រាជធានីភ្នំពេញ ៖ ភាពសប្បាយរីករាយមិនកើតទ្បើងទេ សម្រាប់មហាជនខ្មែរកាលពីម្សិលមិញ (៣ មីនា ឆ្នាំ២០១៤) ខណៈការរង់ចាំតាមដាន យ៉ាងយកចិត្តទុកដាក់ តែខ្សែភាពយន្តរឿង «The Great Beauty» នៃប្រទេសអ៊ីតាលី បានគ្រប់គ្រងពានរង្វាន់អូស្កា មិនមែនខ្សែភាពយន្តរឿង «រូបភាពដែលបាត់បង់» របស់ខ្មែរយើង ។
មហោ ស្រពភាពយន្តពានរង្វាន់អូស្កាដ៏ធំនោះ ខ្សែភាពយន្តខ្មែរជាស្នាដៃរបស់ផលិតករដ៏ល្បីឈ្មោះលោក រិទ្ធី ប៉ាន់ មានកិត្តិយសបានចូលរួមដែរ ។ ខ្សែភាពយន្តរឿង «រូបភាពដែលបាត់បង់» របស់លោក រិទ្ធី ប៉ាន់ ត្រូវបានជ្រើសរើសយកទៅប្រកួតប្រជែងដណ្តើមពានរង្វាន់ អូស្កា កាលពីថ្ងៃទី៣ មីនា ឆ្នាំ២០១៤ នៅទីក្រុងទ្បូសអេនចឺទ្បេស សហរដ្ឋអាមេរិក រួមជាមួយនឹងខ្សែភាពយន្ត៤ផ្សេងទៀត ពីប្រទេសប៉ាទ្បេស្ទីន អ៊ីតាលី ដាណឺម៉ាក និងប៊ែលហ្ស៊ិក ។ ទោះជាយ៉ាងណាក៏ដោយ យើងមានមោទភាព ដែលខ្សែភាពយន្តស្នាដៃផលិតករខ្មែរ បានលេចមុខនៅក្នុងការប្រកួតប្រជែងភាពយន្តជាលក្ខណៈអន្តរ ជាតិដណ្តើមពានរង្វាន់អូស្កា ។
ទាក់ទងនឹងការប្រកួត ប្រជែងដ៏ធំនោះ នាព្រឹកថ្ងៃទី៣ មីនា ឆ្នាំ២០១៤ នៅមជ្ឈមណ្ឌលបណ្តុះបណ្តាល ភាពយន្តបុប្ផាណារាជធានីភ្នំពេញ មានការជួបជុំមួយ ដើម្បីអបអរសាទរព្រឹត្តិការណ៍ ផ្សាយបន្តផ្ទាល់ នៃការប្រកួត ប្រជែងពានរង្វាន់អូស្កា ពិសេសរង់ចាំមើលលទ្ធផល ខ្សែភាពយន្តរឿងរូបភាព ដែលបាត់បង់ របស់ខ្មែរយើង ។
លោកសូ ច័ន្ទតារា អ្នកសម្របសម្រួលនៅមជ្ឈមណ្ឌល បណ្តុះបណ្តាលភាពយន្តបុប្ជាណា រាជធានីភ្នំពេញ បានសម្តែងការសោកស្តាយ ដែលស្នាដៃរបស់ផលិតករខ្មែរយើងលោក រិទ្ធី ប៉ាន់ មិនទទួលបានពានរង្វាន់អូស្កា ប៉ុន្តែលោកថា យើងគួរតែមានមោទភាពបំផុត ខណៈដែលខ្សែភាពយន្តខ្មែរ ត្រូវគេជ្រើសរើសយកទៅ ប្រកួតប្រជែងចុងក្រោយ ដើម្បីដណ្តើមពានរង្វាន់អូស្កា ដែលជាពានរង្វាន់ដ៏ធំ សម្រាប់វិស័យភាពយន្តលើពិភពលោក ។
លោកសូ ច័ន្ទតារា បានលើកទ្បើងថា អ្នកណាក៏មិនស្មានដល់ថា ខ្សែភាពយន្តខ្មែរអាចនឹងឈានដល់ ការប្រកួតប្រជែងចុងក្រោយនៃ ពានរង្វាន់អូស្កានោះទេ ខណៈដែលប្រទេសយើង ស្ថិតក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ ដែលមានកង្វះខាតទាំងឧបករណ៍ សម្ភារ ប្រាក់ សម្រាប់ផលិត និងធនធានមនុស្សខាងវិស័យភាពយន្ត ។ បើប្រៀបធៀបរវាងខ្សែភាពយន្តប្រទេសអ៊ីតាលី ដែលទទួលបានពានរង្វាន់អូស្កាពេលនេះ និងខ្សែភាពយន្តរឿង «រូបភាពដែលបាត់បង់» របស់ខ្មែរយើងគឺខុសគ្នាឆ្ងាយណាស់ អំពីប្រភពធនធាននៃការចំណាយ និងសមត្ថភាពនៃការដឹកនាំរឿង ។ ប៉ុន្តែអំពីខ្លឹមសារ និងគំនិតច្នៃប្រឌិតផលិតខ្សែភាពយន្តវិញ គឺវាប្រហាក់ប្រហែលគ្នា ដូច្នេះហើយទើបផលិតករខ្មែរយើង ដែលបានរួមគ្នាផលិតខ្សែភាពយន្ត រឿង «រូបភាពដែលបាត់បង់» សប្បាយរីករាយ រួមទាំងមានមោទនភាព យ៉ាងខ្លាំងបំផុត ក្នុងពេលដែលខ្សែភាព យន្តខ្មែរយើងត្រូវបានជ្រើសរើស ចូលរួមប្រកួតក្នុងជុំចុងក្រោយ ដើម្បីដណ្តើមពានរង្វាន់អូស្កាដ៏ធំនេះ ខណៈដែលខ្សែភាពយន្តជាច្រើនទៀតត្រូវបានជម្រុះចេញ ។ កន្លងមកលោក រិទ្ធី ប៉ាន់ មានស្នាដៃខ្សែភាពយន្តផ្សេងទៀត ដូចជារឿង«អ្នកស្រែ» និងរឿង«រាត្រីមួយក្រោយសង្គ្រាម»ជាដើម ។
លោកសូ ច័ន្ទតារា អំពាវនាវឱ្យប្រជាពលរដ្ឋ គាំទ្រភាពយន្តខ្មែរ ព្រោះបច្ចុប្បន្នវិស័យភាពយន្តខ្មែរ កំពុងតែមានការអភិវឌ្ឍគួរ ឱ្យកត់សម្គាល់ ហើយភាពយន្តខ្មែរយើង ក៏អាចឈានទៅចូលរួម ក្នុងការប្រកួតប្រជែង ជាលក្ខណៈអន្តរជាតិផងដែរ ។
ចំពោះរឿង The Great Beauty និពន្ធ ដោយលោក Paolo Sorrentino និងដឹកនាំបច្ចេកទេសផលិត ថតដោយ លោក Tino Servillo ។ ភាពយន្តនេះបរិយាយអំពីប្រវត្តិអ្នកនិពន្ធ ដែលរូបលោកមានបញ្ហាផ្លូវចិត្ត នៅពេលលោកសម្លឹងមើលទៅអតីត កាលបន្ទាប់ពីខួបកំណើតលើកទី៦៥ បានប្រារព្ធធ្វើទ្បើង ។
នេះ ជាលើកទី១១ ហើយដែលខ្សែភាពយន្តរបស់អ៊ីតាលី ទទួលបានពានរង្វាន់អូស្កា តាមរយៈការប្រកួតប្រជែង ខ្សែភាពយន្តប្រើប្រាស់ភាសាបរទេស ។ កាលពីឆ្នាំ១៩៩៨ លោក Paolo Sorrentino ក៏ធ្លាប់ទទួលបានជ័យជម្នះ សម្រាប់ខ្សែភាពយន្តមានចំណងជើងថា «Life is Beautiful» របស់លោកផងដែរ ។
ខ្សែភាពយន្តដែលបាន ឆ្លងកាត់ការជម្រុះ និងបានចូលរួមប្រកួតប្រជែងវគ្គផ្តាច់ព្រ័ត្រ រួមមានរឿង «The Broken Circle Breakdown» ជាខ្សែភាពយន្តរបស់ប្រទេសប៊ែលហ្ស៊ិក រឿង «Omar» ខ្សែភាពយន្តរបស់ប្រទេសប៉ាទ្បេស្ទីន រឿង«The Missing Picture» របស់កម្ពុជា រឿង «The Great Beauty» របស់អីុតាលី និងរឿង «Hunt» របស់ដាណឺម៉ាក ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]