សៀមរាប : ស្រ្តីជនជាតិហ្វីលីពីន ៣នាក់ ដែលបានធ្វើដំណើរ ដោយរថយន្តតាក់ស៊ី ពីខេត្តសៀមរាប ឆ្ពោះទៅក្រុងប៉ោយប៉ែត បានស្លាប់ភ្លាមៗម្នាក់ ហើយម្នាក់ទៀត មានរបួសធ្ងន់ធ្ងរ ចំណែកម្នាក់ទៀតមាន របួសស្ទើរធ្ងន់ផងដែរ។ ឯស្រ្ដីមានផ្ទៃពោះគ្រប់ខែម្នាក់ ស្រ្តីគិលានុបដ្ឋាយិកាម្នាក់ និងអ្នកបើកបរ រថយន្ដរបស់មណ្ឌលសុខភាព ស្រុកក្រឡាញ់ម្នាក់ បានទទួលរង របួសស្រាល។
ចំណែកអ្នកបើក រថយន្តតាក់ស៊ី ដែលមានរបួសដែរនោះ បានដាក់មេប្រូច រត់បាត់ស្រមោល។ ហើយគ្រោះថ្នាក់នេះ កាលវេលាម៉ោងជិត៦:០០នាទី ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១២ តាមកំណាត់ផ្លូវជាតិលេខ៦ ពីក្រុងសៀមរាប ទៅ ខេត្តបន្ទាយមានជ័យ ស្ថិតក្នុងភូមិសាស្ត្រ ឃុំក្រឡាញ់ ស្រុកក្រឡាញ់ ខេត្តសៀមរាប។
លោកអធិការនគរបាល ស្រុកក្រឡាញ់ ចាន់ សារ៉េន បានឲ្យដឹងពីកន្លែង កើតហេតុមកថា គ្រោះថ្នាក់ចរាចរណ៍នេះ បានបណ្ដាលឲ្យស្រ្ដី ដែលជាជនជាតិហ្វីលីភីនម្នាក់ ស្លាប់ភ្លាមៗ ចំណែកម្នាក់មានរបួសធ្ងន់ធ្ងរ និងម្នាក់ហាក់មានសភាពធ្ងន់បន្តិចផងដែរ។ ហើយអ្នកធ្វើដំណើរ ៣នាក់ទៀត ដែលជិះលើរថយន្តសង្រ្គោះរបស់មណ្ឌលសុខភាពស្រុកក្រឡាញ់ បានរងរបួសស្រាលផងដែរ ក្នុងនោះមានស្រ្តីដែលមានផ្ទៃពោះគ្រប់ខែម្នាក់ របួសក្បាល ស្ត្រីដែលជាគិលានុបដ្ឋាយិកាម្នាក់ និងអ្នកបើកបររថយន្តក៏របួសដែរ។
លោកបានបញ្ជាក់ថា រថយន្តតាក់ស៊ី Camry ផលិតនៅឆ្នាំ១៩៩៣ ចង្កូតស្ដាំ ព័ណ៌ស ដែលដឹកភ្ញៀវទេសចរណ៍ជាស្ត្រីហ្វីលីពីន ៣នាក់នោះបានធ្វើដំណើរ ពីទិសខាង កើត គឺពីក្រុងសៀមរាប ឆ្ពោះទៅក្រុងប៉ោយប៉ែត តាមផ្លូវជាតិលេខ៦ បានបើកបរក្នុងល្បឿនលឿន លុះមកដល់ត្រង់ចំណុចកើតហេតុ ក៏បានវាក់អើជាមួយរថយន្ត CRV ដែលបើកបរដោយបុរសជនជាតិកូរ៉េម្នាក់ ដែលបម្រុងស៊ីញ៉ូភ្លើងបត់រថយន្តចូលភោជនីយដ្ឋានរបស់ខ្លូន តែស៊ីញ៉ូរួចមិនបានបត់ទេ គឺឈប់ត្រឹងនៅលើផ្លូវ ដោយឃើញរថយន្តតាក់ស៊ីនោះមានល្បឿនលឿនពេក រួចរថយន្ដតាក់ស៊ី ក៏បានបើកវ៉ា រថយន្ត CRV តែពេលនោះរថយន្ត សង្រ្គោះរបស់ ពេទ្យដែល កំពុងដឹកស្រ្តីមានផ្ទៃពោះទៅមន្ទីរពេទ្យខេត្ត ដែលបើកពីទិសខាងលិច បញ្រ្ចាសទិសគ្នា ក៏បានបុកគ្នាយ៉ាងពេញទំហឹងទៅ។
លោកបានបន្តថា ការបុករវាងរថយន្តទាំង ២គ្រឿងនេះ បណ្ដាលឲ្យរថយន្តរបស់មណ្ឌលសុខភាពធ្លាក់ក្រឡាប់ទៅចង្រាក់ផ្លូវទៅ ហើយរថយន្ត តាក់ស៊ីនឹងប្រកាច់នៅលើ កណ្ដាលថ្នល់នឹងទៅ។ ចំពោះរថយន្ត CRV របស់ជនជាតិកូរ៉េម្ចាស់ហាងនោះ ក៏ប៉ះទង្គិចផងដែរ។ ហើយស្ត្រីជនជាតិហ្វីលីពីនម្នាក់ដែលជិះនៅកៅអីខាងមុខទឹមនឹងតៃកុងបានស្លាប់ធ្លាមៗ គាបជាប់នៅនឹងរថយន្ដ ចំណែកពីរនាក់ជិះនៅកៅអីខាងក្រោយ ម្នាក់មានរបួសធ្ងន់ធ្ងរ និងម្នាក់ទៀតហាក់មានសភាពធ្ងន់បន្តិចដែរ។ ចំពោះអ្នករបួសបីនាក់ផ្សេងទៀតបងប្អូនសាច់ញាតិរបស់គេ បានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ។
នៅក្នុងគ្រោះថ្នាក់ចរាចរណ៍នេះ លោក សំ ព្រហ្មនា រដ្ឋលេខាធិការក្រសួងទេសចរណ៍ លោក ប៊ុន ថារិទ្ធអភិបាលរងខេត្តសៀមរាប លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ បានចុះទៅពិនិត្យ និងសួរសុខទុក្ខអ្នករបួសនៅកន្លែងសង្គ្រោះ ព្យាបាលដោយផ្ទាល់ ដោយការយកចិត្តទុកដាក់ និងបានចូលរួមសោកស្ដាយចំពោះ ការបាត់បង់ជីវិតស្ត្រីម្នាក់ និងការរបួសដល់ស្ត្រីជនជាតិហ្វីលីពីន ២នាក់នេះ។ ហើយលោកបាននិយាយទូរស័ព្ទទាក់ទង និងជម្រាបជូនដល់មន្ត្រីស្ថានទូតហ្វីលីពីនប្រចាំកម្ពុជា ពីបញ្ហាគ្រោះថ្នាក់នេះផងដែរ។ ចំពោះមន្រ្តីមន្ទីរសុខាភិបាល រួមជាមួយក្រុមគ្រូពេទ្យ និងសមត្ថកិច្ចនគរបាល អន្តរាគមន៍ជួយសង្រ្គោះដោយការយកចិត្តទុកដាក់បំផុត។
លោករដ្ឋលេខាធិការ បានឲ្យដឹងថា តាមលោកវេជ្ជបណ្ឌិត នៅខាងមន្ទីរពេទ្យខេត្ត ថា មន្ទីរពេទ្យមានឧបករណ៍វេជ្ជសាស្ត្រ សម្រាប់ធ្វើការពិនិត្យ តដៃស្ត្រីដែលបាក់កដៃទាំងពីរធ្ងន់ធ្ងរ។ ចំពោះលោក និងអភិបាលរងខេត្ត គ្រាន់តែជាអ្នកសម្របសម្រួលកិច្ចការ រីឯលក្ខណ:បច្ចេកទេស និងវេជ្ជសាស្ត្រ សម្រចលើលោកវេជ្ជបណ្ឌិតពិភាក្សាគ្នា ថាត្រូវបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តឬយ៉ាងណានោះ ព្រោះនៅមន្ទីរសំរាក់ព្យាបាល រស្មីអង្គរ ដែលកំពុងសង្គ្រោះ ព្យាបាលជំហានដំបូងនេះ គឺមានវេជ្ជបណ្ឌិតម្នាក់ជាជនជាតិហ្វីលីពីនផងដែរ ដូច្នេះត្រូវពិភាក្សាជាមួយលោកវេជ្ជបណ្ឌិតដែលជាអនុប្រធានមន្ទីរពេទ្យខេត្ត ក្នុងការពិនិត្យ សង្គ្រោះ ព្យាបាល តាមដានអ្នករបួសតទៅទៀត។
បើតាមមន្ត្រី នគរបាលការិយាល័យ អន្តោប្រវេស៍ខេត្ត បានឲ្យដឹងថា ស្រ្ដីដែលបានស្លាប់ ដោយគ្រោះថ្នាក់ចរាចរណ៍នោះ មានឈ្មោះ កាស្ទីលឡូ គ្រីសស្ទី(Castillo Christy?) អាយុ ២៦ឆ្នាំ ជនជាតិហ្វីលីពីន។ ចំពោះស្រ្ដីហ្វីលីពីន ដែលរងរបួសទាំងពីរនាក់ មិនទាន់ស្គាល់ឈ្មោះនៅឡើយទេ ព្រោះពួកគេកំពុងទទួលការជួយសង្គ្រោះ ព្យាបាលពីក្រុមគ្រូពេទ្យ។ លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ បានបញ្ជាក់ថា បើតាមការសន្ទាតាមទូរស័ព្ទ គឺ នៅព្រឹកថ្ងៃអាទិត្យស្អែកនេះ មន្ត្រីនៃស្ថានទូតហ្វីលីពីន នឹងមកពិនិត្យ សួរសុខទុក្ខអ្នករបួសទាំងពីរនាក់ ដែលកំពុងសម្រាក់ ព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ក្នុងនោះនឹងមានការចាត់ចែង រៀបចំសាកសពស្រ្ដីហ្វីលីពីន ដែលបានស្លាប់ តាមវិធី និងនីតិវិធីរបស់ស្ថានទូតហ្វីលីពីន។ ហើយស្ត្រីទាំង៣នាក់មកកម្ពុជា ជាភ្ញៀវទេសចរណ៍៕
ដោយ៖ ដើមអម្ពិល
ផ្តល់សិទ្ធដោយ ដើមអម្ពិល
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]