បន្ទាប់ពីសម្រាលកូនរួច អ្នកម្តាយគ្រប់រូបច្បាស់ជាបារម្ភណាស់អំពីរូបសម្រស់របស់ខ្លួន ហើយចង់បានសម្រស់ឱ្យមករកភាពស្រស់ស្អាតវិញដូចកាលពីក្រមុំជាក់ជាមិនខាន។ 

នេះជាកង្វល់មួយ ដែលស្រ្តីខ្វល់ខ្វាយយ៉ាងខ្លាំង ព្រោះបើសម្រស់មិនស្អាតខ្លាចថាថ្ងៃណាមួយស្វាមីអាចនឹងបែកចិត្តទៅមានស្រីថ្មីនៅខាងក្រៅផ្ទះ។ ដូច្នេះទោះបីជាមានកូនរួចទៅហើយក៏ដោយ ប៉ុន្តែរឿងភាពស្រស់ស្អាត ស្រ្តីជាអ្នកម្តាយគ្រប់រូបគឺមិនគួរមើលរំលងនោះឡើយ។

ប៉ុន្តែមុនពេលឈានទៅដល់គន្លឹះដែលធ្វើឱ្យអ្នកម្តាយទទួលបាននូវភាពស្រស់ស្អាតក្រោយពេលសម្រាលកូនរួច យើងមកដឹងជាមុនសិនថា ហេតុអ្វីបានជាអ្នកម្តាយត្រូវការសម្រស់មកវិញក្រោយពេលសម្រាល? 

រូបតំណាង

#មូលហេតុទាំងនោះគឺបណ្តាលមកពី៖

A) ការថែរក្សាសម្ផស្សឱ្យស្រស់ស្អាត គឺជួយរក្សាជីវិតគូឱ្យបានយូរអង្វែង ព្រោះមនុស្សប្រុសគ្រប់រូបតែងស្រលាញ់ភាពស្រស់ស្អាតរបស់នារីៗជានិច្ច។ កុំគិតថាស្វាមីរបស់អ្នកនឹងកោតសរសើរពីការដែលអ្នកយកចិត្តទុកដាក់ថែរក្សាកូន ហើយបណ្តាលឱ្យសម្រស់ធ្លាក់ចុះ ព្រោះបើសម្រស់អ្នកធ្លាក់ចុះ សេចក្ដីស្នេហារបស់ស្វាមីអ្នកក៏ធ្លាក់ចុះទៅតាមនោះផងដែរ។

B) ភាពស្រស់ស្អាតនឹងជួយធ្វើឱ្យអ្នកមើលទៅមានទំនុកចិត្ត និងងាយស្រួលតុបតែងខ្លួនពេលទៅណាម្តងៗ។ កុំយកកូនមកធ្វើជាលេសក្នុងការបញ្ឈប់ភាពស្រស់ស្អាតរបស់អ្នកឱ្យសោះ គួរតែថែរក្សាខ្លួនឯងឱ្យបានល្អបំផុត ទាំងសុខភាពរាងកាយ និងសម្រស់។

C) ភាពស្រស់ស្អាតនឹងជួយឱ្យអ្នក និងមនុស្សជាទីស្រលាញ់មានសេចក្តីសុខ សប្បាយចិត្ត និងមានអារម្មណ៍ល្អជាមួយគ្នា ហើយទៅណាម្តងៗមានតែអ្នកសរសើរ ដោយមិនខ្លាចថាសា្វមីចេញទៅមានស្រីនៅខាងក្រៅផ្ទះនោះឡើយ។

D) សម្រស់ជួយអ្នកឱ្យក្លាយជាមនុស្សដែលពូកែ និងអស្ចារ្យបំផុតនៅក្នុងខ្សែភ្នែករបស់កូនៗលោកអ្នក និងអ្នកដទៃដែលនៅជុំវិញខ្លួន។

E) ភាពស្រស់ស្អាតធ្វើឱ្យអ្នកក្លាយជានិមិត្តរូបរបស់កូនប្រុសស្រី នាំឱ្យគេចង់បាននូវសម្រស់ស្អាតដូចជាអ្នកដែរ។ នេះគឺជាមោទនភាពមួយដែលមាននៅក្នុងខ្លួនលោកអ្នក ដែលអ្នកណាក៏មិនអាចដណ្តើមយកចេញពីអ្នកបាន។  

រូបតំណាង

តទៅនេះគឺជាគន្លឹះទាំង ១០ យ៉ាង ដើម្បីបង្កើននូវភាពស្រស់ស្អាត សម្រាប់អ្នកម្តាយទាំងឡាយ៖

១) ត្រូវផឹកទឹកឱ្យបានច្រើនក្នុងមួយថ្ងៃៗ៖ មិនថាជាទឹកសុទ្ធ ទឹកផ្លែឈើ ឬទឹកថ្នាំធម្មជាតិពីរុក្ខជាតិបុរាណនានានោះទេ។ ធ្វើដូច្នេះវានឹងអាចជួយពង្រឹងរាងកាយរបស់អ្នកឱ្យមានភាពស្រស់ថ្លា ដោយជួយផ្តល់សំណើមដល់ស្បែកបានយ៉ាងល្អ។

២) លាបក្រែមថែរក្សាស្បែកជាប់ជានិច្ច៖ មិនត្រូវបណ្តោយឱ្យស្បែកបាត់បង់ជាតិសំណើមនោះឡើយ។ អ្នកគួរប្រើក្រែមលាបស្បែកឱ្យបានជាប់លាប់ យ៉ាងហោចណាស់២ដងក្នុងមួយថ្ងៃ ប៉ុន្តែគួរប្រុងប្រយ័ត្នខ្ពស់ដោយជ្រើសយកក្រែមលាបស្បែកណាដែលមិនប៉ះពាល់ដល់សុខភាពកូនតូចរបស់លោកអ្នក។

៣) គួរបន្ថែមវីតាមីន C ឱ្យបានច្រើន៖ វីតាមីននឹងជួយធ្វើឱ្យអ្នកទទួលបាននូវភាពស្រស់ថ្លាកាន់តែខ្លាំងឡើង ដូចជាការទទួលទានផ្លែក្រូចប្រភេទផ្សេងៗជាដើម ពីព្រោះវាសម្បូរទៅដោយវីតាមីន C យ៉ាងខ្ពស់ ខុសប្លែកពីផ្លែឈើដទៃៗទៀត។ 

រូបតំណាង

៤) បម្រុងស្បែកនៅក្រោមភ្នែកឱ្យមានភាពភ្លឺថ្លាគ្រប់ពេល៖ អ្នកអាចជ្រើសរើសប្រើផ្លែត្រសក់ ឬប៉េងប៉ោះជាដើម ដើម្បីយកមកបិទក្រោមភ្នែករយៈពេល១៥នាទីជារៀងរាល់ថ្ងៃបន្ថែមនូវភាពស្រស់ស្អាត។ 

ឬក៏អាចបន្ថែមភាពស្រស់ថ្លា ដល់ស្បែករាងកាយតាមវិធីធម្មជាតិដូចតទៅនេះបានផងដែរគឺ៖

+ខាត់ស្បែកឱ្យស្រស់ស្អាតជាមួយនឹងប្រទាលកន្ទុយក្រពើ៖ ប្រើប្រទាលកន្ទុយក្រពើមកលាបលើផ្ទៃមុខ ទុកចោលរយៈពេល១០ទៅ១៥នាទីជារៀងរាល់ថ្ងៃ។ ធ្វើដូច្នេះជែលនឹងជួយស្ដារស្បែកឱ្យមានសភាពស្រស់ថ្លាឡើងវិញ កម្ចាត់ភាពស្រអាប់ បំបាត់ភាពជ្រីវជ្រួញ ធ្វើឱ្យស្បែកមានសំណើមទ្វេឡើង។ ហើយនៅពេលដែលបានប្រើវាជាញឹកញាប់ នោះក៏នឹងជួយកាត់បន្ថយស្នាមមុន រុយ និងចំណុចខ្មៅៗនៅលើមុខយ៉ាងល្អ។

+ផ្តល់សំណើមដល់ស្បែកជាមួយនឹងត្រសក់៖ លក្ខណៈសម្បត្តិរបស់ត្រសក់គឺមិនត្រឹមតែជួយឱ្យស្បែកមានសំណើមប៉ុណ្ណោះទេ តែក៏អាចជួយកាត់បន្ថយការហើម និងជួយព្យាបាលស្បែកបានល្អផងដែរ។ 

វិធីប្រើគឺបន្ទាប់ពីការសម្អាតផ្ទៃមុខ ត្រូវយកត្រសក់ស្រស់ៗមកបិទនៅលើមុខឱ្យពេញ។ អាចធ្វើបានច្រើនម្តងក្នុងមួយសប្តាហ៍ នោះវាជួយសម្អាតស្បែកឱ្យមានភាពភ្លឺថ្លា ពិសេសក៏ជួយព្យាបាលជំងឺមហារីកនៅលើស្បែកមុខបានផងដែរ។

+ស្បែកមុខ ស រលោងជាមួយនឹងប៉េងប៉ោះ៖ ប៉េងប៉ោះមានលក្ខណៈសម្បត្តិជួយធ្វើឱ្យស្បែកស្រស់ថ្លា ការពារស្បែកពីរ៉ាឌីកាល់សេរី ជួយឱ្យមុខសឡើង។ វិធីធ្វើគឺនាំប៉េងប៉ោះទៅចម្អិនហើយបុកឱ្យហ្មត់ បន្ទាប់មកលាយទឹកដោះគោស្រស់ចូលបន្តិច សឹមនាំមកបិទមុខប្រមាណជា ១៥-២០នាទី។ រូបមន្តនេះបើធ្វើជាប្រចាំនឹងនាំឱ្យស្បែកមុខដែលខ្មៅ មានស្នាម ត្រូវបានលុបបំបាត់បន្តិចម្តងៗ។

+ខាត់ស្បែកដោយប្រើអម្ពិល៖ អំពិលអាចជួយការពារស្បែកពីរ៉ាឌីកាល់សេរី ធ្វើឱ្យស្បែក រាបស្មើរ និងស្រស់ថ្លា។ ត្រូវយកអំពិលទុំមកលាយជាមួយម្សៅរមៀត និងទឹកដោះគោស្រស់។ លាយគ្រឿងផ្សំទាំង៣រួមគ្នា បន្ទាប់មកយកខាត់ស្បែកនៅលើរាងកាយ ហើយងូតទឹកសម្អាតខ្លួនតាមធម្មតា។ ក្រោយមកអ្នកអាចលាបឡេថែទាំស្បែកតាមទម្លាប់។ ប្រសិនបើខាត់ស្បែកញឹកញាប់ វានឹងជួយឱ្យស្បែកខ្លួនរលោង និងមានសុខភាពល្អ។

+កម្ចាត់កោសិកាស្បែកដែលងាប់ចោលដោយអប់ ឬស្ប៉ាស្បែក៖ អ្នកអាចរកពេលវេលាទំនេរប្រហែល១-២ម៉ោងជារៀងរាល់សប្តាហ៍ដើម្បីទៅស្ប៉ាស្បែក។ តែបើអ្នករវល់ខ្លាំង អាចធ្វើនៅផ្ទះក៏បាន ដោយប្រើឱសថបុរាណងាយៗដូចជា ក្រូចសើច និងអំបិលខាត់ស្បែកចូលសម្រាប់ស្ប៉ា។ ធ្វើបែបនេះនឹងជួយស្បែកបញ្ចេញញើសបាននល្អ។ ក្រោយមកអ្នកអាចលាបឡេការពារស្បែក ដើម្បីបន្ថែមសំណើម ហើយក្នុងអំឡុងពេលថ្ងៃគួរទទួលទានទឹកឱ្យបានច្រើនបំផុត។

សរុបមកការថែទាំស្បែក ក្រោយពេលសម្រាលគឺមិនពិបាកនោះទេ គ្រាន់តែអ្នកអ្នករកឃើញ ហើយអាចធ្វើវាបានច្រើនប៉ុណ្ណាតែប៉ុណ្ណោះ ដើម្បីថែរក្សាសុខភាពស្បែកខ្លួនឯង។  

រូបតំណាង

៥) បិទបាំងស្នាមអុចខ្មៅ និងស្នាមជ្រីវជ្រួញនៅលើមុខដោយប្រើគ្រឿងសំអាង៖ ប្រសិនបើអ្នកត្រូវចេញទៅធ្វើការ ឬនៅតាមកម្មវិធីធំៗនានា ប៉ុន្តែមិនគួរប្រើវាជាប្រចាំនោះទេ ព្រោះខ្លាចប៉ះពាល់ដល់សុវត្ថិភាពកូនតូចរបស់លោកអ្នក។

៦) ត្រូវសម្រកទម្ងន់ក្រោយពេលផ្តល់កំណើតដល់កូន៖ ដោយគួរកែតម្រូវនូវទម្លាប់នៃការទទួលទានអាហារ។ ត្រូវបរិភោគអាហារ ដែលមានប្រយោជន៍ចំពោះសុខភាព និងធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់។ ប៉ុន្តែត្រូវចាំថា មិនគួរបញ្ចុះទម្ងន់ឱ្យហួសកម្រិតពេកនោះទេ ព្រោះវាអាចបណ្តាលឱ្យប៉ះពាល់ដល់ការបញ្ចេញទឹកដោះសម្រាប់បំបៅកូន។  

#ឬអ្នកអាចអនុវត្តវិធីសម្រកទម្ងន់ងាយៗដូចខាងក្រោមនេះគឺ៖

-ចាប់ផ្តើមពីការទទួលទានអាហារ៖ គឺមានសារៈសំខាន់បំផុតសម្រាប់ស្រ្តីក្រោយសម្រាលបុត្រ និងអ្នកម្តាយទាំងឡាយ។ អ្នកគួរជ្រើសអាហារទាំង៥ក្រុម ដើម្បីផ្តល់សារធាតុចិញ្ចឹមដល់រាងកាយបានគ្រប់ចំនួន។ គួរកាត់បន្ថយអាហារពពួក ម្ស៉ៅ នំបុ័ង បង្អែម ដែលសម្បូរជាតិស្ករច្រើន ពិសេសគឺអាហារដែលអាចបង្កើនជាតិខ្លាញ់ច្រើននៅក្នុងរាងកាយ។

-ចៀសវាងចំណីអាហារដែលមានជាតិប្រៃ ជូរ និងហឹរខ្លាំង៖ ដោយបន្ថែមនូវការបរិភោគបន្លែឱ្យបានច្រើនបំផុតតាមដែលអាចធ្វើបាន។ ទន្ទឹមនឹងនេះ ការផឹកទឹកឱ្យបាន ៨ កែវក្នុងមួយថ្ងៃ គឺជារឿងចាំបាច់បំផុតដើម្បីរក្សាជាតិសំណើមនៅក្នុងរាងកាយ ព្រមទាំងស្បែកឱ្យមានសុខភាពល្អ។ ធ្វើដូច្នេះនឹងធ្វើឱ្យរាងកាយរបស់អ្នក ទៅរកភាពស្រស់ស្អាតវិញបានជាមិនខាន។

-ជ្រើសរើសបរិភោគអាហារដោយឈ្លាសវៃ៖ ត្រូវទទួលទានអាហារតិចៗ ប៉ុន្តែឱ្យបានញឹកញាប់ ច្រើនពេលក្នុងមួយថ្ងៃ តែត្រូវចំណាំចៀសវាងអាហារដែលប៉ះពាល់ដល់ការបញ្ចេញទឹកដោះ។

-កុំតប់ប្រមល់នៅក្នុងការសម្រកទម្ងន់៖ អ្នកត្រូវតែត្រៀមខ្លួនធ្វើផែនការឱ្យរួចជាស្រេចដូចជាគួរ ញ៉ាំផ្លែឈើឱ្យបានច្រើនដោយទិញផ្លែឈើស្រស់ៗយកមកទុករៀបចំក្នុងទូទឹកកករួចជាស្រេច ហើយញ៉ាំនៅពេលឃ្លាន។ មួយទៀតជ្រើសអាហារដែលមានជាតិខ្លាញ់ទាប និងបន្លែដែលសម្បូរប្រូតេអ៊ីន។ យកល្អគួររៀបចំវាទុកក្នុងចាន១ឱ្យរួចស្រេចស្រួលយកមកញ៉ាំ និងដាក់តាមរថយន្តពេលមានដំណើរកម្សាន្តខាងក្រៅផ្ទះម្តងៗ។

-ដាក់វិន័យដល់ខ្លួនឯងក្នុងការហាត់ប្រាណ៖ បន្ទាប់ពីសម្រាលកូន ៦-៨ សបា្តហ៍ ទំហំចង្កេះអ្នកនឹងរីកធំឡើងៗ ដូច្នេះត្រូវចេះរៀបចំផែនការយ៉ាងម៉ត់ចត់ដើម្បីសម្រក់ទម្ងន់ ហើយរឿងដំបូងដែលអ្នកត្រូវធ្វើគឺបរិភោគអាហារដែលសម្បូរកាបូអ៊ីដ្រាតល្អដល់រាងកាយ ដែលវាសម្បូរនៅក្នុងពពួកគ្រាប់ធញ្ញជាតិ និងដំឡូងជាដើម។ ណែនាំឱ្យបរិភោគដំឡូងបារាំងពាក់កណ្តាលដុំមុន១ម៉ោងពេលចេញហាត់ប្រាណ។ វិធីនេះជួយអ្នកឆាប់ស្រកគីឡូ និងមានទឹកដោះហូរល្អសម្រាប់ឱ្យកូនបៅដោះផងដែរ។ ប្រសិនបើអ្នកចង់ប្រើវិធីវះកាត់សម្រក់ទម្ងន់ ដោយខ្ជិលហាត់ប្រាណ សូមទៅពិគ្រោះជាមួយគ្រូពេទ្យជាមុនសិនមុននឹងធ្វើ។ 

រូបតំណាង

៧) ព្យាបាលស្នាមសង្វារនៅលើស្បែក៖ ស្វាមីគ្រប់រូបពិតជាមិនចង់ឃើញភរិយាខ្លួនមានស្នាមសង្វារនៅលើក្បាលពោះ ឬដៃជើងក្រោយសម្រាលកូនរួចនោះទេ។ ដូចនេះអ្នកត្រូវប្រញាប់រកវិធីបំបាត់វាក្នុងរយៈពេលដ៏ខ្លី។ អ្នកអាចជ្រើសវិធីដោយការប្រើក្រែមលាបកាត់បន្ថយស្នាមជ្រីវជ្រួញ ក៏ដូចជាស្នាមសង្វារនេះបាន ព្រោះក្រែមនឹងជួយបំបាត់ស្នាមបានយ៉ាងងាយ គឺវាសម្បូរទៅដោយជាតិខូឡាជែលច្រើន។

៨) គេងសម្រាក៖ ឱ្យបានច្រើនបំផុត តាមដែលអាចធ្វើបានគឺយ៉ាងហោចណាស់ក៏៦ ទៅ ៨ ម៉ោងដែរ ក្នុងមួយថ្ងៃ។ ដោយការចូលគេងឱ្យបានលឿន និងឆាប់ក្រោកពីព្រលឹម ហើយក្រោយទទួលទានអាហារថ្ងៃត្រង់ គួររកពេលវេលាសម្រាកឱ្យបានតិចណាស់៣០នាទី ហើយមិនគួរកាន់ ឬយួររបស់អ្វីធ្ងន់ៗ ហួសពីកម្លាំងនោះឡើយ។

រូបតំណាង

៩) ទៅម៉ាស្សា៖ គួរស្វែងរកពេលវេលាទំនេរខ្លះ ដើម្បីទៅហាងម៉ាស្សាបន្ថយភាពតានតឹងក្នុងអារម្មណ៍ ក៏ដូចជារាងកាយផងដែរ។ អ្នកដឹងទេថាការទៅម៉ាស្សាក៏អាចបណ្តេញនូវជាតិពុល និងកាកសំណល់អាក្រក់ៗនានាចេញពីក្នុងរាងកាយបានយ៉ាងល្អ ដើម្បីបង្កើនូវភាពស្រស់ស្អាតពីខាងក្នុងខ្លួនរបស់អ្នក។

១០) គួរបន្ថែមទំហំដើមទ្រូងរបស់អ្នកឱ្យធំជាងមុន៖ នេះគឺជាចំណុចពិសេសបំផុតដែលស្រ្តីមានបុត្រគ្រប់រូបគួរធ្វើ ឬស្ត្រីដែលទើបសម្រាកកូនក៏អាចធ្វើបានដែរ នៅពេលកូនផ្ដាច់ដោះ។ អ្នកអាចជ្រើសយកវិធីធ្វើធម្មជាតិៗដូចជាការធ្វើម៉ាស្សាជាប្រចាំ ឬហាត់ប្រាណពង្រីកដើមទ្រូងឱ្យធំជាដើម។ ក្រៅពីនេះអ្នកម្តាយក៏អាចទទួលទានវីតាមីន និងប្រូតេអ៊ីនជំនួយដើមទ្រូងបន្ថែមក៏បាន។ 

នេះគឺចំណុចសំខាន់សម្រាប់ស្រ្តីគ្រប់រូបដើម្បីចងចិត្តស្វាមីមិនឱ្យមានថ្មី ឬមានលួចលាក់ក្នុងផ្ទះក្រៅផ្ទះបាន ព្រោះទោះបីជាអ្នកមានកូនហើយ ក៏សម្រស់នៅតែស្រស់ស្អាត ហើយជួនកាលកាន់តែស្រស់ស្អាតជាងមុនក៏អាចថាបាន៕

រូបតំណាង
រូបតំណាង

ប្រភព៖ Amarinbabyandkids Srichandbaby / Maerakluke

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]