សម័យនេះទៅហើយ បើចង់បំបែកគូស្នេហ៍ដែលស្រលាញ់គ្នាប្តូរផ្តាច់ គឺមិនងាយដូចជាសម័យទុំទាវនោះឡើយ សូម្បីមច្ចុរាជក៏ស្ទើរតែទាល់តម្រិះម្តងៗ ពេលឆក់យកជីវិតមនុស្សម្នាក់ដែរ ព្រោះភាគីម្ខាងទៀត មិនសុខចិត្តនៅទ្រាំអង្គុយមើលពិភពលោកដ៏សែនឯកាទៀតទេ គឺហ៊ានស្លាប់ទៅតាមមនុស្សដែលខ្លួនឆ្លាក់ឈ្មោះក្នុងបេះដូងថា “គូជីវិតគ្រប់ៗជាតិ”។ ទោះយ៉ាងណា គូស្នេហ៍ខ្លះតាំងចិត្តស្រលាញ់ខ្លាំងប៉ុណ្ណឹងហើយ នៅតែមិនឈ្នះពាក្យថា “ឃ្លាតកាយ ណាយចិត្ត” ពេលព្រហ្មលិខិតតម្រូវឱ្យបង្ខំចិត្តបែកមួយគ្រា។

ដូច្នេះដើម្បីកុំឱ្យក្តីស្នេហ៍ខំសាងមករាប់ឆ្នាំ ប្រែរលាយសូន្យដូចអំបិលត្រូវទឹក ដោយសារពាក្យបួនម៉ាត់កំប៉ិកកំប៉ុកនេះ សូមស្វែងយល់ចំណុចខាងក្រោម៖
១. ចៀសវាងសន្ទនាគ្នាយូរពេក
អ្នកមិនចាំបាច់ទំនាក់ទំនងគ្នា ១២ ម៉ោងក្នុងមួយថ្ងៃដើម្បីរក្សាចិត្តស្រលាញ់ឡើយ។ និយាយគ្នាយូរៗទៅ នាំតែអស់ពាក្យនិយាយ ហើយចាប់ផ្តើមធុញគ្នាទៅវិញទេ។

២. ទុកថាជាឱកាសពិសោធន៍ចិត្តស្នេហ៍
“បើចង់រស់នៅជាមួយគ្នា ត្រូវរៀនរស់ឆ្ងាយគ្នាជាមុនសិន” នេះជាប្រយោគស្នេហ៍ដែល អ្នកខាងនេះ និងអ្នកខាងនោះ គួរចាំទុក។ ក្រោយឆ្លងកាត់ព្យុះភ្លៀងច្រើនឆ្នាំ បើនៅរក្សាចិត្តស្រលាញ់បាន មានន័យថាអ្នកជាគូព្រេងពីអតីតជាតិឱ្យច្បាស់ក្រឡែត។

៣. ព្យាយាមទំនាក់ទំនងឱ្យទៀងទាត់ និងដោយការច្នៃប្រឌិត
“អារុណសួស្តី” និង “រាត្រីសួស្តី” ជាពាក្យគួរផ្ញើឱ្យគ្នារៀងរាល់ថ្ងៃ។ អ្នកគួរប្រាប់ដៃគូពីអ្វីថ្មីៗដែលខ្លួនធ្វើ ឬកើតឡើងចំពោះខ្លួន ទោះរឿងខ្លះសាមញ្ញបន្តិចក៏ដោយ។ បន្ថែមពីនេះអ្នកគួរផ្ញើរូបភាព សារជាសំឡេង និងវីដេអូខ្លីៗជារឿយៗផងដែរ។

៤. ធ្វើអ្វីៗជាមួយគ្នា
គ្មានទេពាក្យថា “នឹកអូន/បងបានត្រឹមស្រមៃ”។ អ្នកអាចច្រៀងឱ្យគ្នាស្តាប់តាមប្រព័ន្ធស្កាយព៍ (Skype) ឬវីដេអូខលតាមហ្វេសប៊ុក ខណៈដៃគូលេងហ្គីតា។ អ្នកអាចលេងហ្គេមតាមអ៊ីនធើណិតជាមួយគ្នា ទស្សនាភាពយន្តតាមយូធូប ឬវិបសាយផ្សេងៗតំណាលគ្នាជាដើម។

៥. ធ្វើអ្វីៗស្រដៀងគ្នា
អ្នកគួរណែនាំសៀវភៅ កម្មវិធីទូរទស្សន៍ ភាពយន្ត ចម្រៀង និងព័ត៌មានឱ្យគ្នាទៅវិញទៅមក។ កាលណាអ្នក អាន មើល និងស្តាប់អ្វីដែលដូចគ្នា នោះអ្នកនឹងមានប្រធានបទស្រដៀងគ្នាច្រើនក្នុងការសន្ទនា។

៦. កំណត់គោលដៅក្នុងចិត្ត
តើអ្នកប្រាថ្នាចង់បានអ្វី? តើត្រូវនៅឆ្ងាយគ្នាយូរប៉ុណ្ណា? ចុះនៅថ្ងៃអនាគត? ពាក្យថា “បែកគ្នាយូរ” ខុសពីពាក្យ “បែកមួយជីវិត” ឬទេ? បើដឹងថាត្រូវបែកអស់មួយជីវិត តើគួរបន្តនៅឆ្ងាយគ្នាឱ្យឈឺចាប់ទាំងសងខាងឬយ៉ាងណា? ទាំងនេះជាសំណួរដែលត្រូវសួរខ្លួនឯង ហើយរកដំណោះស្រាយ និងផែនការឱ្យច្បាស់។

៧. ជួបជុំមិត្តភក្តិ ឬគ្រួសារ ពេលដៃគូរបស់ខ្លួនរវល់
អ្នកនៅមានមិត្តភក្តិ និងក្រុមគ្រួសារ ដែលអាចចំណាយពេលជាមួយគ្នាដូចជា ទៅញ៉ាំអាហារពេលល្ងាច ទៅក្លឹបហាត់ប្រាណជាដើម ។ល។ បន្ថែមពីនេះ អ្នកគួរប្រាប់ពីសុខទុក្ខរបស់ដៃគូអ្នកដល់គ្រួសារឬមិត្តភក្តិផងដែរ។

៨. ស្មោះត្រង់ និង មិនលាក់គ្នា
មិនថាអ្នកមានអារម្មណ៍ខ្លាច ខ្វះការទុកចិត្ត ប្រច័ណ្ឌ ឬគិតថាដៃគូធ្វើព្រងើយៗដាក់ខ្លួននោះទេ កុំព្យាយាមលាក់ទុក ព្រោះរឿងតូចអាចក្លាយជារឿងធំនៅថ្ងៃក្រោយ។ អ្នកគួរនិយាយពីរឿងទាំងនេះ នៅពេលណាសមគួរ។

៩. ដឹងពីកាលវិភាគនៃសកម្មភាពរបស់ដៃគូខ្លួន
ធ្វើបែបនេះអ្នកនឹងមិនរំខានភាគីម្ខាងទៀត ដោយផ្ញើសារ ឬតេទៅចំពេលគេកំពុងរៀន ប្រឡង ប្រជុំ ឬសម្ភាសការងារជាដើម ជាពិសេសអ្នកដែលស្ថិតនៅល្វែងម៉ោងខុសគ្នា។

១០. ទិញវត្ថុប្រើប្រាស់ផ្ទាល់ខ្លួនផ្ញើជូនគូស្នេហ៍
មិនថាពែង ដបទឹក បន្តោងខ្សែក ខ្សែក ចិញ្ចៀន បន្តោងសោរ ឌីសចម្រៀង ឬទឹកអប់ឡើយ សុទ្ធតែបង្កប់អត្ថន័យ ជាពិសេសបើមានឆ្លាក់ឈ្មោះអ្នកទាំងពីរ។ ពេលយើងភ្លេចមនុស្សសំខាន់ម្តងៗ វត្ថុទាំងនេះនឹងជួយរម្លឹកពីគេ។

១១. ផ្ញើអំណោយឱ្យដៃគូ ក្នុងថ្ងៃពិសេសៗ
ថ្ងៃពិសេសៗសម្រាប់គូស្នេហ៍ទូទៅមានដូចជា ថ្ងៃខួបកំណើត ថ្ងៃខួបស្នេហ៍ និងថ្ងៃនៃក្តីស្រលាញ់។ អ្នកគួរផ្ញើ កាតប៉ូស្តាល់សរសេរដោយដៃ និងផ្កាដែលដៃគូចូលចិត្ត ព្រោះវាមានន័យជាងវត្ថុមានតម្លៃថ្លៃទៅទៀត។

១២. ដាក់ឈ្មោះឱ្យសត្វចិញ្ចឹមទៅវិញទៅមក
បើដឹងថាគេស្រលាញ់សត្វអ្វី អ្នកគួររកកូនសត្វនោះពីហាងលក់សត្វចិញ្ចឹម ឬសុំពីបងប្អូន ឬមិត្តភក្តិមកឱ្យដៃគូ រួចដាក់ឈ្មោះឱ្យវា (ជាពិសេស មុនពេលត្រូវចាកឆ្ងាយពីគ្នា)។ បើដៃគូមានសត្វចិញ្ចឹមស្រាប់ អ្នកគ្រាន់តែដាក់ឈ្មោះណាដែលធ្វើឱ្យគេនឹកឃើញដល់យើងពេលគេឃើញ ឬហៅឈ្មោះសត្វនោះម្តងៗ។

១៣. ទៅជួបគ្នាយូរៗម្តង
គួររកឱកាសមកជួបគ្នា ទោះពីរបីឆ្នាំម្តងក៏ដោយ។ វាជាពេលដែលអ្នកត្រូវប៉ះប៉ូវភាពស្និទ្ធស្នាល និងភាពកក់ក្តៅចំពោះគ្នាដូចជា ការកាន់ដៃ ការថើប និងកិច្ចការរាក់ជ្រៅផ្សេងៗទៅតាមកម្រិតនៃក្តីស្រលាញ់។ ចំពោះលលកញីឈ្មោលដែលបែកគ្នាយូរ អារម្មណ៍ពិតជាខ្លាំងជាងគ្រាប់បែកកំពុងផ្ទុះ និងអស្ចារ្យជាងបានឡើងឋានសួគ៌ទៅទៀត។

សង្ឃឹមថាអត្ថបទនេះនឹងជួយដល់ប្រិយមិត្តដែលមានស្នេហា តែកាលៈទេសៈបង្ខំឱ្យឃ្លាតគ្នាបណ្តោះអាសន្ន អាចរក្សាទំនាក់ទំនងឱ្យនៅស្ថិតស្ថេរជាអមតៈ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]