រាជធានីភ្នំពេញ ៖ ជាងចម្លាក់ឈើ២នាក់ ត្រូវជនដៃដល់កាប់បែកក្បាលដេកដួលនៅមុខផ្ទះ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច កាលពីរវេលាម៉ោង០៩និង៣៥នាទីយប់ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវ១០៥ ត្រង់ចំណុចផ្ទះលេខ៨ ស្ថិតក្នុងក្រុម២៧ សង្កាត់បឹងត្របែក ខណ្ឌចំការមន ។
ជនរងគ្រោះទី១មានឈ្មោះ ឈុន រិទ្ធី ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរជាងចម្លាក់ឈើ ស្នាក់នៅផ្ទះកើតហេតុផ្លូវ១០៥ សង្កាត់បឹងត្របែក ខណ្ឌចំការមន មានស្រុកកំណើតនៅស្រុកកោះធំ ខេត្តកណ្តាល របួសក្បាលដេរ១៩ថ្នេរ ។ ជនរងគ្រោះទី២មានឈ្មោះ ធឿន ភេទប្រុស អាយុ៣២ឆ្នាំ ធ្វើការ និងស្នាក់នៅផ្ទះជាមួយគ្នា មានស្រុកកំណើតនៅខេត្តតាកែវ របួសក្បាល ដេរ១០ថ្នេរ ។
យោងតាមសម្តីផ្ទាល់ជនរងគ្រោះឈ្មោះ ឈុន រិទ្ធី បាននិយាយឲ្យដឹងថា នៅពេលដែលគាត់ធ្វើការចប់ ហើយបានបបួលគ្នាទិញស្រាបៀរយកមកផឹកជាមួយជាង និងថៅកែជាងចម្លាក់ មានគ្នីគ្នាសរុប៧នាក់ផឹកនៅមុខផ្ទះកើតហេតុ ។ លុះពេលផឹកស៊ីស្រវឹង ហើយបានបែកគ្នារៀងខ្លួន នៅសល់តែរូបគេនៅអង្គុយជក់បារីនៅមុខផ្ទះ ចំណែកថៅកែនៅក្នុងផ្ទះ ខណៈពេលកំពុងតែអង្គុយជក់បារីស្រាប់តែលេចមុខជនបង្កមានគ្នា៣នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងគុប ស៊េរីចាស់ មកដល់បានដើរចូលទៅវាយ និងកាប់ទៅលើជនរងគ្រោះ បណ្តាលឲ្យបែកក្បាលរងរបួសធ្ងន់ ហើយជនបង្កចេញទៅបាត់មួយសន្ទុះ បានត្រឡប់មកវិញឃើញជនរងគ្រោះឈ្មោះ ធឿន បានវាយទៅលើឈ្មោះ ធឿន បណ្តាលឲ្យរងរបួសម្នាក់ទៀត ។
ប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឈុន រិទ្ធី ទើបតែមកធ្វើការបានមួយខែកន្លះតែប៉ុណ្ណោះ ចំណែកជនរងគ្រោះឈ្មោះ ធឿន ធ្វើការនៅកន្លែងកើតហេតុយូរមកហើយ ក៏ត្រូវជនដៃដល់វាយ និងកាប់រងរបួសដេកដួលនៅមុខផ្ទះ បានរថយន្តសង្គ្រោះរបស់គ្លីនិកឯកជនដឹកយកទៅព្យាបាល ។
ក្រោយពេលកើតហេតុ ខាងសមត្ថកិច្ចមូលដ្ឋានក៏បានចុះមកអន្តរាគមន៍សួរនាំជនរងគ្រោះ ហើយជនរងគ្រោះបានដាក់ពាក្យបណ្តឹងដើម្បីឲ្យសមត្ថកិច្ចស្រាវជ្រាវតាមផ្លូវច្បាប់ ៕




ប្រភព៖ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]