ភ្នំពេញ៖ នេះជាលើក ទី២ហើយ ដែលពិធីករ លោក ឡាយអ៊ិន បានរំលេច សារក្រៀមក្រំ រៀបរាប់ពីក្តី ឈឺចាប់ពេលដែល ត្រូវព្រាត់ប្រាសកូនៗ ជាទីស្រលាញ់ ចេញពីដើមទ្រូង ដោយមិនដឹងថា កូនរស់នៅទីណា បាត់ទៅ អស់រយៈពេល ជាច្រើនខែមកហើយ។ នៅក្នុងនោះ ឌីជេរូបនេះ ក៏បានបង្ហោះ សារថ្មីមួយទៀត ដោយទទូចឲ្យ ភរិយាយល់ចិត្តលោក និងនាំកូនមក ជួបលោកផង ព្រោះថា ដើមទ្រូងលោក នៅពេលនេះ ស្ទើរតែប្រះបែក ទៅហើយ ។

ពាក្យចាស់លោក ធ្លាប់ពោលថា “កូនប្រុសស៊ូ ស្រក់ឈាម មិនស្រក់ទេ ទឹកភ្នែក” ព្រោះថា ការសម្រក់ទឹកភ្នែក របស់កូនប្រុស បានសរបញ្ជាក់ ពីភាពទន់ខ្សោយ ដូចជាមនុស្សស្រី មិនសម ជាបុរសនោះទេ ។ តែដោយឡែក ឌីជេ ឡាយអ៊ិន វិញ បែរជាមិនខ្វល់ ចំពោះការលើក ឡើងនោះឡើយ ដោយលោកបានបង្ហោះ សារខ្លីមួយ រៀបរាប់ពីទឹកចិត្ត ដែលឈឺចាប់លាយឡំ ជាមួយរូបថត ដែលលោកអង្គុយ នៅផ្ទះចាស់ ហើយសម្រក់ទឹកភ្នែក មិនខ្វល់ ការសំឡឹង មើលពីកែវភ្នែក រាប់រយគូ របស់អ្នក ជិតខាងឡើយ ។

តាមរយៈការ ឈឺចាប់នោះ លោក ឡាយអ៊ិន បានរៀបរាប់ឲ្យដឹងថា " ថ្ងៃនេះពិបាកចិត្តណាស់ ត្រឡប់មកផ្ទះវិញ បន្ទាប់ពីបាន ជួបភរិយា នៅតុលាការ កាលព្រឹកថ្ងៃទី ១២.១១.២០១៤ វេលា ៨៖០០នាទីព្រឹក មកទាំងអស់ ក្តីអាល័យ សូម្បីប៉ុនស្រមោច ក៏គ្មានដែរ សំរាប់ភរិយា កញ្ជើរធ្លុះ និងផិតក្បត់ម្នាក់នេះ។ ក៏សោកស្តាយ នូវកំលាំងកាយ កំលាំងចិត្ត ខិតខំធ្វើការរកលុយ មកឲ្យច្រាស់ច្រំ និងកំលាំង មកបំរើ ស្រី....... ៤,៥ឆ្នាំ កន្លងមកបំរើថា អស់សាច់តែម្តង……..” ។

លោកបានបន្តទៀតថា "គេមិនឲ្យខ្ញុំ ជួបកូនៗទេ សូមមេត្តាខ្ញុំផង បន្តទៅនេះ សូមប្រជាជន តុលាការ ស្តាប់ការតវ៉ាគ្នា និងសំណើរស្នើ សុំជួបកូននេះផងចុះ ព្រោះថាតាំង ពីភរិយាលោក ចាកចេញយកកូនទៅ លោកមិនដែល បានជួបបីកូន ម្តងណាឡើយ ។ សម្រាប់ទឹកចិត្ត ឪពុកពិត ជាឈឺចាប់ខ្លាំងណាស់ នៅពេលនេះដោយសារ តែត្រូវព្រាត់កូន ជាទីស្រលាញ់ ទាំង៣ ចេញពីដើមទ្រូង" ។

បើទោះជាតារារូបនេះ បានសរសេររៀបរាប់ ពីការឈឺចាប់ចេញពី ក្រអៅបេះដូង យ៉ាងណាក្តី តែលោកមិនបាន បញ្ជាក់ច្បាស់ទេថា ការឡើងទៅ តុលាការ ជួបមុខភរិយា ជាលើកទី២នោះ លទ្ធផលយ៉ាងណាឡើយ ដោយលោកគ្រាន់តែ ពោលពាក្យយ៉ាងខ្លីថា “ពិបាកចិត្ត និងលែងអាល័យ ភរិយាទៀតហើយ” ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]