ពិភពលោកមួយនេះ សម្បូរទៅដោយរឿងមិនគួរឲ្យជឿ និងអព្ភូតហេតុជាច្រើនផ្សេងៗគ្នា។ ជាក់ស្តែង មិនមាននរណាម្នាក់ ដែលអាចទាយដឹង ឬទាយទុកជាមុន បានថាខ្លួន នឹងកើតមានរឿង ឬបញ្ហាអ្វីឡើយ។ រឿងខ្លះក៏ជារឿងល្អ រីឯរឿងខ្លះទៀត ក៏ជារឿងអាក្រក់ បើគិតតាមជោគ តាមវាសនារបស់ខ្លួន។
ប៉ុន្តែផ្ទុយទៅវិញ មានមនុស្សមិនតិចទេ ដែលប្រកាន់ខ្ជាប់ជំនឿជាច្រើន រួមមានដូចជា សូត្រមន្តស្រោចទឹក រំដោះគ្រោះ សែនសំណែន ទស្សន៍ទាយ និងមន្តគារថាដទៃផ្សេងទៀត ដើម្បីមានគោលបំណងលើករាសី បញ្ជៀសអស់ទុក្ខ អស់ចង្រៃ ឬសំណាងអាក្រក់ ដែលចង់ចូលមកយាយី ដូចតាមពាក្យចាស់លោកពោលថា “អាគម ផ្សំអាយុ” យ៉ាងដូច្នោះដែរ។
ទន្ទឹមនឹងនោះដែរ មានមនុស្សជាច្រើន មានជំនឿជឿលើការទស្សន៍ទាយ ជាខ្លាំង។ អ្នករកស៊ី អ្នកធ្វើការ អ្នកតូច អ្នកធំ មួយចំនួន សុទ្ធតែមានជំនឿ ពាក់ព័ន្ធនឹងការទស្សន៍ទាយនេះ។ សូម្បីតែយុវវ័យ ភាគច្រើន ដែលស្រលាញ់គ្នា ឬត្រូវរៀបការជាមួយគ្នា ក៏បែរជាមានទម្លាប់ត្រូវទៅធ្វើការទស្សន៍ទាយ ពីសំណាក់គ្រូទាយ ជាមុនសិនដែរ។ ពួកគេប្រាកដជាជឿថា គ្រូទាយ អាចមើលឃើញពីអនាគត អាចដឹងថាមានសំណាងល្អ ឬសំណាងអាក្រក់បាន ដើម្បីការពារអ្នករាល់គ្នា ឲ្យចៀសពីគ្រោះចង្រៃផ្សេងៗ បានទាន់ពេល ទាន់វេលា។ បើតាមស្តាប់មើលទៅ តើអ្នកគិតថាការទស្សន៍ទាយ ពីបណ្តាគ្រូទាយ ពិតជាស័ក្តិសិទ្ធិពិតមែនឬ?

មកជួបជាមួយនឹង ស្រ្តីមេផ្ទះម្នាក់ មានវ័យខ្ទង់ ៥០ ឆ្នាំដែលមានឈ្មោះថា “ដាឡែន” គាត់បានរៀបរាប់មកកាន់ក្រុមការងារ Khmerload ឲ្យដឹងថា ៖ “បើនិយាយពីរឿងគ្រូទាយ យើងជឿខ្លះ ហើយក៏អត់ខ្លះទៅ ដូចដែលចាស់ៗគេថា អាគម ផ្សំអាយូសចឹងអែង។ ជួនពេលខ្លះ ត្រូវ ជួនពេលខ្លះ ក៏មិនត្រូវដែរ ការទស្សន៍ទាយហ្នឹងនោះ។ បើតាមយល់ឋ និយាយទៅ នេះអាចបណ្តាលមកពីនិស្ស័យ របស់មនុស្សយើង។ ឧទាហរណ៍ថា អ្នកទៅទាយ គាត់មាននិស្ស័យជាមួយ នឹងគ្រូទាយណាម្នាក់ ចឹងមើលទស្សន៍ទាយគ្នា ដោយសារហាក់ដូចជាមាននិស្ស័យពីមុន បែបនេះ គ្រូទាយហ្នឹង ក៏ហាក់ដូចជាដឹងថា ក្នុងចិត្តអ្នកមកទាយនោះគិតអីខ្លះៗចឹងទៅ។ បើគ្មាននិស្ស័យជាមួយគ្នាទេនោះ ឃើញគ្នាអាចនឹងមិនមានការចាប់អារម្មណ៍ អាចនិយាយបានថា មិនដឹងចិត្តគ្នា ទាយក៏ប្រហែលជាមិនត្រូវអីដែរ។ បើនិយាយពីក្មេងៗឥលូវ ទៅទាយគ្រូមុនការអីហ្នឹង គឺគ្មានអីគួរឲ្យជឿទេ។ ឧទាហរណ៍ ដូចជាខ្លួនឯងស្រាប់ កាលពីមុនការ គ្រូទាយថាល្អ រហូតការរួច បែរជារកាំរកូស រហូតទាល់តែបែកបាក់គ្នា។ ហើយក៏មានអ្នកខ្លះ ម៉ែឪអី ថាយកគ្នាមិនបានទេ រហូតនាំគ្នារត់ ទៅរកស៊ីមានកប់ពពកក៏មាន។ តាមការពិត ជួនកាលវាបណ្តាលមកពីអារម្មណ៍យើងដែរ។ ឧទាហរណ៍ថា យើងឈឺចឹង យើងគិតថាមកពីខុសកុងម៉ា ឬជំនាងផ្ទះ ហើយយើងផ្តេកផ្តួលអារម្មណ៍ទៅតាមជំនឿហ្នឹងពេក ទាំងដែលគ្មានឈឺអីសោះក៏មាន។ និយាយរួមទៅ យើងគួរជឿ ៥០% មិនជឿ ៥០% ទៅបានហើយ ពីព្រោះការទស្សន៍ទាយ មិនមែនសុទ្ធតែត្រូវទាំងអស់នោះទេ។”

ទន្ទឹមនឹងនោះដែរ ក្រុមការងារយើងបានធ្វើការសាកសួរគរុនិស្សិតម្នាក់ឈ្មោះ “ដួងចិត្ត” បន្ថែមទៀតផង ដោយលោកបានលើកឡើងថា ៖ “បើនិយាយទៅ គឺខ្ញុំជឿខ្លះដែរ ប៉ុន្តែមិនទន់ទោរ ទៅតាមខ្លាំងពេកទេ។ អាចនិយាយបានថា វាជាអ្វីម៉្យាង ដែលជួយឲ្យស្មារតីរបស់យើង មានភាពនឹងនរ ដូចជាពេលណា យើងមានបញ្ហាណាមួយ យើងទៅរកគ្រូទាយ ដើម្បីអាចឲ្យគាត់ទស្សន៍ទាយមើលថាតើ ខុសអី ខុសអី តាមហ្នឹងអ៊ីចឹងទៅ។ តែទន្ទឹមនឹងការទទួលបាន feedback ពីគាត់ ខ្ញុំក៏ពិចារណាដែរ មានន័យខ្ញុំគឺស្ថិតនៅចន្លោះកណ្តាល។ សម្រាប់ខ្ញុំ ខ្ញុំមិនដែលទៅរកគ្រូទាយអីទេ បើម៉ាក់ទើបគាត់ធ្លាប់ទៅមើលរឿងការងារ ប្រកបរបរ របស់គាត់ ហើយគាត់ក៏ឲ្យគ្រូ ទស្សន៍ទាយមើលថាយើងម៉េច ឧទាហរណ៍ពីការប្រលងរបស់ខ្ញុំចឹង គាត់បានទស្សន៍ទាយថា “ជាប់” ។ ធម្មតាទេ អ្នកណាក៏ទៅទាយសាកដែរ ព្រោះវាក៏មិនចំណាយច្រើនអីទេ យ៉ាងច្រើនថា ៥០០០៛ ទៅចុះ។ ទោះបីជាការទស្សន៍ទាយ នឹងវាមិនសូវជាល្អ ក៏យើងអាចយកមកគិត និងដឹងមុនខ្លះដែរ។ និយាយរួមទៅ វាដូចជាជួយពង្រឹងយើង មិនឲ្យមានការភិតភ័យ គិតតែពីលទ្ធផលល្អ។”
គរុនិស្សិតវ័យ ២៣ ឆ្នាំរូបនេះ បានបន្តទៀតថា ៖ “ជូនខ្លះ គាត់ទាយថា ឲ្យយើងប្រយ័ត្ននៅពេលមានអាយុគត់ៗឆ្នាំ។ ដូចជាកាលខ្ញុំអាយុ ២០ ឆ្នាំ ម៉ាក់បាននាំខ្ញុំទៅទាយ គ្រូទាយឲ្យខ្ញុំត្រូវចេះប្រយ័ត្នប្រយែង គួរតែសូត្រមន្តរំដោះគ្រោះ កុំដើរទៅណាពេលយប់ព្រលប់ពេក ព្រោះអាចមានគ្រោះថ្នាក់។ ពេលខ្លះគាត់និយាយយ៉ាងច្បាស់ថា មុនចូលឆ្នាំ យើងប្រាកដជាមានគ្រោះថ្នាក់ចឹងយើងត្រូវតែសូត្រមន្តអីចេញ។ នៅត្រង់ចំណុចនេះ ខ្ញុំជឿដែរ ពីព្រោះវាពាក់ព័ន្ធនឹងអាយុជីវិត ហើយណាមួយការស្រោចទឹក ក៏មិនជាចំណាយច្រើនណាស់ណាដែរ។ និយាយទៅ យើងកុំបំពាន ទោះជាយើងជឿ ឬមិនជឿក៏ដោយ។ បើយើងជឿ យើងក៏ស្តាប់តាមទៅ បើមិនជឿទេ ក៏ស្រេចតែយើងទៅ យើងមិនចាំបាច់ទៅថា គំនិតដែលគេទាយមកយើងហ្នឹង វាមិនពិត ឬមិនល្អ អ៊ីចេះអ៊ីចុះនោះទេ។ ក្នុងករណី ដែលគ្រូទាយថា មានលទ្ធផលអាក្រក់ ឬឧទាហរណ៍ថាប្រលងធ្លាក់អីចឹងនោះ យើងប្រាកដជាខ្លាចពាក្យគាត់ថាធ្លាក់មែន ចឹងយើងក៏អាចចាប់ផ្តើមប្រឹងរៀន យើងក៏អាចចាប់ផ្តើមមើលសៀវភៅ ហើយប្រសិនជាលទ្ធផលយើង ប្រលងចេញមកជាប់ យើងក៏មិនអាចថាគ្រូទាយ គាត់ទាយខុសដែរ ជាពិសេស កុំទៅមើលងាយគាត់។ បើដូចអ្នកខ្លះ គេជឿថាទោះខំ ក៏មិនជាប់ នោះគឺមានតែអ្នកដែលទន់ទោរទៅរក ជំនឿដែលឥតហេតុផល។ សម្រាប់អ្នកមិនបានទទួលការសិក្សា អ្នកដែលមិនចេះស្វែងយល់ មិនចេះវិភាគ គាត់ប្រាកដជាគិតថាសំដី គ្រូទាយគឺសុទ្ធតែពិត ប៉ុន្តែបើសម្រាប់អ្នកដែលនៅទីក្រុង អ្នកដែលទទួលបានការសិក្សា គាត់ប្រាកដជាយល់ជាក់ជាមិនខាន។ សរុបមកទោះទៅដល់ទីណា ឋានៈតូច ឬធំប៉ុណ្ណាក៏ដោយ ក៏យើងមិនអាចកាត់ផ្តាច់ពីជំនឿបានដែរ ហាក់ដូចជាសិល្បៈជីវិតមួយយ៉ាងអ៊ីចឹង ហេតុនេះ យើងជឿ ប៉ុន្តែសូមកុំទោរទន់។”

សរុបមក ថ្វីបើមនុស្សតែងមានជំនឿ និងការគិតខុសៗគ្នា លើការទស្សន៍ទាយ របស់គ្រូទាយក្តី ក៏យើងម្នាក់ៗមិនគួរមានទំនោរទៅលើ សម្តីគ្រូទាយ ងប់ងល់ជ្រុលហួសពេកដែរ។ ជាពិសេស ត្រូវមានការគិតពិចារណា ឲ្យបានល្អិតល្អន់មុននឹងប្រតិបត្តិតាមផងដែរ ដើម្បីចៀសវាងការខាតបង់ផ្សេងៗ មិនថាជាពេលវេលា ឬជាលុយកាក់ឡើយ៕
ចុះប្រិយមិត្តវិញ យល់យ៉ាងណា ចំពោះជំនឿទស្សន៍ទាយនេះ?
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]