មានមនុស្សជាច្រើនចូលចិត្តដើរទិញទំនិញតាមផ្សារទំនើប ព្រោះមានភាពងាយស្រួល និងមានជម្រើសទំនិញច្រើនមុខ និងមានផាសុកភាពទៀតផង។ តែអ្នកប្រហែលជាមិនបានចាប់អារម្មណ៍ថា ផ្សារទំនើបភាគច្រើនសុទ្ធតែមានគន្លឹះ និងវិធីបញ្ចុះបញ្ចូលអតិថិជន ទើបពេលខ្លះអ្នកដើរទិញទំនិញលើសម៉ោងកំណត់ ដោយមិនបានដឹងខ្លួន ឬទិញទំនិញលើសតម្លៃដែលខ្លួនបានកំណត់ទុកជាដើម។
ខាងក្រោមនេះជាគន្លឹះមួយចំនួន ដែលអ្នកគួរតែដឹង និងប្រុងប្រយ័ត្ននៅពេល ដើរទិញទំនិញក្នុងផ្សារទំនើប៖

១. កន្ត្រកដាក់អីវ៉ាន់ធំ
អ្នកប្រហែលជាមិនបានចាប់អារម្មណ៍ទេថា នៅផ្សារទំនើប កន្ត្រកដាក់អីវ៉ាន់តែងតែផ្លាស់ប្តូរកាន់តែធំជាងមុន។ នេះជាគន្លឹះដែលផ្សារទំនើបធ្វើឡើង ដើម្បីឱ្យអ្នកដើរទិញទំនិញបានកាន់តែច្រើនមុខ។

២. ចម្រៀង ឬចង្វាក់ភ្លេងយឺតៗ
រាល់ផ្សារទំនើបតែងតែចាក់ចម្រៀង ឬភាគច្រើនជាតន្ត្រីសាច់ភ្លេងដែលមានចង្វាក់យឺតៗ ព្រោះវាអាចរំញោចអារម្មណ៍ឱ្យស្រស់ស្រាយរីករាយ ហើយធ្វើឱ្យអ្នកដើរទិញទំនិញយឺតៗតាមចង្វាក់ភ្លេង ដែលធ្វើឱ្យរយៈពេលនៃការដើរទិញទំនិញកាន់តែយូរ ហើយទិញទំនិញបានកាន់តែច្រើនមុខ។

៣. ក្លិនឈ្ងុយនៃចំណីអាហារ
កន្លែងលក់នំប៉័ងគឺជាផ្នែកមួយនៃទំនិញក្នុងផ្សារទំនើប។ ក្លិនឈ្ងុយរបស់នំប៉័ងនឹងធ្វើឱ្យអ្នកចង់ចូលទិញ ហើយក្លិនឈ្ងុយរបស់នំប៉័ងដែលសាយភាយពេញផ្សារទំនើបនឹងធ្វើឱ្យអ្នកដែល ដើរទិញទំនិញមានអារម្មណ៍ល្អ ជាហេតុនាំឱ្យការដើរទំនិញកាន់តែយូរ។

៤. សាច់វេចខ្ចប់
នៅរាល់ផ្សារទំនើបមានការដាក់លក់សាច់ជាច្រើនប្រភេទ ដែលសាច់ខ្លះខ្ចប់ជាបំណែកធំៗ និងខ្លះទៀតមានការប្រលះនិងកាប់សាច់ជាដុំៗ ហើយធ្វើការវេចខ្ចប់ យ៉ាងស្អាត។ តែអ្នកប្រហែលជាមិនបានដឹងទេថា នេះជាល្បិចលក់ដ៏ឆ្លាតវៃ។ ការពិតទៅពេលដែលទិញសាច់មួយដុំធំ ហើយយកទៅកាប់នៅផ្ទះដោយខ្លួនឯង មានតម្លៃថោកជាងការដែលគេកាប់ស្រេច ហើយធ្វើការវេចខ្ចប់នៅក្នុងកញ្ចប់។

៥. បន្លែ និងផ្លែឈើដែលកាត់រួច
បន្លែ និងផ្លែឈើដែលកាត់ និងវេចខ្ចប់យ៉ាងស្អាតនៅក្នុងកញ្ចប់ ក៏មិនខុសគ្នាពីល្បិចវេចខ្ចប់សាច់ខាងលើដែរ។ បន្លែនិងផ្លែឈើដែលកាត់ និងខ្ចប់ស្រាប់វាមានតម្លៃថ្លៃជាង ពេលដែលអ្នកទិញយកដុំធំទៅកាត់ដោយខ្លួនឯង។

៦. ទាក់ទាញក្រសែភ្នែក និងអារម្មណ៍
អ្នកប្រហែលជាមិនបានដឹងទេថា រាល់ផ្សារទំនើបនានាតែងតែដាក់តាំងទំនិញដែលមានតម្លៃថ្លៃនៅចំនុចដែលងាយទាក់ទាញអារម្មណ៍របស់អ្នកទិញ ដូចជានៅខាងមុខ ឬទីតាំងដែលអ្នកតែងតែងាយស្រួលសង្កេត។

៧. ទំនិញតែងតែផ្លាស់ប្តូរទីតាំង
ទំនិញដែលធ្លាប់បានកត់សម្គាល់ទីតាំង ឬធ្លាប់បានទិញពីមុន ត្រូវបានផ្លាស់ប្តូរទៅកន្លែងផ្សេង ដែលជាហេតុធ្វើឱ្យអ្នកចំណាយពេលវេលាយូរ ក្នុងការដើររក ឬស្វែងរកទំនិញថ្មីមកជំនួសវិញ។

៨. ទំនិញថ្មីៗរបស់ក្រុមហ៊ុន
ផ្សារទំនើបភាគច្រើនតែងតែមានបញ្ឈរទំនិញថ្មីៗ និង Promotion របស់ខ្លួន។ អ្នកអាចមានចំណាប់អារម្មណ៍ចំពោះទំនិញទាំងអស់នោះ តែការពិតទៅក្រុមហ៊ុនបានបូក សរុបតម្លៃពីលើអស់រួចមកហើយ។

៩. ទំនិញជាគូនៅជិតគ្នា
អ្នកប្រហែលជាបានដឹងហើយថា នៅក្នុងផ្សារទំនើបតែងតែមានដាក់ទំនិញជាគូនឹងគ្នាដូចជា ប័រនៅជិតដំណាប់ ស្រានៅជិតស្រាបៀរ ឬនៅជិតទឹកក្រូច ឬសូដាជាដើម។ ហេតុផលព្រោះអាចធ្វើឱ្យអ្នកចាប់អារម្មណ៍ទំនិញទាំងនោះ ហើយទិញមកជាមួយ គ្នា បើទោះបីជាអ្នកមិនមានបំណងទិញវាពីមុនក៏ដោយ។

១០. ទំនិញតាមផ្លូវចេញទៅគិតលុយ
នៅតាមច្រកផ្លូវដែលអ្នកត្រូវចេញទៅគិតលុយ តែងតែមានទំនិញនៅសងខាង ដែលជាហេតុធ្វើឱ្យចិត្ត និងដៃរបស់អ្នកចាប់យកទំនិញតូចៗដូចជាស្ករគ្រាប់ ស្ករកៅស៊ូ សូកូឡា និងទំនិញផ្សេងៗដែលមានទំហំតូចៗទាំងនោះ ដាក់នៅក្នុងកន្ត្រកដោយមិនបានដឹងខ្លួន។ អ្នកអាចឃើញថាវាជារបស់តូចៗ តែវានឹងកើនតម្លៃបន្ថែមនៅពេលដែលអ្នកគិតលុយ។

១១. មិនអាចបោះបង់ទំនិញវិញបាន
ពេលដែលអ្នកចូលជួរសម្រាប់គិតលុយ អ្នកប្រហែលជាមានការពិចារណាខ្លះពីទំនិញដែលមិនចាំបាច់មួយចំនួន តែពេលដែលអ្នកមានគំនិតចង់បោះបង់ទំនិញនោះ បែរជាគ្មានកន្លែងនៅសល់ ដែលអ្នកអាចទម្លាក់ទំនិញទាំងនោះ ឬផ្លូវដែលអ្នកកំពុងតែតំរង់ជួរតូចចង្អៀត ដែលជាហេតុមិនអាចឱ្យអ្នកត្រលប់ក្រោយដើម្បីទុកទំនិញនោះបាន។

១២. ទំនិញជាឈុត
ផ្សារទំនើបតែងមានការវេចខ្ចប់ការដាក់ទំនិញជាឈុត ឬទំនិញជាដុំធំៗ ហើយធ្វើឱ្យអ្នកគិតថាចំណេញលុយច្រើន។ តែការពិតទៅទំនិញទាំងនោះ សុទ្ធតែបូកបន្ថែមតម្លៃរួចហើយ ពេលខ្លះទំនិញទាំងនោះសឹងតែលើសតម្លៃទំនិញដែលអ្នកទិញជារាយមួយៗផង។ ជួនកាលពេលអ្នកទិញទំនិញជាឈុត អាចធ្វើឱ្យអ្នកខ្ជះខ្ជាយ ព្រោះប៉ះទំនិញដែលអ្នកមិនត្រូវការ ឬមិនចាំបាច់ជាដើម។

១៣. ទស្សនាវដ្តី និងក្រដាសផ្សព្វផ្សាយ
ផ្សារទំនើបតែងតែមានធ្នើដាក់កាសែតទស្សនាវដ្តី ឬក្រដាសផ្សព្វផ្សាយផ្សេងៗ ទាក់ទាញចិត្តឱ្យអ្នកមើល។ ភាគច្រើនជាការផ្សព្វផ្សាយទំនិញ និង Promotion ថ្មីផ្សេងៗ តែសូមពិនិត្យតម្លៃទំនិញមុនផង មុននឹងអ្នកទិញ ព្រោះវាអាចនឹងមានតម្លៃថ្លៃជាងធម្មតា។

១៤. Promotion ទិញក្នុងតម្លៃមួយតែបានទំនិញច្រើនមុខ
ការផ្សព្វផ្សាយនៅផ្សារទំនើបមានដូចជា ទិញ ២ ថែម ១ , ទិញ ១ ថែម ១ ឬ ទិញ១០មុខ តម្លៃត្រឹមតែ ១០ដុល្លារជាដើម -ល-។ អ្នកអាចគិតថាចំណេញ ដែលការពិតទៅតម្លៃត្រូវបានរួមបញ្ចូលរួចអស់ហើយ ជួនកាលបើអ្នកមិនបានសង្កេតតម្លៃទេ វាអាចមានតម្លៃលើសការទិញរាយធម្មតាប៉ុន្មានសេនទៀតផង៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]