មនុស្ស ១៨នាក់រួមទាំងជនជាតិចិន ៦នាក់បានបាត់ខ្លួននៅក្នុងទឹកជំនន់ដែលបង្កឡើងដោយភ្លៀងធ្លាក់ឥតឈប់ឈរកាលពីព្រឹកថ្ងៃអង្គារនៅភាគខាងជើងប្រទេសនេប៉ាល់។

យោងតាមស្ថានទូតចិនប្រចាំប្រទេសនេប៉ាល់ បានឱ្យដឹងថា ជនជាតិចិនចំនួន ៦នាក់ និងជនជាតិនេប៉ាល់ ៨នាក់បានបាត់ខ្លួន ខណៈដែលពួកគេកំពុងធ្វើការជាមួយគ្នាលើសម្ភារៈដែលផ្តល់ជំនួយដោយប្រទេសចិននៅចំណុចព្រំដែនតំបន់ Rasuwagadhi ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ូលិសតំបន់ Rasuwagadhi បានបញ្ជាក់ថា មនុស្ស ១៨នាក់ រួមទាំងមន្ត្រីប៉ូលិសនេប៉ាល់ ៣នាក់ និងជនជាតិនេប៉ាល់ ៩នាក់ត្រូវបានរាយការណ៍ថាបានបាត់ខ្លួនដែលបន្ថែមពីលើជនជាតិចិន។ ស្ថានទូតចិនបានបញ្ជូនក្រុមការងារទៅតំបន់រងគ្រោះដោយគ្រោះមហន្តរាយ។

អធិការនគរបាលស្រុករ៉ាស៊ូវ៉ា លោក គ្រីស្នា ឌីតាល់ (Krishna Dhital) បានប្រាប់សារព័ត៌មាន Xinhua ថា ភាគច្រើននៃអ្នកបាត់ខ្លួនកំពុងធ្វើការនៅកំពង់ផែស្ងួតជិតព្រំដែន។

លោក ឌីតាល់ បាននិយាយថា ស្ពានមួយនៅចំណុចព្រំដែនតំបន់ Rasuwagadhi-Kerung ត្រូវបានទឹកជន់លិច ហើយរថយន្តអគ្គិសនីជាច្រើនគ្រឿងដែលចតនៅលើកំពង់ផែស្ងួតត្រូវបានទឹកហូរយកទៅអស់។

លោក ស៊ូបាស ហាម៉ាល់ (Subash Hamal) អ្នកនាំពាក្យប៉ូលិសស្រុកដាឌីង បានប្រាប់សារព័ត៌មាន Xinhua ថា សាកសពចំនួន ២នាក់ត្រូវបានរកឃើញក្នុងស្រុកដាឌីងដែលនៅជិតគ្នា។ ប្រទេសនេប៉ាល់ទទួលរងនូវទឹកជំនន់ និងការបាក់ដីដែលបង្កឡើងដោយទឹកភ្លៀងជារៀងរាល់ឆ្នាំ៕

រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]