អារ៉ាប់រួម៖ តារាម៉ូដែលស្រីសញ្ជាតិរុស្ស៊ីម្នាក់ បានរងរបួសបាក់ឆ្អឹងយ៉ាងដំណំ ក្រោយសម្រេចចិត្តលោតពីលើសណ្ឋាគារ ជាន់ទី៦ ដើម្បីរត់គេចខ្លួនពីការប៉ុនប៉ង ធ្វើសកម្មភាពរំលោភ និងសម្លាប់ គ្រាដែលនាងបានទៅបំពេញការងារនៅឯ ទីក្រុងឌូបៃ កាលពីថ្ងៃទី៣ មីនា ឆ្នាំ២០១៨ កន្លងទៅនេះ។
នាង Ekaterina Stetsyuk អាយុ២២ឆ្នាំ មកពីទីក្រុង Irkutsk ភាគខាងកើតតំបន់ Siberia ប្រទេសរុស្ស៊ី ត្រូវបានគេស្គាល់ថា ជាតារាម៉ូដែលស្រីម្នាក់ ដែលមានឈ្មោះល្បីល្បាញប្រចាំប្រទេស បានរងរបួសយ៉ាងធ្ងន់ធ្ងរ បណ្តាលឲ្យបាក់ឆ្អឹងខ្នង បន្ទាប់ពីនាងហ៊ានដាច់ចិត្ត លោតពីលើសណ្ឋាគារជាន់ទី៦ ក្នុងទីក្រុងឌូបៃ សហព័ន្ធអារ៉ាប់រួម បំណងចង់រត់គេចខ្លួន ពីការព្យាយាមប៉ុនប៉ងធ្វើសកម្មភាពរំលោភ និងសម្លាប់ ពីសំណាក់បុរសជាអ្នកមានទ្រព្យម្នាក់ ដោយបានយកកាំបិតមកភ្ជង់.ក គំរាមនាង។ នេះបើយោងតាមសម្តី របស់តារាស្រីរងគ្រោះរូបនេះ បានរៀបរាប់ប្រាប់មិត្តភក្តិ និងគ្រួសាររបស់នាង។

បើយោងតាមប្រភពសារព័ត៌មាន បានរាយការណ៍ឲ្យដឹងថា បុរសជាជនដៃដល់មិនត្រូវបានគេបង្ហាញអត្តសញ្ញាណនោះ គឺជាអ្នកជំនួញម្នាក់នៅក្នុងទីក្រុងឌូបៃ។ ក្រោយកើតហេតុ បុរសរូបនេះក៏បានព្យាយាម រត់គេចខ្លួនចេញពីទីក្រុងឌូបៃ ប៉ុន្តែត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបាន នៅអាកាសយានដ្ឋាន។
បុរសរូបនេះបានអះអាងថា ការដែលខ្លួនធ្វើបែបនេះ ក៏ដោយសារតែ នាង Ekaterina បានវាយប្រហារមកលើខ្លួនមុន ដូច្នេះអ្វីដែលលោកធ្វើ គឺដើម្បីគ្រាន់តែចង់ការពារខ្លួនឯងតែប៉ុណ្ណោះ។
ដោយឡែក បើតាមការអះអាងពីអ្នកស្រី Inge ជាម្តាយរបស់នាង Ekaterina បានលើកឡើងថា អ្វីៗដែលបុរសជាអ្នកជំនួញរូបនេះ លើកឡើង គឺគ្រាន់តែលេសតែប៉ុណ្ណោះ។ គេចង់ទម្លាក់កំហុសមកលើ Ekaterina កូនស្រីរបស់អ្នកស្រី ហើយថែមទាំងចង់ចាប់នាងញាត់ចូលគុកថែមទៀត។

«យើងមិននិយាយពីអ្វីដែលបានកើតឡើងចំពោះ Katya (Ekaterina) ទេ ព្រោះពួកយើងសង្ឃឹមថា ខាងស្ថានកុងស៊ុល នឹងអាចជួយដោះស្រាយដល់ពួកយើងបាន។ ពួកគេបានស្នើសុំឲ្យយើង កុំនិយាយរឿងទាំងអស់នេះ ទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ ប៉ុន្តែនៅពេលនេះខ្ញុំពិតជាច្របូកច្របល់ មិនដឹងថាអ្នកណាដែលខ្ញុំអាចទុកចិត្តបានទេ។ រាល់ព័ត៌មានដែលខ្ញុំបាននិយាយកន្លងមក គឺជាសម្តីដែលកូនស្រីខ្ញុំបានប្រាប់តែប៉ុណ្ណោះ។ ច្បាប់នៅទីនោះ (ឌូបៃ) មានភាពខុសគ្នាពីយើង (រស្ស៊ី) ដូច្នេះពួកយើងពិតជាមានការព្រួយបារម្ភខ្លាំងណាស់ ខ្លាចក្រែងរឿងមួយនេះ កាន់តែធ្ងន់ធ្ងរទៅៗ» អ្នកស្រី Inge និយាយ។

យ៉ាងណាមិញ បើយោងតាមការចុះផ្សាយ ពីបណ្តាញទូរទស្សន៍រុស្ស៊ី NTV បានរាយការណ៍ថា តារាម៉ូដែលស្រី នាង Ekaterina ត្រូវបានបុរសជនបរទេស ដែលជាអ្នកមានម្នាក់តាមចែចូវនាង (ស្រលាញ់ និងចង់រួមមេត្រី) ប៉ុន្តែផ្ទុយទៅវិញ Ekaterina នាងបានបដិសេធមិនព្រមនៅជាមួយនឹងបុរសរូបនោះ។
ជាហេតុធ្វើឲ្យបុរសអ្នកមាន ដែលត្រូវបានគេចាត់ទុកថា ជាជនដៃដល់ខាងលើនេះ ខឹងសម្បានឹងនាងយ៉ាងខ្លាំង ហើយក៏បានព្យាយាមប៉ុនប៉ងតាមសម្លាប់នាង បែបនេះតែម្តងទៅ។
និយាយនៅក្នុងវីដេអូឃ្លីប ទាំងខ្លួនឯងកំពុងតែសម្រាកព្យាបាលរបួស នៅលើគ្រែពេទ្យ នាង Ekaterina បានឲ្យដឹងថា នៅពេលនេះនាងបានធូរស្បើយជាងមុនខ្លះហើយ សូមកុំបារម្ភនឹងនាងអី។ មានអ្នកមកពីខាងស្ថានកុងស៊ុលរុស្ស៊ី (ប្រចាំនៅសហព័ន្ធអារ៉ាប់រួម) ជាច្រើន បានមកសួរសុខទុក្ខនាង។ ដូច្នេះនាងរឹតតែមានអារម្មណ៍ថា កក់ក្តៅបានច្រើនជាងមុនផងដែរ។
នាងបន្តថា៖

«ការវះកាត់របស់ខ្ញុំត្រូវបានផ្អាកសិន ដោយរង់ចាំមើលស្ថានភាពជាបន្ត។ អ្វីៗវានឹងប្រសើរឡើង គ្រប់គ្នាសូមកុំបារម្ភនឹងខ្ញុំអី។ អរគុណមិត្តភក្តិ ដែលបានមកមើលសួរសុខទុក្ខខ្ញុំ និងបាននាំយកអាហារឆ្ងាញ់ៗជាច្រើនមកឲ្យខ្ញុំញ៉ាំ។ ម៉ាក់! កូនចង់ប្រាប់ម៉ាក់ថា កូនមិនកើតអីនោះទេ កុំបារម្ភ! កូនស្រលាញ់ម៉ាក់» ។
គួរឲ្យដឹងផងដែរថា ករណីខាងលើនេះ សមត្ថកិច្ច ក៏ដូចជាស្ថានកុងស៊ុលប្រចាំនៅក្នុងប្រទេស ក៏កំពុងតែបន្តដំណើរការស៊ើបអង្កេត ដើម្បីជួយដល់នារីរងគ្រោះ ជាតារាម៉ូដែលរូបស្រស់ នាង Ekaterina ផងដែរ។
យ៉ាងណាមិញ ករណីរកឃើញថា បើសិនបុរសខាងលើនេះ ពិតជាមានជាប់ពាក់ព័ន្ធ ទៅនឹងរឿងហេតុនេះមែននោះ គេអាចនឹងប្រឈមមុខជាប់ពន្ធនាគារ ចាប់ពី១៥ឆ្នាំ ទៅតាមច្បាប់ជាធរមានផងដែរ ៕
ទស្សនាវីដេអូខាងក្រោម៖









បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]