ជំងឺមហារីកស្បែក មនុស្សជាច្រើនសុទ្ធតែដឹងថា វានឹងកើតមានរោគសញ្ញាផ្សេងៗនៅលើស្បែកដែលអាចឱ្យយើងដឹងច្បាស់ដូចជា៖ កើតមានប្រជ្រុយ មានស្នាមខ្មៅ ឬដៅលេចឡើងខុសពីធម្មតា រមាស់ កន្ទួល និងរោគសញ្ញាលើស្បែកដែលគួរឱ្យសង្ស័យជាច្រើនទៀត ដែលបណ្តាលមកពីស្បែកទទួលរងផលប៉ះពាល់ពីពន្លឺព្រះអាទិត្យច្រើនហួសហេតុពេក ​និងការប្រើប្រាស់ផលិតផលគីមីលើស្បែកដែលមានគ្រោះថ្នាក់ជាដើម។

ជាក់ស្តែង អ្វីដែលគួរឱ្យបារម្ភនោះ ករណីដែលកើតមានបញ្ហាស្បែកលេចឡើងយ៉ាងច្បាស់នៃជំងឺមហារីកស្បែកទាំងអស់នេះ គឺក្នុងករណីហួសពេលក្នុងការព្យាបាលទៅហើយ បានន័យថាស្ថិតនៅក្នុងករណីធ្ងន់ធ្ងរ និងក្នុងករណីកម្រខ្លះទៀត ជំងឺមហារីកស្បែកបែរជាគ្មានរោគសញ្ញាអ្វីដែលអាចឱ្យយើងបានដឹងជាមុននោះទេ។

ដូច្នេះហើយ ក្រៅពីរោគសញ្ញាដែលឡើងលើស្បែក យើងក៏បានពាំនាំរោគសញ្ញាដំណាក់កាលដំបូងមួយចំនួនផ្សេងទៀតនៃការរីករាលជំងឺមហារីកស្បែក មកជម្រាបជូនមិត្តអ្នកអានជាចំណេះដឹង ដើម្បីឱ្យបានដឹងខ្លួនទាន់ពេលវេលា និងរកវិធីព្យាបាលកុំឱ្យហួសពេលធ្លាក់ទៅក្នុងដំណាក់កាលធ្ងន់ធ្ងរ៖

ជំងឺមហារីកស្បែកលេចស្នាមប្រជ្រុយ ​ស្នាមដៅ ​និងដៅ

១. ដុំពកក្រោមស្បែក

ក្នុងករណី ស្រាប់តែមានដុំកូនពក នៅក្រោមស្បែកដូចជា នៅត្រង់ក្លៀក គ្រលៀន និងក ឬកន្លែងដទៃផ្សេងៗទៀត អាចជារោគសញ្ញានៃការរីករាលដាលនៃជំងឺមហារីកលើកូនកណ្តុរហើយ។ ការកើតមានដុំពកនេះមិនមែនជារឿងធម្មតានោះទេ ដោយសារតែនេះគឺជាករណីដែលប្រព័ន្ធភាពស៊ាំរបស់អ្នកកំពុងតែផ្តោតអារម្មណ៍ និងយកចិត្តទុកដាក់ការពារជាលិកាលើស្បែកផ្សេងៗ ហើយបានធ្វើឱ្យកោសិកាមហារីកកំពុងតែចាប់ផ្តើមរីករាលដាលដោយមិនធ្វើឱ្យអ្នកដឹងខ្លួនជាមុន។ ដូច្នេះប្រសិនជាមានដុំពកក្រោមស្បែកខុសពីធម្មតាអ្នកត្រូវតែប្រញាប់ទៅមន្ទីរពេទ្យ ពិនិត្យជាមួយវេជ្ជបណ្ឌិតជំនាញឱ្យបានឆាប់រហ័ស។

ដុំកូនពកនៅត្រង់ក្លៀក គ្រលៀន និងក ឬកន្លែងដទៃ

២.ឈឺក្នុងពោះ

ការរីករាលដាលជំងឺមហារីកស្បែក ក៏អាចធ្វើឱ្យប៉ះពាល់ដល់ថ្លើមរបស់អ្នកផងដែរ ដោយរោគសញ្ញាដំបូង វានឹងធ្វើឱ្យអ្នកកើតមានអាការឈឺចុកចាប់នៅលើពោះផ្នែកខាងស្តាំបាន។ តែក្នុងករណីឈឺចុកចាប់នៅក្នុងផ្ទៃពោះទាំងមូលដោយសារជំងឺមួយចំនួនទៀត វាមិនមែនជាបញ្ហាគ្រោះថ្នាក់ខ្លាំងនោះទេ ដោយវាអាចនឹងជាសញ្ញានៃជំងឺក្រួសក្នុងថង់ទឹកប្រម៉ាត់ជាដើម។

ទោះជាយ៉ាងណា ក្នុងករណីអ្នកស្រាប់តែចុក ឬឈឺក្នុងពោះធម្មតាដោយគ្មានការឈឺចាប់ខ្លាំងក៏ដោយ ការទៅជួបពិភាក្សាជាមួយវេជ្ជបណ្ឌិតជារឿងល្អបំផុត។

ឈឺចុកចាប់នៅលើពោះផ្នែកខាងស្តាំ

៣. បញ្ហានៅក្នុងការដកដង្ហើម

ការរីករាលដាលជំងឺមហារីកស្បែក ក៏អាចរីករាលដាលប៉ះពាល់ដល់សួតបានដូចគ្នា ហើយជាធម្មតាវាអាចធ្វើឱ្យអ្នកមានបញ្ហាដកដង្ហើម ដង្ហើមខ្លី និងមានអាការក្អកមិនឈប់ឈរជាដើម។ បើទោះបីនេះជារោគសញ្ញាកម្រយ៉ាងណាក៏ដោយ តែប្រសិនជាអ្នកកើតមានអាការអស់ទាំងនេះ អ្នកគួរតែទៅពិគ្រោះជាមួយវេជ្ជបណ្ឌិត ព្រោះនេះក៏ជារោគសញ្ញនៃជំងឺហឺត និងរលាកទងសួតផងដែរ។

ដង្ហើមខ្លី និងមានអាការក្អកមិនឈប់ឈរ

៤.ឈឺឆ្អឹងឆ្អែង

ឆ្អឹងរបស់អ្នកក៏ត្រូវទទួលរងផលប៉ះពាល់ដូចគ្នា នូវការរីករាលនៃជំងឺមហារីកស្បែក។ ជាធម្មតាវាលេចមានរោគសញ្ញាដូចជាជំងឺរលាកសន្លាក់ដែរដូចជា៖ ឈឺឆ្អឹងឆ្អែង និងឈឺត្រង់ឆ្អឹងសន្លាក់ជាដើម។ ដូច្នេះប្រសិនជាអ្នកជួបប្រទះនឹងអាការស្រដៀងនេះ អ្នកគួរតែទៅពិគ្រោះជាមួយពេទ្យជំនាញ ដើម្បីធ្វើការពិនិត្យរករោគសញ្ញាឱ្យបានច្បាស់លាស់។

ឈឺឆ្អឹងឆ្អែង និងឈឺត្រង់ឆ្អឹងសន្លាក់

៥. មានបញ្ហាភ្នែក

នៅពេលដែលជំងឺមហារីកស្បែកចាប់ផ្តើមរីករាលដាល វានឹងធ្វើឱ្យប៉ះពាល់ដល់ Melanocytes ក្នុងការផលិត Melanin ដែលមានតួនាទីផ្តល់ពណ៌ដល់ស្បែក សក់ និងភ្នែកជាដើម។ នោះមានន័យថា មិនត្រឹមតែស្បែករបស់អ្នករងផលប៉ះពាល់ទេ តែភ្នែករបស់អ្នកនឹងមានបញ្ហាមុនគេ ដូចជាអាចធ្វើឱ្យភ្នែកមានបញ្ហាមើលមិនសូវឃើញច្បាស់ និងមានចំណុចពណ៌ស ឬហើរពណ៌លើប្រស្រីភ្នែកជាដើម។

មានបញ្ហាភ្នែក

៦.កន្ត្រាក់សាច់ដុំ និងឈឺក្នុងពោះ

ការរីករាលដាលជំងឺមហារីកស្បែក ក៏អាចធ្វើឱ្យប៉ះពាល់ដល់បញ្ហាប្រព័ន្ធក្រពះពោះវៀនបានផងដែរ ដែលភាគច្រើនធ្វើឱ្យអ្នកកើតមានអាការ រាគរូស ទល់លាមក រមួលក្រពើ ឬមានការឈឺចុកចាប់នៅក្នុងពោះផ្សេងៗជាច្រើនទៀត។ ប្រសិនជានៅសុខៗស្រាប់តែអ្នកជួបប្រទះបញ្ហាអស់ទាំងនេះ គួរតែប្រញាប់ទៅកាន់មន្ទីរពេទ្យដើម្បីរកមើលប្រភពជំងឺឱ្យបានច្បាស់លាស់។

កន្ត្រាក់សាច់ដុំ និងឈឺក្នុងពោះ

៧.ឈឺក្បាល

ទោះបីជាវាជាករណីកម្រយ៉ាងណាក៏ដោយ តែការរីករាលដាលជំងឺមហារីកស្បែកនេះក៏អាចធ្វើឱ្យប៉ះពាល់ដល់ខួរក្បាលរបស់អ្នកបានដូចគ្នា។ ដោយរោគសញ្ញា ចាប់ផ្តើមពីការឈឺក្បាល ប្រកាច់ មានបញ្ហាការយល់ដឹង និងការចងចាំជាដើម។ រោគសញ្ញានេះ អាចជាករណីជំងឺមហារីកស្បែកផង និងជំងឺមហារីកខួរក្បាលផងដែរ ដូច្នេះត្រូវតែធ្វើការប្រុងប្រយ័ត្ន និងប្រញាប់ធ្វើការតាមដានជាមួយវេជ្ជបណ្ឌិតជំនាញទើបជាការប្រសើរ៕  

ឈឺក្បាល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]