ស្នាមញញឹមស្រស់ថ្លា ធ្មេញសស្អាត បូកផ្សំនឹងសុខភាពមាត់ធ្មេញល្អ ជាការបន្ថែមរូបសម្រស់ ដល់រូបរាងកាយរបស់អ្នកទាំងមូលបានផងដែរ។ ដោយសារតែយល់ឃើញបែបនេះហើយ បានជាមានមនុស្សជាច្រើនចំណាយពេលវេលា និងប្រាក់កាសទៅពេទ្យធ្មេញដើម្បីមើលថែទាំ និងព្យាបាលរោគមាត់ធ្មេញ ដើម្បីឱ្យធ្មេញមានសុខភាពល្អ។
ជាការពិតណាស់ សុខភាពមាត់ធ្មេញត្រូវតែពិគ្រោះជាមួយពេទ្យធ្មេញ តែនៅពេលនេះអ្នកមិនចាំបាច់ចំណាយពេលទៅពេទ្យធ្មេញជាញឹកញាប់ពេកនោះទេ ចំណីអាហារខាងក្រោមអាចជួយធ្វើឱ្យមាត់ធ្មេញរបស់អ្នកមានសុខភាពល្អ និងកាត់បន្ថយជំងឺមាត់ធ្មេញបានយ៉ាងប្រសើរផងដែរ៖
១. ឈីស
ឈីស ត្រូវបានគេដឹងថា សម្បូរទៅដោយជាតិកាល់ស្យូម និងកម្រិតpH ដែលអាចជួយធ្វើឱ្យសុខភាពធ្មេញរឹងមាំ បំបាត់បញ្ហាប្រហោងធ្មេញ និងការពារហានិភ័យនៃជំងឺពុកធ្មេញថែមទៀតផង។
ចំពោះស្ករកៅស៊ូ ទោះបីជាការទំពារអាចជួយបង្កើនទឹកមាត់ល្អសម្រាប់ធ្មេញក៏ដោយ តែជាតិស្ករដែលមាននៅក្នុងស្ករកៅស៊ូមានផលប៉ះពាល់ច្រើនជាងគុណប្រយោជន៍។ ប្រសិនជាអ្នកមានបញ្ហាធ្មេញ ថ្គាម ឬរោគសញ្ញាឈឺធ្មេញណាមួយអ្នកមិនត្រូវទំពារស្ករកៅស៊ូជាដាច់ខាត ចៀងវាងបញ្ហាកាន់តែធ្ងន់ធ្ងរ។

២. រមៀត
ការទទួលទានរមៀត មិនត្រឹមតែអាចជួយដល់បញ្ហាសុខភាព និងសម្រស់នោះទេ តែគេបានរកឃើញថា រមៀត អាចជួយដោះស្រាយបញ្ហាមាត់ធ្មេញ ដូចជា ឈឺធ្មេញ ហើមអញ្ចាញធ្មេញ និងជំងឺទាក់ទងធ្មេញ-អញ្ចាញធ្មេញជាច្រើនមុខទៀតផងដែរ។
ផ្ទុយទៅវិញ ប្រសិនជាអ្នកទទួលទានថ្នាំ វាគ្រាន់តែអាចសម្រាលការឈឺចាប់បានតែមួយភ្លែត តែពេលខាងមុខអ្នកនឹងជួបបញ្ហាសុខភាពមាត់ធ្មេញជាច្រើនមុខ ដូចជាបញ្ហាស្ងួតមាត់ និងបញ្ហាធ្មេញ អញ្ចាញធ្មេញផ្សេងៗជាដើម។

៣. ត្រសក់
ត្រសក់ មានជាតិកាកសសៃហ្វៃបឺ (Fiber) ដែលមានលទ្ធភាពដូចជាការជួយម៉ាស្សាធ្មេញ និងអញ្ចាញធ្មេញដែរ។ ម្យ៉ាងវិញទៀត ទឹកត្រសក់អាចជួយបង្កើនទឹកមាត់ ដែលអាចជួយដល់សុខភាពមាត់ធ្មេញ ថែមទាំងអាចជួយព្យាបាល និងសម្រាលការឈឺចាប់ដោយសារតែជំងឺរលាកអញ្ចាញធ្មេញ (Pyorrhea) ផងដែរ។
សម្រាប់ក្រូចឆ្មារសម្បកលឿងវិញ (ឬក្រូចឆ្មារ) ត្រូវបានមនុស្សជាច្រើនជឿថា អាចជួយធ្វើឱ្យធ្មេញ ស ភ្លឺចញ្ចាចបាន។ ប៉ុន្តែការពិតទៅទន្តពេទ្យបានណែនាំថាជាតិអាស៊ីតនៅក្នុងក្រូចឆ្មារសម្បកលឿង និងក្រូចឆ្មារធម្មតា គឺ វាជាសត្រូវដ៏ធំ ដែលធ្វើឱ្យប៉ះពាល់ដល់ស្រទាប់ធ្មេញកាន់តែសឹករេចរឹល និងកាន់តែយ៉ាប់យ៉ឺនទៅវិញនោះទេ។

៤. ផ្លែស្ត្របឺរី
ផ្លែស្ត្របឺរី ត្រូវបានគេដឹងថាសម្បូរទៅដោយ វីតាមីន C ដែលអាចជួយសុខភាពធ្មេញឱ្យរឹងមាំ ថែមទាំងធ្វើឱ្យធ្មេញស រលោងផងដែរ។ ក្រៅពីរសជាតិឆ្ងាញ់សម្រាប់ការទទួលទាន និងធ្វើឱ្យធ្មេញសនោះ គេអាចយកផ្លែស្ត្របឺរីកិនលាយជាមួយម្សៅសូដា (Baking soda) ដើម្បីយកមកដុសសម្អាតធ្មេញបានផងដែរ។
ប៉ុន្តែសម្រាប់ការទទួលទានគ្រាប់ស្ករ ឬបង្អែមដែលធ្វើពីផ្លែស្ត្របឺរីមិនមានផលល្អសម្រាប់ធ្មេញដូចផ្លែឈើស្រស់ៗឡើយ ផ្ទុយទៅវិញ វាបែរជាសម្បូរទៅដោយជាតិស្ករ ដែលធ្វើឱ្យខូច និងពុកធ្មេញ។

៥.តៅហ៊ូ
តៅហ៊ូសម្បូរទៅដោយជាតិអាល់កាឡាំង កាល់ស្យូម និងប្រូតេអ៊ីនខ្ពស់ ដែលអាចជួយធ្វើឱ្យធ្មេញ ស រឹងមាំ និងជួយផលិតទឹកមាត់ជួយឱ្យមាត់ធ្មេញមានសុខភាពល្អទៀតផង។
សម្រាប់ភេសជ្ជៈដែលមានជាតិហ្គាស និងជាតិផ្អែម បែរជាធ្វើឱ្យប៉ះពាល់ដល់ស្រទាប់ធ្មេញ ធ្វើឱ្យធ្មេញសឹក និងប្រហោងទៅវិញទេ។

៦. តែបៃតង
តែបៃតងសម្បូរទៅដោយជាតិ Polyphenols ដែលអាចប្រឆាំង និងបញ្ឈប់ការរីកលូតលាស់របស់មេរោគបាក់តេរីនៅក្នុងមាត់ធ្មេញបាន ថែមទាំងធ្វើឱ្យធ្មេញរឹងមាំ ចៀងវាងបញ្ហាអាស៊ីតដែលធ្វើឱ្យពុកធ្មេញផងដែរ។ ក្រៅពីធ្វើឱ្យធ្មេញមានសុខភាពល្អ តែបៃតង ថែមទាំងអាចបំបាត់បញ្ហាក្លិនមាត់ទៀតផង។
តែអ្នកគួរតែចៀសវាងការទទួលទានតែខ្មៅ ដែលអាចធ្វើឱ្យមានបញ្ហាដល់អញ្ចាញធ្មេញ ថែមទាំងមានស្នាមប្រឡាក់ក្រម៉ៅជាប់នឹងធ្មេញផងដែរ។

៧. ប្រេងដូង
ប្រេងដូងសម្បូរទៅដោយជាតិអាស៊ីតឡូរិក (Lauric Acid) ដែលអាចជួយប្រយុទ្ធប្រឆាំងនឹងបាក់តេរីក្នុងមាត់ធ្មេញ ជួយធ្វើឱ្យមាត់ធ្មេញមានសុខភាពល្អ អស់បញ្ហាជំងឺមាត់ធ្មេញផ្សេងៗ ថែមទាំងការពារជំងឺពុកធ្មេញ និងខ្យល់ដង្ហើមមិនល្អផងដែរ។ វិធីសាស្ត្រដែលល្អនោះ អ្នកអាចលាបប្រេងដូងលើធ្មេញទុកចោល ១៥ ទៅ ២០នាទី ឬគ្រាន់តែខ្ពុរប្រេងដូងក្នុងមាត់ សឹមខ្ជាក់ចេញមកវិញក៏បានដែរ។
ហើយអ្វីដែលអ្នកមិនគួរទទួលទានសម្រាប់សុខភាពធ្មេញនោះ គឺសូកូឡា មិនថាតែសូកូឡាពណ៌ស សូកូឡាទឹកដោះគោទេ (លើកលែងតែសូកូឡាខ្មៅ) សុទ្ធតែពោរពេញដោយជាតិស្ករ និងកាកាវ ដែលអាចធ្វើឱ្យធ្មេញរបស់អ្នកពុក និងខូចបាន ថែមទាំងមានបញ្ហាធ្មេញជាច្រើនទៀត។

៨. ស្ពៃ Celery
ស្ពៃ Celery ដែលអាចរកទិញបាននៅផ្សារទំនើប ត្រូវបានគេដឹងថា សម្បូរទៅដោយជាតិទឹក ដែលមានប្រយោជន៍សម្រាប់សុខភាពមាត់ធ្មេញ អាចជួយកាត់បន្ថយបាក់តេរីនៅក្នុងមាត់ធ្មេញ ជាពិសេសអាចជួយសម្អាតកំណកកំបោរ ស្នាមប្រហោង និងកាកសំណល់ចំណីអាហារដែលជាប់លើធ្មេញបានល្អផងដែរ។
ចំណែកដំឡូងបារាំងបំពងវិញ ទោះជាវាឈ្ងុយឆ្ងាញ់យ៉ាងណាក៏ដោយ តែវាមិនល្អទាល់តែសោះសម្រាប់ធ្មេញរបស់អ្នក មិនថាជាតិខ្លាញ់ និងកាកសំណល់ដំឡូងដែលជាប់នឹងធ្មេញ សុទ្ធតែផ្តល់ផលអាក្រក់សម្រាប់ធ្មេញទាំងអស់ ជាពិសេសអាចធ្វើឱ្យសឹកធ្មេញបានផងដែរ។ តែប្រសិនជាអ្នកទទួលទានដំឡូងបារាំងកុំភ្លេច ដុសសម្អាតធ្មេញឱ្យបានស្អាត និងត្រូវប្រើខ្សែសម្អាតធ្មេញបន្ថែមផង។

៩. ខ្ទឹមបារាំង
បើទោះជាខ្ទឹមបារាំង អាចធ្វើឱ្យមាត់ធ្មេញ មានក្លិនមិនល្អក៏ពិតមែន ប៉ុន្តែវាពិតជាមានប្រយោជន៍ណាស់សម្រាប់សុខភាពធ្មេញ ដែលអាចជួយធ្វើឱ្យធ្មេញមានសុខភាពល្អ សម្អាតធ្មេញ និងកំណកកំបោរផ្សេងៗបានផងដែរ។ អ្នកអាចទំពារខ្ទឹមបារាំង រូចបៀមវានៅក្នុងមាត់មួយភ្លែត ជាពិសេសប្រសិនជាអ្នកត្រដុសខ្ទឹមបារាំងលើធ្មេញ ថែមទាំងអាចសម្រាលអាការឈឺធ្មេញបានទៀតផង។

បើទោះជាអាហារដែលបានរៀបរាប់ខាងលើអាចជួយធ្វើឱ្យមាត់ធ្មេញរបស់អ្នកមានសុខភាពយ៉ាងនាក៏ដោយ កុំភ្លេចធ្វើអនាម័យមាត់ធ្មេញបន្ថែម ដោយការដុសសម្អាតធ្មេញឱ្យបានត្រឹមត្រូវ និងឱ្យបានទៀងទាត់ផង៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]