(ភ្នំពេញ)៖ ខណៈដែលប្រទេសនៅតំបន់អាស៊ីកំពុងរាលដាល វីរុស Zika ជាពិសេសប្រទេសសិង្ហបុរី បានកើនឡើងដល់១៨១នាក់។ ក្រសួងសុខាភិបាលកម្ពុជាបានអះអាងថា នៅកម្ពុជាចាប់ពីឆ្នាំ២០០៧ រហូតដល់ ២០១០ រកឃើញជំងឺ Zika មានចំនួន៧ករណី សុទ្ធតែជាសះស្បើយ ប៉ុន្តែរហូតដល់បច្ចុប្បន្ននេះវីរុស Zika ពុំរកឃើញករណីនេះទៀតទេ។

ដើម្បីចូលរួមចំណែកជាមួយនឹងក្រសួងសុខាភិបាល អង្គភាពព័ត៌មាន Fresh News សូមលើកយកនូវប្រការគួរយល់ដឹងអំពីជំងឺ Zika ទាំងរោគសញ្ញា ការបង្ការ ព្យាបាល ជូនប្រជាពលរដ្ឋបានជ្រាប ដែលដកស្រង់ចេញពី Facebook ផ្លូវការរបស់មន្ទីរពេទ្យកាល់ម៉ែត។

«ហ្ស៊ីកា» ជាប្រភេទជំងឺឆ្លង ដែលបង្កដោយពពួកវីរុស Zika ហើយភ្នាក់ងារចម្លងជាប្រភេទសត្វមូសខ្លា ដែលដូចគ្នាទៅនឹងជំងឺគ្រុនឈាម។ មានការផ្ទុះឡើងជាថ្មីនៃជំងឺហ្ស៊ីកានេះ នៅក្នុងប្រទេសមួយចំនួន នៅតំបន់អាស៊ាន ដូចជាប្រទេសម៉ាឡេស៊ី និងប្រទេសសិង្ហបុរី។

ក) រោគសញ្ញា៖

ភាគច្រើននៃអ្នកកើតជំងឺនេះ (ប្រហែល ៧០ទៅ ៨០%) ពុំមានស្តែងចេញជារោគសញ្ញាអ្វីទាំងអស់ ប៉ុន្តែរោគសញ្ញាដែលអាចកើតមានដូចជា៖

- ក្តៅខ្លួន

- រោគសញ្ញាលើស្បែក (ដូចជាស្នាមក្រហមអុចលើស្បែក)

- ឈឺសាច់ដុំ និងសន្លាក់ដៃជើង

- ភ្នែកឡើងក្រហម (រលាក Conjonctive ភ្នែក)

- រោគសញ្ញាបន្ទាប់បន្សំៈ

* អស់កម្លាំង

* ឈឺក្បាល

* វិបត្តិផ្លូវរំលាយអាហារ (រាគ ក្អួត)

ខ) ការកំណត់រោគវិនិច្ឆ័យ៖

ចំពោះអ្នកជំងឺដែលមានអាការៈដូចបានរៀបរាប់ខាងលើ គួរអញ្ជើញមកធ្វើការពិគ្រោះជាមួយ គ្រូពេទ្យជំនាញនៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីអាចធ្វើរោគវិនិច្ឆ័យពិតប្រាកដនៃជំងឺនេះ ហើយការធ្វើរោគវិនិច្ឆ័យនោះ ត្រូវបានធ្វើឡើង ដោយការកំណត់រកមេរោគប្រភេទ Zika នេះនៅក្នុងឈាមអ្នកជំងឺ។

គ) ការវិវត្តន៍នៃជំងឺ៖

- អត្រាមរណៈនៃជំងឺនេះមានចំនួនទាបនៅឡើយ

- ភាគច្រើននៃជំងឺនេះ នឹងវិវត្តទៅរកភាពជាសះស្បើយពី ២ថ្ងៃ ទៅ ៧ថ្ងៃ

- យ៉ាងណាក៏ដោយ ជំងឺនេះអាចបង្កផលលំបាកបន្ទាប់ពីមានការឆ្លងដូចជាជំងឺទន់ដៃជើង ដែលបណ្តាលមកពីការប៉ះ ពាល់ប្រព័ន្ធប្រសាទ (Guillain-Barré)

- ចំពោះស្ត្រីមានផ្ទៃពោះអាចប្រឈមនឹងទារកស្លាប់ក្នុងផ្ទៃ ឬទារកកើតមកបាន តែសភាពក្បាលមិនប្រក្រតី ដែលភាគច្រើនកើតឡើងលើស្ត្រីមានផ្ទៃពោះក្នុងកំឡុងត្រីមាសទី១ និងទី២នៃគត៌។

ឃ) ការព្យាបាល៖

មកដល់ពេលបច្ចុប្បន្ននេះ មិនទាន់មានថ្នាំព្យាបាល ក៏ដូចជាវ៉ាក់សាំងប្រឆាំងនឹងជំងឺ ហ្ស៊ីកា នេះនៅឡើយទេ។ ការព្យាបាល គឺធ្វើឡើងដើម្បីកាត់បន្ថយនៅរោគសញ្ញាគ្លីនីករបស់អ្នកជំងឺ។ យ៉ាងណាក៏ដោយថ្នាំប្រភេទ Aspirine មិនត្រូវបានណែនាំ អោយប្រើប្រាស់ឡើយក្នុងករណីដែលយើងមិនទាន់កំណត់រោគវិនិច្ឆ័យច្បាស់លាស់។

ង) វិធីបង្ការ៖

យើងអាចការពារពីការឆ្លងជំងឺនេះដោយៈ

- លុបបំបាត់ជម្រកមូស

- ការពារពីមូសខាំ (ពេលព្រឹក និងពេលព្រលប់):

* គេងក្នុងមុង (ទាំងថ្ងៃ ទាំងយប់)

* ស្លៀកសំលៀកបំពាក់ជិតៗ (មានពណ៌ចាំង)

* ចៀសវាងនៅក្នុងទីងងឺត

* ប្រើផលិតផលការពារមូស (លាបលើស្បែក)

«ស្ត្រីមានផ្ទៃពោះក្នុងកំឡុងត្រីមាសទី១ និងទី២ ត្រូវមានការប្រុងប្រយ័ត្ន និងបង្ការខ្ពស់ ការពារនឹងជំងឺនេះ»៕

ប្រភព៖ Fresh News

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា  ក្រសួងសុខាភិបាល ចេញសេចក្តីប្រកាសព័ត៌មានភ្លាមៗ ឆ្លើយតបនឹងការរីករាលដាល វីរុស Zika នៅតំបន់អាស៊ី។ គួររំលឹកផងដែរថា ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មានភ្លាមៗ ឆ្លើយតបនឹងការរីករាលដាល វីរុស Zika នៅតំបន់អាស៊ី ដូចជា ប្រទេសសឹង្ហបុរីមានករណីនេះ​ កើនដល់ចំនួន១៥១, ប្រទេសឡាវ២ករណី, ប្រទេសវៀតណាម២ករណី, ថៃ៩៧ករណី និងម៉ាឡេស៊ី១ករណី។

ក្រសួងសុខាភិបាល បានអះអាងថា នៅកម្ពុជាចាប់ពីឆ្នាំ២០០៧ រហូតដល់ ២០១០ រកឃើញជំងឺ Zika មានចំនួន៧ករណី សុទ្ធតែជាសះស្បើយ និងពុំរកឃើញមានករណីកុមារមានក្បាលតូច ប៉ុន្តែរហូតដល់បច្ចុប្បន្ននេះវីរុស Zika ពុំរកឃើញករណីនេះទៀតទេ។

ឆ្លើយតបនឹងការរីករាលដាល វីរុស Zika នៅតំបន់អាស៊ីនេះ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានលើកឡើងថា «ការទប់ស្កាត់នឹងការពារ ជំងឺហ្ស៊ីកា (Zika) គឺវាដូចនឹងការពារជំងឺគ្រុនឈាមដែរ ដោយការការពារកុំឲ្យមូលខាំ តាមរយៈការកំចាត់វត្ថុដក់ទឹក ដែលជាជំរកនៃការកកើតសត្វមូល។ ខ្ញុំសូមជំរុញឲ្យថ្នាក់ដឹកនាំមូលដ្ឋា​​ន ប្រជាជននៅក្នុងសហគមន៍​ ក្នុងការកំចាត់ជំរកដង្កូវទឹក ដែលនាំឲ្យមានមូសបង្កជំងឺ ស្លៀកពាក់ខោជើងវែង និងអាវដៃវែង និងសម្រាកក្នុងមុង។ ពេលមានជំងឺដែលមានរោគសញ្ញាដូចរៀបរាប់ខាងលើ សូមអញ្ជើញទៅមណ្ឌសុខភាព ឬមន្ទីរពេទ្យបង្អែកដែលនៅជិតបំផុត»។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]