បើនិយាយពី «ផ្លែក្រចាប់» ប្រហែលជាមិនសូវមានអ្នកស្គាល់ តែប្រសិនជាឈ្មោះថា ផ្លែស្នែងក្របី ប្រាកដជាមនុស្សមិនតិចនាក់ទេដែលបានដឹង តែធាតុពិតវាជាផ្លែតែមួយ គ្រាន់តែការហៅឈ្មោះផ្សេងៗដាច់ដោយឡែកពីគ្នាតែប៉ុណ្ណោះ ជាពិសេសនៅបណ្តាប្រទេសដទៃ ក៏មានការដាក់ឈ្មោះឱ្យផ្លែនេះតាមការនិយម ឬទម្លាប់រៀងៗខ្លួនផងដែរ។
ជាការពិតណាស់ ផ្លែក្រចាប់នេះ បើផ្អែកទៅតាមវចនានុក្រមខ្មែរសម្តេចព្រះសង្ឃរាជជួនណាត បានឱ្យដឹងថា វាជាប្រភេទ សេវាលជាតិ (រុក្ខជាតិដែលដុះលើទឹកដូចជា ចក ឈូក និងព្រលិតជាដើម) ហើយវាមានផ្លែរូបរាងជាបន្លាដូចជាស្នែង។ ចំណែករសជាតិរបស់វាវិញ អ្នកដែលធ្លាប់ទទួលទានប្រាកដជាដឹងហើយថា នៅពេលដែលវាស្ងោរឆ្អិនរួចបកសម្បករឹងៗខាងក្រៅវាចេញ វាមានឱជារសផ្អែមឆ្ងាញ់ពិសាណាស់ ថែមទាំងមានសាច់ផុយដូចជាគ្រាប់ខ្នុរ ឬដូចជាផ្លែកៅឡាក់ជប៉ុនដូច្នេះដែរ។
ដូច្នេះហើយ បានជាថ្ងៃនេះយើងនឹងលើកយកពីគុណប្រយោជន៍នៃការទទួលទានផ្លែ ក្រចាប់នេះមកជម្រាបមិត្តអ្នកអានឱ្យកាន់តែបានជ្រាបច្បាស់៖


# ផ្ទុកនូវសារធាតុចិញ្ចឹមច្រើន
ផ្លែក្រចាប់ មានផ្ទុកនូវសារធាតុបំប៉នសុខភាពរាងកាយជាច្រើនយ៉ាងដែលអ្នកស្ទើរតែមិននឹកស្មានដល់ដូចជា៖
- មានជាតិម្សៅល្អៗជំនួយរាងកាយ និងជាតិប្រូតេអ៊ីន
- គ្មានកូឡេស្តឺរ៉ល និងមានកម្រិតជាតិខ្លាញ់ទាប
- មានជាតិកាកសរសៃអាហារ ដែលជំនួយប្រព័ន្ធរំលាយអាហារ និងការលូតលាស់នៃបាក់តេរីល្អៗសម្រាប់សុខភាពក្រពះពោះវៀន (Probiotic Bacteria)
- សម្បូរទៅដោយជាតិដែក ការពារការស្លេកស្លាំង និងខ្វះឈាម
- មានជាតិកាល់ស្យូម និងផូស្វ័រ ជំនួយឆ្អឹងឱ្យកាន់តែរឹងមាំ
- ផ្ទុកនូវ ម៉ាញ៉េស្យូម និងម៉ងហ្គាណែស ជំនួយផលការផលិតអង់ស៊ីម និងបំបាត់ស្ត្រេស
- មានជាតិសង្កសី ដែលធ្វើឱ្យប្រព័ន្ធការពាររាងកាយ ឬប្រព័ន្ធភាពស៊ាំកាន់តែរឹងមាំ ទប់ស្កាត់នឹងជំងឺផ្សេងៗ
- សម្បូរទៅដោយជាតិប៉ូតាស្យូម ជំនួយឱ្យសុខភាពបេះដូង សរសៃឈាម និងកាត់បន្ថយសម្ពាធឈាម
# សារធាតុអ៊ីយ៉ូត(Iodine)
សារធាតុអ៊ីយ៉ូត (Iodine) ដែលមាននៅក្នុងផ្លែក្រចាប់ ត្រូវបានគេដឹងថាមានប្រយោជន៍ខ្លាំងណាស់ ក្នុងការទប់ស្កាត់ជំងឺពក.ក និងជំងឺទាក់ទងនឹងក្រពេញទីរ៉ូអ៊ីតជាច្រើនមុខផ្សេងទៀត។
# វីតាមីន B
ផ្លែក្រចាប់ មានផ្ទុកទៅដោយវីតាមីន B ដែលអាចជួយដល់បញ្ហាសុខភាពផ្លូវចិត្តឱ្យកាន់តែប្រសើរឡើង ជាពិសេសបំបាត់ស្ត្រេស កាត់បន្ថយភាពតានតឹង និងអស់កម្លាំង ជាពិសេសផ្តល់ថាមពលរាងកាយផងដែរ។
# វីតាមីន C
វីតាមីន C ដែលមាននៅក្នុងផ្លែក្រចាប់អាចជួយធ្វើឱ្យប្រព័ន្ធភាពស៊ាំកាន់តែរឹងមាំ ទប់ស្កាត់ជំងឺផ្សេងៗដែលកើតមានចំពោះសុខភាព ជាពិសេសគឺជំងឺ គ្រុន ក្តៅ និងផ្តាសាយជាដើម។ ក្រៅពីនេះ វាតាមីន C នេះអាចជំនួយដល់សរសៃសក់ និងក្រចកឱ្យកាន់តែរឹងមាំ ថែមទាំងជំនួយស្បែកឱ្យកាន់តែមានភាពស្រស់ស្អាតទៀតផង។

# សារធាតុប្រឆាំងអុកស៊ីតកម្ម
ផ្លែក្រចាប់ មានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្ម និងរ៉ាឌីកាល់សេរី ដែលអាចការពារ និងព្យាបាលការខូចខាតនៃកោសិកា DNA និងកោសិកាខួរក្បាលពីផលប៉ះពាល់ផ្សេងៗ។ ក្រៅពីនេះ សារធាតុប្រឆាំងអុកស៊ីតកម្ម ថែមទាំងអាចជួយប្រឆាំងនឹងភាពចាស់ និងស្នាមជ្រីវជ្រួញជាងវ័យផងដែរ។
# បណ្តេញជាតិពុល
ក្រចាប់ មានសមត្ថភាពអាចបណ្តេញជាតិពុលផ្សេងៗចេញពីរាងកាយបានល្អ ជាពិសេសគឺពីថ្លើមតែម្តង។ ជាពិសេសវាអាចជួយធ្វើឱ្យអ្នកមានសុខភាពល្អ និងព្យាបាលអាការរាគរូសបានយ៉ាងមានប្រសិទ្ធភាព។
# មានជាតិម្សៅ
ក្រចាប់ ក៏សម្បូរទៅដោយជាតិម្សៅម្យ៉ាងមានឈ្មោះថា Amylose ដែលមិនត្រូវបានរំលាយនៅក្នុងពោះវៀនតូច ហើយវាក៏មានប្រយោជន៍ជាបាក់តេរីល្អៗជំនួយដល់ពោះវៀនទាំងមូលផងដែរ។ បន្ថែមពីនេះ វាអាចជំនួយដល់សុខភាពទូទៅ រួមទាំងជួយធ្វើឱ្យប្រព័ន្ធភាពស៊ាំរាងកាយដំណើរការល្អ និងរឹងមាំជាងមុន។
# ជំងឺត្រអក ឬប្រទាលត្រអាក
ក្រចាប់ក៏អាចមានលទ្ធភាពជួយធ្វើការព្យាបាល ជំងឺស្បែកមានឈ្មោះថា ត្រអក ឬប្រទាលត្រអាកបាន ដោយគ្រាន់តែបកសាច់ក្រចាប់ចម្អិនលាយជាមួយនឹងទឹកបន្តិច និងក្រូចឆ្មារសម្បកលឿងបន្តិច(ក្រូចឆ្មារធម្មតាក៏បាន) រួចយកទៅបិទ ឬលាបនៅត្រង់តំបន់ស្បែកដែលមានបញ្ហាជាការស្រេច។
# កម្ចាត់កំហាក និងស្លេស្ម៍
ការទទួលទានផ្លែក្រចាប់ ក៏អាចជួយបន្ថយ និងកម្ចាត់បញ្ហាស្លេស្ម៍ ឬកំហាកដែលជាប់នឹង.កបានផងដែរ ដែលភាគច្រើនបណ្តាលមកពីជំងឺផ្តាសាយ។

# ប្រឆាំងនឹងមេរោគ ឬបាក់តេរី
តាមការស្រាវជ្រាវបានរកឃើញថា ផ្លែក្រចាប់ អាចមានប្រសិទ្ធភាពក្នុងការប្រឆាំងនឹងមេរោគបាក់តេរី និងជំងឺឆ្លងផ្សេងៗបានយ៉ាងប្រសើរ។
# ប្រឆាំងនឹងការរលាក
ក្រចាប់ មានប្រយោជន៍ណាស់នៅក្នុងទទួលទាន ដើម្បីជួយព្យាបាល និងការពារអាការរលាកផ្សេងៗនៅក្នុងរាងកាយដូចជា៖ រលាកសន្លាក់ ការឈឺចុកចាប់នៅតាមរាងកាយ អាការហើម ឬក្រហមជាដើម។
# ដំបៅក្រពះ
តាមការសិក្សាក៏បានរកឃើញដែរថា ការទទួលទានផ្លែក្រចាប់ អាចជួយព្យាបាលអាការដំបៅក្រពះបានផងដែរ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]