អង់គ្លេស៖ ក្រុមអ្នកវិទ្យាសាស្រ្ត ជាញឹកញាប់បានបញ្ចេញ នូវរបាយការណ៍ ដែលទាក់ទង ទៅនឹងទង្វើ ក៏ដូចជា ការទទួលទាន ប្រចាំថ្ងៃរបស់មនុស្ស ដែលអាចនាំឲ្យ ខូចសុខភាព ឬក៏កើតជំងឺផ្សេងៗ។ ជាថ្មីម្តងទៀត របាយការណ៍មួយ ទើបតែបញ្ចេញ ដែលវាបានបង្ហាញអំពី គុណវិបត្តិនៃការ ធ្វើការហួសម៉ោង ឬក៏ធ្វើការយូរពេក ដែលនាំឲ្យមនុស្ស កើតមានជំងឺ ដាច់សរសៃឈាម ក្នុងខួរក្បាល។
យោងតាមប្រភព របាយការណ៍ របស់ក្រុមអ្នកជំនាញ ផ្នែកសុខភាព បានឲ្យដឹងថា ការធ្វើការងារ ក្នុងរយៈពេលច្រើនម៉ោង អាចនាំឲ្យមនុស្ស មានអត្រាខ្ពស់ ក្នុងការប្រឈមមុខ នឹងជំងឺ ដាច់សរសៃឈាម ក្នុងខួរក្បាល។
ក្នុងនោះដែរ ពួកគេក៏បាន លើកឡើងថា អ្នកដែលធ្វើការ ចាប់ពី ៥៥ម៉ោងឡើងទៅ ក្នុងមួយសប្តាហ៍នឹងមាន អត្រាហានិភ័យខ្ពស់ ជាងអ្នកដែលធ្វើការ ត្រឹមតែ ៤០ម៉ោង ក្នុងមួយសប្តាហ៍ ដល់ទៅ ៣៣ភាគឯណោះ។
លោកសាស្ត្រាចារ្យ Mika Kivimaki នៃសាកលវិទ្យាល័យ London របស់ប្រទេសអង់គ្លេស និងជាអ្នកដឹកនាំ ក្នុងការស្រាវជ្រាវមួយនេះ បាននិយាយថា “ក្រោយពីបានសិក្សា និងតាមដាន ការពិសោធន៍រួចមក យើងអាចដឹងបានថា ការធ្វើការយូរពេក អាចនាំឲ្យមនុស្ស ជួបប្រទះនូវបញ្ហា ដែលទាក់ទងនឹង បេះដូង និងសរសៃឈាម ហើយជាលទ្ធផល គឺធ្វើឲ្យពួកគេ កើតមានជំងឺ ដាច់សរសៃឈាម ក្នុងខួរក្បាល ក៏ដូចជា រោគបេះដូង ជាដើម”។
គួររំលឹកផងដែរថា មិនមែនតែ ការធ្វើការយូរ ឬច្រើនម៉ោងពេក ទើបបណ្តាលឲ្យ កើតមានជំងឺ ដាក់សរសៃឈាម ខួរក្បាលនោះទេ ប៉ុន្តែ ការគេង យូរៗពេក ក៏អាចនាំឲ្យអ្នក កើតជំងឺ ដាច់សរសៃឈាម ក្នុងខួរក្បាលបានដែរ។
យ៉ាងណាមិញ ការសិក្សាមួយនេះ មិនទាន់បានបញ្ជាក់ អំពីមូលហេតុសំខាន់ ដែលអះអាងថា ការធ្វើការ យូរពេក នាំឲ្យមនុស្ស កើតមានជំងឺ កាចសាហាវ ទាំងនេះឡើយ ដោយគ្រាន់តែ លើកឡើងថា ការធ្វើការងារយូរ បានធ្វើឲ្យមនុស្ស កើតមានភាពធុញថប់ បូករួមជាមួយនឹង ទង្វើមិនប្រក្រតី មួយចំនួន ដែលប៉ះពាល់សុខភាព ដូចជាការ សេពគ្រឿងស្រវឹង ច្រើនលើសកម្រិត និងមិនបានធ្វើការ ហាត់ប្រាណ ឲ្យបានញឹកញាប់ ជាដើម ទើបនាំឲ្យពួកគេ ប្រឈមមុខនឹង ជំងឺទាំងនោះ។
នេះគឺជារបាយការណ៍ថ្មី របស់ក្រុមអ្នកវិទ្យាសាស្ត្រ ដើម្បីធ្វើការដាស់តឿន ទៅដល់មនុស្សទាំងអស់ ដើម្បីឲ្យមានការ ប្រុងប្រយ័ត្ន ចំពោះទង្វើ ជាប្រចាំថ្ងៃ ក៏ដូចជាវិធីសម្រាប់ ជៀសវាង ពីការកើតមានជំងឺ ដ៏កាចសាហាវ ជាច្រើននេះផងដែរ៕
ធ្វើការងារច្រើនម៉ោងពេក អាចឲ្យអ្នកកើតជំងឺ ដាច់សរសៃឈាមក្នុងខួរក្បាល និងរោគបេះដូង
ប្រភព៖ Mirror
ដោយ៖ សុជាតិ
ខ្មែរឡូត
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]