ភ្នំពេញ៖ ថ្ងៃទី ១១ ខែ ឧសភា ឆ្នាំ ២០១៨-សម្ព័ន្ធក្រុមហ៊ុន អាយ អេស អាយ គ្រុប ថ្ងៃនេះរៀបចំកម្មវិធី «វេទិកាឧស្សាហកម្មដែក៖ ដាក់ប្រទេសកម្ពុជានៅលើ ផែនទីឧស្សាហកម្មដែកពិភពលោក» នៅសណ្ឋាគារ Sofitel Phnom Penh Phokeethra Hotel ក្នុងទិសដៅក្នុងការត្រួតពិនិត្យឡើងវិញនូវវិស័យសំណង់ទូទៅ និង វិស័យសំណង់ពាក់ព័ន្ធនឹងគ្រោងបង្គំដែករបស់ប្រទេសកម្ពុជា និងការពិចារណាទៅលើការអភិវឌ្ឍនាពេលអនាគតក្នុងឧស្សាហកម្មដែក។
ប្រទេសកម្ពុជា មានកំណើនសេដ្ឋកិច្ចគួរឲ្យកត់សម្គាល់ ហើយវិស័យសំណង់កំពុងកើនឡើងយ៉ាងឆាប់រហ័ស។ ដូច្នេះហើយវេទិកាឧស្សាហកម្មដែកដំបូងក្នុងប្រទេសកម្ពុជានេះនឹងត្រួតពិនិត្យ ព្រមទាំងសិក្សាអំពីការអភិវឌ្ឍក្នុងពេលបច្ចុប្បន្ន នៃឧស្សាហកម្មដែក និងលទ្ធភាពក្នុងការផលិតដែកក្នុងប្រទេសកម្ពុជា។

លើសពីនេះទៀត វេទិកានេះ មានការពិភាក្សាយ៉ាងស៊ីជម្រៅអំពីខ្សែសង្វាក់ផ្គត់ផ្គង់ និងតម្លៃក្នុងតំបន់ ក៏ដូចជា ការប្រើប្រាស់ដែកក្នុងការជួយគាំទ្រដល់វិស័យសំណង់ និងរោងចក្ររបស់កម្ពុជា។
លោក កាំង ឡេង អគ្គនាយកសម្ព័ន្ធក្រុមហ៊ុន អាយ អេស អាយ គ្រុប បានបញ្ជាក់ថា៖
«ក្នុងនាមជា តួអង្គសំខាន់មួយក្នុងខ្សែសង្វាក់តម្លៃនៃឧស្សាកម្មដែក យើងជឿជាក់ថា វាគឺជាពេលវេលាដ៏ត្រឹមត្រូវមួយក្នុងការរៀបចំវេទិកានេះ ដោយអរគុណទៅដល់កត្តាសំខាន់ៗមួយចំនួន។ ទីមួយ កត្តាស្ថិរភាពនយោបាយ ដែលនាំឲ្យសេដ្ឋកិច្ចមានការរីកចម្រើនគួរឲ្យកត់សម្គាល់នៅរយៈពេល ២ទសវត្សចុងក្រោយនេះ។ ទី២ គឺការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ឧស្សាហូបនីយកម្ម ដែលបានបង្ហាញយ៉ាងច្បាស់នៅក្នុង «គោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មឆ្នាំ២០១៥-២០២៥» ដែលមានទិសដៅក្នុ្ងងការនាំប្រទេសកម្ពុជាឆ្ពោះទៅកាន់រចនាសម្ព័ន្ធឧស្សាហកម្ម ដើម្បីក្លាយជាឧស្សាហកម្មតម្លៃបន្ថែមខ្ពស់។»

វេទិកានេះចូលរួមដោយថ្នាក់ដឹកនាំប្រហែល ៣០០នាក់ មកពីស្ថាប័នរាជរដ្ឋាភិបាល វិស័យឯកជន និងស្ថាប័នស្រាវជ្រាវ ហើយក៏មានអ្នកវិនិយោគទាំងក្នុងស្រុក និង បរទេសផងដែរ។

ក្នុងវេទិកាពេញមួយថ្ងៃនេះ មានកិច្ចពិភាក្សាសំខាន់ៗចំនួន៣។ ការពិភាក្សាទី១ ក្រោមប្រធានបទ «ការអភិវឌ្ឍនៃឧស្សាហកម្មដែកក្នុងប្រទេសកម្ពុជា៖ ពេលអនាគត និង បញ្ហាប្រឈម»។ ការពិភាក្សាទី២ គឺផ្ដោតទៅលើ «ការអភិវឌ្ឍឧស្សាហកម្មដែកក្នុងតំបន់អាស៊ាន៖ ឱកាស និង បញ្ហាប្រឈម» និង ចុងក្រោយ គឺ«ទិសដៅរីកចម្រើន សម្រាប់ឧស្សាហកម្មដែកក្នុងប្រទេសកម្ពុជា»។
ក្នុងកិច្ចពិភាក្សានីមួយៗ គឺមានការចូលរួមដោយអ្នកជំនាញសំខាន់ៗ ទាំងជាតិ និង អន្តរជាតិ ដែលសុទ្ធតែមានបទពិសោធន៍ស៊ីជម្រៅចំពោះប្រធានបទនីមួយៗ ដូច្នេះហើយពួកគេនឹងចែករំលែកចំណេះដឹងដ៏អស្ចារ្យ និងទស្សនសំខាន់ៗរបស់ខ្លួន។

វេទិកានេះ ត្រូវបានសហការរៀបចំដោយបុត្រសម្ព័ន្ធអាយ អេស អាយ គ្រុបចំនួន៤ រួមមាន ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល ក្រុមហ៊ុន Fuxin Steel Buildings ក្រុមហ៊ុន Chungkang Steels Structure Cambodia (CSSC) និង ក្រុមហ៊ុន Mekong Materials Enterprise (MME)។
កន្លងមកមុនពេលរៀបចំកម្មវិធីនេះ សម្ព័ន្ធក្រុមហ៊ុនអាយ អេស អាយ គ្រុប ក៏បានរៀបចំកម្មវិធីមួយស្តីពី «ការលេចឡើងនៃអគារខ្ពស់ៗក្នុងប្រទេសកម្ពុជា» ដែលធ្វើឡើងនៅសណ្ឋាគារ Raffles Hotel Le Royal ដោយមានការចូលរួមពីបុគ្គលសំខាន់ៗជាច្រើន កាលពីថ្ងៃទី៧ ខែ មីនា ឆ្នាំ២០១៨ កន្លងទៅនេះផងដែរ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]