គូស្នេហ៍រៀបការទាំងនៅក្មេងវ័យ ក៏មានច្រើនណាស់ដែរ។ ខាងក្រោមនេះជាហេតុផលដែលអ្នកមិនគួររៀបការទាំងនៅក្មេងវ័យទេ៖

១. បទពិសោធជីវិតមានតិចតួច

ដោយសារអ្នករៀបការទាំងនៅវ័យក្មេង គឺបទពិសោធជីវិតក៏មានតិចតួចតាមនោះ ហើយអ្នកក៏មិនទាន់រកខ្លួនឯងឃើញ មិនដឹងពីគោលដៅជីវិតខ្លួនឯង មិនដឹងថាខ្លួនឯងចង់បានអ្វីឲ្យប្រាកដ។ ម្យ៉ាងទៀតកង្វះបទពិសោធនេះធ្វើឲ្យពេលដែលមានបញ្ហាណាមួយកើតឡើងក្នុងជីវិតអាពាហ៍ពិពាហ៍គឺអ្នកទាំងពីរមិនអាចរកដំណោះស្រាយបានទេ គឺតែងតែឈ្លោះប្រកែកប្រកាន់គំនិតយកត្រូវរៀងៗខ្លួន។

រូបភាពតំណាង

២. គ្មានលំនឹងផ្នែកហិរញ្ញវត្ថុ 

ពេលអ្នកនៅក្មេងខ្ចី អ្នកធ្លាប់តែរស់នៅពឹងលើឪពុកម្ដាយនូវការចំណាយមួយចំនួន ព្រោះការងារអ្នកធ្វើគឺមិនទាន់មានស្ថេរភាពពេញលេញធ្វើឲ្យអ្នកគ្មានប្រាក់សន្សំទំនុកបម្រុងទុក រឹតតែគ្មានប្រាក់សម្រាប់ទំនុកដល់ការចិញ្ចឹមកូន។ ការគ្មានលំនឹងផ្នែកហិរញ្ញវត្ថុនេះ ធ្វើឲ្យអ្នកនិងដៃគូមានការឈ្លោះប្រកែកគ្នា ឬធ្វើឲ្យគុណភាពជីវិតថយចុះ ដោយសារមិនសូវមានប្រាក់ចាយវាយទិញនេះទិញនោះ ជាដើម។

៣. មិនសូវមានអ្នកចាំជួយ

យុវវ័យដែលស្ថិតក្នុងចន្លោះអាយុ១៨ ទៅ២២ឆ្នាំ ភាគច្រើនពុំសូវមានមិត្តចាស់ទុំដែលអាចឲ្យយើងពឹងពាក់ក្នុងគ្រាអាសន្នណាមួយនោះឡើយ ដូច្នេះពេលមានរឿងល្អក់កករកើតឡើងក្នុងអាពាហ៍ពិពាហ៍ ក៏មិនដឹងថាទៅពិភាក្សាជាមួយអ្នកណា ក្រៅពីឪពុកម្ដាយ។ ម្យ៉ាងទៀតគូស្នេហ៍ដែលរៀបការនៅវ័យក្មេងពេកក៏មិនសូវមានអ្នកជិតខាងរាប់អានច្រើនប៉ុន្មានដែរ ដោយសារភាគច្រើនអ្នកនិងដៃគូ មានគម្លាតអាយុឆ្ងាយពីគូជីវិតដទៃទៀត។

រូបភាពតំណាង

៤. អភិវឌ្ឍខ្លួនឯងមិនទាន់អស់

ក្នុងវ័យនេះ គឺអ្នកនៅមានកិច្ចការជាច្រើនដែលត្រូវធ្វើសម្រាប់ខ្លួនឯង គឺពាក់ព័ន្ធនឹងការពង្រឹងនិងអភិវឌ្ឍខ្លួនឯង។ អ្នកខ្លះចង់រៀនបន្តដល់ថ្នាក់អនុបណ្ឌិតឬបណ្ឌិត តែដល់ពេលរៀបការមានគ្រួសារមានកូនទៅ ក៏អាក់ខានមិនបានបំពេញក្ដីស្រមៃទៅវិញ ដែលការរៀបការនេះជារនាំងមួយឃាំងអ្នកមិនឲ្យឈោងចាប់យកសក្តានុពលរបស់ខ្លួនអ្នក។

៥. ការផ្លាស់ប្ដូរផ្នែកគំនិត

ជាធម្មតា មនុស្សដែលស្ថិតក្នុងវ័យនេះ មិនទាន់លូតលាស់ចិត្តគំនិតអស់នៅឡើយទេ ជួនកាលនៅអាយុ២០ឆ្នាំ ក្ដីស្រមៃរបស់អ្នកគឺចង់បង្កើតកូននិងមានគ្រួសារដ៏កក់ក្ដៅ ស្រាប់តែដល់អាយុ២៥ឬ៣០ឆ្នាំ អ្នកបែរជាផ្លាស់ប្ដូរការគិតវិញថាគោលដៅអ្នកមិនមែនការរៀបទេ ដែលការផ្លាស់ប្ដូរផ្នែកគំនិតនេះហើយបង្កើតជាជម្លោះនៅក្នុងជីវិតគូ។

រូបភាពតំណាង

៦. មានអត្រាលែងលះខ្ពស់

យោងតាមការស្រាវជ្រាវរបស់ UK Statistics Authority នៅចក្រភពអង់គ្លេសគឺ មានអត្រានៃការលែងលះខ្ពស់ណាស់សម្រាប់គូស្វាមីភរិយាដែលរៀបការនៅអាយុខ្ទង់២០ឆ្នាំ ដោយសារតែមានជម្លោះ មានភាពខ្វែងគំនិតគ្នា រស់នៅមិនចុះសម្រុងគ្នា និងគ្មានលំនឹងផ្នែកហិរញ្ញវត្ថុនេះឯង។

៧. បាត់បង់ឱកាសថ្មីៗ

ជាធម្មតា អ្នកនៅក្មេងអាចមានឱកាសច្រើនក្នុងការសាកល្បងអ្វីថ្មីៗនៅក្នុងជីវិត មិនថាពាក់ព័ន្ធនឹងការងារ ឬការជ្រើសរើសគូស្រករដែលស័ក្តសមសម្រាប់អ្នក ប៉ុន្តែបើសិនអ្នកទៅរៀបការទាំងវ័យក្មេងបែបនេះគឺស្មើនឹងអ្នកត្រូវបោះបង់ឱកាសថ្មីៗ អស់ទាំងនោះហើយ។

៨. មិនទាន់ចាស់ចិត្តចាស់គំនិត

ការមានភាពចាស់ទុំផ្នែកចិត្តគំនិតគឺពិតជាសំខាន់ណាស់ ក្នុងចំណងអាពាហ៍ពិពាហ៍ព្រោះគូស្វាមីភរិយាត្រូវជួបឧបសគ្គនិងបញ្ហាច្រើនណាស់ក្នុងជីវិត ហើយការរស់នៅជាជីវិតគូក៏មានរឿងឲ្យថ្នាំងថ្នាក់ចិត្តច្រើនដូច្នេះ បើសិនអ្នករៀបការទាំងនៅវ័យក្មេង ដែលអ្នកមិនទាន់មានភាពចាស់ទុំលើផ្លូវអារម្មណ៍ គឺវាពិតជាងាយស្រួលធ្វើឲ្យទំនាក់ទំនងប្រេះស្រាំ៕

ប្រភព៖: thedailystar

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]