កំពត ៖ ជនសង្ស័យ ជាសិស្សកំហូច ០២នាក់ ត្រូវបានកម្លាំង នគរបាល ព្រហ្មទណ្ឌខេត្ត រៀបចំសំណុំរឿង បញ្ជូនខ្លួន ទៅសាលាដំបូង ដើម្បីចាត់ការតាមផ្លូវច្បាប់ នៅរសៀលថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ ពាក់ព័ន្ធ នឹងករណី" ប្តឹងបរិហារ ដោយភូតកុហក់ ដល់អាជ្ញាធរ មានសមត្ថកិច្ច" ។

មន្ត្រីនគរបាលព្រហ្មទណ្ឌខេត្ត បានប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិលថា ជនសង្ស័យទាំងពីរ: ទី១/ឈ្មោះហង់ សំបូរ ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិតាព្រាម ឃុំតានី ស្រុកអង្គរជ័យ ខេត្តកំពត និងទី២/ឈ្មោះរិន ម៉ារ៉ូត ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិត្រពាំងកំភ្លាញ ឃុំអង្គភ្នំតូច ស្រុកអង្គជ័យ ខេត្តកំពត ។

មន្ត្រីដដែលបន្តថា កាលពីថ្ងៃទី០៧ ខែវិច្ឆកា ឆ្នាំ២០១៥ វេលាម៉ោង៤និង៣០នាទី មានករណី"ប្តឹងបរិហារ ដោយភូតកុហក់ ដល់អាជ្ញាធរ" ប្រព្រឹត្តនៅភូមិឈើទាល ឃុំអង្គរជ័យ ស្រុកអង្គរជ័យខេត្តកំពត បង្កឡើង ដោយជនសង្ស័យទាំងពីរ នាក់ខាងលើ ដែលបានរាយការណ៍មក កុហកសមត្ថកិច្ចថា ពួកគេត្រូវបាន ចោរប្លន់ យកម៉ូតូ ០១គ្រឿង ម៉ាកសង់សេ១២៥ ពណ៌ខ្មៅ សេរី២០១៥ ពាក់ស្លាកលេខ ភ្នំពេញ 1DG-9545 នៅតាម ផ្លូវលំចូលវត្តអង្គឈូក ខណៈដែលពួកខ្លួនបាន ជិះម៉ូតូ០១គ្រឿងនេះ ទៅលេងបាល់ទះនៅម្តុំនោះ ដែលតាមការ ពិតពួកគេពុំត្រូវចោរប្លន់នោះទេ គឺពួកគេប្រឌិតរឿង ហេតុខាងលើនេះឡើង មូលហេតុដោយសារតែឈ្មោះហង់ សំបូរ បានសុំលុយចំនួន២០ម៉ឺនរៀល តែម្តាយរបស់គេមិនឲ្យ ទើបរូបគេខឹងនឹងម្តាយ ហើយប្រឌិតរឿងថា រូប គេត្រូវចោរប្លន់តែម្តងទៅ ។ ក្រោយពីដំណឹងថា មានចោរប្លន់យកម៉ូតូ ដល់ម្តាយរបស់ហង់ សំបូរ រួចមក ម្តាយ ក៏បានប្តឹងទៅកម្លាំងនគរបាលស្រុក ក្រោយពីមានការណែនាំ នីតិវិធីពីលោក ឧត្តមសេនីយ៍ស្នងការខេត្តម៉ៅ ច័ន្ទមធុរិទ្ធ ធ្វើឲ្យកម្លាំងនគរបាលជំនាញខេត្ត បើកការស៉ើបអង្កេត ក៏រកឃើញនូវករណីដូច ខាងលើ ហើយឈាន ទៅឃាត់ខ្លួនបាន ជនសង្ស័យទាំងពីរ កាលពីព្រឹក ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៥ ។

តាមចម្លើយសារភាពរបស់ឈ្មោះរិន ម៉ារ៉ូត បានបញ្ជាក់ថា នៅថ្ងៃទី០៧ ខែវិច្ឆកា ឆ្នាំ២០១៥ វេលាម៉ោង ១រសៀល កន្លងមកនេះ ខ្លួនបានទៅរៀនគួរនៅសាលាជា ស៊ីមអង្គរជ័យ លុះដល់ម៉ោង២រសៀល ពេលខ្លួន ចេញពីសាលារៀនគួរវិញ ពួកម៉ាករបស់ខ្លួនឈ្មោះហង់ សំបូរ បានតេទូរស័ព្ទមកខ្លួន និងបានមកជួបខ្លួន នៅតារាងបាល់ទះក្បែរសាលា រួចក៏នាំគ្នាអង្គុយមើលគេលេងបាល់នៅទីនោះ រហូតដល់ម៉ោងជិត៣រសៀល បន្ទាប់មកឈ្មោះហង់ សំបូរ ហៅខ្លួនឲ្យឡើងជិះម៉ូតូជាមួយវា ព្រមទាំងបានប្រគល់ខ្សែកនិងទូរស័ព្ទរបស់វា ឲ្យមកខ្លួនជាអ្នកទុក ។ ពេលទៅដល់ស្ពានពានិច្ច វាក៏ទុកម៉ូតូចោលនៅទីនោះ ដោយវ៉ៃជន្ទល់ម៉ូតូបញ្ឈរ និង ដោតសោរជាប់នឹងម៉ូតូទៀតផង រួចហើយវាតេទូរស័ព្ទហៅឈ្មោះ នាក់ ផានិត ឲ្យមកទទួលដឹកពួកខ្លួន។ បន្តិចក្រោយមកឈ្មោះនាក់ ផានិត បានមកដល់រួចក៏ឌុបពួកខ្លួនចេញពីទីនោះ សំដៅឆ្ពោះទៅប្រភ្នំ ហើយជិៈ បកមកអង្គឈូកវិញ បន្ទាប់មកឈ្មោះហង់ សំបូរ បានទូរស័ព្ទទៅប្រាប់បងប្រុសវាថា  វាត្រូវចោរប្លន់ ប្រាប់រួចវា ក៏ឲ្យឈ្មោះ នាក់ ផានិត ឌុបពួកខ្លួនមកផ្ទះវិញ ។ រំលងបានកន្លះម៉ោងក្រោយមក ទើបបងថ្លៃប្រុសរបស់ ហង់ សំបូរ បានទៅរកម៉ូតូឃើញនៅកន្លែង ដែលពួកខ្លួនទុកចោលនោះ។ ដោយឡែក ហង់ សំបូរ វិញក៏បាន ទទួលស្គាល់ និងសារភាពដូចគ្នាខាងលើនេះដែរ ៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]