យល់ដឹង៖ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២៥ បានបញ្ចប់ដោយជោគជ័យ និងរលូន ក្រោមការរៀបចំយ៉ាងម៉ត់ចត់របស់ក្រសួងអប់រំ យុវជន និងកីឡា។នេះជាផ្នែកដ៏សំខាន់មួយក្នុងការបង្ហាញពីកិច្ចខិតខំប្រឹងប្រែងសិក្សាអស់រយះពេល១២ឆ្នាំរបស់សិស្សានុសិស្សគ្រប់រូប។ ការប្រឡងបាក់ឌុបមិនមែនជាការបញ្ជប់នៃការសិក្សានោះទេ ប៉ុន្តែវាជាចំណុចចាប់ផ្តើមថ្មីសម្រាប់ការស្វែងរកឱកាស ការបន្តការសិក្សានៅឧត្តមសិក្សា និងការសម្រេចក្តីស្រមៃរបស់ខ្លួន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជំហាននេះក៏ជាការបើកទ្វារទៅកាន់អនាគតដ៏ភ្លឺស្វាង ដែលត្រូវការការត្រៀមខ្លួន ការមានទំនួលខុសត្រូវ និងការសម្រេចចិត្តយ៉ាងប្រុងប្រយ័ត្នបន្ទាប់ពីបញ្ជប់ជីវិតជាសិស្សវិទ្យាល័យ។

ខាងក្រោមនេះជាគន្លឹះសំខាន់ៗដែលប្អូនៗគួរធ្វើបន្ទាប់ពីប្រឡងបាក់ឌុបរួច៖

១. ជ្រើសរើសជំនាញសិក្សាប្រកបដោយត្រឹមត្រូវ :

ការជ្រើសរើសជំនាញសិក្សានៅសាកលវិទ្យាល័យគឺជាការសម្រេចចិត្តដ៏សំខាន់បំផុត ព្រោះវាជាអ្នកកំណត់ផ្លូវជីវិត និងអាជីពរបស់ប្អូនៗទៅថ្ងៃមុខ។ការជ្រើសរើសជំនាញសិក្សាគួរតែផ្អែកលើចំណង់ចំណូលចិត្ត  ទេពកោសល្យ និងគោលដៅជីវិតផ្ទាល់ខ្លួន មិនមែនគ្រាន់តែរើសតាមសម្ពាធពីក្រុមគ្រួសារ ឬមិត្តភក្តិនោះទេ។

ការជ្រើសរើសជំនាញត្រូវ នឹងជួយសន្សំសំចៃទាំងពេលវេលា និងថវិកា ហើយផ្តល់ឱកាសក្នុងការរីកចម្រើនទៅមុខបានឆ្ងាយ។ ដូច្នេះ សូមចំណាយពេលសួរខ្លួនឯងថា "តើខ្ញុំពិតជាចង់រៀនអ្វី?" ហើយជ្រើសរើសអ្វីដែលស្រលាញ់ពីបេះដូង។

២. ស្វែងរកសាកលវិទ្យាល័យដែលត្រឹមត្រូវ :

នៅពេលដែលប្អូនៗបានសម្រេចចិត្តជ្រើសរើសជំនាញហើយ ជំហានបន្ទាប់គឺការស្វែងរកសាកលវិទ្យាល័យដែលមានកិត្យានុភាព និងគុណភាពខ្ពស់លើជំនាញរបស់ប្អូន។ ប្អូនៗគួរតែស្រាវជ្រាវពីប្រវត្តិ គុណភាពអប់រំ គ្រូបង្រៀន និងកម្មវិធីសិក្សារបស់សាកលវិទ្យាល័យនីមួយៗឲ្យបានច្បាស់លាស់។ ការជ្រើសរើសសាកលវិទ្យាល័យដែលគ្មានស្តង់ដារ អាចធ្វើឲ្យប្អូនៗបាត់បង់ឱកាសក្នុងការទទួលបានចំណេះដឹង និងបទពិសោធន៍ល្អៗ។ដូចនេះសូមប្អូនៗជ្រើសរើសដោយប្រុងប្រយ័ត្ន។

៣. រៀនត្រៀម :

សម្រាប់ប្អូនៗដែលមានគោលបំណងប្រឡងចូលរៀនពេទ្យ អាហារូបករណ៍ ឬការប្រឡងសំខាន់ៗផ្សេងទៀត ប្អូនៗមិនគួរទុកពេលចោលឡើយ។ ទោះបីការប្រឡងបាក់ឌុបរួចហើយក៏ដោយ ការសិក្សាដោយខ្លួនឯង ឬចូលរៀនវគ្គត្រៀមបន្ថែម គឺជាការរឿងដ៏ល្អបំផុត។ ការបន្តខិតខំនេះនឹងជួយឲ្យប្អូនៗមានមូលដ្ឋានគ្រឹះរឹងមាំ និងមានទំនុកចិត្តសម្រាប់ការប្រឡងប្រកួតប្រជែងផ្សេងៗ។

៤.សម្រាប់ប្អូននៅតាមខេត្ត : សម្រាប់ប្អូនៗដែលមកពីជនបទ ហើយមានគម្រោងមកបន្តការសិក្សានៅរាជធានីភ្នំពេញ ឬកន្លែងដែលឆ្ងាយពីផ្ទះ ការស្វែងរកកន្លែងស្នាក់នៅមានសុវត្ថិភាព និងផាសុកភាពគឺជាកត្តាចម្បងបំផុត។

ប្អូនៗគួរតែស្វែងរកព័ត៌មានពីកន្លែងស្នាក់នៅឲ្យបានច្បាស់លាស់មុនពេលធ្វើដំណើរ ដើម្បីចៀសវាងបញ្ហាផ្សេងៗដែលកើតឡើងជាយថាហេតុ។មួយវិញទៀតប្អូនៗត្រូវត្រៀមលក្ខណៈប្រឈមមុខនិងបរិបទសង្គមថ្មី និងត្រៀមខ្លួនប្រឈមមុខនិងបញ្ហាមួយចំនួន ព្រោះនៅពេលប្អូនៗឃ្លៀតឆ្ងាយពីផ្ទះប្អូបៗត្រូវរស់ដោយខ្លួនទីពឹងខ្លួន។

ជាចុងក្រោយ សូមប្អូនៗត្រៀមចិត្ត ត្រៀមកាយទទួលយកនៅបរិបទវិថីជីវិតថ្មីបន្ទាប់ពីលាភាពជាសិស្សវិទ្យាល័យ។ជូនពរអោយប្អូនៗទទួលបានលទ្ធផលល្អពីការប្រឡងបាក់ឌុប និងទទួលបានភាពជោគជ័យក្នុងជីវិត៕

អត្ថបទ៖ វ៉ៃ សុខលីនណា

កែសម្រួល៖ Min

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]