យល់ដឹង៖ ការចាប់ផ្ដើមអាជីវកម្មឬជំនួញផ្ទាល់ខ្លួននីមួយៗ ទោះធំក្ដីឬតូចក្ដីគឺសុទ្ធតែត្រូវការ ការដាក់ផែនការច្បាស់លាស់ និងវាយតម្លៃ វិភាគពីទីផ្សារច្បាស់លាស់ ព្រមទាំងគម្រោងការផ្សព្វផ្សាយផងដែរ ដើម្បីប្រាកដចិត្តថាជំនួញរបស់អ្នកនោះ នឹងដើរកាន់តែរលូន។

បើសិនជាអ្នកកំពុងចង់ចាប់ផ្ដើមអាជីវកម្មមួយផ្ទាល់ខ្លួន ហើយមិនដឹងចាប់ផ្ដើមពីត្រង់ណា អ្នកគួរតែសាកល្បងអានអត្ថបទនេះ៖
១. ស្វែងរកពាក្យស្លោក
ជាទូទៅ ជំនួញទាំងតូចទាំងធំ ត្រូវការពាក្យស្លោកមួយសម្រាប់ទាក់ទាញអតិថិជន ដូច្នេះអ្នកគួរតែរកនឹកថា ហេតុអ្វីបានជាអតិថិជនត្រូវមកទិញឬប្រើប្រាស់សេវាកម្មរបស់អាជីវកម្មអ្នក? តើអាជីវកម្មអ្នកមានអ្វីលេចធ្លោលើសពីអ្នកដទៃ?
២. យល់ដឹងពីទីផ្សារច្បាស់លាស់ និងតម្រូវការអតិថិជន
ការសិក្សាពីទីផ្សារនិងតម្រូវការអតិថិជន ជួយឲ្យអ្នកបានយល់ដឹងពីអ្វីដែលពួកគេចង់បាន ហើយអ្នកត្រូវដឹងពីទម្លាប់នៃការជាវរបស់ពួកគេ ហើយក្រៅពីនោះក៏ត្រូវឃ្លាំមើល ដៃគូប្រកួតប្រជែងដទៃ ឬជជែកជាមួយអ្នកដែលមានអាជីវកម្មដូចគ្នា និងចូលរួមសិក្ខាសាលានានា ជាដើម។

៣. ចាប់ផ្ដើមពីតូចៗទៅ
អ្វីក៏ដោយត្រូវចាប់ផ្ដើមពីតូចៗទៅ និងយឺតៗ កុំទាន់អាលបង្ខំ ដោយចាប់ផ្ដើមពីទុនបន្តិចបន្តួចផ្ទាល់ខ្លួន ហើយពេលជំនួញរបស់អ្នកលូតលាស់សឹមខ្ចីប្រាក់ពីធនាគារដើម្បីពង្រីកវា។
៤. យល់ដឹងពី ចំណុចខ្លាំង ចំណុចខ្សោយ ជំនាញ និងការគ្រប់គ្រង
អ្នកត្រូវសិក្សាពីចំណុចខ្លាំងផងនិងចំណុចខ្សោយផងរបស់ខ្លួន ដើម្បីវិភាគមើលថាគួរសង្កត់ធ្ងន់ទៅលើអ្វី ហើយពង្រឹងទៅលើផ្នែកអ្វី? ជាងនេះទៅទៀត អ្នកក៏គួរដឹងពីវិធីនៃការគ្រប់គ្រងការងារ គ្រប់គ្រងបុគ្គលិក ជាដើម។
៥. រៀនសូត្រពីអ្នកដទៃ
គ្មានអ្នកណាកើតមានល្អឥតខ្ចោះទេ ដូច្នេះអ្នកត្រូវតែរៀនសូត្រពីអ្នកជំនួញល្បីៗ ឬដៃគូប្រកួតប្រជែងរបស់អ្នក ដើម្បីឲ្យអាជីវកម្មអ្នកកាន់តែរីកចម្រើន និងចូលរួមសិក្ខាសាលានានាដើម្បីទទួលបានពាក្យណែនាំកាន់តែច្រើន។

៦. ជួលអ្នកប្រឹក្សាយោបល់
បើសិនជាអ្នកគិតថាអ្នកនៅមានចំណុចខ្វះខាត និងចង់ពង្រឹងបន្ថែម សូមស្វែងរកអ្នកជំនាញឬទីប្រឹក្សាយោបល់ ដើម្បីអភិវឌ្ឍជំនួញរបស់អ្នកឲ្យកាន់តែរីកចម្រើន។
៧. មានគម្រោងអាជីវកម្មច្បាស់លាស់
ការចាប់ផ្ដើមអាជីវកម្មនីមួយៗ ត្រូវតែមានគម្រោងអាជីវកម្មច្បាស់លាស់ ដូចជាអាជីវកម្មរបស់អ្នកគឺជាប្រភេទអ្វី។
៨. ដឹងពីតួលេខរបស់ក្រុមហ៊ុនអ្នក
តាមដានពីតួលេខរបស់ក្រុមហ៊ុនអ្នក មិនថាចំណូល ឬចំណាញ ឬតួលេខខាតបង់ និងត្រូវវាយតម្លៃពីតួលេខដែលយើងត្រូវបណ្ដាក់ទុនបន្ថែម ដើម្បីវាយតម្លៃពីអាជីវកម្មនេះបន្តទៀត។

៩. មានភាពងប់ងល់នឹងការងាររបស់អ្នក
មិនថាអាជីវកម្មរបស់អ្នកតូចក្ដី ឬធំក្ដី អ្នកត្រូវតែស្រលាញ់អាជីវកម្មរបស់អ្នក និងមានភាពងប់ងល់ដើម្បីធ្វើវា ព្រោះបើសិនជាអ្នកមិនស្រលាញ់អាជីវកម្មរបស់អ្នកទេ អ្នកប្រាកដជាគ្មានទឹកចិត្តនឹងបន្តឡើយ។
១០. កុំធ្វើវាតែឯងបើមិនច្បាស់លាស់
បើសិនជាក្នុងកាលៈទេសៈណាមួយ ដែលអ្នកទ័លគំនិត សូមកុំបណ្ដាក់ទុនឬធ្វើវាដោយឯកឯង គឺត្រូវស្វែងរកការពិភាក្សាជាមួយអ្នកប្រឹក្សាយោបល់ ឬក៏ មនុស្សដែលមានចំណេះដឹងផ្នែកអាជីវកម្មជ្រៅជ្រះជាងអ្នក៕
ប្រភព៖: constantcontact
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]