មនុសុ្សជាច្រើនប្រហែលជាមិនបានចាប់អារម្មណ៍នឹងអាការឈឺចុកចាប់នៅក្នុងរាងកាយប៉ុន្មានទេ ជាពិសេសគឺចុកចាប់នៅក្នុងពោះ ដោយសារគិតថាវាជារឿងធម្មតា មិនមែនជារឿងធំដុំ ឬមានបញ្ហាជំងឺអ្វីដែលគួរឱ្យបារម្ភនោះទេ។ តែអ្នកគួរដឹងថា ការមិនចាប់អារម្មណ៍លើអាការឈឺចុកចាប់នៅត្រង់ផ្នែកពោះរបស់អ្នក អាចធ្វើឱ្យមានបញ្ហាសុខភាពមួយចំនួនបានផងដែរ ជាពិសេសគឺការឈឺចុកចាប់នៅត្រង់ពោះផ្នែកខាងស្តាំ ដែលគេបានរកឃើញថា អាចជាប់ពាក់ព័ន្ធនឹងបញ្ហាសរីរាង្គផ្នែកខាងក្នុងមួយចំនួន។
ដូច្នេះមកតាមដានទាំងអស់គ្នា នូវជំងឺធំតូចមួយចំនួនដែលបណ្តាលឱ្យ អ្នកមានអាការឈឺចុកចាប់ត្រង់ផ្នែកពោះខាងស្តាំ ដូចខាងក្រោម៖
១. របួសឆ្អឹង
ការឈឺចុកចាប់នៃផ្នែកខាងស្តាំពោះ គឺអាចបណ្តាលមកពីរបួសនៃការស្រុតឆ្អឹងនៃផ្នែកពោះ ជាពិសេសការឈឺចាប់នឹងកាន់តែខ្លាំងឡើងៗនៅរាល់ពេលដែលអ្នកដកដង្ហើម។ ទោះជាយ៉ាងណារបួសនេះអាចនឹងត្រូវការពេលវេលាមួយចំនួនដើម្បីឱ្យជាសះស្បើយ តែបើអ្នកនៅតែមានការឈឺចាប់ខ្លាំង សូមប្រញាប់ទៅមន្ទីរពេទ្យជាបន្ទាន់។

២.ជំងឺរលាកសួត
ជំងឺរលាកសួតក៏អាចធ្វើឱ្យអ្នកមានបញ្ហាឈឺចាប់នៅត្រង់ពោះផ្នែកខាងស្តាំផងដែរ បើទោះបីជាវាមិនសូវជាបង្ហាញរោគសញ្ញាច្បាស់លាស់យ៉ាងណាក៏ដោយ។ ប៉ុន្តែការឈឺចាប់នឹងកាន់តែលេចច្បាស់នៅត្រង់ពោះផ្នែកខាងស្តាំ នៅរាល់ពេលដែលអ្នកដកដង្ហើម និងក្អកជាដើម។ ដូច្នេះអ្នកអាចដឹងថា អ្នកកំពុងតែជួបប្រទះនឹងជំងឺរលាកសួត គឺនៅពេលដែលឈឺត្រង់ផ្នែកពោះខាងស្តាំ អមជាមួយនឹងអាការក្អក ស្លេសមានពណ៌លឿង គ្រុនក្តៅញាក់ និងមានបញ្ហាពិបាកដកដង្ហើមជាដើម។

៣. ក្រួសក្នុងថង់ទឹកប្រមាត់
ការឈឺចាប់នៅត្រង់ផ្នែកខាងស្តាំនៃពោះ ក៏អាចទាក់ទងនឹងបញ្ហាថង់ប្រមាត់ផងដែរ ដូចជាការកើតមានក្រួសក្នុងថង់ទឹកប្រមាត់ជាដើម។
អ្នកដែលមានក្រួសក្នុងថង់ប្រមាត់ មិនត្រឹមតែឈឺចុកចាប់នៅពោះផ្នែកខាងស្តាំប៉ុណ្ណោះទេ តែអាចជួបនឹងអាការស្បែកឡើងពណ៌លឿង គ្រុនក្តៅ និងមានការឈឺចុកចាប់ពោះផ្នែកខាងស្តាំផង និងនៅផ្នែកកណ្តាលពោះផងដែរ។

៤. ខ្យល់ក្នុងពោះ
អាការឈឺចុកចាប់ត្រង់ពោះខាងស្តាំ ក៏អាចបណ្តាលមកពីមានជាតិហ្គាស (ឧស្ម័ន) នៅក្នុងពោះច្រើនពេកដែរ ដែលបណ្តាលមកពីបញ្ហាប្រព័ន្ធរំលាយអាហារ និងការកើតមានអាការទល់លាមក។

៥.រលាកខ្នែងពោះវៀន
អាការរលាកខ្នែងពោះវៀន ក៏អាចធ្វើឱ្យអ្នកមានអាការឈឺចុកចាប់ខ្លាំងត្រង់ពោះផ្នែកខាងស្តាំផងដែរ។ ហើយជាធម្មតា ការឈឺចុកចាប់ផ្តើមចេញពីក្រោមពោះផ្នែកខាងស្តាំ ឬត្រង់កណ្តាលពោះ រួចរាលដាលឈឺចាប់កាន់តែខ្លាំងឡើងៗរហូតដល់ពេញផ្ទៃពោះខាងស្តាំតែម្តង ហើយប្រសិនជាអ្នកយកដៃប៉ះត្រង់ផ្នែកដែលឈឺចាប់នោះ វានឹងធ្វើឱ្យមានការឈឺចាប់កាន់តែខ្លាំងឡើងៗមួយកម្រិតទៀត។
ជំងឺរលាកខ្នែងពោះវៀននេះ អាចកើតមានឡើងចំពោះមនុស្សគ្រប់វ័យ ជាពិសេសអ្នកដែលមានអាយុចាប់ពី ១០ឆ្នាំ ទៅដល់ ៣០ឆ្នាំ។ ក្នុងករណីខ្លះអ្នកអាចនឹងមានអាការក្អួតចង្អោរ លែងឃ្លានចំណីអាហារ ឬរាគរូសនោះ អ្នកត្រូវតែប្រញាប់ទៅមន្ទីរពេទ្យជាបន្ទាន់។

៦. រលាកលំពែង
លំពែងគឺជាសរីរាង្គដែលស្ថិតនៅក្រោមថ្លើម និងនៅក្រោយក្រពះ។ ហើយការឈឺចាប់ផ្នែកខាងស្តាំនៃពោះ ក៏អាចបណ្តាលមកពីអាការរលាកលំពែង ឬអាចឈានទៅរកជំងឺមហារីកលំពែងក៏ថាបាន។

៧. ក្លនពោះ (ជំងឺចុកសៀតសរសៃពោះ Abdominal Hernia)
ជំងឺក្លនពោះ (Abdominal hernia) គឺជាជំងឺដែលធ្វើទុក្ខ និងចុកសៀតសរសៃ ដែលត្រូវការវិធីវះកាត់ដើម្បីបំបាត់អាការបញ្ហាជំងឺមួយនេះ។ ជំងឺមួយនេះអាចធ្វើឱ្យអ្នកមានអាការឈឺចុកចាប់ត្រង់ពោះផ្នែកខាងស្តាំ ហើយវានឹងរឹតតែឈឺចាប់ឡើងៗរាល់ពេលយកដៃប៉ះវា។ បន្ថែមពីនេះជំងឺនេះអាចធ្វើឱ្យអ្នកវិលមុខ និងក្អួតចង្អោរបានផងដែរ។

៨. បញ្ហាតម្រងនោម
ការឆ្លងមេរោគ និងបាក់តេរីនៅប្រព័ន្ធតម្រងនោម អាចធ្វើឱ្យតម្រងនោមកាន់តែរីកធំឡើង ធ្វើឱ្យមានអាការឈឺចុកចាប់ និងរលាកជាដើម។ ហើយការឈឺចាប់ដោយសារបញ្ហាតម្រងនោមនេះ ចប់ផ្តើមឡើងនៅត្រង់ពោះផ្នែកខាងស្តាំ រួចរាលដាលឈឺចាប់ខ្លាំងឡើងៗដល់ផ្នែកខាងក្រោយផងដែរ។

៩. បញ្ហាពោះវៀនធំ
ពោះវៀនធំ ត្រូវបានគេដឹងថាស្ថិតនៅត្រង់ពោះផ្នែកខាងស្តាំ និងស្ថិតនៅចុងបំពង់រំលាយអាហារ។ ហើយការឈឺចាប់នៅត្រង់ពោះផ្នែកខាងស្តាំនេះ ក៏អាចបណ្តាលមកពីបញ្ហារលាកប្រព័ន្ធរំលាយអាហារដូចជា៖ រលាកពោះវៀនធំ បញ្ហាប្រព័ន្ធក្រពះពោះវៀន (IBS )ដែលធ្វើឱ្យតឹងហើមណែនពោះ រាគ និងទល់លាមក រួមទាំងជំងឺ Crohn (ជំងឺរលាកពោះវៀនធ្វើឱ្យឈឺពោះ រាគរូស អស់កម្លាំង និងស្រកទម្ងន់) )ជាដើម។

១០. ជំងឺក្រពេញអូវែ
ដុំពក ឬដុំសាច់ក្រពេញអូវែ គឺជាដុំតូចមួយដែលនៅជិត ឬជាប់ជាមួយអូវែ។ ក្នុងករណីដុំពកនេះឡើងរីកធំ ឬរលាក វានឹងធ្វើឱ្យអ្នកមានអាការឈឺចុកចាប់នៅត្រង់ពោះផ្នែកខាងស្តាំផងដែរ។

ដូច្នេះសរុបសេចក្តីមក មិនថាតែវាមានការឈឺចុកចាប់នៅត្រង់ផ្នែកពោះតិចតួច ឬខ្លាំងយ៉ាងណាក៏ដោយ អ្នកត្រូវតែធ្វើការតាមដាន និងពិនិត្យឱ្យបានមែនទែនដើម្បីសុខភាពរបស់អ្នក។ ជាពិសេសពេលមានករណី និងរោគសញ្ញាសង្ស័យដែលកើតមានឡើងដូចដែលបានរៀបរាប់ខាងលើ សូមប្រញាប់ទៅមន្ទីរពេទ្យជាបន្ទាន់ ដើម្បីឱ្យវេជ្ជបណ្ឌិតជំនាញធ្វើការពិនិត្យ និងផ្តល់ការព្យាបាលឱ្យទាន់ពេលវេលា៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]