ទង់ក្រពើ គឺទង់មួយដែលបានធ្វើឡើងពីក្រណាត់ស ដែលរចនា ឬកាត់ចេញជារូបរាងសត្វក្រពើ។
រាល់ពេលមានពិធីបុណ្យសពម្តងៗ អ្នកតែងសង្កេតឃើញទេថា ហេតុអ្វីបានជាមានទង់ក្រពើធ្វើពីក្រណាត់ស.ដោតនៅពីមុខរោង ឬនៅពីមុខផ្ទះអ្នកស្លាប់?
ជាការពិតមនុស្សភាគច្រើនតែគិតថា ឱ្យតែពេលឃើញរូបទង់ក្រពើនេះនៅមុខផ្ទះគឺតំណាងថាផ្ទះនោះមានមនុស្សស្លាប់ហើយ។ ស្របជាមួយគ្នានេះក្រុមការងារខ្មែរឡូតយើងក៏បានធ្វើការសាកសួរអ៊ុំស្រីម្នាក់ឈ្មោះ សុខ ដែលមានអាយុ៥៨ឆ្នាំ គាត់បានឱ្យយើងដឹងថា៖
«កាលពីដើមនៅលើផែនដីយើងមានសុទ្ធតែទឹក ទើបនាងគង្ហីងដែលរស់នៅក្រោម បាតសមុទ្របានផុសចេញមកទឹកដោយជិះក្រពើមួយក្បាលឱ្យផុតពីរលក ហើយគ្រវីសក់ស្រូបយកទឹកចេញបង្កើតបានជាដី ដែលអាចឱ្យមនុស្សអាចរស់នៅបាន។
ចាប់តាំងពីពេលនោះមក «នាងគង្ហីង-ក្រពើ» ក៏ត្រូវបានគេចាត់ទុកជាព្រះដ៏មានមហិទ្ធិរិទ្ធ និងទទួលបានការគោរពរហូតមក។ ក្រោយមកគេក៏បានកសាងជារូបសំណាក់ឡើង ហើយមិនដែលបំបែកចេញពីគ្នានោះទេ ដោយខ្មែរយើងមានជំនឿថានាងគង្ហីងជាតំណាងព្រះធរណី និងក្រពើជាតំណាងទឹក ហើយចាត់ទុកថានាងគង្ហីងជា «មេ» ឯសត្វក្រពើជា «បា»តំណាងដល់ការបង្កើតទឹកដីពោរពេញទៅដោយភាពត្រជាក់ត្រជុំ។
ហេតុដូច្នេះនៅពេលមានមនុស្សស្លាប់ហើយ តែងដោតទង់ក្រពើនោះគឺចង់បង្ហាញថាព្រលឹងអ្នកស្លាប់នឹងបានចេញទៅតាមទង់នេះហើយ គឺទៅតាម «បា» របស់គេដែលជាសត្វក្រពើ និងជាសត្វតំណាងឱ្យធាតុទឹក ក៏ដូចជាភាពត្រជាក់ត្រជុំផងដែរ។
ប៉ុន្តែបច្ចុប្បន្នមិនសូវមានអ្នកចាប់អារម្មណ៍ប៉ុន្មានទេ គឺត្រឹមដឹងបន្តៗគ្នាថា ទង់ក្រពើ ជាសញ្ញាបង្ហាញថាមានមនុស្សស្លាប់ប៉ុណ្ណោះ»។


ក្រៅពីនេះអ៊ុំស្រីក៏បានឱ្យយើងដឹងទៀតថា «ក៏មានរឿងមួយទៀត ដែលចាស់ៗ តែងនិយាយតៗគ្នា គឺ កាលពីសម័យព្រះពុទ្ធ មានក្រពើមួយគូ ញីមួយ និងឈ្មោលមួយ មានចិត្តជ្រះថ្លាចង់ចូលបួស ជាសាវកនៅក្នុងសាសនា ប៉ុន្តែព្រះពុទ្ធទ្រង់ត្រាស់ថា «ជាតិសត្វតិរច្ឆានមិនអាចបួសចូលខ្លួនក្នុងសាសនា បានឡើយ»។
ដោយមិនសម្រេចបំណងនេះ ទើបសត្វក្រពើទាំងពីរសំណូមពរទៅព្រះពុទ្ធថា ពេលខ្លួនទាំងពីរស្លាប់ទៅ សូមឱ្យបកយកសាច់ដោតទុកនៅលើផ្លូវដែលព្រះអង្គយាងទៅ។
ទម្លាប់នេះ ក៏ចេះតែកើតមានឡើងបន្តៗគ្នារហូតមកគឺ ឱ្យតែមានក្រពើស្លាប់គេតែងព្រលះយកស្បែកមកដោតទុកនៅមុខព្រះពុទ្ធជានិច្ច ឬដោតនៅក្នុងពិធីបុណ្យណាមួយដើម្បីរំលឹកទៅដល់ក្រពើប្តីប្រពន្ធទាំងពីរនេះ ដែលស្ម័គ្រចិត្តបូជាសាសនាព្រះពុទ្ធ។
ក្រោយមកដោយសារតែស្បែកក្រពើទាំងនោះ ពុកផុយអស់ទៅគេក៏ក្រណាត់មកធ្វើជារូបតំណាងសត្វក្រពើជំនួសវិញ។ ដូច្នេះទើបមានបុណ្យសាសនាម្តងៗយើងឃើញមានទង់ក្រពើនេះជាប់ជាហូរហែ»។
ចំណែកឯ មូលហេតុមួយទៀត គឺមកពី កាលពីមុន ក្នុងរាជស្តេចខ្មែរអង្គច័ន្ទទី២ ទ្រង់មានបុត្រីស្រស់ស្អាតមួយអង្គព្រះនាមក្រពុំឈូក។ លុះដល់អាយុ១៦ឆ្នាំ ក៏ត្រូវបានក្រពើឈ្មោលមួយក្បាលឈ្មោះអាធនលេបទាំងរស់។ ពេលនោះព្រះរាជាក៏បានប្រកាសរកអ្នកខ្លាំងពូកែដើម្បីចាប់ក្រពើនេះ។
គ្រានោះដោយការស្វែងរកពីអ្នកខ្លាំងពូកែ ក្រពើអាធនក៏ត្រូវចាប់បានដោយការផ្សងរកតាមការបណ្តែតកន្ទោងខៀវ រយៈពេល៧ថ្ងៃនៅក្នុងទឹកដីខេត្តក្រចេះ។ បន្ទាប់មកព្រះមាតាព្រះនាង ក៏បានបញ្ជាឱ្យគេសម្លាប់វះពោះក្រពើអាធនយកសពនាងក្រពុំឈូកចេញមក ហើយបានសាងសង់ព្រះវិហារដែលមានសរសរ១០០ (វត្តសរសរ១០០សព្វថ្ងៃ) និងបញ្ជាឱ្យគេសម្លាប់ស្រ្តីមានផ្ទៃពោះ២០នាក់ យកទៅធ្វើជាគ្រឹះសង់វិហារ និងបានសង់ចេតីយ៍នាងក្រពុំឈូកឡើងផងដែរ ដោយបានវះយកស្បែកក្រពើអាធនមកដោតឆ្កាងពីមុខចេតីយ៍។
លុះស្បែកក្រពើអាធនពុកផុយតាមអាកាសធាតុអស់ទៅ គេក៏បានយកក្រណាត់ស.មកកាត់ជារូបក្រពើតំណាងវិញ។ ហេតុនេះបានជាចេះតែមានទង់ក្រពើនៅមុខចេតីយ៍តៗមក»។
ក្នុងនោះដែរ អ៊ុំស្រី ក៏បានបន្តថា «តាមការពិតទៅ បងប្អូនខ្មែរ នាំគ្នា ដោតទង់ក្រពើ នៅមុខផ្ទះ រាល់មានមនុស្សស្លាប់ វាមានហេតុផលច្រើនណាស់ ដោយយោងតាម ជំនឿផ្សេងៗគ្នា ហើយក៏មានអ្នកខ្លះ បានគិតថា ការដាក់ជា ទង់រាងក្រពើបែបនេះ តំណាងឲ្យមនុស្ស ព្រោះមើលយូរទៅៗ គឺដូចជារូបរាងកាយ របស់មនុស្សដែរ មានដៃជើងវែងៗ»៕
ចុះចំណែកប្រិយមិត្តវិញ យល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]