នៅពេលដែលព្រះអាទិត្យរះបានន័យថា ជាវេលាដែលមនុស្សយើងត្រូវចាប់ផ្តើមធ្វើកិច្ចការប្រចាំថ្ងៃ ចំណែកពេលព្រះអាទិត្យលិច គឺជាពេលដែលរាងកាយត្រូវការសម្រាក។ ចុះប្រសិនជាយើងធ្វើកិច្ចការខុសម៉ោង ខុសពេល ខុសវេលានោះទៅជាយ៉ាងណា?

ជាការពិតណាស់នៅក្នុងពេលបច្ចុប្បន្នទម្លាប់ធ្វើការដាច់យប់ ឬការបង្ហើយការងារនៅផ្ទះរហូតកណ្តាលអធ្រាត ឬជិតភ្លឺ និងសម្រាប់អ្នកដែលធ្វើការវេនយប់ គឺជាសកម្មភាពប្រឆាំងនឹងច្បាប់ធម្មជាតិមួយ ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាព អាចធ្វើឱ្យអ្នកអស់កម្លាំង ងោកងុយបើទោះបីជាគេងបន្តម៉ោងសងពេលបន្ទាប់ក៏ដោយ ថែមទាំងអាចមានបញ្ហាប្រព័ន្ធរំលាយអាហារក្រពះពោះវៀន ព្រមទាំងអាចឡើងទម្ងន់ផងដែរ។

ប៉ុន្តែអ្នកមិនបាច់បារម្ភទេ ប្រសិនជាអ្នកមានកិច្ចការរវល់ដែលត្រូវធ្វើការដាច់យប់ជាប្រចាំថ្ងៃ ឬធ្វើការវេនយប់ គ្រាន់តែបន្ថែមអាហារអស់ទាំងនោះនៅក្នុងរបបអាហារប្រចាំថ្ងៃ នឹងបញ្ហាសុខភាពនឹងបានដោះស្រាយជាមិនខាន៖ 

អ្នកធ្វើការដាច់យប់តែងមានបញ្ហាសុខភាព ប្រព័ន្ធរំលាយអាហារ ​និងឡើងទម្ងន់

១.សាច់មាន់

ការបន្ថែមជាតិប្រូតេអ៊ីននៅក្នុងរបបអាហារប្រចាំថ្ងៃ ដូចជាសាច់មាន់ជាដើម អាចជួយធ្វើឱ្យអ្នកមានភាពធូរស្រាលពីភាពងោកងុយ និងអស់កម្លាំងបាន ជាពិសេសគឺសាច់ទ្រូងមាន់។ ដូច្នេះកុំភ្លេចបន្ថែមសាច់ទ្រូងមាន់នៅក្នុងរបបអាហារប្រចាំថ្ងៃផង ដើម្បីបង្កើនប្រូតេអ៊ីនសម្រាប់ជំនួយរាងកាយ តែកុំភ្លេចយកស្បែកមាន់ចេញផងទើបជាការល្អ។

សាច់មាន់ជាប្រភពប្រូតេអ៊ីនរាងកាយ​ ជាពិសេសសាច់ទ្រូងមាន់

២.ត្រី

ការទទួលទានសាច់ត្រី ជាពិសេសប្រភេទត្រីសមុទ្រ គឺជាប្រភពនៃអាស៊ីតខ្លាញ់អូមេហ្គា៣ (Omega-3) ដែលអាចជំនួយសុខភាពបេះដូង និងខួរក្បាលរបស់អ្នកបាន ជាពិសេសគឺកម្ចាត់ជាតិខ្លាញ់កូឡេស្តឺរ៉លមិនល្អចេញពីរាងកាយ។ ដូច្នេះអ្នកអាចទទួលទានពពួកត្រីសមុទ្រដែលមានប្រយោជន៍សម្រាប់សុខភាពរាងកាយក្នុងរបបអាហារប្រចាំថ្ងៃបានដូចជា៖ ត្រីសាម៉ុង ត្រីធូណា និងត្រីសាឌីនជាដើម។

ត្រីសមុទ្រជាប្រភពនៃអាស៊ីតខ្លាញ់អូមេហ្គា៣ (Omega-3)

៣.ប័រសណ្តែកដី (Peanut Butter)

ការធ្វើការដាច់យប់ និងនៅដល់យប់ជ្រៅៗអាចធ្វើឱ្យអ្នកអស់កម្លាំង ហេវហត់ ហើយនៅពេលថ្ងៃបន្ទាប់ ការដែលចេះតែទទួលទានអាហារផ្តេសផ្តាសតាមចិត្តឃ្លាន អាចធ្វើឱ្យអ្នកងាយឡើងទម្ងន់ជាដើម។ ដូច្នេះគ្រាន់តែទទួលប័រសណ្តែកដី១ស្លាបព្រាបាយ (Peanut Butter) អាចជួយផ្តល់ជាតិប្រូតេអ៊ីន ជាតិខ្លាញ់ល្អៗ និងជាតិកាកសរសៃ ដែលអាចផ្តល់ថាមពលដល់រាងកាយគ្រប់គ្រាន់ និងធ្វើឱ្យអ្នកឆ្អែតបានយូរផងដែរ។

គួរទទួលទានប័រសណ្តែកដី (Peanut Butter) ១ស្លាបព្រា

៤. ទឹកដោះគោជូរក្រិក (Greek Yoghurt)

ទឹកដោះគោជូរក្រិក (Greek Yoghurt) ដែលអាចរកទិញបាននៅផ្សារទំនើប ត្រូវបានគេដឹងថាជាអាហារដ៏ល្អសម្រាប់អ្នកដែលឧស្សាហ៍ធ្វើការដាច់យប់។ វាមានផ្ទុកនូវសារធាតុចិញ្ចឹមសំខាន់ៗ ជាតិប្រូតេអ៊ីន និងមានកាឡូរីទាប ដែលអាចជួយបំពេញថាមពលរាងកាយ ធ្វើឱ្យក្រពះឆាប់ឆ្អែត និងមិនធ្វើឱ្យអ្នកធាត់ ឬឡើងទម្ងន់ជាដើម។

ទឹកដោះគោជូរក្រិក (Greek Yoghurt) ដែលអាចរកទិញបាននៅផ្សារទំនើប

៥. បន្លែ និងផ្លែឈើ

បន្លែ និងផ្លែឈើសម្បូរទៅដោយជាតិកាកសរសៃ វីតាមីន រ៉ែ និងសារធាតុចិញ្ចឹមសំខាន់ៗជាច្រើនជំនួយសុខភាពទូទៅ។ ក្រៅពីនេះ ការយកបន្លែផ្លែឈើបញ្ចូលនៅក្នុងរបបអាហាររបស់អ្នកឱ្យបានច្រើន ឬធ្វើជាសាឡាត់ទទួលទាន អាចជំនួយសុខភាពសម្រាប់អ្នកដែលឧស្សាហ៍ធ្វើការដាច់យប់បានយ៉ាងប្រសើរ ដោយវាអាចជួយផ្តល់ថាមពលរាងកាយ មានជាតិខ្លាញ់ទាប និងគ្មានខ្លាញ់កូឡេស្តឺរ៉លដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពផងដែរ។

ទទួលទានបន្លែ ​និងផ្លែឈើឱ្យបានច្រើននៅក្នុងរបបអាហារទទួលប្រចាំថ្ងៃ

៦.ទឹក

នៅតែទឹកល្អបំផុតសម្រាប់សុខភាពរបស់មនុស្សយើង។ ដូច្នេះ អ្នកត្រូវប្រាកដចិត្តថាអ្នកបានទទួលទានជាតិទឹកគ្រប់គ្រាន់ ដោយសារតែជាតិទឹកអាចជួយធ្វើឱ្យរាងកាយរបស់អ្នកមានសំណើម ផ្តល់ថាមពលដល់រាងកាយ និងធ្វើឱ្យស្មារតីអ្នកស្វាងពីការងោកងុយផងដែរ។ ម្យ៉ាងវិញទៀត ជំនួសឱ្យការទទួលកាហ្វេដែលធ្វើប៉ះពាល់ដល់សុខភាព នៅពេលដែលអ្នកមានអារម្មណ៍ថាងងុយគេង ឬអស់កម្លាំង អ្នកគួរទទួលទានទឹកស្អាត ទឹកតែ និងតែបៃតងវិញទើបល្អជាង៕ 

ទទួលទានទឹកឱ្យបានគ្រប់គ្រាន់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]