កំពង់ឆ្នាំងៈ របាំងលបលូស្បៃមុង រាប់សិបកន្លែង ត្រូវបាន គេរាយការណ៍ថា កើតឡើងយ៉ាង អាណា ធិបតេយ្យ នៅក្នុងដែនអភិរក្សត្រីមេពូជ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ។

របាំងលបលូស្បៃមុងទាំងនេះ កើតមានជាយូរមកហើយ ខណៈទឹកទន្លេក្នុងឆ្នាំ២០១៥នេះ មិនបាន ជនលេចខ្នងកោះ និងព្រៃរនាមមួយចំនួន នៅតាមដងទន្លេសាប សម្រាប់ខេត្តកំពង់ឆ្នាំង ដោយសេចក្តីរាយការណ៍ ពីប្រជានេសាទបានបញ្ជាក់ថា របាំងស្បៃមុងទាំងនោះពួកគេដាក់ ស្ទាក់ចាប់ត្រី ទាំងតូចទាំងធំ ជាពិសេសប្រភពកូនត្រី ដើម្បីលក់ឲ្យអ្នកចិញ្ចឹមត្រីឆ្តោ ដោយខុសច្បាប់ ។

ប្រជានេសាទលក្ខណៈគ្រួសារ បានឲ្យដឹងថា របាំងស្បៃមុងខាងលើមានប្រវែង ចាប់ពី១០០ម៉ែត្រ រហូតដល់៥០០ម៉ែត្រ ដាក់បន្តគ្នារាប់ពាន់ម៉ែត្រ នៅក្នុងភូមិសាស្ត្រ ពាមឆ្កោក ក្បាលកន្លង់ ព្រៃគ្រី ពិសេសនៅតំបន់អភិរក្សបឹងប្រា និងនៅបឹងធំខាងក្រោយ ភូមិកំពង់បាស្រូវ ចំណុចខាងលើនេះ គឺជាតំបន់អតីតឡូតិ៍លេខ១៥ ស្ថិតក្នុងស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ។ ពួកគេដាក់របាំងលបលូស្បៃមុង ស្ទាក់ចាប់ត្រី បានយ៉ាងរលូនបែបនេះ គឺដោយសារមានមេខ្យល់រត់ការបង់លុយ ឲ្យសមត្ថកិច្ច ពាក់ព័ន្ធដែលចុះទៅតាមគោលដៅ ពិសេសជំនាញរដ្ឋបាលជលផល លោក សោម ភារុណ ជានាយខណ្ឌ តែម្តង ។

ពាក់ពន្ធ័ទៅនឹងការបង្ហាញវត្តមាន របាំងស្បៃមុងខាងលើ ត្រូវបាបនប្រជាពលរដ្ឋ រិះគន់យ៉ាងខ្លាំងចំពោះចំណាត់ការ របស់នាយខណ្ឌរដ្ឋាបាល ជលផលខេត្តកំពង់ឆ្នាំង លោក សោម ភារុណ ដែលគេសង្ស័យថា ត្រូវថ្នាំសណ្តំ ងាប់ត្រគាកស្តូក កម្រើកមិនរួច ទើបមិនបញ្ចេញសកម្មភាពធ្វើការបង្ក្រាប ព្រោះថាដែនសមត្ថកិច្ច ទាំងនោះលោក សោម ភារុណ បានស្គាល់យ៉ាងច្បាស់ជាកន្លែង ដែលលោកជាអ្នក ទទួលខុសគ្រប់គ្រង ត្រូវកាលពីមិនទាន់ត្រូវបានតែងតាំងជានាយខណ្ឌ រដ្ឋបាលជលផល ។

ជុំវិញសេចក្តីរាយការណ៍ខាងលើនេះ អ្នកយកពត៌មានយើង មិនអាចទំនាក់ទំនងសុំការ អត្ថាធិប្បាយណាមួយពីលោក សោម ភារុណ នាយខណ្ឌរដ្ឋបាលជលផល ខេត្តកមពង់ឆ្នាំង បាននៅឡើយទេ នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៥នេះ ។

ពត៌មានបឋមខាងលើជាពន្លឺមួយ សម្រាប់សមត្ថកិច្ចពាក់ព័ន្ធ ជាពិសេសអាជ្ញាធរខេត្តកំពង់ឆ្នាំង ចាត់វិធានការណ៍ទាន់ពេលវេលា ក្នុងការបង្ក្រាបមានប្រសិទ្ធិភាព ៕




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]