ថ្ងៃនៃសេចក្ដីស្រឡាញ់ - ត្រូវមានភាពឈ្លាសវៃ និងក្រើនរំលឹកខ្លួនឯង

បច្ចុប្បន្ននេះ ថ្ងៃនៃសេចក្ដីស្រឡាញ់(Valentine’s Day) ត្រូវបានប្រារព្ធធ្វើឡើង ដោយយុវវ័យជាច្រើន​ ដោយចាត់ទុកថា ជាថ្ងៃមួយដ៏រីករាយ សម្រាប់ការដើរលេងកម្សាន្តនៅខាងក្រៅជាមួយមិត្តភក្ដិ និងអ្នកជាទីស្រឡាញ់របស់ខ្លួន។

ប៉ុន្តែ តើពាក្យថា សេចក្ដីស្រឡាញ់មានអត្ថន័យយ៉ាងណា? យុវវ័យមួយចំនួនយល់ច្រឡំថា សេចក្ដីស្រឡាញ់ គឺជាការ​រួមភេទលើកដំបូង​ ជាមួយមិត្តប្រុស ឬមិត្តស្រី​របស់ពួកគេ នៅថ្ងៃនៃសេចក្ដីស្រឡាញ់ ដើម្បីបញ្ជាក់ថា ពួកគេពិតជាស្រឡាញ់គ្នាមែន។ ប៉ុន្តែតើនេះជាសេចក្ដីស្រលាញ់ពិតប្រាកដមែនទេ?

ខាងក្រោមនេះ គឺជារឿងរាវរបស់នារីម្នាក់ដែលមានវិប្បដិសារីនៅថ្ងៃនៃសេចក្តីស្រឡាញ់​។ 

ស្រីល័ក្ស (មិនមែនជាឈ្មោះពិតរបស់នាង) គឺជាយុវនារីម្នាក់ ដែលបានទូរស័ព្ទមកកាន់​ ប្រព័ន្ធទូរស័ព្ទផ្តល់ប្រឹក្សារ អំពីជម្រើសនៅពេលមានផ្ទៃពោះ និងពន្យារកំណើត របស់​   អង្គការម៉ារីស្តូបអន្តរជាតិកម្ពុជា (Marie Stopes International Cambodia’s Hotline) ហើយនាងចង់ចែករំលែករឿងរ៉ាវ ក្នុងថ្ងៃនៃសេចក្ដីស្រឡាញ់របស់ នាងជាមួយលោកអ្នកដើម្បីជៀសវាង កុំឲ្យមានជោគវាសនាដូចជារូបនាង។

“នាងខ្ញុំឈ្មោះស្រីល័ក្ស។ ខ្ញុំចង់ប្រាប់ពីបទពិសោធន៍អតីតកាលរបស់នាងខ្ញុំ​ទាក់ទិននឹងថ្ងៃនៃសេចក្ដីស្រឡាញ់ ដល់អ្នកទាំងអស់គ្នា។ នាងខ្ញុំបានផ្លាស់ពីខេត្តកំពង់ស្ពឺមករស់នៅក្រុង​ភ្នំពេញកាលពីឆ្នាំ២០០៩។ ឪពុកម្ដាយរបស់ នាងខ្ញុំបានខិតខំធ្វើការយ៉ាងលំបាកលំបិន​ដើម្បីសន្សំប្រាក់សម្រាប់នាងខ្ញុំមកភ្នំពេញ ដើម្បីសិក្សាផ្នែកហិរញ្ញវត្ថុ នៅមហាវិទ្យាល័យមួយ។ អ្នករាល់គ្នាចាត់ទុកជាខ្ញុំជានារី​ ដែលមានសម្រស់ស្រស់ស្អាតមួយរូបដែលមានកែវភ្នែកធំៗ​ពណ៌ត្នោត និងសក់វែងរលើបរលោង។ ពួកគេប្រាប់នាងខ្ញុំថា នាងខ្ញុំមើលទៅ​ដូច សុគន្ធ នីហ្សា។ នាងខ្ញុំមាន ប្រជាប្រិយភាពក្នុងចំណោមនិស្សិតៗ ហើយនាងខ្ញុំ​មាន​មិត្តភក្ដិជាច្រើន។ នាងខ្ញុំក៏មានមិត្តប្រុសម្នាក់ ដែលជានិស្សិតនៅសកលវិទ្យាល័យ​​ជាមួយគ្នាផងដែរ។ នៅពេលមួយនោះ គាត់បានស្នើសុំនាងខ្ញុំ ដើម្បីរួមភេទ ជាមួយគាត់ ប៉ុន្តែគាត់​ជាមនុស្សសុភាពរាបសារ ហើយរាល់ពេលដែលនាងខ្ញុំបដិសេធ គាត់មិនដែលបង្ខំនាង​ខ្ញុំទេ។

នៅថ្ងៃនៃសេចក្ដីស្រឡាញ់ឆ្នាំ២០១១ នាងខ្ញុំ រួមជាមួយមិត្តភក្ដិ និងមិត្តប្រុសរបស់ខ្ញុំ​ បានណាត់ជួបគ្នានៅផ្សារ ទំនើបសុរិយា ហើយបន្ទាប់មកពួកយើងជិះម៉ូតូដើរលេង និង​ឈប់នៅសួនច្បារដើម្បីអង្គុយជជែកគ្នាលេង។ បន្ទាប់មកពួកយើងនាំគ្នាទៅញ៉ាំស៊ុគី​ស៊ុប​​សម្រាប់អាហារពេលល្ងាច។ មិត្តប្រុសរបស់នាងខ្ញុំបានឈប់តាមផ្លូវ ដើម្បីទិញផ្កាកុលាបមួយ​ទងឲ្យនាងខ្ញុំ។ ពួកយើងសប្បាយរីករាយយ៉ាងខ្លាំង លាយជាមួយនិងសំណើច និយាយកំប្លែង។ បន្ទាប់ពីញ៉ាំអាហារពេលល្ងាចរួច មិត្តភក្ដិ​របស់នាងខ្ញុំបានត្រលប់ទៅផ្ទះ នៅសល់តែនាង ខ្ញុំនិងមិត្តប្រុសនាងខ្ញុំតែពីរនាក់ប៉ុណ្ណោះ។ មិត្តប្រុសរបស់នាងខ្ញុំបានប្រាប់នាងខ្ញុំថាគាត់ស្រឡាញ់នាងខ្ញុំ និងបានប្រគល់អំណោយ​មួយ​ដល់នាងខ្ញុំ។ វាគឺជាខ្សែកពេជ្រមួយខ្សែ។ វាគឺជារបស់ដ៏ស្អាតបំផុតដែលនាងខ្ញុំមិន​ដែលធ្លាប់បានទទួលពីមុនមក។ មិនដែលមាននរណាធ្លាប់ឲ្យអំណោយដ៏ស្អាតបែបនេះ​ដល់នាងខ្ញុំឡើយ។ ខ្ញុំបានអរគុណគាត់ម្រាប់អំណោយនេះ។ នោះ​គឺជាពេលដែលគាត់បានប្រាប់នាងខ្ញុំថា គាត់ចង់ឲ្យ ពួកយើងបញ្ជាក់នូវសេចក្ដីស្រឡាញ់​របស់ពួកយើងចំពោះគ្នាដោយចំណាយពេលមួយយប់នៅឯផ្ទះសំណាក់។ នាងខ្ញុំមាន​អារម្មណ៍ភ័យខ្លាច ហើយមិនចង់ទៅនោះទេ។ ខ្ញុំបានប្រាប់គាត់ថា នាងខ្ញុំចង់រង់ចាំ​ពេលពិសេសនេះ រហូតដល់ថ្ងៃដែលយើង រៀបការប៉ុន្តែគាត់បានប្រាប់វិញថា ពួកយើង​ស្រឡាញ់គ្នា ហើយថ្ងៃនេះ ជាថ្ងៃនៃ សេចក្ដីស្រឡាញ់។ នាងខ្ញុំបានព្យាយាមប្រកែក ប៉ុន្តែ​គាត់ក៏ខឹងនិងមិនសប្បាយចិត្ត ហើយគម្រាមចែក ផ្លូវគ្នាជាមួយនាងខ្ញុំ។ នាងខ្ញុំមិន​ចង់ចែកផ្លូវគ្នាទេ ខ្ញុំស្រឡាញ់គាត់។ ដូច្នេះនាងខ្ញុំក៏បានយល់ព្រម​ទៅផ្ទះសំណាក់​ជាមួយគាត់​ ហើយចំណាយពេលមួយយប់នៅនោះជាមួយគ្នា។

នាងខ្ញុំមិនចូលចិត្តរឿង ដែលគាត់បង្ខំខ្ញុំឲ្យទៅផ្ទះសំណាក់ជាមួយគាត់ ប៉ុន្តែនេះគឺជាសេចក្ដីស្នេហា តើមែនទេ? គាត់មិនដែលបង្ខំនាងខ្ញុំឲ្យធ្វើដូច្នេះម្ដងទៀត​ទេ ហើយនាងខ្ញុំក៏លែងគិតពីរឿងនេះតទៅទៀតដែរ។ អ្វីៗក៏បានបន្តដូចធម្មតាបន្ទាប់ពី​យប់នោះមក។ នាងខ្ញុំបានបន្តការសិក្សារបស់នាងខ្ញុំ ហើយពួកយើង ជួនកាលបានជួប​គ្នាញ៉ាំអាហារពេលល្ងាច ឬពេលខ្លះទៅមើល​កុនឯរោងភាពយន្តលុច្ស។

មួយឬពីរខែបន្ទាប់ពីថ្ងៃនៃសេចក្ដីស្រឡាញ់មក នាងខ្ញុំចាប់ផ្ដើមបាត់រដូវ។ មានពេលខ្លះនាងខ្ញុំមានអារម្មណ៍ អស់កម្លាំង និងមិនស្រួលខ្លួន។ ​នាងខ្ញុំក៏ចាប់ផ្ដើមបារម្មណ៍។ មិត្តភក្ដិរបស់ខ្ញុំឲ្យយោបល់ថា គួរតែទៅឱសថស្ថាន ទិញឧបករណ៍ពិនិត្យទឹកនោមមើល​ ការមានផ្ទៃពោះ។ នៅពេលនោះហើយដែលខ្ញុំបានដឹងថាខ្ញុំមានផ្ទៃពោះ។​ ខ្ញុំ​មិនបានដឹងអ្វីសោះទាក់ទិននឹង​ការមានផ្ទៃពោះ ឬការពន្យារកំណើត។ នាងខ្ញុំធ្លាប់​បានឮពីស្រោមអនាម័យ Number ១​ ប៉ុន្តែនៅពេលដែលខ្ញុំបានប្រាប់មិត្ត​ប្រុសរបស់ខ្ញុំឲ្យប្រើវា កាលនៅឯផ្ទះសំណាក់នាថ្ងៃនៃសេចក្ដីស្រឡាញ់នោះ គាត់បាន​ប្រាប់ខ្ញុំថា ប្រសិនបើពួកយើងពិតជាស្រឡាញ់គ្នាមែន ពួកយើងមិនចាំបាច់ប្រើ​ស្រោមអនាម័យទេ ហើយប្រាប់នាងខ្ញុំឲ្យឈប់បារម្ភ និងគួរតែជឿគាត់ទៅ។ នាងខ្ញុំ​មានអារម្មណ៍ខ្មាស់អៀនខ្លាំងណាស់ដែល នាងខ្ញុំមិនទាន់រៀបការ តែបែរជាមានផ្ទៃពោះ​។ នៅពេលដែលនាងខ្ញុំប្រាប់គាត់ ថានាងខ្ញុំមានផ្ទៃពោះ គាត់បែរជាខឹង។ គាត់និយាយថាគាត់លែងស្រឡាញ់នាងខ្ញុំទៀតហើយ គាត់មិនចង់បានកូនទេ ហើយថាគាត់ មិនអាចផ្គត់ផ្គង់នាងខ្ញុំបានទេ។ នៅពេលនោះ នាងខ្ញុំមានអារម្មណ៍ថាកណ្តោចកណ្តែង​ណាស់។ នាងខ្ញុំមិនដឹងថា ត្រូវធ្វើយ៉ាងណានោះទេ ខ្ញុំបានទៅឱសថស្ថានទិញថ្នាំ​ដើម្បីរំលូតកូន។ ខ្ញុំទទួលព័ត៌មានមិនច្បាស់អំពី​ របៀបប្រើប្រាស់ថ្នាំ និងផលរំខាន។ បន្ទាប់ពីខ្ញុំបានលេបថ្នាំរួច វាបានធ្វើទុក្ខខ្ញុំយ៉ាង​ខ្លាំង មានធ្លាក់ឈាមខ្លាំង ជាច្រើនថ្ងៃ ព្រមទាំងក្ដៅខ្លួន និងឆ្លងមេរោគ។ នាងខ្ញុំបានដឹងពីប្រព័ន្ធទូរស័ព្ទផ្តល់ប្រឹក្សារអំពី ជម្រើសនៅពេលមានផ្ទៃពោះ និងពន្យារកំណើត របស់អង្គការម៉ារីស្តូប ​​​​     តាមរយៈ​មិត្តភក្ដិម្នាក់ ហើយក៏បានទូរស័ព្ទទៅកាន់ប្រព័ន្ធនោះដើម្បីឲ្យដឹងថានាងខ្ញុំគួរត្រូវធ្វើអ្វី។ អ្នកផ្តល់ប្រឹក្សាដែលប្រកប ដោយភាពរួសរាយរាក់ទាក់ បានប្រឹក្សាខ្ញុំតាមទូរស័ព្ទប្រាប់ពីទីកន្លែង​ដែលត្រូវទៅដើម្បីទទួលសេវា សុខភាពប្រកប ដោយសុវត្ថិភាព។ នៅពេលដែលនាងខ្ញុំបានទៅដល់មន្ទីរពេទ្យ ការឆ្លងមេរោគមានសភាពធ្ងន់ធ្ងរ រហូតដល់ធ្វើឲ្យនាងខ្ញុំ ចំណាយពេលមួយសប្ដាហ៍ស្នាក់នៅមន្ទីរពេទ្យ។ ចាប់តាំងពីពេលនោះមក នាងខ្ញុំមាន អារម្មណ៍ ខ្សោយយ៉ាងខ្លាំង និង​ពិបាកនឹងប្រមូលផ្ដុំអារម្មណ៍។​ ដោយសារតែនាងខ្ញុំត្រូវចំណាយ ប្រាក់កាស ច្រើនសម្រាប់​​ការថែទាំសុខភាព នាងខ្ញុំមិនអាចបង់ថ្លៃសាលាបានទៀតទេ ដូច្នេះខ្ញុំក៏ត្រូវបោះបង់ចោល​ការសិក្សា។ ឥឡូវនេះនាងខ្ញុំមិនអាចបំពេញនូវសុបិន្តធ្វើការជាមន្ត្រីហិរញ្ញវត្ថុនៅធនាគារ​​បានទេ។ បច្ចុប្បន្ននាងខ្ញុំត្រូវប្រឹងប្រែង ធ្វើការលក់គ្រឿងទេសក្នុងតូបតូចមួយនៅទល់​មុខផ្ទះរបស់ឪពុកម្ដាយរបស់ខ្ញុំដើម្បីជួយទ្រទ្រង់ពួក គាត់ដែលពួកគាត់មានវ័យកាន់តែចាស់ទៅហើយ” នេះគឺជាការរៀបរាប់របស់ ស្រីល័ក្ស។

ស្រីល័ក្សមានដំបូន្មានបន្តិចបន្តួចជាចុងក្រោយទៅកាន់អ្នកអានថា៖ “នាងខ្ញុំចង់ចែក​រំលែករឿងរបស់ខ្ញុំជា មួយស្ត្រីកម្ពុជាផ្សេងទៀត ទុកជាមេរៀន ដើម្បីកុំឲ្យជីវិតរបស់អ្នកមាន​ភាពលំបាកលំបិនដូចជារូបនាងខ្ញុំ និងដើម្បីឲ្យអ្នកសម្រេចបាននូវ​សុបិន្តរបស់ខ្លួន។ នាងខ្ញុំចង់ប្រាប់ដល់យុវតីទាំងអស់ថា ក្នុងជីវិតរបស់យើង អ្វីៗទាំងអស់មិនមែនសុទ្ធតែកើតឡើងតាមផែនការទេ ហើយអ្នកត្រូវតែត្រៀមខ្លួន ប្រសិនបើអ្វីៗនឹងមិនដំណើរការ​តាមផែនការនោះ។ ស្រ្តីកម្ពុជា គួរមានភាពរឹងមាំនិងមិនត្រូវឲ្យដៃគូរបស់ពួកគេបង្ខំឲ្យ​រួមភេទឡើយ។ បើសិនជាដៃគូរបស់អ្នកពិតជាស្រឡាញ់អ្នកមែន គេនឹងរង់ចាំពីព្រោះសេចក្ដីស្រឡាញ់ ពិតប្រាកដគឺអាចឲ្យ គាត់រង់ចាំបាន។ ប៉ុន្តែបើសិនអ្នកនិងដៃគូ​របស់អ្នកគិតថាវាពិតជាពេលវេលាសមស្របសម្រាប់ការរួមភេទ អ្នកត្រូវច្បាស់ក្នុង​ចិត្តថាអ្នកបានត្រៀមខ្លួនការពារខ្លួនអ្នកកុំឲ្យមានផ្ទៃពោះដែលមិនចង់បាន និងជំងឺ​កាមរោគនានា។ ដើម្បីធ្វើខ្លួនជានារីឆ្លាត អ្នកត្រូវផ្ដល់អំណាចដល់ខ្លួនឯងដោយប្រាប់ខ្លួនឯង​អំពីជម្រើសសុខភាពបន្តពូជ និងផ្លូវភេទរបស់អ្នក។ តាមរយៈវិធីនេះ អ្នកអាចការពារខ្លួន​អ្នក និងរៀបចំផែនការសម្រាប់ អនាគតដ៏ភ្លឺស្វាង និងត្រចះត្រចង់។

នៅថ្ងៃទី១៤ ខែកុម្ភៈ​ ឆ្នាំ២០១២ ចាប់ពីម៉ោង៣រសៀល ដល់ម៉ោង៧យប់ ក្រុមស្ម័គ្រចិត្តយុវជនរបស់អង្គការម៉ារីស្តូប អន្តរជាតិកម្ពុជា និងចុះចែកខិតប័ណ្ឌអប់រំអំពី ការការពារ ពីការឆ្លងជំងឺ និងមេរោគអេដស៏ ជំងឺកាមរោគ និងការមានផ្ទៃពោះដោយចៃដន្យ និងលេខ​ទូរស័ព្ទសំរាប់ផ្តល់ការប្រឹក្សាដោយឥតគិតថ្លៃអំពីបពា្ហទាំងអស់នេះ ដែលមានលេខ 090​700​ 012  068 700 012 និង​ 097 767 09 05​ នៅទីតាំងសំខាន់ៗដូចជា បរិវាណកោះពេជ្រ សាលាបាក់ទូក ផ្សារទំនើបសុវណ្ណា និងសូរិយា។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]