ទឹកមានសារៈសំខាន់ណាស់សម្រាប់រាងកាយ ជាលិកា កោសិកា  និងសរីរាង្គរបស់យើង។ រាងការរបស់មនុស្សត្រូវការទឹកដើម្បីធ្វើឲ្យអ្នកមានសុខភាពល្អ។ ប៉ុន្តែយើងមិនអាចធានាថាខ្លួនប្រាណរបស់យើងនឹងមានជាតិទឹកគ្រប់គ្រាន់គ្រប់ពេលនោះទេ ព្រោះថាអ្នកអាចបាត់បង់ជាតិទឹកតាមរយៈការ រាគ ក្អួត នោមញឹកញាប់ ហាត់ប្រាណនិងការបែកញើសលើសលប់ជាដើម។ ខ្លួនប្រាណរបស់អ្នកនឹងមានដំណើរការមិនល្អបើសិនជាអ្នកខ្វះជាតិទឹក ហើយវាក៏អាចធ្វើឲ្យអ្នកមានបញ្ហាសុខភាពដែរបើសិនជាអ្នកមិនបានបំពេញជាតិទឹកដែលខ្លួនប្រាណរបស់អ្នកត្រូវការវិញទាន់ពេលវេលាទេនោះ។

ខាងក្រោមនេះគឺជារោគសញ្ញទាំង ១០ដែលបង្ហាញថាអ្នកខ្វះជាតិទឹក៖ 

១. បេះដូងលោតលឿន

កង្វះជាតិទឹកមានការប៉ះពាល់លើអត្រាចង្វាក់បេះដូង  និងដំណើរការរបស់បេះដូងផងដែរ។  ការសិក្សាមួយបានរកឃើញថា ការខ្វះជាតិទឹកអាចបណ្តាលអោយឲ្យបេះដូងលោត ៣ដងក្នុងមួយនាទី ដែលនឹងធ្វើឲ្យអ្នកមានអារម្មណ៍ភ័យខ្លាចនិងធុញថប់ផងដែរ។ 

បេះដូងលោតលឿន

២. ស្ងួតមាត់និងមានក្លិនដង្ហើមមិនល្អ

ទឹកមាត់មានលក្ខណៈសម្បត្តិក្នុងការប្រឆាំងនឹងបាក់តេរី។ បើសិនជាអ្នកខ្វះជាតិទឹក នោះមាត់របស់អ្នកនឹងស្ងួត ហើយអ្នកក៏មិនមានទឹកមាត់គ្រប់គ្រាន់សម្រាប់ប្រឆាំងនឹងបាក់តេរីនោះទេ ដូច្នេះបាក់តេរីទាំងនោះនឹងបណ្តាលឲ្យអ្នកមានក្លិនដង្ហើមមិនល្អផងដែរ។  

ស្ងួតមាត់និងមានក្លិនដង្ហើមមិនល្អ

៣. មានអារម្មណ៍ឃ្លាន

ការឃ្លានអាហារនិងការស្រេកទឹកជួនកាលអាចច្រឡំគ្នាបាន។ ពេលខ្លះរាងកាយរបស់យើងត្រូវការទឹកនោះទេ ប៉ុន្តែយើងបែរជាមានអារម្មណ៍ថាឃ្លានអាហារទៅវិញ ព្រោះតែការខ្វះជាតិទឹកធ្វើឲ្យខ្លួនប្រាណរបស់យើងត្រូវការអាហារដែលមានជាតិប្រៃ ប៉ុន្តែអ្នកអាចជំនួសការញាំអាហារដោយញាំភេសជ្ជៈកីឡាដែលមានជាតិសូដ្យូមនិងជាតិប្រៃវិញ។ ដូច្នេះនៅពេលដែលអ្នកមានអារម្មណ៍ថាឃ្លាន អ្នកគួរតែញាំទឹក១កែវសាកសិនថាតើអ្នកបាត់ឃ្លានហើយឬនៅបន្ទាប់ពីញាំទឹករួច។ 

មានអារម្មណ៍ឃ្លាន

៤. ការឈឺចាប់សន្លាក់និងសាច់ដុំ

សន្លាក់និងឆ្អឹងខ្ចីរបស់យើងមានផ្ទុកជាតិទឹកចំនួន ៨០ភាគរយ។ ជាតិទឹកអាចជួយឲ្យសន្លាក់ធ្វើការផ្លាស់ទីបានយ៉ាងងាយស្រួល ដូច្នេះហើយបានជាការខ្វះជាតិទឹកអាចបណ្តាលឲ្យមានការឈឺចាប់ដោយសារការកកិតគ្នារវាងឆ្អឹងនិងឆ្អឹង។ លើសពីនេះទៅទៀតអ្នកក៏អាចមានការរមួលក្រពើផងដែរ។

ការឈឺចាប់សន្លាក់និងសាច់ដុំ

៥. ឈឺក្បាលនិងវិលមុខ

ការវិលមុខនិងការឈឺក្បាលប្រកាំងក៏ជារោគសញ្ញានៃការខ្វះជាតិទឹកផងដែរដោយសារខួរក្បាលរបស់អ្នកត្រូវការជាតិទឹកនៅជុំវិញដើម្បីការពារការប៉ះទង្គិច។ ហើយក្នុងកំឡុងពេលដែលអ្នកខ្វះជាតិទឹក លំហូរអុកស៊ីសែនទៅកាន់ខួរក្បាលក៏ត្រូវបានថយចុះ ហើយវាក៏ជាមូលហេតុ១ដែលធ្វើឲ្យអ្នកអាចមានអារម្មណ៍ឈឺក្បាលដែរ។  

ឈឺក្បាលនិងវិលមុខ

៦. ការទល់លាមកនិងបញ្ហាប្រព័ន្ធរំលាយអាហារ

ប្រព័ន្ធរំលាយអាហារត្រូវបានគ្រប់គ្រងដោយជាលិកានិងកោសិកាដែលត្រូវការជាតិទឹកដើម្បីធ្វើដំណើរការ។ ទឹកមានសារៈសំខាន់ជួយលើកកម្ពស់ចលនារបស់ពោះវៀននិងការពារការទល់លាមក។ កង្វះជាតិទឹកអាចបណ្តាលឲ្យលាមករឹងដែលជាមូលហេតុមួយបណ្ដាលឲ្យមានបញ្ហាទល់លាមកផងដែរ។

៧. អត់កម្លាំងកំហែង

រាងកាយរបស់អ្នកអាចប្រាប់អ្នកបានបើសិនជាអ្នកមិនបានញាំទឹកគ្រប់គ្រាន់នោះ។ កង្វះសារធាតុរាវធ្វើឲ្យសម្ពាធឈាមរបស់អ្នកចុះទាបហើយការផ្គត់ផ្គង់អុកស៊ីសែនទៅក្នុងខ្លួនក៏មានការថយចុះដែលបណ្តាលឲ្យអ្នកអត់កម្លាំងកំហែងនិងចេះតែងងុយដេកទៀតផង។ 

អត់កម្លាំងកំហែង

៨. មានការនោមតិចតួចនិងទឹកនោមមានពណ៌

បើសិនជារៀងរាល់ពីរបីម៉ោងអ្នកមិនមានអារម្មណ៍ត្រូវការនោមនោះទេ នោះអ្នកអាចនឹងខ្វះជាតិទឹកហើយ។ ក្នុងករណីដែលអ្នកមិនបាននោម នោះកម្រិតជាតិពុលនៅក្នុងខ្លួនអ្នកនឹងកាន់តែកើនឡើងច្រើន ដូច្នេះហើយបានជាពណ៌ទឹកនោមរបស់អ្នកនឹងប្តូរទៅជាពណ៌លឿងចាស់។ ដូច្នេះបើសិនជាទឹកនោមរបស់អ្នកមានពណ៌ធម្មតា និងថ្លា មានន័យថាអ្នកមានជាតិទឹកគ្រប់គ្រាន់ក្នុងខ្លួនហើយ។ 

មានការនោមតិចតួចនិងទឹកនោមមានពណ៌

៩. ស្បែកនិងបបូរមាត់ស្ងួត

ការខ្វះជាតិទឹកធ្វើឲ្យស្បែករបស់អ្នកមានលក្ខណៈស្ងួត ហើយកង្វះជាតិទឹកក៏ធ្វើឲ្យការចេញញើសតាមស្បែកមានចំនួនតិចតួចទៀតផង។ ឯបបូរមាត់ស្ងួតក៏ជាសញ្ញាមួយយ៉ាងច្បាស់នៃការខ្វះជាតិទឹកផងដែរ។ 

ស្បែកនិងបបូរមាត់ស្ងួត

១០. គិតមិនច្បាស់លាស់និងមិនអាចធ្វើការផ្តោតអារម្មណ៍

ក្រៅពីការឈឺក្បាល កង្វះជាតិទឹកក៏អាចប៉ះពាល់ដល់មុខងាររបស់ខួរក្បាលផងដែរ។ ការខ្វះជាតិទឹក អាចមានផលប៉ះពាល់ទៅលើការចងចាំ ការសំរេចចិត្តនិងការផ្តោតអារម្មណ៍របស់អ្នក។ ដូច្នេះហើយបានជាកង្វះជាតិទឹកធ្វើឲ្យអ្នកភ្លេចភ្លាំងច្រើននិងមិនមានអារម្មណ៍នៅនឹងខ្លួន៕

គិតមិនច្បាស់លាស់និងមិនអាចធ្វើការផ្តោតអារម្មណ៍

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]