រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​បាន​ចុះ​ចេញពីផ្ទះ​ចោល​ប្តី​ជិត​២​ខែ​ទៅ​រួមរស់​ជាមួយ​សហាយស្មន់ ត្រូវ​ប្តី​តាម​រក​ឃើញ ប្តឹង​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​ឃាត់ខ្លួន​ប្រុស​ជា​សហាយស្មន់ និង​ប្រពន្ធ យក​ទៅ​សួរនាំ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​០៧​យប់ ថ្ងៃ​ទី​០៩ ខែកក្កដា ឆ្នាំ​២០១៧ នៅ​បន្ទប់​ជួល ភូមិ​ត្រពាំង​ល្វា សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

បុរស​ជា​ប្តី​មានឈ្មោះ អ៊ូច បុប្ផា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្នាក់​នៅ​ភូមិ​ទួល​ពង្រ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ចំណែក​ប្រពន្ធ​មានឈ្មោះ កែវ ស្រី​ណ​ង អាយុ​៣៨​ឆ្នាំ មុខរបរ​នៅផ្ទះ ស្នាក់​នៅ​ភូមិ​ត្រពាំង​ល្វា សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ដោយឡែក​បុរស​ដែល​ត្រូវ​គេ​ចោទប្រកាន់​ថា​ជា សហាយស្មន់ មានឈ្មោះ ចាន់ សុ​ភ័​ក្ត ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មុខរបរ​សន្តិសុខ ស្នាក់​នៅ​ភូមិ​គោក​ចំបក់ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

តាម​ប្រភព​ព័ត៌មាន​ពី​បុរស​ជា​ប្តី​បាន​រៀបរាប់​ប្រាប់​ថា រូប​គាត់​បាន​រៀប​ការ​ជាមួយ​ប្រពន្ធ​ជិត​២​ឆ្នាំ​មក​ហើយ ពុំ​មានកូន​នៅឡើយ​ទេ តែ​ប្រពន្ធ​ជា​ស្ត្រី​មេម៉ាយ​មានកូន​ស្រី​ម្នាក់​អាយុ​១៦​ឆ្នាំ ។ ការ​រស់នៅ​ជាមួយ​គ្នា​គាត់​ចូល​ចិត្ត​ផឹកស្រា ចំណែក​ប្រពន្ធ​ក៏​ចូល​ចិត្ត​ផឹកស្រា និង​លេងល្បែង​ទៀត​ផង ។ ប្រមាណ​ជិត​២​ខែ​កន្លង​មកនេះ ស្ត្រី​ជា​ប្រពន្ធ​បាន​ចុះ​ចេញពី​បន្ទប់​ជួល ធ្វើ​ឲ្យ​រូប​គាត់​ដើរ​រក​គ្រប់​ទីកន្លែង តែ​រក​មិនឃើញ និង​បាន​ទូរស័ព្ទ​ទំនាក់ទំនង​គ្នា ត្រូវ​ប្រពន្ធ​ឆ្លើយ​ថា << ចប់​គ្នា​ហើយ យើង​ដើរ​បែកផ្លូវ​គ្នា​ទៅ >> តែ​រូប​គាត់​នៅ​តែ​មិន​អស់ចិត្ត ឆ្លៀតពេល​ទំនេរ ដើរ​ស៊ើបសួរ​រកប្រពន្ធ រហូត​បានដឹង​ថា ប្រពន្ធ​ទៅ​ជួល​បន្ទប់​ស្នាក់​នៅ​កន្លែង​កើតហេតុ​ខាងលើ ហើយ​ក៏​ចេះ​តែ​ទៅ​តាមដាន និង​សួរ​អ្នក​ជិតខាង ប្រាប់​ថា << ឧស្សាហ៍​ឃើញ​មាន​បុរស​ម្នាក់​ចេញចូល​បន្ទប់​នេះ​ជា​ញឹកញាប់ >> នៅ​ពេល​កើតហេតុ គាត់​ទៅ​ដល់​បន្ទប់​ជួល បើកទ្វារ​បន្ទប់​ចូល​ទៅ​ឃើញ​ម៉ូតូ​មួយ​គ្រឿង​នៅ​ក្នុង​បន្ទប់​ប្រពន្ធ ដែល​កំពុង​តែ​នៅ​ជាមួយ ប្រុស​សាហា​យ​ស្មន់​ម្នាក់ ក៏​បាន​ប្តឹង​សមត្ថកិច្ច ឃាត់​បាន​បុរស​ជា សហា​យា​ស្មន់ និង​ប្រពន្ធ យក​ទៅ​សួរនាំ​នៅ​ប៉ុស្តិ៍​នគរបាល​សង្កាត់​ចោម​ចៅ ។ បុរស​ជា​ប្តី​បាន​អះអាង​ថា គាត់​មិន​ដែល​ប្រើ​អំពើ​ហិង្សា​លើ​ប្រពន្ធ​ទេ ។

ចំណែក​ស្ត្រី​ជា​ប្រពន្ធ​ដែល​ត្រូវ​ប្តី​ចោទប្រកាន់​ថា​មាន សហាយស្មន់ បាន​និយាយ​ថា បានជា​គាត់​ចុះ​ចោល​ប្តី ដោយសារ​តែ​ប្តី​ផឹកស៊ី​ស្រវឹង​តែងតែ​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​រូប​គាត់ ធ្វើ​ឲ្យ​គាត់​ទ្រាំ​មិន​បាន ទើប​គាត់​សុំ​បែកផ្លូវ​គ្នា ដូច​ប្តី​លើក​ទី​មួយ​របស់​គាត់ ដែល​មាន​ស្រី​ថ្មី​បន្សល់​ទុក​កូនស្រី​ម្នាក់​ឲ្យ​ប្តី​ជា​អ្នក​ថែរក្សា ។ ស្ត្រី​ជា​ប្រពន្ធ​បាន​បញ្ជាក់​ប្រាប់​ថា គាត់​មិន​មាន​ទំនាក់ទំនង​នឹង​បុរស ដែល​ត្រូវ​ប្តី​ចោទប្រកាន់​ឡើយ គឺ​មានការ​ទំនាក់ទំនង​គ្នា​ជា​មិត្តភក្តិ ដែល​ទើបនឹង​ស្គាល់គ្នា​បាន​ប្រមាណ​២​អាទិត្យ​តែ​ប៉ុណ្ណោះ ហើយ​មិន​មាន​ស៊ីជំរៅ​ដែរ គ្រាន់តែ​ពឹង​ឲ្យ​គាត់​ឌុ​ប​មក​បន្ទប់​ជួល ។

ចំណែក​បុរស​ដែល​ត្រូវ​គេ​ចោទប្រកាន់​ថា​ជា សហាយស្មន់ បាន​និយាយ​ថា រូប​គាត់​នឹង​ស្ត្រី​ខាងលើ បាន​ស្គាល់គ្នា​បាន​ចំនួន​២​អាទិត្យ គឺ​ធ្លាប់​ស្គាល់​តាម​រយៈ​មិត្ត​ស្រី​ណែនាំ​ឲ្យ​ស្គាល់ ហើយ​ធ្លាប់​ផឹកស៊ី​ជាមួយ​គ្នា​ជា​ច្រើន​ដង​មក​ហើយ មុន​ពេល​កើតហេតុ រូប​គាត់ និង​ស្ត្រី​ខាងលើ ទើប​មក​ពី​ផឹកស៊ី​ជាមួយ​មិត្តភក្តិ​ចប់​កម្មវិធី បាន​ឌុ​ប​នាង​មក​បន្ទប់​ជួល តែ​ដោយ​ខ្លាច​ចោរលួច​ម៉ូតូ ទើប​គាត់​បណ្តើរ​ម៉ូតូ​ទុក​ក្នុង​បន្ទប់ ហើយ​គាត់​ឈឺពោះ​បាន​សុំ​ចូល​បន្ទប់​ទឹកបាន​បន្តិច ស្រាប់តែ​លឺ​សូរ​សន្ធឹក​គោះ​ទ្វារ​ខាងក្រៅ ចូល​មក​ដល់​ចោទ​ថា​គាត់​សហាយស្មន់​ទៅ​វិញ ។

ក្រោយ​ពេល​កើតហេតុ ដោយ​បុរស​ជា​ប្តី​មិន​បាន​ប្តឹងផ្តល់​ទេ ដោយ​ហៅ​ប្រពន្ធ​ទៅ​ស្រុក​កំណើត ដើម្បី​ធ្វើ​លិខិត​លែង​គ្នា​បញ្ចប់​ភាព​ជា​ប្តី​ប្រពន្ធ​តែ​ម្តង ៕

បុរស​ជា​ប្តី​មានឈ្មោះ អ៊ូច បុប្ផា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្នាក់​នៅ​ភូមិ​ទួល​ពង្រ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ
រូបភាព បុរសជាប្តី
រូបភាព បុរសជាប្តី
ចំណែក​ប្រពន្ធ​មានឈ្មោះ កែវ ស្រី​ណ​ង អាយុ​៣៨​ឆ្នាំ មុខរបរ​នៅផ្ទះ ស្នាក់​នៅ​ភូមិ​ត្រពាំង​ល្វា សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]