ការតុបតែងគេហដ្ឋាន ជារឿងសំខាន់ណាស់សម្រាប់មនុស្សសម័យថ្មី  ប៉ុន្តែការប្រមូលសម្ភារៈនៅក្នុងផ្ទះសំបែង  ទុកដាក់ឱ្យមានរបៀបរៀបរយត្រឹមត្រូវ ទៅតាមទីកន្លែងរបស់វា ពិតជារឿងមួយ ដែលពិបាកស្មុគស្មាញ  និងនឿយហត់ខ្លាំងណាស់តើមែនទេ?

ថ្ងៃនេះគេហទំព័រខ្មែរឡូត នឹងជួយដោះស្រាយបញ្ហាទាំងនេះជូនប្រិយមិត្ត។  ក្រោយពីបានអានអត្ថបទនេះហើយ លោកអ្នកច្បាស់ជាអស់កង្វល់ជាក់ជាមិនខាន នៅក្នុងការរៀបចំផ្ទះឱ្យមានសណ្តាប់ធ្នាប់  និងមានសភាពរបៀបរៀបរយល្អជាងមុន។

មិនតែប៉ុណ្ណោះលោកអ្នកអាចកែច្នៃវត្ថុប្រើប្រាស់ផ្សេងៗ  មកធ្វើជាគ្រឿងលម្អផ្ទះបានទៀតផង  ហើយវាថែមទាំងបានរំលេចនូវសោភ័ណ្ឌភាព និងភាពយ៉ាងត្រកាលមួយចំណែកដល់គេហដ្ឋានអ្នកផងដែរ។  តោះមកមើលវិធីងាយៗនេះទាំងអស់គ្នា៖

#1 យកគន្លឹះទ្វារចាស់ៗ ដែលប្រើការលែងកើត  មកបិទភ្ជាប់នឹងជញ្ជាំង  សម្រាប់ព្យួរកន្សែងជូតខ្លួន   ឬកន្សែងជូតមុខនៅក្នុងបន្ទប់ទឹកបាន។  ឬក៏អាចដាក់ព្យួរវត្ថុប្រើប្រាស់ដទៃទៀត  ទៅតាមតម្រូវការដែលអ្នកចង់បាន។ នេះជាការតុបតែងមួយដែលជួយសន្សំសំចៃថវិកា  និងមិនចាំបាច់ចំណាយលុយបន្ថែម ដើម្បីទៅទិញវាមកនោះទេ។  

#2 ដើម្បីកុំឱ្យផលិតផល និងសម្ភារៈប្រើប្រាស់ផ្សេង មានសភាពរាយប៉ាយពេញក្នុងបន្ទប់ទឹកនោះ អ្នកគួរតែរៀបចំបង្កើតនូវទូឈើមួយ  សម្រាប់ដាក់របស់របរទាំងអស់នោះដាច់ដោយឡែកពីគ្នា ដើម្បីមើលទៅ មានរបៀប និងគួរឱ្យចង់ប្រើប្រាស់។

#3 មិនដឹងថាកំណាត់ឈើតូចៗខ្លីៗ ដែលនៅសេសសល់ក្រោយពីធ្វើផ្ទះត្រូវយកទៅធ្វើអ្វីបន្តទៀតមែនទេ? សូមណែនាំថា អ្នកអាចយកវាមកបង្កើតជាតុអាហារ ឬតុសម្រាប់ដាក់សម្ភារៈប្រើប្រាស់នានាបានយ៉ាងល្អគ្មានដែនកំណត់។ ងាយៗដោយអ្នកគ្រាន់តែយកកំណាត់ឈើដែលឈប់ប្រើ ទាំងនោះកាត់តំរឹមវាឱ្យបានស្អាតល្អ ហើយយកមកផ្គុំចូលគ្នា រួចដំធ្វើឱ្យចេញជារូបរាងតុមូល ឬជ្រុងបានជាស្រេច។ 

#4 ប្រើកំណាត់ឈើនេះដដែល អ្នកក៏អាចយកវាមកកាត់ជាកង់ៗ រួចហើយតំរៀបវាឱ្យចេញជាថ្នាក់ៗពីតូចទៅធំ  កែច្នៃធ្វើជាតុប្រណីតមួយ សម្រាប់ដាក់តាំងនៅបន្ទប់ទទួលភ្ញៀវក្នុងគេហដ្ឋានរបស់អស់លោកអ្នក។ ឬក៏អាចរៀបវាធ្វើជាជញ្ជាំងលម្អបានយ៉ាងច្រើនតាមក្តីប្រាថ្នា។

#5 ក្រៅពីនេះអ្នកអាចយកដែកគោល  ឬខ្ចៅណាមួយ មកស្វានដាក់ជាប់ជាមួយកំណាត់ឈើចន្លោះប្រហែលជាមួយចំអាមៗពីគ្នា។ បន្ទាប់មកយកពែងទឹកតែ ឬកែវកាហ្វេមកដាក់ព្យួរតំរៀបគ្នា។ តែប៉ុណ្ណឹងអ្នកក៏អាចមានកន្លែងព្យួរពែង ឬកែវទឹកបានយ៉ាងស្អាត និងមានរបៀបរៀបរយល្អជាងមុខបាត់ទៅហើយ។

#6 វិធីម្យ៉ាងទៀតអ្នកអាចយកមែកឈើស្ងួតៗ មកឈូសឱ្យស្អាត ហើយយកមកតាំងនៅលើវត្ថុសមរម្យណាមួយ សម្រាប់ធ្វើជាកន្លែងដាក់ព្យួរខ្សែក. ខ្សែដៃ និងគ្រឿងអលង្ការផ្សេងៗទៀត របស់អ្នកបានយ៉ាងស្រួល។

#7 មែកឈើ! អ្នកក៏អាចយកមែកឈើតូចៗ មកកាច់ជាកំណាត់ៗ រួចតុបតែងធ្វើជាស៊ុមរូបថតក៏បាន ដោយមិនចំណាយពេលយូរ ឬប្រាក់កាសអ្វីនោះទេ។ អ្នកអាចរកមែកឈើទាំងនេះបាននៅគ្រប់ទីកន្លែង បន្ទាប់មកអ្នកក៏អាចលាបថ្នាំពណ៌ ដែលអ្នកស្រាឡាញ់ទៅលើវាបានតាមចំណង់ចំណូលចិត្តរបស់អ្នកផងដែរ។

#8 ជឿជាក់នៅក្នុងផ្ទះរបស់អ្នកទាំងអស់គ្នា ពិតជាគ្មានផ្ទះនរណាម្នាក់ មិនមាននូវថង់ប្លាស្ទិកទេមែនទេ?  ដូច្នេះសូមកុំទាន់បោះវាចោលណា អ្នកអាចយកវាមកប្រើជាប្រយោជន៍បានដោយគ្រាន់តែ៖ យកវាមកបិទភ្ជាប់នៅជាប់ជញ្ជាំងក្នុងផ្ទះបាយ ឬនៅលើទ្វារក្នុងទូរទឹកកករបស់អ្នកដើម្បីដាក់នំ  ស្ករគ្រាប់ ព្រមទាំងរបស់ញ៉ាំដទៃទៀតបានជាច្រើនមុខ។ ឃើញទេថាវាចំណេញដល់ថ្នាក់ណា? ដូច្នេះចាប់ពីថ្ងៃនេះទៅកូនៗរបស់អស់លោកអ្នក  ពិតជាអស់កង្វល់រឿងរកនំចំណីញ៉ាំទៀតហើយ ជាមួយនឹងវិធីសាស្រ្តងាយៗនេះ។

#9 ពិបាករៀបចំទុកដាក់ខ្សែភ្លើងផ្សេង នៅក្នុងផ្ទះឱ្យបានល្អមែនទេ? សូមណែនាំវិធីកំចាត់ភាពស្មុគស្មាញនេះថា  អ្នកអាចយកប្រដាប់ព្យួរខោអាវមកធ្វើរបស់រុំខ្សែភ្លើងទុកបានយ៉ាងល្អ មិនឱ្យរញ៉េរញ៉ៃទើសទែងដូចកាលពីមុនទេ។ ដោយអ្នកគ្រាន់តែកាច់ទំពក់វានៅខាងលើចេញ ហើយយកធ្វើការរុំខ្សែភ្លើងគឺជាការស្រេច។

#10 ប្រអប់ក្រដាសដែលបានប្រើប្រាស់អស់ហើយ សូមកុំទាន់បោះវាចោលក្នុងធុងសំរាមអី អ្នកគួរតែយកវាមកដោតទុក ភ្ជាប់នៅលើជញ្ជាំង ដើម្បីប្រើសម្រាប់ដាក់សម្ភារៈស្រាលៗដទៃទៀត ដូចជាម៉ាស់ ឬក៏ក្រដាសជូតមាត់ផ្សេងៗជាដើម...។ ធ្វើដូច្នេះអ្នកនឹងងាយស្រួលរកវាដោយមិនចាំបាច់ ចំណាយពេលវេលាយូរ។

#11 ក្រៅពីនេះអ្នកក៏អាចយករ៉ឺស័រកង់  ឬម៉ូតូ  មកកែច្នៃធ្វើជាប្រដាប់ថ្ពក់ខោអាវទុកនៅក្នុងទូបានដែរ។  ធ្វើបែបនេះទូខោអាវរបស់អ្នក  នឹងមើលទៅមានលំដាប់លំដោយល្អ  ព្រមទាំងចំណេញកន្លែងទុកដាក់ថែមទៀតផង។ មិនតែប៉ុណ្ណោះ ក៏អាចជួយឱ្យអ្នកងាយស្រួលក្នុងការរកវាយក មកស្លៀកបានយ៉ាងឆាប់រហ័ស និងចំណេញពេលវេលា។

#12 ប្រអប់ដាក់ឯកសារចាស់ៗ កុំទាន់បោះវាចោល   បើអ្នកឈប់ប្រើហើយក៏អាចយកវាមកដាក់ស្បែកជើងបានដែរ។ វាជួយឱ្យអ្នកមិនខ្ជះខ្ជាយពេលវេលា  ដើម្បីរកស្បែកជើង ហើយមើលទៅផ្ទះអ្នក មានសោភ័ណ្ឌភាព និងចំណេញកន្លែងទុកដាក់ទៀតផង។

ឃើញទេត្រឹមតែរបៀបងាយៗប៉ុណ្ណឹងសោះ  អ្នកក៏អាចកែប្រែគេហដ្ឋាន  និងទុកដាក់របស់របរប្រើប្រាស់ ឱ្យមានសណ្តាប់ធ្នាប់ បានយ៉ាងល្អដោយខ្លួនឯង មិនចាំបាច់ចំនាយថវិការច្រើន៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]