ខេត្តតាកែវ ៖ បុរសម្នាក់ត្រូវប្រពន្ធរបស់ខ្លួន ដាក់ពាក្យប្តឹង មកអធិការដ្ឋានស្រុកអង្គរបុរី ឱ្យចាប់ខ្លួន និងឱ្យកសាងសំណុំរឿង បញ្ជូនទៅ សាលាដំបូងខេត្ត កាត់ទោសតាមច្បាប់ ដោយសារប្តី ថោកទាបម្នាក់នេះ បានធ្វើសកម្មភាព ចាប់រំលោភទៅលើកុមារីម្នាក់ ដែលត្រូវជាក្មួយ របស់ខ្លួន ដែលទើបតែមានអាយុ៨ឆ្នាំប៉ុណ្ណោះ ។

ស្ត្រីជាប្រពន្ធចោទថាជាសកម្មភាពដ៏សែនថោកទាប ដែលគាត់ឃើញទាន់ ក៏មានការស្រែកឆោឡោឡើង ផ្អើលដល់អ្នករស់នៅ ក្នុងភូមិមកចោមរោមមើល រួចក៏ប្តឹងប៉ូលិសឱ្យចាប់ខ្លួនភ្លាមៗទាន់នៅក្តៅ ។ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី២៩ មីនា វេលាម៉ោង៣និង៥០នាទីរសៀល ស្ថិតនៅភូមិបាស្រែ ឃុំបាស្រែ ស្រុកអង្គរបុរី ។ អធិការនគរបាលស្រុកអង្គរបុរី លោក មូល ហ៊ុន បានឱ្យដឹងថា បុរសដែលប្រពន្ធប្តឹងឱ្យចាប់ខ្លួននេះឈ្មោះ ម៉ម ធឿន អាយុ៤០ឆ្នាំ ។ ការចាប់ខ្លួននេះ បន្ទាប់ពីប៉ូលិស បានទទួលពាក្យបណ្តឹង ដែលចោទបុរសនេះពីបទចាប់កុមារី អាយុ៨ឆ្នាំ រំលោភនៅក្នុងព្រៃខាងលិចផ្ទះ នៅពេលដែលតាយាយរបស់កុមារីរងគ្រោះមិននៅផ្ទះ ដោយជាប់រវល់ទៅធ្វើស្រែ ។

លោកអធិការនគរបាលស្រុក បានបន្តទៀតថា កុមារីរងគ្រោះរស់នៅជាមួយតាយាយរបស់នាង ដោយឪពុកម្តាយ ចេញទៅរកស៊ី នៅឯព្រំដែនថៃ ។ ប្រភពបានបន្តថា មុនពេលកើតហេតុ តាយាយទាំង២នាក់បានចេញទៅធ្វើស្រែ ទុកឱ្យចៅស្រីនៅផ្ទះម្នាក់ឯង ដោយឃើញឱកាសល្អ ឪពុកមាសាច់ថ្លៃគម្រក់ បានហៅនាងតូចទៅក្នុងព្រៃខាងក្រោយផ្ទះ រួចធ្វើសកម្មភាពរំលោភទាំងកំរោល ហើយស្ត្រីជាប្រពន្ធដែលជាម្តាយមីងបង្កើតរបស់កុមារីរងគ្រោះ បានទៅទាន់ក៏ស្រែកឆោឡោឡើង និងបានដាក់ពាក្យបណ្តឹង ឱ្យចាប់ខ្លួនប្តីថោកទាបនេះ ឱ្យសមទៅនឹងទង្វើរបស់ខ្លួន។ នៅចំពោះមុខប៉ូលិស ឈ្មោះ ម៉ម ធឿន បានសារភាពថា រូបគេពិតជាបានចាប់រំលោភ ពិតប្រាកដមែន តែអត់ស៊ីជម្រៅទេ ។

លោកវរសេនីយ៍ទោ សែម សុជាតិ នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្ត បានឱ្យដឹងថា បុរសដែលចាប់រំលោភ ក្មួយសាច់ថ្លៃរបស់ខ្លួន អាយុ៨ឆ្នាំនេះ បានបញ្ជូនពីស្រុក មកដល់ការិយាល័យរបស់លោក ហើយយើងនឹងកសាង សំណុំរឿងដើម្បីបញ្ជូនទៅ សាលាដំបូងខេត្ត នាថ្ងៃទី៣១ មីនា នេះ ៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]