ថៃ៖ ក្នុងនាមជាតារាស្រីល្បីៗ ​តែងតែមានរឿងរ៉ាវជាច្រើន កើតឡើងមិនចេះចប់មិនចេះហើយ សឹងតែគ្រប់ពេលវេលា​មិនថា រឿងល្អ ឬរឿងអាស្រូវផ្សេងៗនោះទេ ជាក់ស្តែងដូចជាតារាស្រីមួយចំនួន ខាងក្រោមនេះជាដើម។

១)​ នាង Khemanit Jamikorn ហៅ Pancake កើតនៅថ្ងៃទី ២៧ ខែឧសភា ឆ្នាំ១៩៨៨ វ័យ២៧ឆ្នាំ កើតនៅប្រទេសថៃ។ ដំបូងនាងបានចាប់ផ្តើម ប្រឡូកក្នុងវិស័យដើរបង្ហាញម៉ូត មុននឹងចូលខាងសម្តែង ដោយសារតែនាងខ្ពស់ខ្លាំង ទៅដល់ ១.៧៥សង់ទីម៉ែត្រ។ នៅឆ្នាំ២០០៥ នាងបានថតរឿងភាគថៃដំបូង ក្នុងវ័យ ១៧ឆ្នាំ នៅប៉ុស្តិ៍ទូរទស្សន៍លេខ៧ ចំណងជើងថា "Seub Sao Rao Ruk" ។ រូបនាងក៏ចាប់ផ្តើមល្បីល្បាញ តាំងពីពេលនោះមក រហូតធ្វើឲ្យមហាជន បានស្គាល់កាន់តែខ្លាំងឡើង។ មិនតែប៉ុណ្ណោះ នាងធ្លាប់បានទទួលពានរង្វាន់ជាច្រើន ដូចជា តារាស្រីលេចធ្លោបំផុត តារាសម្តែងល្អបំផុត តារាសម្តែងមានប្រជាប្រិយភាពបំផុត តារាម៉ូដែលស្អាត និងឆ្លាតបំផុតជាដើម។ ហើយបើនិយាយពីសមត្ថភាពរបស់តារាស្រីរូបនេះ គឺនាងអាចច្រៀង អាចសម្តែង និងអាចធ្វើជាតារាម៉ូដែលបានយ៉ាងល្អ។ 

ចំពោះរឿងស្នេហារបស់នាង Pancake  គឺនាងមិនសូវបើកចំហរប៉ុន្មានទេ នាងតែងព្យាយាមលាក់ ប៉ុន្តែទោះជាយ៉ាងណា រឿងគ្រប់យ៉ាងរបស់នាង ក៏ត្រូវបានគេដឹងដដែល។ នាង Pancake ធ្លាប់បានស្រឡាញ់គ្នា ​ជាមួយនឹង តារាប្រុស Weir Sukollawat ក្រោយពួកគេទាំងពីរនាក់ បានសម្តែងរួមគ្នា​ ក្នុងរឿង "Plik Din Su Dao" ក្នុងឆ្នាំ២០០៦។ ពួកគេបានបង្កើនភាពស្និទ្ធស្នាលនឹងគ្នាយ៉ាងខ្លាំង ដែលធ្វើឲ្យអ្នកគាំទ្រភាគច្រើនពេញចិត្ត ពេលឃើញពួកគេស្រឡាញ់គ្នាបែបនេះ។​ ប៉ុន្តែទោះជាយ៉ាងណា ​ស្នេហារបស់ពួកគេត្រូវបានបែកបាក់គ្នា​ ដោយសារតែម្តាយរបស់នាង Pancake មិនចង់ឲ្យនាងមានគូស្នេហ៍ជាតារាដូចគ្នា។ ដូច្នេះពួកគេក៏បានបោះបង់ចំនងស្នេហា​ដែលមានរយៈពេល ៥ឆ្នាំចោលទាំងអាល័យ។  ហើយពួកគេក៏មិនដែលព្រមទទួលស្ពតផ្សព្វផ្សាយ ឬថតសម្តែងរួមគ្នាដែរ ចាប់តាំងពីបែកបាក់គ្នាមក។



នាង  Pancakeនិងអតីតមិត្តប្រុសរបស់នាង លោក  Weir Sukollawat 

ប៉ុន្តែពេលបច្ចុប្បន្ននេះ នាង Pancake ក៏មានមិត្តប្រុសថ្មីឈ្មោះថា Mee Saksoonthorn ជាមន្រ្តីជាន់ខ្ពស់ ដែលរូបគាត់ ពិតជាស្រឡាញ់នាងយ៉ាងខ្លាំង ហើយភាគច្រើន តែងនាំនាងដើរកំសាន្តតាមបណ្តាប្រទេសនីមួយៗ ដើម្បីបំបាត់ភាពតានតឹង នៅក្នុងការងារសិល្បៈទៀតផង។ ជាពិសេស ពួកគេតែងបង្អួតរូបថតផ្អែមល្ហែមជារឿយៗតាមបណ្តាញសង្គម ដែលធ្វើឲ្យអ្នកគាំទ្រ ច្រណែននឹងសេចក្តីសុខរបស់ពួកគេទាំងពីរនេះណាស់។ មិនតែប៉ុណ្ណោះ ក្រុមគ្រួសាររបស់នាង Pancake និង​លោក Mee Saksoonthorn តែងតែជួបគ្នាជាញឹកញាប់ និងត្រូវរ៉ូវគ្នាយ៉ាងខ្លាំង ប្រហែលជាអាចមានដំណឹងល្អ ក្នុងពេលឆាប់ៗក៏ថាបាន។



នាង Pancake និងគូស្នេហ៍ថ្មីរបស់នាង  លោក Mee Saksoonthorn 

ងាកមករកអតីតមិត្តប្រុសរបស់នាង Pancake វិញ​គឺ លោក Weir Sukollawat ក៏បានមានស្នេហាថ្មី ជាមួយនឹង នាង ​Bella Ranee ជាតារាសម្តែងដូចគ្នា តែស្នេហារបស់ពួកគេ ក៏មិនសូវបង្ហាញជាសារធាណៈខ្លាំងប៉ុន្មានដែរ។ ហើយចំពោះរឿងរ៉ាវស្នេហារបស់ នាង Pancake និង លោកWeir នេះ ក៏នាងBella បានដឹងលឺផងដែរ​ ប៉ុន្តែនាងBella គឺមិនអនុញ្ញាត ឲ្យលោក Weir ទៅថតសម្តែងជាមួយនឹង នាងPancake តទៅទៀតឡើយ ទោះបីជាកាលៈទេសៈណាក៏ដោយ ព្រោះខ្លាចលោក Weir នៅតែមិនដាច់អាល័យពីស្នេហាចាស់របស់គាត់។ ចំពោះរឿងនេះផងដែរ នាងPancake ក៏បានចេញមុខបកស្រាយផងដែរថា នាងយល់ពីជម្រៅចិត្តរបស់នាងBella ទៅលើលោកWeir  ហើយនាងក៏មិនដែលមានបញ្ហាក្នុងរឿងនោះដែរ ព្រោះថានាងបានបញ្ចប់ ជាមួយនឹងលោក Weir  យូរឆ្នាំមកហើយ ដោយបច្ចុប្បន្ននេះ នាងក៏មានម្ចាស់បេះដូងរួចទៅហើយដែរ។ 


លោក Weir និងនាង Bella
 

អ្វីដែលកាន់តែភ្ញាក់ផ្អើលទៀតនោះគឺ កាលពីប៉ុន្មានខែកន្លងមកនេះ នាង Pancake បានប្រកាសចាកចេញពីប៉ុស្តិ៍ទូរទស្សន៍លេខ៧ ដែលជាទ្រនំចាស់ ហើយក៏ជាប៉ុស្តិ៍មួយ ដែលធ្វើឲ្យរូបនាងបានល្បីល្បាញខ្លាំង រហូតដល់សព្វថ្ងៃផងដែរ។ ចំពោះរឿងនេះ រូបនាង ក៏បានបកស្រាយផងដែរថា​ នាងចង់ចាកចេញបែបនេះ គឺនាងចង់ធ្វើជា​តារាឯករាជ្យតែប៉ុណ្ណោះ គឺនាងមិនមានរឿងអ្វី ក្នុងប៉ុស្តិ៍ទូរទស្សន៍លេខ៧នោះទេ។ ប៉ុន្តែបើតាមពាក្យចចាមអារ៉ាមមួយ បានឲ្យដឹងថា​ នាង Pancake ប្រហែលជាមានទំនាស់ជាមួយនឹង តារាស្រី Mai Davika (ជាតារារួមប៉ុស្តិ៍ជាមួយគ្នា)​ដែលជាហេតុធ្វើឲ្យនាងPancake ត្រូវសម្រេចចិត្ត ចាកចេញពីប៉ុស្តិ៍ទូរទស្សន៍ថៃលេខ៧បែបនេះ។​

ហើយមិនទាន់បានប៉ុន្មានខែផង នាងPancake ក៏បានចូលប៉ុស្តិ៍ទូរទស្សន៍មួយ ឈ្មោះថា "True4You 24" ហើយនាងក៏នឹងត្រៀមសម្តែងរឿងថ្មី​ចំនងជើងថា "ម្ចាស់វេហា" ផងដែរ។ បើតាមការដឹងលឺត្រួសៗ ពីសារព័ត៌មានថៃ បានបង្ហើបឲ្យដឹងថា​ នាងPancake ត្រូវបានប៉ុស្តិ៍ទូរទស្សន៍ថ្មីនោះ ឲ្យតម្លៃខ្លួន ទៅដល់៧ដង បើប្រៀបធៀបនឹងប៉ុស្តិ៍ទូរទស្សន៍ចាស់ ដែលបានឲ្យនាង។



២) នាង Kimberley Anne Tiamsiri Woltemas ហៅកាត់ Kimmy ឬក៏Kim កើតនៅថ្ងៃទី២២ ខែមករា ឆ្នាំ១៩៩២ វ័យ២៣ឆ្នាំ។ នាងកើតនៅប្រទេសអាល្លឺម៉ង់ ជាកូនកាត់ថៃ អង់គ្លេស​ និងអាល្លីម៉ង់។ នាងមានកម្ពស់ ១. ៧១ ម៉ែត្រ ទម្ងន់៥៤គីឡូក្រាម។

ចំពោះខាងការងារសិល្បៈ នាងKimmy ចូលតាំងពីឆ្នាំ២០០៩ ដែលនាងបានចាប់ផ្តើម ធ្វើជាតារាម៉ូដែល និងថតខារ៉ាអូខេ។ ហើយក្រោយមក នាងក៏បានឈានជើង ចូលប៉ុស្តិ៍ទូរទស្សន៍លេខ៣ ជាពិធីការិនី ហើយថតរឿងភាគ។ នាងKimmy ក៏ត្រូវបានល្បីល្បាញខ្លាំង ក្រោយសម្តែងក្នុងរឿងភាគមួយចំណងជើងថា ​"Thara Himalaya" ហើយនាងក៏បានថតរឿងភាគជាច្រើន បន្តបន្ទាប់ផងដែរ។ ជាពិសេសទៀតនោះ Kimmy  ក៏ធ្លាប់បានទទួលពានរង្វាន់ជាច្រើនដូចជា តារាលេចធ្លោបំផុតក្នុងរឿងភាគ តារាទើបតែរះមានប្រជាប្រិយភាពខ្លាំងបំផុត តារាសម្តែងល្អបំផុត និងពានរង្វាន់ជាច្រើនផងដែរ។


ក្នុងរឿងស្នេហាវិញ​ នាង Kimmy បានទាក់ទង​នឹង បុរសម្នាក់​ ជាអ្នកដឹងនាំរឿង គឺលោក Jett Nattapong ដែលកាលពីដំបូងឡើយ ពួកគេតែងបង្ហាញក្តីស្រឡាញ់យ៉ាងធំធេង តាមបណ្តាសារព័ត៌មាននានា។ ប៉ុន្តែក្រោយមក ពួកគេក៏បានបញ្ចប់ ក្នុងរយៈពេល២ឆ្នាំកន្លះ ព្រោះពួកគេមានហេតុផលរៀងៗខ្លួន ដោយនិយាយថា មិនសូវមានពេលនៅជិតគ្នា​ និងយល់ចិត្តគ្នា ដូច្នេះពួកគេ ក៏សម្រេចចិត្តបែកគ្នាតែម្តង។ ចំពោះទំនាក់ទំនងលោក Jett និង  នាងKimmy ពេលបច្ចុប្បន្ននេះ គឺនៅតែរាប់អានគ្នា ដូចជាបងប្អូន មិនមែនអ្វីលើសពីនេះទៀតទេ។



នាង​ Kimmy  និងលោក​  Jett Nattapong 

សព្វថ្ងៃនេះ នាងKimmy ក៏មានមិត្តប្រុសសំណព្វចិត្តម្នាក់ទៀតផងដែរ គឺលោក Mark Prin ជាតារាសម្តែងដូចគ្នាុ។ ចំពោះពួកគេទាំងពីរនាក់នេះ ឧស្សាហ៍បានថតរឿងភាគជាមួយគ្នាខ្លាំងណាស់ ដែលរឿងដំបូង ដែលពួកគេបានថតរួមគ្នា ចំណងជើងថា "Sarm Noom Nuer Tong"។ ហើយស្នេហារបស់ពួកគេ ក៏បានធ្វើឲ្យអ្នកគាំទ្រពេញចិត្តយ៉ាងខ្លាំង ហើយការងារសិល្បៈរបស់ពួកគេ ក៏ចាប់ផ្តើម មានសន្ទុះកាន់តែខ្លាំងឡើងៗផងដែរ។

ក្នុងនោះដែរ ស្នេហារបស់ពួកគេ ក៏មានពាក្យចចាមអារ៉ាមមួយចំនួន បានឲ្យដឹងថា ពួកគេបានព្យាយាមបំភាន់ភ្នែក ធ្វើជាស្រឡាញ់គ្នា ផ្អែមល្ហែមដាក់គ្នានោះ គឺដើម្បីចង់បិទបាំងរឿងអាស្រូវមួយ ដែលថានាងKimmy បានប្រើប្រាស់ថ្នាំញៀន។ ប៉ុន្តែទោះជាយ៉ាងណា​ រូបនាងក៏បានចេញមុខបកស្រាយថា​ វាជារឿងមិនពិតនោះទេ ដែលថានាងបានប្រើថ្នាំញៀន បើនាងបានប្រើប្រាស់មែន មិនមែននាងមានរូបរាង និងសម្រស់ស្អាតបែបនេះទេ។ ហើយចំពោះរឿងនេះក៏បានស្ងាប់ស្ងាត់ទៅវិញ ក្រោយរូបនាងបានបកស្រាយយ៉ាងក្បោះក្បាយរួចមក។

នាពេលបច្ចុប្បន្ននេះ នាង Kimmy និង លោក​ Mark Prin  បានស្រឡាញ់គ្នាយ៉ាងខ្លាំង ទោះបីជាមានរឿងរ៉ាវជាច្រើន បានកើតឡើងចំពោះពួកគេក៏ដោយ ក៏ពួកគេនៅតែអត់ធ្មត់ និងកាន់តែបង្កើនក្តីស្រឡាញ់រវាងគ្នា កាន់តែខ្លាំងឡើងៗ ជាក់ស្តែងដូចជា មួយរយៈពេលមុន គឺលោក Mark Prin  ឧស្សាហ៍នាំនាង ដើរលេងតាមបណ្តាប្រទេសនានា ហើយជាពិសេស រូបលោក ក៏តែងផ្តល់ជាកាដូទៅកាន់នាងជារឿយៗផងដែរ ដើម្បីបញ្ជាក់ពីភាពផ្អែមល្ហែមរបស់គាត់ ទៅកាន់រូបនាង។ ហើយអ្នកគាំទ្រជាច្រើននាក់ ក៏បានសង្ឃឹមថា ពួកគេនឹងអាចស្រឡាញ់គ្នាជារៀងរហូត ហើយឆាប់បានរៀបការផងដែរ។



បើនិយាយពីចំណងមិត្តភាពវិញ គឺនាង Kimmy  មានមិត្តជិតស្និទ្ធមួយចំនួន ដូចជា នាង Yaya នាង Margie និងនាង Mint Chalida ក្រោយពីពួកគេបានថតរឿងភាគរួមគ្នា ចំណងជើងថា "Huajai Haeng Koon Kao" ហើយពួកគេក៏ចាប់ផ្តើមរាប់អានគ្នា​រហូតក្លាយជា មិត្តល្អនឹងគ្នាតែម្តង។ ប៉ុន្តែក្រោយមក ស្រាប់មានព័ត៌មានលេចលឺថា ពួកគេបានបង្កទំនាស់ជាមួយគ្នា រហូតធ្វើឲ្យបែងចែកក្រុម ហើយពេលខ្លះទៀត នៅពេលចូលរួមកម្មវិធីម្តងៗ រឺក៏ថតទស្សនាវដ្តីនានា ពួកគេមិនដែលចូលរួមជុំគ្នានោះទេ ហើយក៏មិនដែលនិយាយរំលឹកពីគ្នាទៀតដែរ។ ហើយនាពេលបច្ចុប្បន្ន នាង Kimmy រាប់អានតែ នាង YaYa  និងនាង Margie ​តែប៉ុណ្ណោះ។ ​

បើតាមការអះអាង របស់នាង Mint Chalida ដែលធ្លាប់បានធ្វើកិច្ចសម្ភាសន៍​បានឲ្យដឹងថា នាងមិនដែលមានជម្លោះនឹងគ្នា​នោះទេ គ្រាន់តែមិនសូវមានពេលជួបមុខគ្នាតែប៉ុណ្ណោះ។ ប៉ុន្តែទោះបីជាយ៉ាងណា ចំពោះរឿងនេះ អ្នកគាំទ្រនៅតែអាចមើលដឹងថា នាងMint មិនត្រូវគ្នា ជាមួយនឹង នាងKimmyនោះទេ បើតាមការសង្កេតលើការបង្ហោះរូប លើបណ្តាញសង្គម ទោះបីជាពួកគេចូលរួមកម្មវិធីរួមគ្នាក៏ដោយ ក៏ពួកគេមិនដែលថត ជាមួយគ្នានោះដែរ។ ហើយពេលខ្លះទៀត ពួកគេក៏បានស្នើសុំ ទៅកាន់ប៉ុស្តិ៍ទូរទស្សន៍លេខ៣​ និងបណ្តាក្រុមហ៊ុនមួយចំនួន ថាពួកគេសុំមិនធ្វើការ និងសម្តែងរួមគ្នានោះដែរ។


រឿងភាគថៃមួយ ដែលពួកគេទាំង៤នាក់ ថតរួមគ្នា



រូបថត កាលពីពួកគេជាមិត្តជិតសិទ្ធនឹងគ្នា 

នាពេលបច្ចុប្បន្ននេះ នាងKimmy ទទួលបានជោគជ័យយ៉ាងខ្លាំង ទៅលើការងារសិល្បៈ និងជីវិតស្នេហារបស់នាង ។ ប៉ុន្តែកាលពីប៉ុន្មានសប្តាហ៍មុន នាងKimmy  ក៏ត្រូវបាន អ្នកគាំទ្ររិះគន់បន្តិច ទៅលើការតុបតែងខ្លួន ក្នុងពិធីខួបកំណើតរបស់នាង។ ចំពោះការលេងខ្លួនរបស់នាង គឺត្រូវបានអ្នកគាំទ្រថា នាងមើលទៅចាស់ខ្លាំងណាស់ មិនសមនឹងអាយុ២៣ឆ្នាំនោះទេ នៅពេលតែងខ្លួន ក្នុងថ្ងៃពិសេសរបស់នាង។ ប៉ុន្តែនាងKimmy មិនបានខឹងសម្បារ រឺក៏តបត ទៅលើការរិះគន់ របស់អ្នកគាំទ្រ ពីរឿងការតុបតែងខ្លួននោះទេ គឺនាងនៅតែពេញចិត្តនឹងកែលំអរខ្លួន ដើម្បីទទួលបានប្រជាប្រិយភាព ពីអ្នកគាំទ្របន្តទៀត។



រូបថតកាលពីថ្ងៃខួបកំណើតរបស់នាង Kimmy កាលពីប៉ុន្មានសប្តាហ៍មុន

៣) នាង Tangmo  Patarida ឈ្មោះហៅក្រៅ TangMo ឬ Mo  កើតនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ១៩៨៤ វ័យ៣១ឆ្នាំ។ នាងចាប់ផ្តើម ចូលប្រឡូកក្នុងប៉ុស្តិ៍ទូរទស្សន៍លេខ៧ តាំងពីឆ្នាំ២០០៣ ហើយរូបនាងក៏បានសម្តែងរឿងភាគជាច្រើន។ Tang Mo ត្រូវបាន​មហាជនបានស្គាល់កាន់តែច្បាស់ ក្រោយពីនាងបានសម្តែងក្នុងរឿង "Nak Soo Maha Gaan" ដែលសម្តែងជាមួយនឹង លោក Wir Sukollawat។ ហើយចាប់តាំងពីពេលនោះមក នាងក៏ទទួលបាន ការងារថតរឿងភាគ ដើរម៉ូត តារាចម្រៀងជាដើមបន្តបន្ទាប់ផងដែរ។ ប៉ុន្តែនៅក្នុងឆ្នាំ២០១៤ ប៉ុស្តិ៍ទូរទស្សន៍លេខ៧ បានបញ្ចប់កិច្ចសន្យាជាមួយនាង ដោយមិនដឹងមកពីហេតុផលអ្វីច្បាស់នោះទេ។ ហើយអំឡុងពេលនោះ នាង TangMo ក៏ បានបាត់មុខ ក្នុងវិស័យសិល្បៈមួយរយៈ។ រហូតដល់ឆ្នាំ២០១៥ នាងមានឱកាសសម្តែងរឿងមួយ ចំណងជើងថា "Phloeng Dao" របស់ស្ថានីយ៍ទូរទស្សន៍ PPTV។ ហើយមិនទាន់បានប៉ុន្មានផង នាងក៏ទៅដើរតួ នៅប៉ុស្តិ៍ទូរទស្សន៍ លេខ៨មួយទៀត ដែលបានធ្វើជាតួឯកក្នុងរឿង "Khun Ying Nork Tumniab"។


បើនិយាយពីរឿងចំណងស្នេហាវិញ គឺនាង TangMo បានទាក់ទងនឹង តារាសម្តែងប្រុសម្នាក់ឈ្មោះ Tono Pakin។ ហើយពួកគេក៏បានទាក់ទងគ្នា និងស្រឡាញ់គ្នាយ៉ាងខ្លាំង រហូតឈានដល់ រៀបចំធ្វើពិធីភ្ជាប់ពាក្យ នៅក្នុងឆ្នាំ២០១៣។ ប៉ុន្តែមិនដឹងជាហេតុផលអ្វីនោះទេ ក្រុមគ្រួសាររបស់នាង ក៏បានផ្លាស់ប្តូរពិធីនោះ ទៅជាពិធីរៀបការវិញយ៉ាងឆាប់រហ័ស ដោយពួកគេមិនបាន ចុះសំបុត្រអាពាហ៍ពិពាហ៍ត្រឹមត្រូវនោះទេ។ ហើយក្រោយមក ពួកគេក៏បានរួមរស់ជាមួយគ្នា ជាស្វាមីភរិយានឹងគ្នា ក្រោមដំបូលផ្ទះតែមួយ។

ចំពោះនាងTangMo បានស្រឡាញ់ស្វាមីយ៉ាងខ្លាំង រហូតហ៊ានសាក់រូបចាបធំមួយ នៅត្រង់ចង្កេះរបស់នាង ដែលតំណាងឲ្យស្វាមីរបស់នាង ព្រោះថាសត្វចាបនោះឈ្មោះថា Pakin គឺដូចនឹងឈ្មោះរបស់ស្វាមីរបស់នាង នេះបើតាមការរៀបរាប់របស់នាងTangMo ។




រូបចាប ដែលនាងបានសាក់

ទោះបីជាយ៉ាងណា ជីវិតអាពាហ៍ពិពាហ៍របស់នាង TangMo ហាក់ដូចជាគ្មានសុភមង្គលសោះ គឺពួកគេតែងឈ្លោះគ្នាមិនឈប់។ បើតាមប្រភពព័ត៌មានបានឲ្យដឹងថា នាង TangMo និង លោក Tono បានឈ្លោះគ្នារាល់ថ្ងៃនេះ មិនមែនមកពីមានជនទីបីនោះទេ ប៉ុន្តែមកពីពួកគេគ្មានទំនូលខុសត្រូវក្នុងក្រុមគ្រួសារ និងមិនសូវមានពេលនៅជាមួយគ្នា ឲ្យបានគ្រប់គ្រាន់។

ដោយសារតែទំនាស់ជាមួយគ្នាជារៀងរាល់ថ្ងៃនេះហើយ បានធ្វើឲ្យលោក Tono បានសុំនាងបញ្ចប់ ជីវិតជាស្វាមីភរិយាជាមួយគ្នាតែម្តង ក្នុងឆ្នាំ២០១៥។ ពាក្យសម្តីទាំងនេះ បានធ្វើឲ្យនាងឈឺចាប់ហួសស្មាន ពេលលឺស្វាមីជាទីស្រឡាញ់ សុំបែកបាក់គ្នាបែបនេះ។ ហើយពេលនោះដែរ នាងក៏បានបិទគណនីអ៊ិនស្តាក្រាមរបស់នាងចោល ដែលជាហេតុធ្វើឲ្យអ្នកគាំទ្រ កាន់តែព្រួយបារម្ភ លើស្ថានភាពផ្លូវចិត្តរបស់នាង។

ជាមួយគ្នានោះដែរ លោក Tono  ក៏បានប្រាប់សារធាណ:ជនថា រូបគាត់ និងនាងTangMo មិនទាន់បញ្ចប់គ្នានៅឡើយទេ គ្រាន់តែចង់សម្រាកបន្តិច។ ប៉ុន្តែទោះជាយ៉ាងណា អ្នកគាំទ្រនៅតែដឹងថា ពួកគេទាំងពីរនាក់ ប្រហែលជាបែកបាក់គ្នាមែនហើយ តែមិនចង់ចេញមុខបកស្រាយ។ ហើយនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៥ នាង TangMo បានធ្វើឲ្យមហាជនតក់ស្លុតយ៉ាងខ្លាំង ពេលទទួលដំណឹងថា នាងបានលេបថ្នាំសម្លាប់ខ្លួន ព្រោះតែមិនចង់រស់នៅ ក្នុងភាពឈឺចាប់បន្តទៀត។

យោងតាមព័ត៌មានថៃ បានឲ្យដឹងថា មូលហេតុដែលធ្វើឲ្យនាងTangMo ហ៊ានបញ្ចប់​ជីវិតបែងបនេះ​​ ដោយសារតែ លោកTangMo បានប្រកាសនៅលើឆាកតន្ត្រី "Wonder7 Concert " ថា រូបលោក គឺនៅលីវ។ ពាក្យសម្តីនេះហើយ ទើបធ្វើឲ្យនាងឈឺចាប់ ហើយក៏ដាច់ចិត្តចង់សម្លាប់ខ្លួនបែបនេះ។ ហើយមិនតែប៉ុណ្ណោះ នាង TangMo ក៏បានបញ្ជាក់យ៉ាងច្បាស់ថា លោកTono  គឺជាបុរសដែលនាងស្រឡាញ់ ហើយនាងនឹងស្រឡាញ់គាត់រហូតទៅ ទោះបីពេលនេះ នាង និងរូបគាត់ មិនមែនជាគូស្វាមីភរិយានឹងគ្នាក៏ដោយ។


ក្រោយពីទទួលបានដំណឹងរបស់នាងTangmo រួចហើយ លោក Tono ក៏មានអារម្មណ៍សោកស្តាយ និងបារម្ភយ៉ាងខ្លាំង ហើយរូបគាត់ក៏បានប្រាប់ថា ពាក្យសម្តីដែលរូបគាត់ បាននិយាយថា នៅលីវម្តងទៀតនោះ គឺរូបគាត់ គ្រាន់តែនិយាយលេងជាមួយនឹង អ្នកគាំទ្រស្រីតែប៉ុណ្ណោះ មិនមែនមានបំណង ចង់ធ្វើបាបចិត្តរបស់នាងនោះទេ។ ហើយរូបគាត់ក៏បានបន្តថា ពួកគេនៅតែទាក់ទងគ្នា ប៉ុន្តែមិនមែនវិលត្រឡប់ទៅរករឿងចាស់នោះទេ។ បន្ទាប់ពីរឿងរ៉ាវមួយនេះ បានកើតឡើង នាងTangmo ក៏បានសន្យានឹងឪពុក និងក្រុមគ្រួសារថា ​នាងនឹងធ្វើជាមនុស្សស្រីម្នាក់ រឹងមាំជាងនេះ។


មិនទាន់បានប៉ុន្មានខែផង នាងTangmo ត្រូវបានគេដឹងថា ហាក់ដូចជាស្រស់ស្រាយជាងមុន ជាមួយនឹងគូស្នេហ៍ថ្មីរបស់នាង។ តាមប្រភពព័ត៌មានបានឲ្យដឹងថា នាង Tangmo តែងបណ្តើរនារីម្នាក់មាឌធំ តែងខ្លួនជាបុរស ទៅគ្រប់កម្មវិធីនានា។ ហើយជាពិសេស នៅក្នុងថ្ងៃខួបកំណើតរបស់នាង កាលពីខែកញ្ញា ឆ្នាំ២០១៥នោះ គូស្នេហ៍របស់នាង បានជូនកាដូជារថយន្តម៉ាកទំនើបមួយគ្រឿង ទៅកាន់នាងទៀតផង។ មិនតែប៉ុណ្ណោះ រូបនាងក៏បានសរសេរសារអរគុណទៅកាន់ ម្ចាស់កាដូនោះថា "Thx U na Ka" ផងដែរ។

ចំពោះទំនាក់ទំនង របស់នាងTangmo  និងនារីរាងធំម្នាក់នេះ បានធ្វើឲ្យអ្នកគាំទ្រឆ្ងល់ថា តើពួកគេជាគូស្នេហ៍នឹងគ្នាមែនដែរទេ? រឺក៏ជាមិត្តភក្តិនឹងគ្នា ប៉ុន្តែបើជាមិត្ត មិនមែនជូនកាដូដល់ថ្នាក់រថយន្តបែបនេះទេ។ ក្នុងនោះដែរ នាង Tangmo ក៏មិនទាន់ចេញមុខបកស្រាយ ឲ្យបានច្បាស់ពីរឿងនោះដែរ ថានារីមាឌធំរូបនេះ ជាគូស្នេហ៍របស់នាង មែនឬ មិនមែន។



កាដូជារថយន្តទំនើប ដែលនារីមាឌធំ ឲ្យទៅនាង Tangmo

នាពេលបច្ចុប្បន្ននេះ នាងTangmo បានធ្វើឲ្យជីវិតរបស់នាង មានក្តីសុខជាងមុន ដែលគណនីអ៊ិនស្តាក្រាមរបស់នាង ក៏បានបើកលេងជាធម្មតា ដោយមិនបិទដូចលើកមុន ហើយនាងក៏បានចូលថតសម្តែងរឿងភាគបន្តបន្ទាប់ទៀតផងដែរ៕



ប្រភព Thaicelebrity / Gossipstar/ Iheartlakorn/ Wiki 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]