អ៊ុយក្រែន៖ នេះបើតាមសារព័ត៌មាន មីរ័រ បានចុះផ្សាយថ្ងៃទី៣០ មីនា ឆ្នាំ២០១៧ មុននេះថា ហេតុការណ៍ដ៏គួរឲ្យរន្ធត់មួយបានកើតឡើង ធ្វើឲ្យទស្សនិកជនជាច្រើន មានការភ្ញាក់ផ្អើល និងតក់ស្លុតគ្រប់ៗគ្នា បន្ទាប់ពីគ្រូបង្ហាត់សៀកម្នាក់ សម្តែងខុសបច្ចេកទេស ត្រូវសត្វតោហក់សង្រ្គុបពីលើទាំងកម្រោល។
លោក Oleksiy Pinko ជាអ្នកសម្តែងសៀក ត្រូវបានទទួលរងការវាយប្រហារ បន្ទាប់ពីមានសត្វតោ២ក្បាល បានហក់សង្គ្រប់លើគាត់ ចាប់ហែកខាំទាំងកម្រោល ក្នុងកំឡុងពេលសម្តែងមួយ នៅចំពោះមុខអ្នកទស្សនាជាច្រើន ខណៈពេលកំពុងតែថតផ្សាយផ្ទាល់។
តាមរយៈវីដេអូឃ្លីប គេឃើញថា ដំបូងឡើយមានសត្វតោជាច្រើនក្បាល បានដើរក្រវែលៗជុំវិញគាត់។ រំពេចនោះស្រាប់តែមាន សត្វតោធំមួយក្បាល លោតមកហក់បុកសង្គ្រប់លើគាត់ បណ្តាលឲ្យដួលតែម្តង។
ភ្លាមៗនោះដែរ ក្រុមការងារសម្តែងរបស់គាត់ ក៏បានព្យាយាមចូលជួយ ដោយយករំពាត់ (ខ្សែតី) វាយទៅលើវា ខណៈមានក្រុមការងារផ្សេងទៀត បានទាញទុយោបាញ់ទឹក ដើម្បីបណ្តេញហ្វូងសត្វតោ ទាំងអស់នោះចេញផងដែរ។ ក្រោយមក លោក Oleksiy ក៏បានងើបឈរឡើងវិញ ហើយកាន់រំពាត់វាយ ទៅលើសត្វតោនោះផងដែរ។
សកម្មភាពនៅតែមិនទាន់បញ្ចប់ សត្វតោទាំងអស់ទំនងជាកាន់តែខឹងខ្លាំង ហើយពួកវាក៏នាំគ្នាសម្រុកហក់សង្គ្រប់ ចាប់ហែកគ្រូសៀកម្តងទៀត បោកទៅនឹងជញ្ជាំងសំណាញ់។ ភ្លាមៗនោះ លោក Oleksiv ក៏ត្រូវបានក្រុមការងាររបស់គាត់ ចូលជួយសង្គ្រោះទៀតផងដែរ។
គួរឲ្យដឹងដែរថា ហេតុការណ៍រន្ធត់នេះ បានកើតឡើង ក្នុងទីក្រុង Lviv ភាគខាងលិចប្រទេសអ៊ុនក្រែន។ ក្រោយកើតហេតុ គ្រូបង្ហាត់សៀកខាងលើនេះ ត្រូវបញ្ជូនទៅវះកាត់សង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យផងដែរ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ពុំទាន់មានប្រភពរាយការណ៍ណាមួយ បង្ហើបឲ្យដឹងពីស្ថានភាព លោក Oleksiv រងរបួសត្រង់ផ្នែកណាមួយលើរាងកាយរបស់គាត់ឡើយ ៕
ទស្សនាវីដេអូខាងក្រោម៖


ប្រភព៖ បរទេស
ដោយឡែក ព័ត៌មានចាប់អារម្មណ៍មួួយផ្សេងទៀត៖
ចិន៖ កាលពីថ្ងៃសៅរ៍សប្តាហ៍មុន លោក Chen Jingyang វ័យ២៨ឆ្នាំ និងកូនក្រមុំជនជាតិរុស្ស៊ី នាង Sophia វ័យ២២ឆ្នាំ បានរៀបចំពិធីមង្គលការដ៏សាមញ្ញាមួយ ជួបជុំញ៉ាំអាហារជាមួយមិត្តភក្តិនិងក្រុមគ្រួសារ នៅឯសណ្ឋាគារមួយ ក្នុងទីក្រុង Heihe ខេត្ត Heilongjiang ប្រទេសចិន។
បើតាមប្រភពព័ត៌មានបានឲ្យដឹងថា Sophia បានធ្វើដំណើរមកប្រទេសចិន រស់នៅទីប្រជុំជនមួយក្បែរទីក្រុង Heihe អស់រយៈពេល៥ឆ្នាំកន្លងមកហើយ ដើម្បីរៀនភាសាចិន។ ក្នុងកំឡុងពេលដែលនាងសិក្សាថ្នាក់មហាវិទ្យាល័យ នាងទទួលបានការកោតសរសើរយ៉ាងខ្លាំងលើវប្បធម៌ចិន ដែលនាងប្រតិបត្តិបានយ៉ាងខ្ជាប់ខ្ជួន និងការរៀននិយាយភាសាចិន (ចិនកុកងឺ) បានយ៉ាងស្ទាត់ជំនាញ។ ក្រោយពីបញ្ចប់ការសិក្សា ដោយសារតែទឹកចិត្តស្រលាញ់ នាងក៏បានចាប់ផ្តើមធ្វើការងារ នៅក្រុមហ៊ុនមួយក្នុងទីក្រុង ជាជាងត្រលប់ទៅស្រុកកំណើត របស់នាងនៅឯប្រទេសរុស្ស៊ី។
ពេលវេលាកាន់តែដើរទៅមុខ រហូតដល់ពាក់កណ្តាលឆ្នាំ២០១៦កន្លងទៅ លោក Chen ដែលជាកម្មករធ្វើការនៅអណ្តូងរ៉ែមួយកន្លែង បានស្គាល់ Sophia តាមរយៈមិត្តភក្តិរបស់គាត់ម្នាក់ ហើយដោយសារតែចាប់ចិត្តប្រតិព័ទ្ធផងនោះ Chen ក៏បានស្នើសុំ Sophia ទាក់ទងគ្នាតាមរយៈបណ្តាញសង្គម WeChat ជជែកពិភាក្សារឿងការងារ ក៏ដូចជារឿងរ៉ាវផ្សេងៗទៀតផងដែរ។
ជារៀងរាល់ថ្ងៃរាល់ពេលដែលលោក Chen ធ្វើការងាររួចរាល់ គាត់តែងតែចំណាយពេលវេលាជាច្រើន ដើម្បីជជែកលេង (Chatting) ជាមួយនឹង Sophia តាមរយៈបណ្តាញសង្គម។ ដោយសារតែការជឿទុកចិត្តលោក Chen តែងឧស្សាហ៍ឲ្យមិត្តភក្តិ និងគ្រួសារគាត់យកផ្កាទៅជូន Sophia ជារឿយៗ នោះក៏ព្រោះតែលោក Chen មិនបានរស់នៅទីប្រជុំជនដូច Sophia ឡើយ។
មិនយូរប៉ុន្មាន រហូតមានថ្ងៃមួយ លោក Chen ក៏បានឆាតសុំ Sophia ណាត់ជួបគ្នានៅខាងក្រៅ ហើយក៏ជាពេលវេលាមួយ ដែលចំណងស្នេហ៍របស់ពួកគេ កាន់តែចុះសម្រុងជាមួយគ្នាទ្វេដងផងដែរ។
Sophia និយាយថា នោះគឺជាពន្លកក្តីស្នេហ៍ដំបូងសម្រាប់នាង។ ក្រោយពីណាត់ជួបគ្នាបានមួយសប្តាហ៍មក នាងក៏បានសុំច្បាប់ពីការងារ ដើម្បីទៅជួបលោក Chen នៅឯអណ្តូងរ៉ែ។ រហូតដល់ទីបំផុត នាងក៏បានសម្រេចចិត្តសុំឈប់ពីការងារតែម្តង ដើម្បីបន្តទំនាក់ទំនងជាមួយនឹងលោក Chen យ៉ាងស្អិតរមួត។
រយៈពេលជាង២ខែ ដែលនាងបានរស់នៅក្នុងផ្ទះ មិនសមរម្យក្នុងអណ្តូងរ៉ែ សូម្បីតែបន្ទប់ទឹកក៏នៅខាងក្រៅផ្ទះ ងូតទឹកក៏នៅខាងក្រៅផ្ទះ កង្កែប កណ្តុររត់ឆ្វេចឆ្វាចពេញទី ប៉ុន្តែទោះបីជាយ៉ាងណាក្តី Sophia និយាយថា ការរស់នៅក្នុងស្ថានភាពលំបាកបែបនេះ ក្នុងជីវិតរបស់នាង គឺវាពិតជាមានសេចក្តីសុខណាស់។
កន្លងបានកន្លះឆ្នាំក្រោយមក លោក Chen ក៏បានសុំនាងរៀបការ រីឯ Sophia ក៏ទទួលយកព្រមតាមសំណើ ពីមនុស្សជាទីស្រលាញ់របស់នាងផងដែរ។ ថ្វីត្បិតតែពួកគេទាំងពីរ គ្មានផ្ទះសំបែង គ្មានឡាន និងគ្មានលុយសន្សំក្រាស់ក្រែលដូចគេ តែ Sophia បានថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកឲ្យដឹងថា «ខ្ញុំជឿជាក់ថា ការស្រលាញ់គឺពិតជាសំខាន់ជាងអ្វីៗទាំងអស់។ ពួកយើងទាំងពីរខំធ្វើការងារលំបាកមែនពិត ប៉ុន្តែខ្ញុំជឿជាក់ថា នៅថ្ងៃណាមួយពួកយើងនឹងអាច មានលទ្ធភាពទិញផ្ទះ និងឡានបានដោយខ្លួនឯង» ។
គួរឲ្យដឹងដែរថា ក្រោយពីអ្នកទាំងពីរបានរៀបអាពាហ៍ពិពាហ៍រួច លោក Chen ក៏បានសម្រេចចិត្តលាឈប់ការងារ ពីកន្លែងអណ្តូងរ៉ែផងដែរ។ ហើយនៅក្នុងខែមេសាខាងមុខនេះ គូស្នេហ៍មួយគូនេះ ក៏នឹងមានគម្រោង ធ្វើដំណើរទៅប្រទេសរុស្ស៊ី ដែលជាផ្ទះរបស់ Sophia ដើម្បីរៀបចំពិធីមង្គលការ ជាផ្លូវការមួយសម្រាប់ពួកគេទាំងពីរផងដែរ។ នៅថ្ងៃអនាគត ពួកគេនិយាយថា ពួកគេក៏នឹងមានគម្រោង បើកអាជីវកម្មរកស៊ីក្នុងប្រទេសរុស្ស៊ី និងឧស្សាហ៍ធ្វើដំណើរទៅមក (មកលេង) រវាងផ្ទះរបស់ពួកគេទាំងពីរ (ចិន និង រុស្ស៊ី) ផងដែរ ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]