ស្លែស ឬកំហាកគឺជាទឹករំអិលដែលបង្កើតឡើងដោយសួត ហើយវាបញ្ចេញដោយភ្នាសរំអិលនៃផ្លូវដង្ហើម ជាពិសេសវាមានការផលិតក្នុងបរិមាណច្រើននៅពេលដែលអ្នកកើតមានជំងឺផ្តាសាយ។
ទន្ទឹមនឹងនេះផងដែរ មានមនុស្សភាគច្រើនកើតជំងឺគ្រុនផ្តាសាយនេះដោយសារតែបាក់តេរី ឬវីរុសព្រមទាំងការរលាកកោសិកាមួយចំនួនទៀត។ ម្យ៉ាងទៀតកាលណាដែលមានស្លែសច្រើនវាធ្វើឲ្យអ្នកមានផលរំខានផ្សេងៗ ដែលអ្នកគួរតែបំបាត់វាដើម្បីកុំឲ្យវាមានការកកើតឡើងកាន់តែច្រើន។
ចំណែកឯរោគសញ្ញាមួយចំនួននៃអ្នកមានជំងឺស្លែសកើនឡើង គឺអ្នកមានអារម្មណ៍ហាក់ដូចជាគ្រុនក្តៅ ហៀរសំបោរក្នុងរយៈពេលយូរ ពិបាកដកដង្ហើម និងមានអារម្មណ៍ចង់សម្អាតបំពង់កចេញ ឬចង់ក្អកជាដើម។ នៅក្នុងនេះផងដែរស្លែសខ្លះគឺវាងាយនឹងចេញមកក្រៅ ប៉ុន្តែស្លែសខ្លះទៀតគឺពិបាកនៅក្នុងការខាកស្តោះចេញមកណាស់។

ហេតុដូច្នេះហើយយើងនឹងចែករំលែកនូវវិធីមួយចំនួនតាមបែបធម្មជាតិជាមួយនឹងគ្រឿងផ្សំដែលមានស្រាប់ដែលអ្នកមាន ដើម្បីកម្ចាត់បញ្ហាស្លែសមួយនេះចេញពីបំពង់ករបស់អ្នក។
១/ ក្រូចឆ្មារ ឬក្រូចឆ្មារសំបកលឿង
ក្រូចឆ្មារ (Lime) ឬក្រូចសំបកលឿង (Lemon) សម្បូរទៅដោយកម្រិតវីតាមីន C និងសារធាតុប្រឆាំងទៅនឹងបាក់តេរីដែលធ្វើជួយឲ្យមានសុខភាពល្អ។ មិនត្រឹមតែប៉ុណ្ណោះពួកវាក៏មានទឹកអាស៊ីតដ៏មានអានុភាពដែលអ្នកអាចប្រើដើម្បីសម្អាតការបំបែកអាហារផងដែរ។
វិធីធ្វើទី១៖
• លាយទឹកឃ្មុំចំនួន១ស្លាបព្រាបាយ ជាមួយនឹងទឹកក្រូចឆ្មារចំនួន២ស្លាបព្រាកាហ្វេ បន្ទាប់មកចាក់ចូលទៅក្នុងទឹកក្តៅឩណ្ហៗចំនួន១កែវ
• ទទួលទានទឹកនេះចំនួន ៣ដងក្នុងមួយថ្ងៃ

វិធីធ្វើទី២៖
• ជម្រើសមួយផ្សេងទៀតនោះគឺការប្រើចំណិតក្រូចសំបកលឿង
• បន្ទាប់ពីកាត់ក្រូច (ក្រូចសំបកលឿងអាចរកទិញបាននៅផ្សារទំនើប) រួច យកម្រេច និងអំបិលលាបនៅលើចំណិតក្រូចនោះ
• រួចជញ្ជក់បឺតយកជាតិទឹកនៃក្រូចដែលមានជាប់អំបិល និងម្រេចនោះ ហើយស្លែសនឹងចេញភ្លាមៗយ៉ាងមានប្រសិទ្ធិភាព
• ធ្វើដូចនេះ ២ដងក្នុងមួយថ្ងៃ

២/ ការស្ទីម(steam)
ការស្ទីមនេះត្រូវបានគេចាត់ទុកថាជាមធ្យោបាយដ៏ល្អបំផុតក្នុងការដោះស្រាយបញ្ហាមួយនេះ។
វិធីទី១៖ ដោយអ្នកគ្រាន់តែត្រូវស្រូបយកចំហាយទឹក ឬមុជទឹកក្តៅល្មមរយៈពេល១០នាទី ហើយបិតបន្ទប់ទឹកឲ្យបានជិតល្អដើម្បីស្រូបយកចំហាយទឹកដែលធ្វើឲ្យស្លែស ឬកំហាកនឹងទៅជារាវ ដែលធ្វើឲ្យមានភាពងាយស្រួលនៅក្នុងការយកវាចេញបានយ៉ាងងាយស្រួល។
វិធីទី២៖ វិធីទី២នេះអ្នកអាចដាំទឹកឱ្យពុះហើយដាក់វានៅក្នុងចានមួយ បន្ទាប់មកគ្របក្បាលរបស់អ្នកដោយប្រើកន្សែងធំ ដើម្បីឱ្យចំហាយទឹកចេញមក ហើយអ្នកអាចស្រូបយកចំហាយទឹកនោះរយៈពេល ១០នាទី(អនុវត្តន៍ច្រើនដងក្នុងមួយថ្ងៃ)។

៣/ ទឹកអំបិល
ទឹកប្រភេទនេះគឺជាភ្នាក់ងារប្រឆាំងទៅនឹងបាក់តេរីដ៏ខ្លាំងក្លា និងរឹងមាំបំផុតដែលអាចជួយអ្នកប្រឆាំងនឹងការរលាកបំពង់កបានល្អបំផុត។
វិធីធ្វើ៖ ដោយគ្រាន់តែខ្ពុរមាត់របស់អ្នកដោយប្រើទឹកក្តៅល្មមចំនួន១កែវ លាយជាមួយអំបិលចំនួន ១/៤នៃស្លាបព្រាកាហ្វេ(ខ្ពុរមាត់របស់អ្នកជាមួយនឹងទឹកអំបិលឲ្យបានច្រើនដងក្នុងមួយថ្ងៃ)។

៤/ ទឹកឃ្មុំ
ទឹកឃ្មុំគឺជាសារធាតុដែលអាចបន្ថយការរលាកនៃភ្នាសរំអិលនៅក្នុងមាត់ដោយបង្កើតការពារបានយ៉ាងល្អ។ ដូច្នេះវាអាចជួយឲ្យអ្នកធូរស្បើយបានភ្លាមៗជាមួយនឹងបញ្ហាស្លែសមួយនេះ។ មិនត្រឹមតែប៉ុណ្ណោះសារធាតុដែលមានក្នុងទឹកឃ្មុំនេះត្រូវបានរួមបញ្ចូលផងដែរនៅក្នុងថ្នាំក្អកជាច្រើនដែលវាអាចប្រឆាំងនឹងការឆ្លងមេរោគតាមរយៈផ្លូវដង្ហើមបាន។
វិធីធ្វើទី១៖
• យកទឹកឃ្មុំចំនួន ១ស្លាបព្រាបាយ ហើយបន្ថែមម្រេចខ្មៅបន្តិចជាការស្រេច
• មួយវិញទៀតអ្នកត្រូវតែបញ្ចូលទឹកឃ្មុំទៅក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នកផងដែរ ពីព្រោះទឹកឃ្មុំនឹងធ្វើភ្នាសរំអិលរបស់អ្នកបានធូរស្រាល។ ចំណែកឯម្រេចខ្មៅវិញជាអ្នកប្រយុទ្ធប្រឆាំងនឹងការបង្ករោគផ្សេងៗ។
វិធីទី២៖ អ្នកក៏អាចព្យាបាលស្លែសចេញពីបំពង់ក ដោយប្រើទឹកឃ្មុំចំនួន ១ស្លាបព្រាបាយលាយជាមួយទឹក ១កែវ ហើយទទួលទានវាផឹកឲ្យបានច្រើនដងក្នុងមួយថ្ងៃ។
ចំណាំ៖ ក្នុងករណីដែលអ្នកនៅតែបន្តមានស្លែសរយៈពេលច្រើនសប្ដាហ៍មិនបាត់ហើយចាប់ផ្តើមមានឈាមពណ៌បៃតង ឬពណ៌លឿង សូមទៅជួបគ្រូពេទ្យភ្លាមៗព្រោះវាអាចជាការបង្ករោគដូចជាការរលាកទងសួតជាដើម៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]