ខេត្តមណ្ឌលគិរី ៖ ប្រជាពលរដ្ឋក្នុងក្រុងសែនមនោរម្យ ជាពិសេសភ្ញៀវទេសចរដែលមកលេងកម្សាន្តនៅមណ្ឌលគិរី បានរិះគន់យ៉ាងខ្លាំង ចំពោះអាជ្ញាធរខេត្ត និងមន្ទីរបរិស្ថានខេត្ត ពីបញ្ហាសំរាមដែលបណ្ដែតបណ្ដោយឱ្យមានគំនរគរដូចភ្នំ នៅកណ្ដាលក្រុងបង្អួតដល់ភ្នែកអ្នកទេសចរគួរឱ្យហួសចិត្តបំផុត ។
ភាគច្រើនសំរាមមានរាយប៉ាយពេញទីសាធារណៈ ជាពិសេសនៅលើអតីតព្រលានយន្តហោះ ដែលនៅកណ្តាលក្រុងសែននោរម្យ ជិតរង្វង់មូលគោព្រៃតែម្តង ហើយសំរាមទាំងនោះ គឺសុទ្ធសឹងអ្នករស់នៅក្នុងផ្សារ និងតាមដងផ្លូវសួនច្បារក្រុង យកទៅបោះចោលដោយគ្មានភាពទទួលខុសត្រូវ។
បើទោះជាពេលកន្លងមក ធ្លាប់មានសេចក្ដីប្រកាសណែនាំពីយុទ្ធនាការរៀបចំទីក្រុងឲ្យមានសោភ័ណភាពក៏ដោយ ប៉ុន្ដែបញ្ហាសំរាមនៅតែមានដដែល ព្រោះតែធ្វើបានតែមួយប៉ព្រិចភ្នែក ក៏បាត់ទៅវិញ ។ ព្រោះតែមន្ទីរបរិស្ថានមិនយកចិត្តទុកដាក់រៀបចំឱ្យបានស្អាតនោះទេ ម្យ៉ាងប្រជាពលរដ្ឋមួយចំនួននៅតែបន្តបំពានបម្រាម ដែលអាជ្ញាធរបានដាក់ហាមឃាត់ ការចោលសម្រាមពាសវាលពាសកាលដដែលជាដដែល។
ក្រុមអ្នកតាមដានអំពីបញ្ហាបរិស្ថានបាននិយាយថា ពួកគេពិតជាកោតសសើរចំពោះអ្នកពាក់ព័ន្ធណាស់ ព្រោះបានបណ្តែតបណ្តោយឲ្យសំរាមថង់កៅស៊ូ ។ល។ ធ្វើឲ្យបាត់សោភ័ណភាព និងសម្រស់របស់ក្រុងសែនមនោរម្យ ដែលជាបេះដូង នឹងជាមណ្ឌលទេសចរណ៍របស់ខេត្តមណ្ឌលគិរី ដែលជាខេត្តមួយជាប់ចំណាត់ថ្នាក់ មានសម្រស់ធម្មជាតិដ៏ល្អឯក ។
ចំណែករឿងហួសចិត្តមួយទៀត ដែលក្រុមអ្នកស្រឡាញ់បរិស្ថានល្អលើកឡើងផងនោះគឺ ការចោទប្រកាន់ទៅវិញទៅមករវាងប្រជាពលរដ្ឋនៅមូលដ្ឋាន និងអាជ្ញាធរមូលដ្ឋាន ព្រោះបើមានការចូលរួមទាំងអស់គ្នា បញ្ហាសំរាមហោះហើរពេញក្រុង ក៏មិនអាចកើតមានដែរ ។ ដ្បិតសំរាមទាំងនោះ គឺបានកើតចេញពីប្រជាពលរដ្ឋខ្លួនឯង ដែលយកទៅចោលគ្រប់ទីកន្លែងសាធារណៈដែលពួកគេគិតថា មានភាពងាយស្រួលជាងយកទៅចោលនៅទីលានចោលសំរាមដែលរដ្ឋបានរៀបចំទុក ។
នៅមានសកម្មភាពមួយចំនួន ដែលគេតែងសង្កេតឃើញដែលនោះ គឺមានអាជីវកររស់នៅក្នុងផ្សារសែនមនោរម្យមួយចំនួននៅពេលយប់ស្ងាត់ ក៏លួចយកសំរាមទៅចោលលើទីធ្លាអតីតព្រលានយន្ត ដែលមានទីតាំងកណ្តាលក្រុងតែម្តង ។







ប្រភព៖ កោះសន្តិភាព
កំណត់ហេតុខ្មែរឡូត៖
ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» ត្រូវបានអ្នកបុរាណវិទ្យា និងអ្នកស្រាវជ្រាវរកឃើញថា គឺជាទីក្រុងបុរាណ និងមានវ័យចំណាស់មួយ របស់ដូនតាខ្មែរ នាមុននិងក្នុងសម័យអង្គរ ហើយដែលបច្ចុប្បន្នបានក្លាយជាតំបន់ឧទ្យានជាតិ និងជាតំបន់ រមណីដ្ឋានទេសចរណ៍ធម្មជាតិ វប្បធម៌ ប្រវត្តិសាស្រ្ត ដែលតម្រូវឲ្យមាន ការគាំពារ និងអភិរក្សប្រកបដោយ ការទទួលខុសត្រូវខ្ពស់ និងនិរន្តរភាព ។
សម្រាប់អ្នកបរិស្ថាននិយមម្នាក់ ដែលមានបទពិសោធន៍ជិត ២០ឆ្នាំ ក្នុងកិច្ចការនេះផ្ទាល់ នៅលើដងភ្នំគូលែន ក្នុងរូបភាពមិនបញ្ចេញឈ្មោះ បានប្រាប់ភ្នាក់ងារអង្គភាព Fresh News ថា៖ ដោយគ្រាន់តែកំណើនប្រជាពលរដ្ឋ ឬ ការកើនឡើងខ្លាំង នៃអ្នកចំណូលថ្មី ការដកហូតប្រើប្រាស់ រុករានទន្ទ្រានដីធ្លីជាកម្មសិទ្ធិឯកជន ក៏ដូចជាសម្រាប់លក់ដូរបន្ត ការបំផ្លាញព្រៃឈើធនធានធម្មជាតិ ការទាញយកប្រយោជន៍ពីផលអនុផលព្រៃឈើហួសប្រមាណ ការបរបាញ់បំផ្លាញសត្វព្រៃ ការបំពុលបរិស្ថាន ការធ្វើអាជីវកម្មលើវិស័យទេសចរណ៍ និងការសាងសង់សំណង់ថ្មីៗ ក៏ដូចជាសមត្ថភាពក្នុង ការគ្រប់គ្រង ចាត់ចែង មិនទាន់ប្រកបដោយនិរន្តរភាព ក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម “ភ្នំគូលែន” ទាំងតំបន់ស្នូល តំបន់ការពារ/អភិរក្ស តំបន់ដែលត្រូវស្ដារ តំបន់រណប រួមនិងតំបន់ក្បែខាង ផងនោះ ធ្វើឲ្យអ្នកបរិស្ថាន និងវប្បធម៌ប្រវត្តិសាស្រ្តនិយមមួយចំនួន មានការព្រួយបារម្ភ និងសំុឲ្យគ្រប់ភាគីពាក់ព័ន្ធ មានការចូលរួមក្នុងការគាំពារ រក្សាការពារ អភិរក្សទាំងអស់គ្នា ។
គាត់បានបន្តទៀតថា កន្លងទៅ និង បច្ចុប្បន្នមានសកម្មភាពមួយចំនួន មិនត្រឹមតែបានបង្កផលប៉ះពាល់ដល់ព្រៃឈើ និងកើតមានការទន្ទ្រានកាន់កាប់ដីធ្លីប៉ុណ្ណោះទេ ប៉ុន្តែបានបង្កើតក្តីកង្វល់លើបញ្ហាអនាម័យ និងសុខភាពសាធារណៈ ផងដែរ ។ ជារៀងរាល់ថ្ងៃ ប្រជាពលរដ្ឋបានបង្កើតសំរាម ប្រហែលជិតមួយគីឡូ ក្នុងមួយគ្រួសារៗ ។ សំរាមទាំងនោះ កើតចេញពីសំណល់ នៃចំណីអាហារ និងរបស់របរប្រើប្រាស់ប្រចាំថ្ងៃ ជាពិសេសសម្ភារៈវិចខ្ចប់ មានដូចជា ថង់ផ្លាស្ទិក សំបកដប និងកំប៉ុង លោហធាតុផ្សេងៗជាដើម ។
ក្រៅពីសំរាមជាវត្ថុរឹង ក៏មានកាកសំណល់ជាវត្ថុរាវ ដែលបានកើតមានជារៀងរាល់ថ្ងៃ ផងដែរ ។ ហើយសំរាមទាំងពីរប្រភេទខាងលើនេះ មិនត្រឹមតែបង្ករផលប៉ះពាល់ដល់ប្រជាពលរដ្ឋ ក្នុងសហគមន៍ប៉ុណ្ណោះទេ ប៉ុន្តែបាន និងកំពុងបង្កើតក្តីបារម្មណ៍ដល់ប្រជាពលរដ្ឋរស់នៅប៉ែកខាងក្រោម ក្បែរប្រព័ន្ធផ្លូវទឹកធម្មជាតិដ៏ពិសិដ្ឋ ដែលមានប្រភពពីភ្នំគូលែន ដូចជាស្ទឹងសៀមរាប ស្ទឹងពួក និងស្ទឹងរលួស ជាដើមនោះ ។ ហើយចំណុចគោលដៅចំបង នៃភ្នាក់ងារបង្កើតសំរាម គឺប្រភពទឹក និងតំបន់ទឹកជ្រោះ ។
ដោយឡែកប្រជាពលរដ្ឋ ក៏បានលើកឡើងដែរថា បច្ចុប្បន្ន តំបន់ទឹកជ្រោះនៅភ្នំគូលែន បានប្រមូលផ្តុំទៅដោយសំណង់ច្រើនប្រភេទ មានដូចជា៖ រោងអង្គុយកំសាន្ត ភោជនីយដ្ឋាន តូបលក់នំចំណី និង តូបលក់វត្ថុអនុស្សាវរីយ៍ ព្រមទាំងមានផ្ទះស្នាក់នៅជាអចិន្ត្រៃយ៍ ផងដែរ សរុបមានចំនួន ១១១កន្លៃង ។ សំណង់ទាំងឡាយនោះបាននិងកំពុងបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថានធម្មជាតិ សុខភាព ទេសចរណ៍ និងមត៌កវប្បធម៌ប្រវត្តិសាស្ត្រ ដែលមានអាយុកាលជាងមួយពាល់ឆ្នាំមកហើយនេះយ៉ាងក្រៃលែង ផងដែរ ។ ដែលសកម្មភាព និងផលប៉ះទាំងនេះ គឺតម្រូវឲ្យមានការការគិតគូរ ចាត់ចែង គ្រប់គ្រងឡើងវិញជាបន្ទាន់ ប្របកដោយការចូលរួម ការទទួលខុសត្រូវខ្ពស់ ជាមួយនឹងប្រសិទ្ធិភាព និងនិរន្តរភាព ផងដែរ ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]