ជីរវ៉ាន់ស៊ុយគឺជាបន្លែម្យ៉ាងដែលមានក្លិនឈ្ងុយប្រហើរ ដែលភាគច្រើនគេយកវាធ្វើជាគ្រឿងលម្អ និងបង្កើនក្លិនមុខម្ហូបឱ្យកាន់តែគួរឱ្យចង់ទទួលទានថែមមួយកម្រិតទៀត។
ជីរវ៉ាន់ស៊ុយ ក៏ត្រូវបានគេដឹងដែរថា មានផ្ទុកនូវសារធាតុសំខាន់ៗជាច្រើនដូចជា សារធាតុប្រឆាំងអុកស៊ីតកម្ម វីតាមីនC បេតាការូទីន និងសារធាតុជាច្រើនមុខទៀតដែលមិនត្រឹមតែមានប្រយោជន៍ចំពោះសុខភាពប៉ុណ្ណោះទេ ថែមទាំងមានប្រយោជន៍សម្រាប់ជាគ្រឿងថែរក្សា និងព្យាបាលស្បែកមុខទៀតផង។
ដូច្នេះមិនបាច់រង់ចាំយូរ ទិញជីរវ៉ានស៊ុយតែមួយបាច់ លាយជាមួយគ្រឿងផ្សំមានតម្លៃថោក តែមានប្រសិទ្ធភាពខាងក្រោមនេះ អ្នកប្រាកដជាទទួលបានផ្ទៃមុខទន់រលោងស្អាត បាត់មុនបាត់ស្នាម និងក្មេងជាងវ័យជាមិនខាន៖

១.ជីរវ៉ាន់ស៊ុយ និងប្រទាលកន្ទុយក្រពើ
- ងាយណាស់ អ្នកគ្រាន់តែយកស្លឹកជីរវ៉ាន់ស៊ុយស្រស់ៗលាងទឹកឱ្យស្អាត រួចយកបុកឱ្យហ្មត់ រួចលាយជាមួយនឹងជែលប្រទាលកន្ទុយក្រពើក្នុងបរិមាណសមល្មម
- បន្ទាប់មក យកម៉ាស់នេះមកលាបលើផ្ទៃមុខប្រមាណជា ៥នាទី ទៅ១០នាទី រហូតដល់អ្នកមានអារម្មណ៍ថាផ្ទៃមុខតឹងណែនល្អ ចាំលាងទឹកចេញជាការស្រេច។
វិធីមួយនេះអាចជួយពន្យារភាពចាស់ កាត់បន្ថយស្នាមជ្រីវជ្រួញ និងស្នាមផ្សេងៗបានយ៉ាងល្អថែមទាំងធ្វើឱ្យផ្ទៃមុខតឹងណែនស្អាតផងដែរ។

២. ជីរវ៉ាន់ស៊ុយ និងទឹកក្រូចឆ្មារសម្បកលឿង (Lemon)
- គ្រាន់តែយកស្លឹកជីរវ៉ាន់ស៊ុយលាងទឹកឱ្យស្អាតរួចយកទៅកិន ឬបុកឱ្យហ្មត់ បន្ទាប់មកលាយជាមួយនឹងទឹកក្រូចឆ្មារសម្បកលឿងបន្តិចប្រមាណជា ១ស្លាបព្រា (Lemon អាចរកបាននៅផ្សារទំនើប តែបើគ្មានប្រើក្រូចឆ្មារធម្មតាក៏បាន)
- បន្ទាប់មក យកវាមកលាបលើផ្ទៃមុខដែលមានបញ្ហាផ្សេងៗប៉ុន្មាននាទី ចាំលាងសម្អាតចេញ។
វិធីមួយនេះអាចកម្ចាត់មុនតូចមុនធំ និងមុនក្បាលខ្មៅបានយ៉ាងល្អ។ ជាពិសេសវាក៏អាចមានសមត្ថភាពកម្ចាត់កោសិកាស្បែកមុខដែលងាប់ៗ ឬកខ្វក់ចេញឱ្យអស់ពីផ្ទៃមុខ រួចផ្តល់មកវិញនូវសភាពទន់ហ្មត់ ភ្លឺរលោងគួរឱ្យចង់ស្ទាបអង្អែល។

៣. ជីរវ៉ាន់ស៊ុយ ទឹកដោះគោ ទឹកឃ្មុំ និងទឹកក្រូចឆ្មារសម្បកលឿង
- យកស្លឹកជីរវ៉ាន់ស៊ុតលាងទឹកឱ្យស្អាតរួចយកទៅបុកឱ្យហ្មត់ រួចលាយជាមួយនឹងទឹកដោះគោឆៅក្នុងបរិមាណសមល្មមជាមួយនឹងស្លឹកជីរវ៉ាន់ស៊ុយ កុំឱ្យរាវពេក ឬគោកពេក
- បន្ទាប់មក លាយជាមួយនឹងទឹកឃ្មុំបន្តិច និងទឹកក្រូចឆ្មារសម្បកលឿងបន្តិចបន្ថែមទៀត កូរចូលគ្នាឱ្យសព្វ
- ជាចុងក្រោយអ្នកអាចយកម៉ាស់នេះមកលាបលើផ្ទៃមុខបានហើយ ទុកតែប៉ុន្មាននាទីរហូតដល់ស្ងួតចាំលាងទឹកចេញជាការស្រេច។
វិធីមួយនេះអាចជួយធ្វើឱ្យស្បែកមុខរបស់អ្នកមានសភាពស្រស់ស្អាត ស ទន់ ម៉ដ្ឋ ភ្លឺ រលោង ស្រស់ស្អាត និងមុខក្មេងខ្ចីជាងវ័យផងដែរ។

៤.ជីរវ៉ានស៊ុយ អង្ករ និងទឹកដោះគោជូរ
- អ្នកគ្រាន់តែយកជីរវ់ានស៊ុយលាងទឹកឱ្យស្អាតរួចយកមកបុកឱ្យហ្មត់ ចាំលាយជាមួយនឹងម្សៅអង្ករ (ឬយកអង្ករស្រស់ៗបុកឱ្យហ្មត់ចេញជាម្សៅក៏បាន) និងទឹកដោះគោជូរក្នុងបរិមាណសមល្មមស្មើគ្នា រួចកូរចូលគ្នាឱ្យសព្វ
- បន្ទាប់មកអ្នកអាចយកម៉ាស់នេះមកលាបឱ្យសព្វផ្ទៃមុខទុកចោលរហូតដល់វាស្ងួតល្អ ចាំលាងចេញជាមួយនឹងទឹកស្អាត។
វិធីមួយនេះជួយធ្វើឱ្យស្បែកដែលស្រអាប់ ឬមានសភាពមិនស្រស់ថ្លា ប្រែក្លាយជាស្រស់ស្អាត ទន់ ភ្លឺ រលោងស្អាតឡើងវិញបាន។

អ្នកអាចជ្រើសយកវិធីណាមួយក៏បាន ដើម្បីជួយដល់បញ្ហាស្បែកមុខ និងធ្វើឱ្យផ្ទៃមុខមានសភាពស្រស់ស្អាតឡើងវិញ ដោយអាចអនុវត្តជាប្រចាំ មួយសប្តាហ៍ ២ ទៅ៣ដងក៏បានដើម្បីឱ្យកាន់តែមានប្រសិទ្ធភាព៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]