ភ្នំពេញ៖ តើអ្នក ដែលធ្លាប់លឺ ពីហាង លក់គ្រឿងម្ជូរ នៅម្តុំវត្តភ្នំដែរឬទេ? ប្រហែលជា ប្រិយមិត្ត របស់ខ្មែរឡូត មួយចំនួន ច្បាស់ជា ធ្លាប់ស្គាល់ខ្លះ ហើយ ព្រោះថា ហាងម្ជូរមួយនេះ គឺមានភ្ញៀវ គ្រប់ស្រទាប់វណ្ណៈ មិនថា ក្មេង ចាស់ ប្រុសស្រី តែងតែឈរ ចាំទិញយ៉ាងកុះករ ជារៀងរាល់ថ្ងៃ។ ក្នុងថ្ងៃនេះផងដែរ ក្រុមការងារខ្មែរឡូត ក៏បានចុះទៅ សំភាសន៍ផ្ទាល់ ជាមួយនឹង ម្ចាស់ហាងលក់ម្ជូរនេះ។

ជួបជាមួយនឹង លោក សន កុសល អាយុ២១ឆ្នាំ ជាម្ចាស់ហាង លក់ម្ជូរ បានផ្តល់កិច្ចសំភាសន៍ ឲ្យខាងខ្មែរឡូតថា កន្លែងលក់ របស់គាត់ ឈ្មោះថា ម្ជូរវត្តភ្នំ ១៦៨ មានលក់ ដូចជា ស្វាយខ្ចី ត្របែក ពុទ្រា ចេកខ្ចី ខ្វិត ជម្ពូ ទំពាំងបាយជូរព្រៃជាដើម ដែលគាត់ ចាប់បើកលក់ តាំងពីម៉ោង៨ កន្លះ ព្រឹក រហូតដល់ម៉ោង ១២យប់។


ហាងលក់ម្ជូរ វត្តភ្នំ១៦៨ មើលពីខាងមុុខ (រូបថតៈ Khmerload)

លោក សន សុកល បានបញ្ជាក់ ប្រាប់បន្ថែមថា កាលពីដំបូង គាត់មាន ចំនង់ចំនូលចិត្ត ខាងលក់ម្ជូរនេះ ដូច្នេះហើយ គ្រួសាររបស់គាត់ ក៏បាន បើកហាង តូចមួយ ដែលមាន មនុស្សមួយចំនួន ស្គាល់តែប៉ុណ្ណោះ។ ប៉ុន្តែប៉ុន្មានជាង រយៈពេល ១ឆ្នាំ ក្រោយមក មានមនុស្សជាច្រើន បានចូលមក ទិញយ៉ាងច្រើន កុះករ ហើយរហូតដល់ សព្វថ្ងៃនេះ គឺគាត់បើកលក់ ម្ជូរបាន ២ឆ្នាំហើយ។

អ្នកលក់ម្ជូរម្នាក់នេះ បានឲ្យដឹងថា ក្នុងមួយថ្ងៃ គាត់អាចរកប្រាក់បាន ពី ៤ ទៅ ៥លានរៀល ប៉ុន្តែបើថ្ងៃ មិនសូវដាច់វិញ រកបានតែ ៣ទៅ ៤លាន រៀល។ បើនិយាយ ចំពោះភ្ញៀវ ដែលចូលមក ទិញវិញ ភាគច្រើន ជាអ្នកធ្វើការ ព្រមទាំងយុវវ័យ ដែលជាសិស្ស និស្សិតផងដែរ។

សម្រាប់លោក កុសល ផ្ទាល់ គាត់ក៏បាន ជម្រាបពី ផលវិបាកផងដែរថា ចំពោះផលវិបាកវិញ "គឺភាគច្រើនភ្ញៀវ រង់ចាំយូរ ដូច្នេះពួកគាត់ មានការ ត្អូញត្អែរ បន្តិចបន្តួច ប៉ុន្តែខ្ញុំ នឹងព្យាយាមសម្រួល ជូនពួកគាត់ តាមដែលអាច ធ្វើទៅបាន"។



គ្រឿងម្ជូរឆ្ងាញ់ៗ ជាច្រើន ត្រូវបានដាក់ តម្រៀបគ្នា នៅទូកញ្ចក់ និងមានអនាម័យ ត្រឹមត្រូវ (រូបថតៈ Khmerload)

ងាកមកបងប្រុស ដែលគាត់កំពុង រង់ចាំទិញម្ជូរ នៅហាងនេះ បានប្រាប់ក្រុម ការងារខ្មែរឡូត ឲ្យបានដឹងថា "មូលហេតុ ដែលខ្ញុំមកទិញ ម្ជូរនៅទី នេះ គឺដោយសារតែ ខ្ញុំឃើញថា មានអនាម័យល្អ រីឯផ្លែឈើ ដូចជាត្របែក ម្កាក់, ស្វាយ សុទ្ធតែស្រស់ៗ គួបផ្សំជាមួយ នឹងការផ្សំអំបិលឆ្ងាញ់ ទើបធ្វើឲ្យខ្ញុំ មកទិញម្ជូរ នៅទីនេះ ជាញឹកញាប់បំផុត"។

បន្ថែមពីនេះ លោក កុសល ក៏បានបញ្ជាក់ថា "នាពេលអនាគត ខ្ញុំនឹងចង់ពង្រីកហាង ឲ្យធំជាងនេះ ដើម្បីបំពេញតម្រូវការ របស់អតិថិជន និងផ្តល់ ភាពងាយស្រួល ដល់ពួកគាត់ ដើម្បីកុំឲ្យមាន ការរង់ចាំយូរ ហើយជាចុងក្រោយ ខ្ញុំក៏សូមអរគុណ យ៉ាងជ្រាលជ្រៅ ទៅដល់ អតិថិជនដែល តែងតែ គាំទ្រ និងទិញម្ជូរ ពីហាងរបស់ ខ្ញុំបាទ ផងដែរ"៕

ចុះសម្រាប់ប្រិយមិត្ត វិញ បានភ្លក្សម្ជូរ នៅហាងលក់ដ៏ល្បី នៅម្តុំវត្តភ្នំ ហើយឬនៅ?

ទិដ្ឋភាព នៃការរង់ចាំទិញ របស់អតិថិជន យ៉ាងច្រើនកុះករ៖


តោះទស្សនាទិដ្ឋភាព នៃការលក់ ដែលមានមនុស្ស ចូលមកទិញ បន្តគ្នារហូត៖

ដោយ៖ កា & សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]