ជំងឺពុកធ្មេញ គឺជាជំងឺដែលយើងច្រើនជួបប្រទះ ក្នុងប្រអប់មាត់ជាងគេ។ ជំងឺនេះ បង្កឡើងដោយបាក់តេរីដែលធ្វើឲ្យខូចខាត ដល់រចនាសម្ព័ន្ធរបស់ធ្មេញ។ មនុស្សនៅក្នុងវ័យណាក៏ដោយ ឲ្យតែមិនបានធ្វើអនាម័យ និងថែរក្សាសុខភាពមាត់ធ្មេញឲ្យបានល្អ នឹងជួបបញ្ហាពុកធ្មេញនេះ។ កត្តាសំខាន់ 3 យ៉ាងដែលបង្កអោយមានរោគពុកធ្មេញគឺ ធ្មេញ មេរោគ និងចំនីអាហារ។ 

ធ្មេញ៖ ស្ថានភាពធ្មេញ ដែលដុះមកមានលក្ខណៈមិនត្រង់ជួរ បានបង្កលក្ខណៈពិបាកដល់ការដុសសំអាត ហើយងាយនឹងបន្សល់ទុក កំទេចអាហារតោងធ្មេញ។

មេរោគ៖ កង្វះអនាម័យ និងការសំអាតធ្មេញជាប្រចាំ នឹងបង្កើតឲ្យមានបាក់តេរីក្នុងមាត់។

ចំណីអាហារ៖ ការទទួលទានប្រភេទអាហារ ដែលមានជាតិស្ករខ្ពស់ និងម្សៅ បានបន្សល់ទុកនូវ កំទេចអាហារតោងជាប់ធ្មេញ។ កំណកនៃកំទេចអាហារ រួមផ្សំនឹងបាក់តេរីក្នុងមាត់ បង្កើតជាអាស៊ីតម្យ៉ាង ដែលធ្វើឲ្យប៉ះពាល់ធ្មេញ។

តើយើងចាំបាច់ត្រូវព្យាបាលរោគពុកធ្មេញដែរឬទេ? ការព្យាបាលរោគពុកធ្មេញ ជាកត្តាចាំបាច់បំផុត ព្រោះនេះជាដំណាក់កាល ដ៏សំខាន់ក្នុងការព្យាបាលនិងការពារធ្មេញកំណើតកុំឲ្យបាត់បង់។ នៅពេលដែលយើងមិនបានធ្វើការព្យាបាលធ្មេញដែលពុកផុយ ឬប្រហោងពុកធ្មេញ ឲ្យបានទាន់ពេលទេនោះ វានឹងបន្តរាលដាលដល់សរសៃប្រសាទនៃធ្មេញ ឬរន្ធឬសធ្មេញ ដែលនឹងបង្កឲ្យមានការឈឺចាប់។

ចុះចំពោះធ្មេញទារក(ធ្មេញទឹកដោះឬធ្មេញព្រៃ)វិញ តើយើងគួរព្យាបាលឬទេ? ក្នុងករណីដែលធ្មេញព្រៃរបស់ទារក មានការពុកផុយមុនអាយុ ដែលវាត្រូវបាក់ យើងត្រូវផ្តល់ការព្យាបាល ដើម្បីឲ្យធ្មេញព្រៃនោះ មានសុខភាពល្អឡើងវិញ។ មូលហេតុដែលយើងត្រូវធ្វើបែបនេះ ព្រោះថានៅពេលធ្មេញព្រៃ របស់ទារកបាក់អស់មុនអាយុកំណត់ វាធ្វើឲ្យប៉ះពាល់ដល់ការដុះធ្មេញស្រុក ដោយសារទីតាំងធ្មេញនិងអញ្ចាញមានការប្រែប្រួលពេលដែលធ្មេញព្រៃឆាប់បាក់។ 

រូបភាព មុន និងក្រោយ

ដើម្បីបង្ការកុំឲ្យមានរោគពុកធ្មេញ យើងត្រូវធ្វើអនាម័យមាត់ធ្មេញ ឲ្យបានជាប្រចាំដោយដុះសំអាតធ្មេញជាមួយថ្នាំដុះធ្មេញ ដែលមានជាតិហ្ល្វុយអូរ៉ាយយ៉ាងតិច 2 ដងក្នុងមួយថ្ងៃ និងប្រើប្រាស់អំបោះទាក់ធ្មេញ ដើម្បីទាក់យកកំទេចកំទីនៅចន្លោះធ្មេញ។ កាត់បន្ថយការបរិភោគអាហារ ដែលមានជាតិស្ករច្រើន ពិសេសជាតិកាបូអីដ្រាតដែលជាសារជាតិនាំមុខគេ ក្នុងការបង្ករោគពុកធ្មេញ។ កាត់បន្ថយការទទួលទានភេសជ្ជៈទឹកក្រូច និងភេសជ្ជៈប៉ូវកំលាំង ដែលសំបូរទៅដោយជាតិស្ករ។ បញ្ឈប់ការជក់បារី និងការចុកថ្នាំជក់ដែលធ្វើអោយប៉ះពាល់ខ្លាំង ដល់ជាលិការជុំវិញធ្មេញ។ ជាពិសេសជារៀងរាល់ 6ខែ ត្រូវមកធ្វើការពិនិត្យ ជាមួយទន្តបណ្ឌិតឲ្យបានជាប្រចាំ៕

រៀបរៀងដោយ៖ ទន្តបណ្ឌិត សុខ សុភ័ណ្ឌ

ទន្តបណ្ឌិតនៃមន្ទីរព្យាបាលធ្មេញបស្ចិមសាខាសៀមរាប 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]