ហ្វីលីពីន៖ លោក Fernando Kuehnel គឺជាបុគ្គលម្នាក់ដែលកំពុងតែរស់យ៉ាងស្រណុកសុខស្រួលជាមួយនឹងផ្ទះថ្មី ឡានថ្មី ហើយនឹងគ្រួសាររបស់គាត់ពោរពេញទៅដោយក្តីស្រលាញ់ និងសុភមង្គលនៅក្នុងរដ្ឋ Florida នៃសហរដ្ឋអាមេរិក។
ប៉ុន្តែមុននឹងជីវិតរបស់លោកមានថ្ងៃនេះ លោក Fernando Kuehnel ត្រូវបានឆ្លងកាត់នូវជីវិតដ៏សែនខ្មៅងងឹតជាច្រើន ដែលលោកនឹកស្មានមិនដល់ថា លោកអាចឆ្លងផុតរហូតដល់ថ្ងៃនេះនោះទេ។

ស្ថិតនៅក្នុងវ័យ ៦ឆ្នាំ លោក Fernando Kuehnel ត្រូវបានឪពុកម្តាយបង្កើតរបស់ខ្លួនបោះបង់ចោលជាមួយបងប្អូនពីរនាក់ផ្សេងទៀត នៅតាមផ្លូវ Project 8 នៅក្នុងទីក្រុង Quezon នៃប្រទេសហ្វីលីពីន ដោយលើកហេតុផលថា ពួកគាត់ទាំងពីរមិនដែលស្គាល់ក្មេង Fernando Kuehnel និងបងប្អូនពីរនាក់ទៀតនោះទេ។
យោងទៅតាមការរៀបរាប់របស់លោក Fernando Kuehnel បានឲ្យដឹងថា បន្ទាប់ពីឪពុកម្តាយបង្កើតបោះបង់ចោលជាមួយនឹងបងប្អូនពីរនាក់ទៀតហើយ ស្រាប់តែមានប្តីប្រពន្ធមួយគូបានរើសពួកគាត់ យកទៅរស់នៅក្នុងមណ្ឌលកុមារកំព្រាមួយកន្លែងដែលមានឈ្មោះថា Nayong Kabataan។ លោកបានរៀបរាប់បន្ថែមទៀតថា បើតាមខ្ញុំចាំបាន នៅពេលនោះប្តីប្រពន្ធមួយគូនោះបានយួរកាតាប ហើយយកពួកយើងទាំងបីនាក់ទៅកាន់មណ្ឌលកុមារកំព្រា ទាំងពួកយើងយំខ្លាំងណាស់។
ការរស់នៅក្នុងមណ្ឌលវាមិនស្រួលឡើយ ព្រោះអ្នកដែលរស់នៅទីនោះរើសអើងពួកគេទាំងបីនាក់ខ្លាំងណាស់។ ម្យ៉ាងវិញទៀត ពួកគេបានធ្វើបាបដូចជាយកម្ទេសមកដាក់លើភ្នែក បបូរមាត់ និងធ្វើរឿងដ៏ស្មោគគ្រោកមួយចំនួនទៀតដាក់ពួកគេ។

អស់រយៈពេល ៤ឆ្នាំដែលរស់នៅទីនោះ Fernando Kuehnel ពិតជាមិនអាចទ្រាំបានជាមួយនឹងអ្វីដែលពួកគេបានធ្វើដាក់រូបលោកឡើយ ទើបលោកបានសម្រេចចិត្តលួចរត់ចេញពីកន្លែងមណ្ឌលកុមារកំព្រាតែម្នាក់ឯង ទៅធ្វើជាអ្នករុញរទេះដឹកអីវ៉ាន់ ហើយរើសម្ហូបអាហារចេញពីធុងសម្រាមដើម្បីទទួលទានជាអាហារប្រចាំថ្ងៃ។
នៅពេលដែល Fernando Kuehnel មានអាយុ ១៣ឆ្នាំ លោកបានទទួលដំណឹងថា បងប្អូនពីរនាក់របស់លោកដែលរស់នៅក្នុងមណ្ឌលកុមារកំព្រា ទទួលបានសំបុត្រទៅរស់នៅសហរដ្ឋអាមេរិក ដោយក្នុងនាមជាពលរដ្ឋក្រីក្រ។ នៅពេលដែលលោកទទួលបានដំណឹងនេះភ្លាម លោកបាននឹកក្នុងចិត្តថា ប្រសិនបើលោកត្រឡប់ទៅកាន់មណ្ឌលកុមារកំព្រាវិញ លោកអាចមានឱកាសច្រើនទៅរស់នៅសហរដ្ឋអាមេរិកដូចជាបងប្អូនពីរនាក់ទៀតដែរ។ ដូចនេះហើយ លោកក៏បានសម្រេចចិត្តវិលត្រឡប់ទៅរស់នៅក្នុងមណ្ឌលវិញ។

ការរស់នៅក្នុងមណ្ឌលមិនបានយូរប៉ុន្មានផង លោក Fernando Kuehnel ក៏ត្រូវបានឪពុកម្តាយចិញ្ចឹមជ្រើសរើសយកគាត់ឲ្យទៅរស់នៅសហរដ្ឋអាមេរិក ដោយឪពុកម្តាយចិញ្ចឹមរូបនោះ ស្រលាញ់ Fernando Kuehnel ដូចជាកូនបង្កើតអ៊ីចឹង ដោយបញ្ជូនលោកទៅរៀនភាសាអង់គ្លេសនៅសាលារដ្ឋមួយដែលមានទីតាំងស្ថិតនៅក្នុងទីក្រុង Green Bay នៃរដ្ឋ Wisconsin សហរដ្ឋអាមេរិក។
នៅទីនោះលោក Fernando Kuehnel បានព្យាយាមសិក្សារៀនសូត្រយ៉ាងលំបាករហូតបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកគិលានុបដ្ឋាយិកា និងទទួលបានសញ្ញាបត្រកិត្តិយសមួយផ្សេងទៀតផ្នែកគ្រប់គ្រងពាណិជ្ជកម្មសម្រាប់វិស័យសុខាភិបាលផងដែរ។
ព្រោះតែភាពឆ្លាតវៃ និងចំណេះដឹងដ៏ជ្រៅជ្រះរបស់លោក ទើបលោកបានក្លាយខ្លួនទៅជាអ្នកវិទ្យាសាស្រ្តប្រចាំនៅក្រុមហ៊ុន Novartis ដែលជាក្រុមហ៊ុនផលិតឱសថដ៏ល្បីល្បាញរបស់ប្រទេសស្វីស។
ឆ្លៀតពេលទំនេរពីការងារលោក Fernando Kuehnel ក៏បាននិពន្ធសៀវភៅមួយក្បាលដែលរៀបរាប់ពីដំណើរជីវិតពីក្មេងកំព្រា មកក្លាយជាបុគ្គលជោគជ័យម្នាក់ ដែលសៀវភៅរបស់លោកមានចំណងជើងថា My Third Parents។
បច្ចុប្បន្នលោក Fernando Kuehnel គឺជាបុគ្គលម្នាក់ដែលរស់នៅក្បែរឆ្នេរ Dania នៃរដ្ឋ ហ្វ្លូរីដា សហរដ្ឋអាមេរិក ជាមួយនឹងក្រុមគ្រួសាររបស់លោក ហើយថែមទាំងមានផ្ទះ និងរថយន្តល្បីៗដូចជា Porsche, Carrera និង Mercedes Benz ជាដើម៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]