(ភ្នំពេញ)៖ បុរសម្នាក់ទើបនឹងចេញមកពីផ្ទះមីងវិញគោលបំណងត្រឡប់ទៅផ្ទះនៅម្តុំទួលសង្កែ ក៏ត្រូវរថយន្តមិនស្គាល់ម៉ាកគៀរ បណ្តាលឲ្យដួលរងរបួសបែកមុខបែកមាត់។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៩ និង៤០នាទីយប់ថ្ងៃទី៧ខែមិថុនាឆ្នាំ២០១៦ តាមបណ្តោយផ្លូវ៧០ នៅចំណុចជិតថ្នល់រទះភ្លើង ស្ថិតនៅក្នុងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ។
ជនរងគ្រោះមានឈ្មោះ ម៉ៅ ចាន់សេរី អាយុ ២៨ មុខរបរជាងតងស្នាក់នៅ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ។
ជនរងគ្រោះបានឲ្យដឹងថាមុនពេលកើតហេតុគាត់ ទើបនឹងចេញមកពីផ្ទះមីងនៅម្តុំវត្តភ្នំ ហើយគោលបំណងគាត់ចង់ត្រឡប់ទៅផ្ទះវិញ ដោយជិះម៉ូតូម៉ាកឃ្លីក០១១ ពណ៌ខ្មៅលាយក្រហម ពាក់ស្លាកភ្នំពេញ1A5383 បើកបរតាមបណ្តោយផ្លូវ៧០ក្នុងទិសដៅពីកើត ទៅលិចខណៈពេលបើកមកដល់ចំណុចកើតហេតុ ក៏ស្រាបតែមានរថយន្តមួយគ្រឿង មិនចាំម៉ាកមិនចាំស្លាកលេខបើកលឿនហើយ មកគៀរគាត់បណ្តាលឲ្យគាត់ដួលសម្លាប់ រងរបួសបែកមុខបែកមាត់។
តែបើកតាមប្រពន្ធជនរងគ្រោះបានឲ្យដឹងថា មុនពេលដែលប្តីគាត់ដួលសម្លាប់នោះ គឺមានរថយន្តសង្គ្រោះមួយគ្រឿង មិនមានស្លាកលេខ បានដឹកអ្នកជំងឺមានគ្រោះថ្នាក់នៅស្ពានជ្រោយចង្វារ រងរបួសបាក់ដងកាំបិតហើយ ពេលដែលរថយន្តសង្គ្រោះបានដឹកមកតាមផ្លូវ៧០ ក៏ឃើញប្តីគាត់ដែលរងគ្រោះដូចខាងលើ ក៏ឈប់ដឹកថែមមួយទៀត ហើយប្រពន្ធគាត់ បានសួរថាដឹកយកទៅមន្ទីរពេទ្យណា ភ្លាមៗនោះខាងរថយន្តសង្គ្រោះ តបថាដឹកយកទៅមន្ទីរពេទ្យកាលម៉ែត លុះពេលមួយសន្ទុះក្រោយមកប្រពន្ធគាត់ បានទៅដល់មន្ទីរកាលម៉ែត ហើយសួរខាងមន្ទីរពេទ្យ អត់មានអ្នកជំងឺនោះទេចឹង បន្ទាប់មកបងប្អូនជនរងគ្រោះ បានឲ្យប្រពន្ធតេទៅសួរប្តីទើបដឹងថា នៅមន្ទីរពេទ្យសម្រាកព្យាបាលសួគា៌ នៅម្តុំស្ពានដែក។
លុះពេលដែលជនរងគ្រោះដឹងខ្លួនប្រពន្ធគាត់ បានសួរទៅប្តីគាត់ថាខ្សែដៃ របស់ប្តីឯងទៅណាហើយប្តី ក៏បានតបថាមុនពេលដែលគាត់ឡើង លើរថយន្តគឺពេទ្យគាត់ បានចាក់ថ្នាំអស់មួយម្ជុល ទើបសន្លប់ដោយមិនដឹងខ្លួន លុះពេលដឹងខ្លួនឡើងបាត់អស់ខ្សែដៃទំម្ងន់ផ្លាទីនចំនួន៥ជី លុះឯអ្នករងរបួសធ្ងន់បាក់ដងកាំបិត បាត់អស់ខ្សែកមួយខ្សែទៀត។
បើកតាមសំដីរបស់មន្ទីរពេទ្យសួគា៌ បានប្រាប់ឲ្យដឹងថាគាត់អត់បានស្គាល់រថយន្ត ដែលគាត់ដឹកអ្នកជំងឺមកព្យាបាលនោះទេ ពេលដែលរថយន្តសង្គ្រោះ បានដឹកមកដល់មុខមន្ទីរពេទ្យ របស់គាត់បានស្រែកឲ្យជួយផង លុះពេលដែលអ្នកជំងឺចូលដល់ក្នុងមន្ទីរពេទ្យ ស្រាប់តែរថយន្តសង្គ្រោះនោះ បើកចេញទៅបាត់។
ក្រោយពេលកើតហេតុជនរងគ្រោះ ដែលបាក់ដងកាំបិតមិនបាន ទៅដាក់ពាក្យបណ្តឹងនោះទេ ដើរចេញឡើងកង់បី ជិះចេញទៅបាត់៕


ប្រភព៖ Fresh News
កំណត់ហេតុខ្មែរឡូត៖ គួររំលឹកផងដែរថា ជុំវិញរឿងរ៉ាវគ្រោះថ្នាក់ចរាចរណ៏នេះ កាលពីយប់ ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៦ កន្លងទៅ មានហេតុការណ៏គ្រោះថ្នាក់ចរាចរណ៏មួយកើតឡើងដោយ រថយន្តហាយលែនឌ័រដឹកចំណងដៃការកូនជាង២ម៉ឺនដុល្លារត្រូវបានរថយន្តឡង់គ្រីស្ស័របើកបុកពីក្រោយហើយចុះវាយបែកកញ្ចក់រថយន្ត ទើបខាងរថយន្តរងគ្រោះចោទប្រកាន់ថា សង្ស័យវាយប្លន់យកលុយចំណងដៃ ។
សមត្ថកិច្ចបានឲ្យដឹងថា រថយន្តបង្កម៉ាកឡង់គ្រីស័រ ពណ៌ស្លែ ពាក់ស្លាកលេខ ភ្នំពេញ 2B-0998 ជិះម្នាក់ឯង អ្នកបើកបរមានឈ្មោះ ឡេង លឹមគាង ភេទប្រុស មុខរបរលក់ដូរ អាយុ៣៦ឆ្នាំ ស្នាក់នៅផ្ទះលេខ១៦ ផ្លូវលេខ៣ បុរីភ្នំពេញថ្មី សង្កាត់ស្ទឹងមានជ័យ ចំណែករថយន្តរងគ្រោះម៉ាកហាយលែនឌ័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AC-3289 ជិះជាលក្ខណៈក្រុមគ្រួសារ មានចាស់មានក្មេង អ្នកបើកបរមានឈ្មោះ អុំ ម៉ារ័ត្ន ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរយោធា ស្នាក់នៅផ្ទះលេខ៨៩ ផ្លូវបេតុង ក្រុម១១ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
ប្រភពព័ត៌មានពីជនរងគ្រោះបានឲ្យដឹងថា ថ្ងៃនោះក្រុមគ្រួសាររបស់គាត់មានសាច់ញាតិរៀបការនៅមជ្ឈមណ្ឌលទួលគោក ពេលចប់កម្មវិធីអស់ហើយរូបគាត់បានបើករថយន្តម៉ាកហាយលែនឌ័រដឹកម្តាយកូនក្រមុំ និងសាច់ញាតិ មានក្មេងមានចាស់ និងមានទារិកាទើបនឹងកើតបានមួយខែផងដែរ ព្រមទាំងដឹកលុយចំណងដៃជាង២ម៉ឺនដុល្លារយកទៅផ្ទះនៅមុខមន្ទីរពេទ្យព្រះកុសុមៈ ដោយធ្វើដំណើរតាមផ្លូវលេខ៥៩៨ ពីជើងទៅត្បូង ខណៈមកដល់ស្តុបស្ពានអាកាស៧មករាគាត់បានឈប់រង់ចាំស្តុបដោយមិនបានដឹងថាមានរថយន្តឡង់គ្រីស័របើកមកឈប់ពីក្រោយហើយចង់វ៉ាស្តាំមិនរួចបានព្យាយាមចុចស៊ីផ្លេជាច្រើនដងធ្វើឲ្យគាត់ ខឹងបានចុចកញ្ចក់រថយន្តអឺតមកស្រែកថា អត់ចេះបើករថយន្តទេឬ លុះដល់ភ្លើងពណ៌ខៀវ ក៏គាត់បានបើករថយន្តចេញទៅស្រាប់តែរថយន្តឡង់គ្រីស័របើកបុកពីក្រោយ ហើយឈប់រថយន្តនៅក្រោមស្ពានអាកាសយកដំបង៣កំណាត់វាយបែកកញ្ចក់រថយន្តខាងក្រោយ ហើយបានឈ្លោះប្រកែកគ្នាមួយប្រាវ បន្ទាប់មកក៏បើករថយន្តយកលុយទៅទុកនៅផ្ទះសិន រួចទើបហៅបងប្អូនជួយដេញតាមរថយន្តបង្ករហូតដល់មុខអធិការដ្ឋានខណ្ឌដង្កោទើបឃាត់រថយន្តបង្កបាន ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]