ខេត្តកំពង់ឆ្នាំង ៖ យុវជនម្នាក់ ត្រូវបានមន្ត្រី នគរបាលមូលដ្ឋាន ធ្វើការចាប់ឃាត់ខ្លួន នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៤ នេះ បន្ទាប់ពីមាន ពាក្យបណ្តឹងពី ឪពុកម្តាយ យុវតីរងគ្រោះ ថាបានចាប់រំលោភ កូនស្រីគាត់ ជាអនីតិជន អាយុ១៤ឆ្នាំ ដែលបានប្រព្រឹត្ត ឡើងជាច្រើនលើក ខណៈដែល ឪពុកម្តាយនាង មិននៅផ្ទះ ក្នុងអំឡុងដើម ខែកញ្ញា ឆ្នាំ២០១៤ នៅផ្ទះកេ្មងស្រីរងគ្រោះ ស្ថិតក្នុងភូមិ ក្រសាស់ថ្មី ឃុំឈូក.ស ស្រុកកំពង់ត្រឡាច ។

លោក ហ៊ុន វាសនា អធិការនគរបាល ស្រុកកំពង់ត្រឡាច បាននិយាយឲ្យដឹងថា ជនសង្ស័យរូបនោះ មានឈ្មោះ ភាព លី អាយុ១៨ឆ្នាំ មានទីលំនៅ ជិតគ្នាជាមួយ ជនរងគ្រោះ ។ ចំណែកក្មេងស្រី រងគ្រោះ មានអាយុ១៤ឆ្នាំ មានឪពុកម្តាយ ជាអ្នកប្រកបរបរ ដើរលក់កាំបិត ពូថៅ និងសម្ភារៈផ្សេងៗ ដែលទទួលទិញ ពីជាងដំដែក យកទៅលក់តាម ស្រុក ខេត្ត ឆ្ងាយៗ ហើយ១០ថ្ងៃ ឬកន្លះខែ ទើបមកផ្ទះម្តង ។

លោកអធិការបានបន្តថា ដោយសារតែ ជនសង្ស័យ ខាងលើ ទើបបានមក ស្នាក់នៅជាមួយ បងប្រុសខ្លួន ដែលមាន ទីលំនៅជិត កុមារីរងគ្រោះ ទើបគេដឹងថា ឪពុកម្តាយនាង មិននៅផ្ទះ ហើយបានឆ្លៀតឱកាស ទៅចាប់នាងរំលោភ ៤-៥ លើកមកហើយ តែយុវតីរងគ្រោះ មិនចាំថ្ងៃ និងមិនហ៊ាន ប្រាប់អ្នកណា ព្រោះនាងនៅម្នាក់ឯង ។ ទើបតែនៅយប់ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៤ នេះ ម្តាយឪពុក នាងបានត្រឡប់ ពីលក់កាំបិត ពូថៅវិញ នាងបាន ប្រាប់រឿងរ៉ាវ ដែលបានកើតឡើង មកលើរូបនាង ហើយនៅ ព្រឹកស្អែកឡើង ថ្ងៃទី២១ ខែកញ្ញា ទើប ឪពុកម្តាយមក ប្តឹងសមត្ថកិច្ច នឹងមានការ ចាប់ខ្លួនតែម្តង ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ បានបញ្ចាក់ថា ៖ រូបគេពិតជាបាន ទៅដេកនៅ ជាមួយនាងមែន តែគ្រាន់តែដេកឱប លេងក្រៅៗទេ ។ ប៉ុន្តែទោះយ៉ាងនេះក្តី យុវតីរងគ្រោះ បាននិយាយថា គឺពិតជាបាន ចាប់នាងរំលោភ រហូតធ្លាក់ឈាម ទៀតផង ។

ទោះយ៉ាងណា មន្ត្រីនគរបាល បានធ្វើការស្តីបន្ទោស ដល់អាណាព្យាបាល ក្មេងស្រីរងគ្រោះថា ៖ មិនគួរបណ្តោយ ឲ្យកូនអាយុ១៤ឆ្នាំ ដេកនៅម្នាក់ឯង បែបនេះឡើយ ។ ជនសង្ស័យត្រូវ បានមន្ត្រីនគរបាល ស្រុកកំពង់ត្រឡាច កសាងសំណុំរឿង បញ្ជូនមក ស្នងការដ្ឋាន ដើម្បីសាកសួរ និងកសាងសំណុំរឿង បន្ថែមបញ្ជូនទៅ តុលាការដើម្បី ចាត់ការតាម និតិវិធីច្បាប់ ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]