ជីវិត៖ ជារៀងរាល់ថ្ងៃ មនុស្សមួយចំនួន ច្រើនចំណាយពេលវេលា ខ្ជះខ្ជាយទៅលើ អ្វីផ្សេងៗ ដែលគ្មានប្រយោជន៍ ដែលពួកគេមិនបាន ខិតខំថែរក្សាពេលវេលា ដ៏មានប្រយោជន៍ទាំងនោះ ដើម្បីទុកចំណាយ ទៅលើមនុស្សជាទីស្រឡាញ់ នៅពេលដែលអ្នកទាំងនោះ នៅក្បែរខ្លួននោះទេ។
ពេលវេលា ចេះតែកន្លងផុតទៅ យ៉ាងលឿនបំផុត មនុស្សជាទីស្រឡាញ់ ដែលនៅជុំវិញខ្លួន ក៏បានបាត់បង់ទៅម្តងម្នាក់ៗ ដោយគ្មានអ្នកណា អាចហាមឃាត់ បាននោះទេ ព្រោះអ្វីៗ គឺបានដើរតាម វដ្តនៃធម្មជាតិ កើត ចាស់ ឈឺ ស្លាប់ ដោយមិនអាច ប្រកែកបាន ដែលពេលនោះហើយ វិប្បដិសារីទាំងអស់ នឹងធ្លាក់មកដល់ខ្លួន យើងទាំងអស់ ហើយវាបង្កើតជាការចងចាំ ដ៏សោកសង្រេង ដែលមិនអាចលុបបាន ពីក្នុងបេះដូង និងខួរក្បាលបាន វិញនោះឡើយ។
សព្វថ្ងៃនេះកូនៗ មួយចំនួន បានប្រព្រឹត្តខុស ចំពោះឪពុកម្តាយ របស់ខ្លួនច្រើនឡើងៗ ដោយមិនដឹងខ្លួន។ ពួកគេតែងតែមានការ ធុញទ្រាន់ នឹងការទូន្មានរបស់ អ្នកមានគុណទាំងពីរ ហើយបានប្រើប្រាស់ ពាក្យសំដី ត្រគោះបោះបោក និងធ្វើទង្វើខុសនឹង គន្លងធម៌ជាច្រើន ទៅលើពួកគាត់ ធ្វើឲ្យពួកគាត់ ស្រក់ទឹកភ្នែក ជានិច្ចកាល និងរហូតដល់ធ្លាក់ខ្លួនឈឺ ក៏មានដែរ។
កញ្ញា ស្រីលក្ខណ៍
ដោយឃើញដូចនេះ ថ្ងៃនេះខ្មែរឡូត នឹងនាំប្រិយមិត្តទាំងអស់ ទៅជួបផ្ទាល់នឹងនារីម្នាក់ ដើម្បីបានជ្រាបច្បាស់ពីជីវិត និងវិប្បដិសារីកន្លងមក ក្រោយ នាងបាន បាត់បង់ម្តាយ ជាទីស្រឡាញ់របស់ខ្លួន ត្រឹមមួយពព្រិចភ្នែក ដោយមិនបានត្រៀមខ្លួនមុន ទាល់តែសោះ។
នៅក្នុងផ្ទះបាយ កំពុងចម្អិនម្ហូប ដល់ប្អូនៗ កញ្ញា ស្រីលក្ខណ៍ ហាក់ដូចជាមានភាពមមាញឹក នឹងរៀបចំអ្វីៗគ្រប់បែបយ៉ាង ដល់ប្អូនៗរបស់ខ្លួន ក្នុងនាងជាបងស្រីច្បងមួយរូប។ ជារៀងរាល់ថ្ងៃ នាងត្រូវធ្វើកិច្ចការផ្ទះ គ្រប់សព្វបែបយ៉ាង ជំនួសអ្នកម្តាយ ដែលបានចែកឋាន ចោលនាង និងប្អូនៗ បាត់ទៅហើយ។
ស្រីលក្ខណ៍ ដុតធូបបួងសួង ពេលនឹកម្តាយ
សី្រលក្ខណ៍ បានឲ្យដឹងថា សព្វថ្ងៃនាងមានអាយុ ២៧ឆ្នាំ ស្នាក់នៅក្រុងភ្នំពេញ មានស្រុកកំណើត នៅឯខេត្តកំពង់ចាម និងជាកូនស្រីច្បង ក្នុងគ្រួសារមួយ ដែលមានប្អូនស្រី២នាក់ និងប្អូនប្រុសម្នាក់ ចំណែកឪពុករបស់នាង ត្រូវទៅបំពេញការងារ នៅតាមខេត្ត មិនសូវជាបានចុះ មកជួបកូនៗនៅភ្នំពេញឡើយ។ កាលពី២ឆ្នាំមុន នាងមានអ្នកម្តាយ ជាទីស្រឡាញ់មួយរូប ដូចគេឯងដែរ ដែលគាត់ជាមនុស្សល្អបំផុត មិនថាក្នុងនាមជាម្តាយ ជាសាច់ញាត្តិ រឺអ្នកជិតខាងឡើយ ព្រោះមនុស្សនៅជុំវិញខ្លួនគាត់ តែងតែគោរពស្រឡាញ់ និងចូលចិត្តរាប់អានគាត់គ្រប់ៗគ្នា។ ប៉ុន្តែជាអកុសល ត្រឹមវ័យ៤៥ឆ្នាំ ប៉ុណ្ណោះ គាត់ក៏បានទទួលមរណៈភាព ដោយសាររោគគាពាធ ចោលកូនៗ ទាំងមិនដាច់អាល័យ។
ស្រីលក្ខណ៍ (ឆ្វេង) និងប្អូនៗ ទាំង៣នាក់ ក្នុងពិធីបុណ្យសពម្តាយ
ស្រីលក្ខណ៍ បានឲ្យដឹង កាន់តែច្បាស់ថា ម្តាយរបស់នាង មានជំងឺគីសសុដន់ ដែលជំងឺនេះវិវឌ្ឍន៍ទៅជាជំងឺមហារីក យ៉ាងឆាប់រហ័ស ត្រឹមរយៈពេលតែ២ខែប៉ុណ្ណោះ ម្តាយរបស់នាងក៏បានធ្លាក់ខ្លួនឈឺខ្លាំង សម្រាន្តនឹងគ្រែ បើទោះបីជាក្រុមគ្រួសារ និងបងប្អូនខ្នះខ្នែង ស្វែករកការព្យាលបាល ឲ្យគាត់ ទាំងក្នុង និងក្រៅប្រទេសក្តី ក៏ជំងឺនោះនៅតែឆក់ ជីវិតគាត់ នៅគ្រាចុងក្រោយ ឲ្យខានតែបាន។ និយាយដល់ត្រង់នេះ ស្រីលក្ខណ៍ ក៏ហូរទឹកភ្នែក មកដោយមិនដឹងខ្លួន។
នាងបានបន្ថែមថា នៅពេលដែល អ្នកម្តាយឈឺធ្ងន់យ៉ាងណា ក៏នាងមិនដែលគិតថា គាត់នឹងទៅចោលនាង យ៉ាងនេះដែរ ព្រោះអ្វីៗហាក់លឿនពេក ទាំងនាងនិងប្អូនៗ មិនទាន់បានសងគុណ ដល់គាត់ទាល់តែសោះ។ ថ្វីត្បិតនៅពេលនោះ នាងខិតខំប្រឹងប្រែង មើលថែទាំគាត់ ទាំងផ្លូវកាយនិងចិត្ត យ៉ាងណាក្តី ក៏នាងនៅតែ មានអារម្មណ៍ថា មិនគ្រប់គ្រាន់ឡើយ សម្រាប់ទង្វើរដែលអ្នកម្តាយ ធ្លាប់ធ្វើកន្លងមកចំពោះនាង។ នាងបាននិយាយទៀតថា អ្វីដែលនាងសោកស្តាយបំផុត កន្លងមកចំពោះអ្នកម្តាយ គឺនាងហាក់ដូចជា មិនសូវបានយកចិត្តទុក្ខដាក់ចំពោះគាត់ និងមិនសូវផ្តល់ពេលវេលាផ្ទាល់ខ្លួន ច្រើនទៅដល់គាត់នោះឡើយ។
នាងបាន និយាយថា៖ "ប្រសិនបើពេលនេះ គាត់នៅជិតបង ដូចកាលមុន បងនឹងអោបគាត់អោយជាប់ ហើយមិនដើរលេង រឺទៅណាចោលគាត់ នោះឡើយ"។ នាងបាន និយាយទៀតថា៖ "ពីមុនពេលគាត់ស្តីបន្ទោស រឺប្រៀនប្រដៅបង បងតែងតែខឹង និងធុញគាត់ ប៉ុន្តែនៅពេលនេះ ចង់ឲ្យគាត់ស្តីឲ្យដូចមុន តែមួយម៉ាត់ ក៏គ្មានវាសនា នឹងបានលឺទៀតឡើយ!"។ នាងក៏បាន និយាយដែលថា នៅពេលដែលឃើញ គេមានម្តាយនៅជិត រអ៊ូរទាំ នាងពិតជាច្រណែនគេខ្លាំងណាស់ ហើយនាងក៏បាន ប្រាប់ដល់អ្នកទាំងនោះ ឲ្យចេះថែរក្សាពេលវេលា និងមើលថែទាំ អ្នកមានគុណ ឲ្យបានល្អ ព្រោះគ្មានអ្វីល្អជាង ធ្វើបុណ្យនៅខែភ្លឺនោះទេ។
ជាមួយនឹងរឿងកើតឡើង ដូចនេះកញ្ញា ស្រីលក្ខណ៍ក៏បានឲ្យដឹងដែរថា ជីវិតដែលអត់ម្តាយ មើលថែទាំឃុំគ្រងគឺពិបាក និងតែលតោល ខ្លាំងណាស់ គឺហាក់ដូចជាខ្វះ ខ្យល់អុកស៊ីសែនដូច្នោះដែរ ព្រោះពេលមានអ្នកម្តាយ ពេលនាង និងប្អូនៗមានបញ្ហាអ្វី គឺអ្នកម្តាយជាអ្នកពើងទ្រូង ចេញមុខដោះស្រាយជានិច្ច ក៏ដូចជានៅពេលឈឺថ្កាត់ នាងហាក់គ្មានខ្វល់អ្វីទេ ព្រោះនាងមានមនុស្សដ៏ទុកចិត្ត នៅមើលថែរក្សា និងការពារ។ នាងថាអ្នកម្តាយគឺជា អ្នកមានគុណផងមិត្តដ៏ល្អផង និងជាមនុស្សដែលស្រឡាញ់នាង ជាងនរណាទាំងអស់ផងដែរ។
ជាចុងក្រោយ កញ្ញាស្រីលក្ខណ៍ ក៏បានផ្តាំផ្ញើរ ដល់យុវវ័យទាំងអស់ ចូរខ្វល់ខ្វាយនឹងការសិក្សា និងយកចិត្តទុកដាក់ ថែរក្សាមនុស្សជាទី ស្រឡាញ់ ជុំវិញខ្លួនទាំងអស់ ជាពិសេសឪពុកម្តាយ ទាន់ពេលពួកគាត់នៅក្បែរខ្លួន ហើយកុំព្រោះតែរឿង ដ៏ទៃតិចតួច ធ្វើរឿងផ្តេសផ្តាស ធ្វើឲ្យឪពុកម្តាយ ពិបាកចិត្តឲ្យសោះ ព្រោះពួកគាត់ ទម្រាំចិញ្ចឹមយើងបាន មកដល់ថ្ងៃនេះ ពួកគាត់បានរងទុក្ខសោក ច្រើនគ្រប់គ្រាន់ណាស់ ទៅហើយ៕
សូមទស្សនា វីដេអូខាងក្រោមនេះ៖
ដោយ លូហាន
ខ្មែរឡូត
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]