យល់ដឹង៖ ការគេងជាសកម្មភាពប្រចាំថ្ងៃដ៏មានអត្ថប្រយោជន៍ខ្លាំង ដែលមនុស្សមិនអាចអត់បាន ព្រោះការគេងជាពេលវេលាមួយដែលអ្នកសម្រាកខួរក្បាលនិងរាងកាយ ទុកពេលឲ្យរាងកាយបានជួសជុល ក៏ដូចជាពង្រឹងការចងចាំ និងបំបាត់អារម្មណ៍តានតឹងជាដើម។
ជាទូទៅ មនុស្សពេញវ័យត្រូវការគេងឲ្យបាន៨ម៉ោងជារៀងរាល់យប់ នោះទើបហៅថាគេងបានគ្រប់គ្រាន់ តែសម្រាប់អ្នកខ្លះវិញ គិតថាការគេងមិនសូវសំខាន់ ហើយប្រឹងប្រែងបំពេញការងារឬសិក្សារហូតដល់ភ្លេចគេង ឬកម្រចូលគេង ធ្វើឲ្យពីមួយយប់ទៅមួយយប់ គឺគេងមិនគ្រប់គ្រាន់។ យ៉ាងណាមិញ អ្នកដឹងដែរទេថាការគេងមិនគ្រប់គ្រាន់ពីមួយថ្ងៃទៅមួយថ្ងៃនេះ អាចប៉ះពាល់ដល់សុខភាពរាងកាយនិងផ្លូវចិត្តរបស់អ្នកយ៉ាងខ្លាំង?
១. បាត់បង់ការចងចាំ
ការគេងមិនគ្រប់គ្រាន់ធ្វើឲ្យខួរក្បាលអសមត្ថភាពក្នុងការចងចាំ ដែលធ្វើឲ្យប៉ះពាល់ដល់ការចងចាំទាំងរយៈពេលវែងនិងរយៈពេលខ្លី។
២. សមត្ថភាពខួរក្បាលថយចុះ
នៅពេលអ្នកគេងបានតិច សមត្ថភាពនៃការបំពេញការងារឬធ្វើអីផ្សេងៗរបស់អ្នកនឹងថយចុះ នោះក៏ព្រោះសមត្ថភាពខួរក្បាលរបស់អ្នកថយចុះ ដោយអ្នកនឹងគិតអីមិនចេញ ឬ មិនអាចដោះស្រាយបញ្ហាបាន។
៣. អារម្មណ៍មិននឹងនរ
អ្នកអាចប្រឈមនឹងការទទួលអារម្មណ៍ងាយនឹងមួម៉ៅ មិនសប្បាយចិត្ត មិនស្រឡះមុខមាត់ ហើយក៏អាចឈានដល់ការកើតជំងឺថប់បារម្ភ (Anxiety) និងជំងឺបាក់ទឹកចិត្ត (Depression) ផងដែរ។
៤. ធ្វើឲ្យអ្នកមានគ្រោះថ្នាក់
ដោយសារគ្មានការផ្ដោតអារម្មណ៍ ទើបអ្នកងាយនឹងប្រឈមនឹងគ្រោះថ្នាក់ផ្សេងៗ ដូចជាគ្រោះថ្នាក់ចរាចរណ៍ជាដើម។
៥. ប្រព័ន្ធភាពស៊ាំរបស់រាងកាយចុះខ្សោយ
ប្រព័ន្ធភាពស៊ាំរបស់រាងកាយជួយអ្នកទប់ទល់នឹងជំងឺផ្សេងៗប៉ុន្តែការគេងមិនគ្រប់ធ្វើឲ្យប្រព័ន្ធស៊ាំចាប់ផ្ដើមចុះខ្សោយ ធ្វើឲ្យអ្នកងាយនឹងឆ្លងជំងឺ ងាយនឹងឈឺ។
៦. អាចកើតជំងឺលើសសម្ពាធឈាម
បើសិនអ្នកគេងមិនគ្រប់ ឬគេងបានត្រឹម៤ទៅ៥ម៉ោងមួយយប់ នោះអ្នកនឹងប្រឈមនឹងហានិភ័យនៃការកើតជំងឺឡើងសម្ពាធឈាម និងជំងឺជាតិស្ករក្នុងឈាមខ្ពស់ផងដែរ ដែលធ្វើឲ្យពួកគេងាយនឹងកើតជំងឺទឹកនោមផ្អែមប្រភេទទី២។ ៧. ឡើងទម្ងន់
សូមអ្នកកុំគិតថា ការគេងមិនគ្រប់ធ្វើឲ្យអ្នកស្គមឲ្យសោះ ព្រោះផ្ទុយមកវិញ វាធ្វើឲ្យអ្នកឡើងទម្ងន់ ដោយសារសារធាតុគីមីដែលបញ្ជូនទៅកាន់ខួរក្បាលរបស់អ្នក ធ្វើការមិនបានល្អ ធ្វើឲ្យអ្នកចេះតែញ៉ាំដោយមិនបានគិត។
៨. បាត់បង់ចំណង់ផ្លូវភេទ
ការគេងមិនគ្រប់ក៏ធ្វើឲ្យអ្នកបាត់បង់ចំណង់ផ្លូវភេទ មិនអាចផ្ដល់សេចក្ដីសុខដល់ដៃគូបាន។
៩. ជំងឺបេះដូង
ការឡើងសម្ពាធឈាម និងឡើងជាតិស្ករក្នុងឈាមនេះ គឺធ្វើឲ្យឈានទៅរកការកើតជំងឺបេះដូងផងដែរ៕
ប្រភព៖: pharmeasy
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]