អាហារឈឺចុកចាប់ក្នុងពោះ និងក្រពះ ភាគច្រើនអាចកើតឡើង ដោយសារក្រពះ ពោះវៀន និងប្រព័ន្ធរំលាយអាហាររបស់អ្នកកំពុងតែមានបញ្ហា។ បន្ថែមពីនោះ វាក៏អាចមានបញ្ហាពាក់ព័ន្ធមួយចំនួនផ្សេងទៀតដូចជា៖
- មេរោគនៅក្នុងអាហារដែលទទួលទាន
- ទទួលរងការរលាកនៅក្នុងរាងកាយ
- អតុល្យភាពនៃប្រព័ន្ធសរសៃប្រសាទ ដែលធ្វើឱ្យអ្នកមានអារម្មណ៍ថាស្ត្រេស និងមានបញ្ហាថប់ក្នុងអារម្មណ៍
- ទទួលទានអាហារដែលមានជាតិហ្គាស និងអាស៊ីត
- ពុលចំណីអាហារ និងមានបញ្ហាទល់លាមក ឬរាគរូសជាដើម។
ដូច្នេះហើយ នៅអំឡុងពេលដែលអ្នកកំពុងតែមានបញ្ហាទាក់ទងនឹងអាការខាងលើ សុទ្ធតែពាក់ព័ន្ធនឹងបញ្ហាក្រពះពោះវៀនទាំងអស់ ហើយនៅពេលដែលកំពុងតែស្ថិតនៅក្នុងការព្យាបាល ឬកំពុងតែជួបអាការអស់ទាំងនេះ ចំណីអាហារក៏ជាផ្នែកមួយដ៏ចម្បងផងដែរ ដែលអាចធ្វើឱ្យអ្នកជួបនឹងអាការរឈឺចុកចាប់ទ្វេដង ឬមិនងាយជាជាដើម ប្រសិនជាអ្នកចេះតែទទួលទានចំណីមិនចេះគិតមុខគិតក្រោយជាដើម។
ថ្ងៃនេះ យើងនឹងលើកយកប្រភេទអាហារសំខាន់ៗទាំង៨មុខ ដែលអ្នកត្រូវតែចៀសវាងដាច់ខាតនៅពេលដែលក្រពះ ពោះវៀន និងប្រព័ន្ធរំលាយអាហារមានបញ្ហា ប្រសិនបើមិនចង់ឱ្យការឈឺចាប់កាន់តែខ្លាំង និងមិនងាយជាសះស្បើយជាដើម៖

១.ផលិតផលទឹកដោះគោ
បើទោះបីជាផលិតផលទឹកដោះគោ ជាផ្នែកមួយដ៏សំខាន់ និងជាប្រភេទអាហារដែលផ្តល់សារធាតុបំប៉នសម្រាប់សុខភាពរាងកាយយ៉ាងណាក៏ដោយ ប៉ុន្តែសម្រាប់អ្នកដែលមានបញ្ហាក្រពះពោះវៀន ឬឈឺក្រពះមិនអាចទទួលទានវាបាននោះទេ។ នោះក៏ដោយសារតែទឹកដោះគោក៏អាចជាភ្នាក់ងារចម្លងមេរោគមួយផងដែរ ជាពិសេសអ្នកដែលមានបញ្ហាក្រពះមិនអាចអត់ធន់នឹងសារធាតុ Lactose នៅក្នុងទឹកដោះគោ។ Lactose ត្រូវការពេលយូរណាស់ ដើម្បីធ្វើការរំលាយ ហើយប្រសិនជាអ្នកឈឺក្រពះ និងមានបញ្ហាទាក់ទងនឹងក្រពះពោះវៀនហើយនោះ វានឹងធ្វើឱ្យក្រពះធ្វើការកាន់តែធ្ងន់ រងការរលាក មានការឈឺចាប់ និងធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធរំលាយអាហារ។ នេះក៏ជាហេតុផលមួយផងដែរ ដែរគេតែងតែហាមប្រាមថា ហាមទទួលទានទឹកដោះគោនៅពេលឈឺពោះ ឬទទួលទានទឹកដោះគោនាំឱ្យឈឺពោះ (អាចរាគរូសផងដែរ)ជាដើម។

២.អាហារដែលមានជាតិខ្លាញ់
នៅពេលដែលអ្នកឈឺក្រពះ ឬមានបញ្ហាសុខភាពទាក់ទងនឹងក្រពះពោះវៀន អ្នកត្រូវតែបញ្ឈប់ ឬកាត់បន្ថយអាហារដែលមានជាតិខ្លាញ់ជាដាច់ខាត ព្រោះថាសារធាតុខ្លាញ់អាចធ្វើឱ្យប្រព័ន្ធរំលាយអាហាររបស់អ្នកធ្វើការកាន់តែយឺត។ ហើយនៅពេលដែលពោះវៀនធ្វើការស្រូបយកសារធាតុខ្លាញ់ទាំងនោះ វានឹងធ្វើឱ្យដំណើរការនៃប្រព័ន្ធរំលាយអាហារមានបញ្ហា រងការរលាក ឈឺចុកចាប់ និងអាចឈានទៅរកអាការធ្ងន់ធ្ងរផងដែរ។ បន្ថែមពីនោះ អាហារដែលមានជាតិខ្លាញ់ច្រើន ដូចជា អាហារបំពង ចៀន ការ៉េម និងសាច់ ក៏អាចធ្វើឱ្យអ្នកមានអាការទល់លាមក និងរលាករាងកាយទៀតផង។

៣. គ្រឿងទេសហឹរ
បើទោះបីជាពពួកគ្រឿងទេសហឹរៗដូចជាម្ទេស ឬម្រេច មានប្រយោជន៍អាចផ្តល់សារធាតុចិញ្ចឹមច្រើនក៏ពិតមែន តែវាក៏អាចធ្វើឱ្យក្រពះរបស់អ្នករងការឈឺចុកចាប់ និងរលាកផងដែរ នៅពេលដែលអ្នកកំពុងតែមានបញ្ហាទាក់ទងនឹងក្រពះ ពោះវៀន និងមានបញ្ហាទាក់ទងនឹងប្រព័ន្ធរំលាយអាហារស្រាប់ទៅហើយនោះ។ នោះក៏ដោយសារតែជាតិហឹរអាចជំរុញឱ្យការផលិតទឹកអាស៊ីតក្រពះកាន់តែច្រើន និងធ្វើឱ្យមានអាការចាល់ជាតិអាស៊ីតក្នុងក្រពះផងដែរ។

៤.អាហារដែលមានរសជាតិហឹរ
មិនខុសពីគ្រឿងទេសហឹរៗខាងលើ អាហារដែលមានជាតិហឹរក៏អាចធ្វើឱ្យក្រពះរបស់អ្នករងការឈឺចុកចាប់ និងមានបញ្ហារលាកបានផងដែរ នៅពេលដែលក្រពះពោះវៀន និងប្រព័ន្ធរំលាយអាហាររបស់អ្នកកំពុងតែមានបញ្ហា។ នោះក៏ដោយសារតែវាធ្វើឱ្យអាស៊ីតក្នុងក្រពះចាល់ឡើងមកលើ ហើយធ្វើឱ្យអ្នកឆ្អល់ តឹងណែន និងចុកដើមទ្រូងជាដើម។ ដូច្នេះសម្រាប់អ្នកដែលមានបញ្ហាក្រពះ ពោះវៀន និងប្រព័ន្ធរំលាយអាហារមិនត្រូវទទួលទានអាហារដែលមានរសជាតិហឹរទេ ឬអាចកាត់បន្ថយក្នុងបរិមាណតិចតួចក៏បានដែរ តែប្រសិនជាឈប់បានតែម្តងកាន់តែល្អ។

៥.អាហារដែលមានជាតិស្ករ(ផ្អែម)
មិនថាជាស្ករធម្មតា ឬស្ករកែច្នៃទេ សុទ្ធតែអាចធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធរំលាយអាហារ និងបង្កឱ្យមានមេរោគបាក់តេរីមិនល្អកើតឡើងចំពោះសុខភាពក្រពះពោះវៀនរបស់អ្នក ថែមទាំងអាចរងការរលាក និងឆ្លងជំងឺផ្សេងៗផងដែរ។ ដូច្នេះអ្នកដែលមានបញ្ហាក្រពះពោះវៀន ឬប្រព័ន្ធរំលាយអាហារមិនគួរទទួលទានអាហារដែលមានជាតិស្ករច្រើនពេកទេ ព្រោះវាមិនត្រឹមតែអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពក្រពះពោះវៀននោះទេ តែវាថែមទាំងធ្វើឱ្យដំណើរការស្រូបយកសារធាតុចិញ្ចឹមរាងកាយមានការធ្លាក់ចុះ ជាពិសេសធ្វើឱ្យអ្នកធាត់លើសទម្ងន់ផងដែរ។

៦. កាហ្វេអ៊ីន
ពពួកភេសជ្ជៈកាហ្វេអ៊ីនដូចជា៖ កាហ្វេ សូដា តែខ្មៅ សូកូឡា និងភេសជ្ជៈកែច្នៃ ឬភេសជ្ជៈកំប៉ុងជាច្រើនមុខទៀត អាចធ្វើឱ្យអ្នកដែលមានបញ្ហាក្រពះពោះវៀន និងមានបញ្ហាប្រព័ន្ធរំលាយអាហារកាន់តែរងផលប៉ះពាល់បន្ថែមទៀត ដូចជាកើតអាការចាល់ជាតិអាស៊ីត ធ្វើឱ្យរលាកក្រពះ និងប៉ះពាល់ដល់ប្រព័ន្ធរំលាយអាហារ។ បន្ថែមពីនោះ វាអាចកាត់បន្ថយសកម្មភាពពោះវៀនរបស់អ្នក ហើយធ្វើឱ្យមានអាការឈឺចុកចាប់ក្នុងពោះ និងមានអាការទល់លាមកជាដើម។

៧.ភេសជ្ជៈកាបូនសូដា (មានជាតិហ្គាស)
ភេសជ្ជៈ កាបូនសូដា គឺជាសត្រូវដ៏ធំបំផុតសម្រាប់ប្រព័ន្ធមេតាប៉ូលីសដុតបំផ្លាញជាតិខ្លាញ់ និងមុខងារប្រព័ន្ធរំលាយអាហារ។ បើទោះបីជាវាមានរសជាតិឆ្ងាញ់ តែវាក៏សម្បូរទៅដោយជាតិហ្គាស ឬឧស្ម័ន សារធាតុគីមីដែលគ្រោះថ្នាក់ ដូចជា Citric Acid Sodium benzoate ដែលអាចធ្វើឱ្យក្រពះពោះវៀនរងការរលាក និងមានបញ្ហាផ្សេងៗជាច្រើនមុខទៀត។ បន្ថែមពីនេះ ភេសជ្ជៈទាំងនេះ ថែមទាំងផ្ទុកទៅដោយជាតិស្ករយ៉ាងច្រើនលើសលប់ នាំឱ្យប៉ះពាល់ដល់កម្រិត pH និងបាត់បង់មេរោគបាក់តេរីល្អៗសម្រាប់ជំនួយសុខភាពពោះវៀនធំជាដើម។

៨.អាហារដែលមានជាតិម្សៅ
ពពួកអាហារកាបូអ៊ីដ្រាត (Carbohydrates ) ដែលផ្សំពីម្សៅ និងគ្រាប់ធញ្ញជាតិ អាចធ្វើឱ្យប្រព័ន្ធរំលាយអាហារដំណើរការយឺត រងការរលាក ធ្វើឱ្យពោះ និងក្រពះរងការឈឺចុកចាប់ ព្រមទាំងមានអារម្មណ៍ថាធ្ងន់ៗតឹងៗពោះជាដើម។ នៅពេលដែលអ្នកមានបញ្ហាឈឺចាប់ក្នុងក្រពះ និងពោះវៀនស្រាប់ទៀតនោះ វានឹងធ្វើឱ្យអាការឈឺចុកចាប់កាន់តែធ្ងន់ធ្ងរឡើង ថែមទាំងពិបាកធ្វើការព្យាបាលទៀតផង។
ជំនួសឱ្យការទទួលទានពពួកអាហារធ្វើចេញពីម្សៅកែច្នៃ អ្នកអាចទទួលទានគ្រាប់ធញ្ញជាតិទាំងនោះទាំងមូលតែម្តង ដោយមិនបាច់ទទួលទានអាហារជាម្សៅចម្រាញ់នោះទេ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]