ភ្នំពេញ៖ កាលពីថ្ងៃទី ៧ខែមីនា ឆ្នាំ២០១៨ ISI Group ដែលជាក្រុមហ៊ុនឈានមុខគេក្នុងវិស័យឧស្សាហកម្មផលិតដែកក្នុងប្រទេសកម្ពុជា រួមជាមួយនឹងFuxin Steel Buildings(ដែលជាក្រុមហ៊ុនបុត្រសម្ពន្ធ ISI GROUP) បានចុះកិច្ចព្រមព្រៀងវិនិយោគរួមគ្នាជាមួយនឹង China Steel Structure Corporation (CSSC) ដែលជាក្រុមហ៊ុនដ៏ធំមួយមានជំនាញផ្នែកផលិតគ្រោងបង្គំដែករបស់តៃវ៉ាន់ និង ក្រុមហ៊ុន Welhunt Materials Enterprise (WH) ដែលមានបទពិសោធន៍ជាង២៥ឆ្នាំ ក្នុងការធ្វើពាណិជ្ជកម្មអន្តរជាតិលើសម្ភារដែក ដើម្បីបង្កើតជាក្រុមហ៊ុនវិនិយោគរួមគ្នាមួយឈ្មោះថា Chungkang Steel Structure (Cambodia)។

ក្រុមហ៊ុននេះ បានបង្កើតឡើងកាលពីឆ្នាំ2015 ហើយការសាងសង់រោងចក្រដំណាក់កាលទី១បានបញ្ចប់ និងបាន ចាប់ផ្តើមប្រតិបត្តិការនៅក្នុងត្រីមាសទី1 នៃឆ្នាំ2016 ជាមួយនឹងសមត្ថភាពក្នុងការផលិតចំនួន1,500 តោនក្នុងមួយខែ។ 

បន្ទាប់ពីដំណើរការបាន1ឆ្នាំ ដោយមានការគាំទ្រយ៉ាងខ្លាំងពីអតិថិជន និង ការកើនឡើងខ្ពស់នៃតម្រូវការទីផ្សារ បានធ្វើឲ្យក្រុមហ៊ុននេះ (Chungkang Steel Structure (Cambodia)) សម្រេចចិត្តពង្រីកដំណាក់កាលទី២ ដោយបង្កើនសមត្ថភាពផលិតទ្វេដង រហូតដល់3,000 តោនក្នុងមួយខែ ហើយវាបានសម្រេចជាស្ថាពរនៅត្រីមាសទី4 នៃឆ្នាំ2017។ 

ជាមួយគ្នានោះក្រុមហ៊ុន Fuxin Steel Buildings ដែលជាផ្នែកមួយរបស់ក្រុមហ៊ុន ISI Group បាននឹងកំពុងបន្តផ្ដោតលើការសាងសង់សំណង់ដែក (Pre-engineered Building) ដូចជា រោងចក្រ ឃ្លាំង និង សំណង់អគារចាប់ពីខ្នាតតូច រហូតដល់កម្រិតមធ្យម។

ដោយឡែកក្រុមហ៊ុនថ្មីតាមរយៈការវិនិយោគរួមគ្នានេះ កំពុងផ្ដោតទៅលើគ្រោងអគារដែកធ្ងន់ៗ ដូចជា អគារខ្ពស់ៗ មហាវិថី ស្ពាន និង រោងចក្រផលិតថាមពល។

ការវិនិយោគរួមគ្នា រវាងក្រុមហ៊ុនISI GROUP, ក្រុមហ៊ុនCSSC និង ក្រុមហ៊ុន Welhunt
«យើងពិតជាមានសេចក្តីរីករាយ និង មានមោទនភាព ទាំងកម្រិតក្រុមហ៊ុន និង កម្រិតប្រទេសដែលធ្វើឲ្យក្រុមហ៊ុនដ៏សំខាន់ គឺCSSC ក្លាយជាដៃគូរបស់យើង»។ លោក កាំង ឡេង អគ្គនាយករបស់ក្រុមហ៊ុន ISI Group បញ្ជាក់ ។ លោកបានបន្តថា៖ «និយាយអំពីកម្រិតក្រុមហ៊ុន ការប្រឹងប្រែងដ៏ខ្លាំងក្លា និង ភាពច្នៃប្រឌិត បានដើរតួយ៉ាងសំខាន់ក្នុងការធ្វើឲ្យក្រុមហ៊ុនរបស់យើងមានការផ្លាស់ប្ដូរ និង វិវឌ្ឍខ្លួនរហូតដល់កម្រិតស្តង់ដារអន្តរជាតិ ហើយវាក៏ជាចំណុចដ៏សំខាន់ដែលជួយឲ្យក្រុមហ៊ុនរបស់យើងមានការរីកចម្រើនប្រកបដោយសក្ដានុពលខ្ពស់។ ដោយឡែក ចំពោះកម្រិតប្រទេសវិញ យើងពិតជាចង់ឃើញ ក្រុមហ៊ុនធំៗបន្តការវិនិយោគដើម្បីជំរុញឲ្យសេដ្ឋកិច្ចកម្ពុជា ដំណើរការល្អ និង ធ្វើឲ្យមាន ស្ថិរភាពនយោបាយ និង ជំរុញឲ្យមានសក្ដានុពលបន្ថែមទៀត ដើម្បីក្លាយជា តួអង្គដ៏សំខាន់នៅក្នុងតំបន់។ តាមរយៈការធ្វើការរួមគ្នាជាមួយនឹងក្រុមហ៊ុនFuxin Steel Buildings បានធ្វើឲ្យក្រុមហ៊ុន វិនិយោគរួមគ្នានេះក្លាយជាក្រុមហ៊ុនសំណង់ដែកធំជាងគេ និង វិវឌ្ឍខ្លួនបានរហ័សជាងគេផងដែរក្នុងប្រទេសកម្ពុជា»។
«ឧស្សាហកម្មសំណង់ កំពុងបន្តតួនាទីសំខាន់ ក្នុងនាមជាសសរទ្រូងមួយក្នុងចំណោមសសរទ្រូងដ៏រឹងមាំទាំង៤សម្រាប់កំណើនសេដ្ឋកិច្ចជាតិ។ ក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ យើងសង្កេតឃើញវត្តមានសំណង់អគារខ្ពស់ៗជាច្រើន កំពុងលេចជារូបរាងឡើងនៅក្នុងរាជធានីភ្នំពេញ។ ឆ្នាំនេះ ក្រុមហ៊ុនរបស់យើង រួមគ្នាជាមួយនឹងដៃគូ និង បណ្ដាញផ្សេងៗទៀត កំពុងតែព្យាយាមផ្សព្វផ្សាយយ៉ាងផុសផុល លើការប្រើប្រាស់គ្រោងបង្គំដែកសម្រាប់សាងសង់សំណង់អគារខ្ពស់ៗ។ យើងជឿជាក់ថា សំណង់គ្រោងបង្គំដែក អាចជួយផ្គត់ផ្គង់កំណើននៃតម្រូវការក្នុងការសាងសង់អគារខ្ពស់ៗ ហើយវានឹងដើរតួសំខាន់ក្នុងការជួយលើកសម្រស់អគារខ្ពស់ៗក្នុងទីក្រុងរបស់យើង ដូចនៅតាមបណ្តាទីក្រុងជាច្រើនផ្សេងទៀតផងដែរ»។
ការវិនិយោគរួមគ្នា រវាងក្រុមហ៊ុនISI GROUP, ក្រុមហ៊ុនCSSC និង ក្រុមហ៊ុន Welhunt

លោក Sun Chin I ជានាយកគ្រប់គ្រងនៃក្រុមហ៊ុន ChungKang Steel Structure (Cambodia)បានថ្លែងក្នុងសេចក្តីប្រកាសព័ត៌មានថា៖ 

«កាលពីឆ្នាំ2014 ក្រុមហ៊ុន CSSC របស់យើងបានកំណត់ទិសដៅច្បាស់លាស់ក្នុងការពង្រីកខ្លួនចូលមកក្នុងតំបន់អាស៊ាន ហើយបានជ្រើសរើសទីក្រុងភ្នំពេញ ជាទីតាំងមូលដ្ឋាន និង ជាទីស្នាក់ការកណ្តាលនៃការផលិត សម្រាប់ទីផ្សារប្រទេសកម្ពុជា និង ដើម្បីចែកចាយទៅកាន់តំបន់ទាំងមូល។ យើងចង់ពង្រឹង និង ពង្រីកតាមរយៈបណ្ដាញរបស់ ISI Group មិនមែនដើម្បីត្រឹមតែចង់ឲ្យក្លាយជាក្រុមហ៊ុនដែលធំជាងគេក្នុងប្រទេសទេ ប៉ុន្តែគឺជាក្រុមហ៊ុនឈានមុខគេក្នុងកម្រិតតំបន់។ ដោយមានការសហការរួមគ្នាជាមួយនឹងក្រុមហ៊ុន Fuxin Steel Buildings យើងបានសម្រេចនូវសមិទ្ធផលគួរឲ្យកត់សម្គាល់ជាច្រើន ជាក់ស្តែងគម្រោងចំណតរថយន្តដ៏ធំបំផុតក្នុងប្រទេសកម្ពុជា គឺAEON Mall 2។ 5ឆ្នាំ ទៅ10ឆ្នាំក្រោយទៀត យើងនឹងបន្តយ៉ាងសកម្មក្នុងការផ្សព្វផ្សាយពីវិស័យសំណង់ ដែលសាងសង់ពីដែកក្នុងប្រទេសកម្ពុជា ហើយនឹងកំណត់ទិសដៅ ក្នុងការនាំចេញទៅកាន់ទីផ្សារតំបន់។ យើងនាំមកនូវបទពិសោធន៍60ឆ្នាំលើផ្នែកគ្រោងបង្គំដែក និង ក្រុមការងារផ្នែកគ្រប់គ្រង ពីក្រុមហ៊ុនមេរបស់យើង ដើម្បីផ្ទេរចំណេះដឹងបច្ចេកទេស និង ជំនាញគ្រប់គ្រង ទៅដល់ដៃគូ ក្នុងស្រុករបស់យើង។ យើងជឿជាក់យ៉ាងមុតមាំថា ការសហការរួមគ្នាជាមួយនឹងក្រុមហ៊ុន ISI Group នឹងជួយឲ្យយើងអាចផលិតនូវគ្រោងបង្គំដែកប្រកបដោយគុណភាពក្នុងប្រទេសកម្ពុជា និង អាចនាំចេញទៅកាន់ទីផ្សារក្នុងតំបន់បាន»។

ក្នុងថ្ងៃនោះដែរ ក្រុមហ៊ុនដែលបានចុះកិច្ចព្រមព្រៀងវិនិយោគរួមគ្នានេះ ក៏បានរៀបចំសិក្ខាសាលាមួយស្តីពី «ការលេចឡើងនៃការសាងសង់អគារខ្ពស់ៗធ្វើពីគ្រោងបង្គំដែកក្នុងប្រទេសកម្ពុជា» នៅសណ្ឋាគារ Raffle La Royal ដោយមានការចូលរួមពីបុគ្គលសំខាន់ៗក្នុងវិស័យនេះ។ 

លោក កាំង ឡេង បានបញ្ជាក់ថា៖

«គោលបំណងនៃការធ្វើសិក្ខាសាលានេះ គឺដើម្បីផ្សព្វផ្សាយ អំពីការប្រើប្រាស់គ្រោងបង្គំដែក ដើម្បីសាងសង់អគារខ្ពស់ៗ និង ក៏ដើម្បីឲ្យអ្នកជំនាញក្នុងវិស័យនេះចែករំលែកនូវទស្សនសំខាន់ៗចំពោះប្រធានបទ។ យើងនឹងនៅតែបន្ត រៀបចំសិក្ខាសាលា និង វេទិកាផ្សេងៗដែលពាក់ព័ន្ធនឹងឧស្សាហកម្មដែកយ៉ាងទៀងទាត់ ដើម្បីផ្សព្វផ្សាយ អំពីការប្រើប្រាស់គ្រោងបង្គំដែកសម្រាប់សាងសង់ និង ជំរុញឲ្យការផលិតដែកក្នុងប្រទេសកម្ពុជា មានការរីកចម្រើនផងដែរ»៕
ការវិនិយោគរួមគ្នា រវាងក្រុមហ៊ុនISI GROUP, ក្រុមហ៊ុនCSSC និង ក្រុមហ៊ុន Welhunt
ការវិនិយោគរួមគ្នា រវាងក្រុមហ៊ុនISI GROUP, ក្រុមហ៊ុនCSSC និង ក្រុមហ៊ុន Welhunt
ការវិនិយោគរួមគ្នា រវាងក្រុមហ៊ុនISI GROUP, ក្រុមហ៊ុនCSSC និង ក្រុមហ៊ុន Welhunt

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]