ថៃ៖ ហាងសាឡនមួយនៅថៃ កាលពីពេលថ្មីៗកន្លងទៅនេះ បានធ្វើឲ្យកក្រើក និងទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង នៅលើបណ្តាញសង្គម បន្ទាប់ពីគេដឹងថា ហាងសាឡនមួយនេះ លេងជួលសុទ្ធតែកម្លោះសង្ហាសាច់ដុំធំៗ ខ្ពស់ស្រឡះ ឃើញហើយស្ទើរលង់ ឲ្យមកបម្រើសេវាកម្មដល់ភ្ញៀវ ប្រុសស្រីយ៉ាងពេញៗដៃតែម្តង។

ហាងសាឡនខាងលើនេះ ត្រូវបានគេស្គាល់យីហោថា Sutteerak Hair Salon មានទីតាំងស្ថិតនៅក្នុងសង្កាត់ Chanthanimit ស្រុក Mueang Chanthaburi ខេត្ត Chanthaburi ប្រទេសថៃ។

ជួលកម្លោះសង្ហាឲ្យមកបម្រើភ្ញៀវ

បើយោងតាមប្រភពសារព័ត៌មានក្នុងស្រុក បានរាយការណ៍ឲ្យដឹងថា នេះគឺជាសាខាទី២ ដែលហាងសាឡន Sutteerak Hair Salon បានធ្វើការបើកសម្ពោធហាងថ្មីរបស់ខ្លួន កាលពីថ្ងៃពុធ ទី២ ឧសភា ឆ្នាំ២០១៨ កន្លងទៅ នៅទីតាំងខាងលើនេះ។

ដោយសារតែ ចង់ទទួលបានការចាប់អារម្មណ៍ និងប្រជាប្រិយភាពយ៉ាងឆាប់រហ័ស ពីសំណាក់មហាជន ដែលជាអតិថិជន ឬភ្ញៀវរបស់ខ្លួន ជាមួយនឹងប្រូម៉ូសិនពិសេសនោះ ឆ្លៀតនៅក្នុងឱកាសបើកសម្ពោធសាខាថ្មីនោះដែរ ហាងសាឡន Sutteerak Hair Salon ក៏បានជួលកម្លោះសង្ហា ជាសុភាពបុរសសាច់ដុំធំៗ ក្បាលពោះ៦កង់ មុខមាត់ស្អាតបាត រាងខ្ពស់ស្រឡះមិនចាញ់គ្នា ចំនួន៤នាក់ តម្រូវឲ្យដោះអាវចេញ ដើម្បីបង្ហាញដើមទ្រូង និងសាច់ដុំរបស់ពួកគេ ស្លៀកតែខោខូវប៊យ ឬខោសាច់ក្រណាត់រឹបរាង ដើម្បីឲ្យមកផ្តល់សេវាកម្ម ជូនភ្ញៀវប្រុសស្រីយ៉ាងគាប់ចិត្តតែម្តង។

ជួលកម្លោះសង្ហាឲ្យមកបម្រើភ្ញៀវ

ដោយនៅក្នុងនោះ កម្លោះសង្ហាទាំង ៤រូបខាងលើនេះ នឹងផ្តល់សេវាកម្មដល់ភ្ញៀវដូចជា ការកក់លាងសម្អាតសក់ ផ្លុំសក់ឲ្យស្ងួតជូនភ្ញៀវ និងការងារក្នុងហាងមួយចំនួនផ្សេងទៀតជាដើម។ លើសពីនេះ ភ្ញៀវក៏អាចថតរូបជាមួយនឹងពួកគេបានផងដែរ។ 

ពិសេសជាងនេះទៅទៀតនោះ ភ្ញៀវដែលបានអញ្ជើញមក ថែមទាំងទទួលបានការបញ្ចុះតម្លៃ ១០% បន្ថែម ជាកាតសមាជិក រយៈពេលពេញ ១ឆ្នាំថែមទៀតផង។

ជួលកម្លោះសង្ហាឲ្យមកបម្រើភ្ញៀវ

គួរឲ្យដឹងផងដែរថា បើទោះបីជាយ៉ាងណាក្តី សេវាកម្មមានកម្លោះសង្ហាជួយកក់សក់ និងផ្លុំសក់ឲ្យយ៉ាងទាក់ចិត្តនេះ គឺមានតែរយៈតែមួយថ្ងៃគត់ ពោលគឺនៅថ្ងៃបើកសម្ពោធហាងតែប៉ុណ្ណោះ (ថ្ងៃទី២ ឧសភា កន្លងទៅ) ដើម្បីជាការទាក់ទាញចំណាប់អារម្មណ៍ និងប្រូម៉ូតហាង។

គួររម្លឹកដែរថា កន្លងមកក៏ធ្លាប់មានអាជីវករ ឬហាងជាច្រើនកន្លែង ទៅទូទាំងតំបន់អាស៊ី បានប្រើរាល់គ្រប់វិធីសាស្រ្ត ក្នុងការជួលតារាម៉ូដែលប្រុសស្រី ស្អាតៗ ក្មេងៗ ស្លៀកពាក់ស៊ិចស៊ី និងស្រស់សង្ហា ដើម្បីឲ្យមកជួយប្រូម៉ូត (ឡង់សេ) ឲ្យការលក់មានការកើនឡើង (លក់ដាច់) នៅក្នុងហាងរបស់ពួកគេផងដែរ ៕

ទស្សនាវីដេអូខាងក្រោម៖   

ជួលកម្លោះសង្ហាឲ្យមកបម្រើភ្ញៀវ
ជួលកម្លោះសង្ហាឲ្យមកបម្រើភ្ញៀវ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]